ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿទំនៀ​ម​​ទម្លាប់ប្រពៃណីខ្លះ​ប្រារព្ធនៅចុងរដូវវស្សា (ភាគ២ បញ្ចប់)

ទំនៀ​ម​​ទម្លាប់ប្រពៃណីខ្លះ​ប្រារព្ធនៅចុងរដូវវស្សា (ភាគ២ បញ្ចប់)

ក្នុង​អត្ថបទភាគ១ ខ្ញុំបាន​រៀបរាប់​រួចហើយ​អំពី​​ពិធី​បុណ្យ​ចេញព្រះ​​​វស្សា ​ប្រណាំ​ង​​​​ទូក​​​តាម​ទម្លាប់អ្នកស្រុក កថិនទាន ពិធីបណ្តែត​ប្រទីប និង​សំពះព្រះ​ខែអក​អំបុក ដែល​ជា​ទំនៀម​​ប្រារព្ធ​នៅ​ចុងរដូវ​វស្សា ពោលគឺ​បន្ទាប់ពីអស់ទឹកភ្លៀង ឬរដូវ​ទឹក​ស្រក។ ក្នុង​អត្ថបទ​នេះខ្ញុំសូមរៀបរាប់​បញ្ចប់​ពិធីខ្លះ​ទៀត​​ដែល​តែង​សង្កេត​​ឃើញ​​ប្រារព្ធជា​ហូរហែ ក្នុង​​រវាង​​ពេល​​​ច្រូត​កាត់​ប្រមូល​​ផល ឬ​មុននឹង​ឈាន​ដល់​រដូវ​ប្រាំង​។ ពិធី​ទាំងអម្បាល​ម៉ាន​នោះ​​មាន​ដូចជា បុណ្យដារលាន ប្លុងក្រឡាន ពិធី​ឡើង​មាឃ ឬឡើង​អ្នក​តា និងបុណ្យ​ទេសន៍​​មហា​ជាតក៍​ជាដើម។ ខាងក្រោមនេះ គឺជា​សេចក្តី​សង្ខេប​នៃ​ទំនៀម​នីមួយៗ៖

ក.បុណ្យដារលាន

ដារលាន គឺជា​ពិធី​បុណ្យ​​​​​​​​ប្រពៃ​ណីដែលអ្នក​ស្រាវជ្រាវ​ពន្យល់ថា​​​មាន​អត្ថន័យ​ពាក់​ព័ន្ធ​នឹង​​ស្រូវ។ ​​អ្នកស្រុក​​ហៅ​ពិធី​​​នេះ​​ទីទៃ​ពី​គ្នា​ទៅ​តាម​​តំបន់​ដូច​ជា បុណ្យ​សាមគ្គី បុណ្យ​កណ្តាល​​ភូមិ ឬដារ​ភូមិ ​បុណ្យ​ដារ​បាត​លាន​ ឬ​បុណ្យពូនភ្នំស្រូវ​ជា​ដើម​។ ពិធីនេះពុំ​មាន​កំណត់​​ពេលប្រារព្ធជាក់លាក់​ឡើយ គឺអាស្រ័យ​ទៅលើ​​ការ​ស្រុះស្រួល​មូលមតិ​របស់​អ្នក​ភូមិ​តែប៉ុណ្ណោះ។ ប៉ុន្តែទោះ​បី​បុណ្យ​ដារ​លាន​​​មាន​ឈ្មោះ​​ហៅ​ខុស​គ្នា​និង​ពេល​វេលា​ប្រា​រព្ធ​​ពុំ​​មាន​កំណត់​ដូច​គ្នា​ក៏​ដោយ ​​ជា​និច្ច​កាលគេ​​​សង្កេត​ឃើញ​​​អ្នក​ស្រុក​ធ្វើ​បុណ្យ​នេះ​ក្រោយ​​​ពេល​​ប្រមូល​​​ភោគ​ផលស្រូវ​​។ ក្នុងថ្ងៃបុណ្យ​​ដារ​លាន​មកដល់ អ្នកភូមិតែង​យក​ស្រូវជា​វត្ថុសំខាន់​និង​ចាំបាច់មក​ពី​ផ្ទះ​​រៀង​ខ្លួន​។  ចំពោះ​​ស្រូវ​​​ដែល​យក​មក​នោះ គេ​​រៀប​ចំ​​ចាក់​ធារ​រួម​គ្នា​​​ជា​ពំនូក ​​ដែល​គេ​តែង​ហៅ​ថា​ “​ភ្នំ​ស្រូវ”​​​​។ ​លុះ​​អ្នក​​ភូមិ​​ទាំង​អស់​​បាន​​យក​ស្រូវ​មក​ចូល​រួម​​ពូន​​ជុំ​គ្នា​​​​ស្រេច​​បាច់​ហើយ​ អាចារ្យ​​ក៏​ចាប់​ផ្តើម​ធ្វើ​កិច្ច​បំបួស​ភ្នំ​ស្រូវ ហៅព្រលឹង​ស្រូវ ហើយ​នាំ​គ្នា​​អុជ​ធូប​​​​​បន់​ស្រន់​​​​រៀង​ៗ​​ខ្លួន​ ពិសេស​គឺ​​​បួង​សួង​សូម​ឱ្យ​​មាន​ភ្លៀង​​ធ្លាក់​គ្រប់​​គ្រាន់​ ភោគ​ផល​​ស្រូវ ​និង​ដំណាំ​​​នានា​​ទទួល​បាន​ផល​ល្អ​​ប្រសើរ​​នា​ឆ្នាំ​ក្រោយ​ទៀត​ (រូបលេខ​២)។ បន្ទាប់មក គេ​ធ្វើ​​កិច្ច​ផ្សេងៗ​តាម​ព្រះពុទ្ធសាសនា​ដូចជា​សមាទានសីល និង​សម្តែងធម្មទេសនាជាដើម។ លុះ​ព្រឹក​ឡើង​ក្រោ​យ​ពេល​​និមន្ត​ព្រះ​សង្ឃ​ឆាន់​រួច​ ក្នុង​កិច្ច​​​ចុង​ក្រោយ​​​​គេ​នាំ​គ្នា​វេរ​ប្រ​គេន​ស្រូវ​​ទាំង​​នោះ​​ទៅ​​​ព្រះ​សង្ឃ​​ ឬខ្លះ​គេ​រក្សា​​ស្រូវ​នោះ​ទុក​​ក្នុង​សហគមន៍សម្រាប់ចាត់ចែង​ប្រើ​ប្រាស់​​រួម​ក្នុង​​ពេល​ខាង​មុខ។​

ធារស្រូវ​ដែល​រៀបចំ​និមិត្ត​ជា​ភ្នំ និងរាន​ហៅព្រលឹង​ស្រូវ (រូបថត៖ សុខ កែវវណ្ណារ៉ា)

ខ.ប្លុងក្រឡាន

ប្លុង​ក្រឡាន​ ក៏ជា​ពិធីបុណ្យ​ដែល​អ្នកស្រុក​ស្រែ​ភាគ​ច្រើន​តែង​​ប្រារព្ធ​ក្នុង​រដូវ​ច្រូត​កាត់​រួចរាល់ដែរ។ ប៉ុន្តែ​សព្វថ្ងៃ​គេ​សង្កេត​ឃើញ​នៅប្រារព្ធក្នុង​ភូមិមួយ​ចំនួន​​រស់​ជុំវិញ​តំបន់​អង្គរ​តែប៉ុណ្ណោះ។​ ចំពោះដំណើរ​កិច្ច​នៃបុណ្យ​នេះហាក់​​​ដូចជា​មិន​អធិកអធម ​វែង​ឆ្ងាយ​ មានឆាក​ហ៊ោ​​លើកទង់ ឬ​ព្រះ​សង្ឃ​​សម្តែង​ធម្មទេស​នា​​​ដូច​បុណ្យ​ធំៗ​ផ្សេង​​ទៀត​ឡើយ។ កិច្ច​​​សំខាន់​នៃ​បុណ្យ​​​ប្លុង​ក្រឡានគឺ “ប្លុង” រីឯ​ទេយ្យ​​វត្ថុ​សំខាន់​​​​សម្រាប់​ធ្វើជា​ “បន្លុង” គឺ “ក្រឡាន”។ ចំពោះ​​ក្រឡាន​ដែល​អ្នកស្រុកនាំ​​​​យកទៅ​ប្លុង​ក្នុង​បុណ្យ​ខាងលើ ​គេ​តែង​ដុត​ចម្អិន​​​​​តាម​ផ្ទះ​​រៀង​​ខ្លួន។ ​

លុះ​​ដល់​វេលា​ព្រលប់ គេ​រៀបចំ​ក្រឡាន ព្រម​ទាំង​ចេក​ទុំ ​នំនែកផ្សេងៗ និង​​វេចខ្ចប់​អង្ករ ត្រីងៀត​ អំបិល ប្រហុក ស្ករ… ហើយនាំ​យកទៅ​​ប្រារព្ធ​កិច្ច​​សំខាន់​គឺ​ “ប្លុង​” ទេយ្យវត្ថុ​ទាំង​នោះ​ ដែល​ភាគច្រើន​ធ្វើ​​នៅតាម​សាលាឆទាន​ក្នុង​ភូមិ។ មក​ដល់ត្រង់​នេះ​គេ​គួរយល់​ពាក្យ “ប្លុង” ថា​ជាការ​យក​អ្វីមួយ​ទៅ​ដាក់ចោល​មិន​ឱ្យ​​គេដឹង។ ឧទាហរណ៍​ ប្លុងកូន ប្លុង​សំបុត្រ ឬប្លុង​ចង្អាន់ជា​ដើម។ ប៉ុន្តែប្លុង​ក្នុង​ន័យជំនឿ គឺគេ​យក​ទេយ្យ​​​វត្ថុនានាទៅដាក់​នៅ​កន្លែង​ណាមួយ ​ឧបកិច្ច​ជា​​​​ព្រៃ​ ទុកឱ្យ​ព្រះសង្ឃទស់យក ដោយ​​ពុំ​ចាំបាច់​ប្រគេន​ផ្ទាល់​​ដៃ។ ប្រហែលដូច្នេះហើយ ទើប​អ្នកភូមិ​​យក​ក្រឡាននិង​ទេយ្យ​វត្ថុ​ផ្សេងៗ​​ដូច​រៀបរាប់​​ខាង​លើ ​ទៅចាក់គរ​ក្បែរ​សាលាឆទាន​ មុ​ន​ព្រះសង្ឃ​និមន្ត​ដល់។ មិន​​តែប៉ុណ្ណោះ ដើម្បី​ឱ្យ​ឃើញ​ច្បាស់​នឹ​ងភ្នែកថាទេយ្យ​វត្ថុទាំង​អម្បាលម៉ាន​នោះ​ “ប្លុងនៅ​ក្នុង​ព្រៃ” គេ​កាច់​​មែក​ឈើ​ដាក់​​លើ​វត្ថុទាំងអស់។ បន្ទាប់​ពីព្រះសង្ឃទស់យក​បន្លុង​ចប់ស្រេចហើយ គេនាំ​គ្នា​​រៀបចំ​ក្រឡាននិង​ទេយ្យ​វត្ថុ​នានា​​ដាក់​លើ​សាលា​​ឆទាន​មួយអន្លើ ទុកសម្រាប់​​ព្រះសង្ឃ​ឧទ្ទិស​​កុស​លម្ត​ងទៀត​ក្នុង​កិច្ច​វេរ​ចង្ហាន់​ព្រឹកស្អែក។

គ.ពិធីឡើង​មាឃ

នៅក្នុងព្រះពុទ្ធសាសនា នៅថ្ងៃ១៥កើត​ពេញបូរមី ខែមាឃ ពុទ្ធបរិស័ទ​តែង​ប្រារព្ធ​ពិធី​​បុណ្យ​មាឃ​បូជា ដែលជា​ការ​​​​រម្លឹកក​ដល់​​​​​​ចតុរង្គ​សន្និ​បាត​របស់​ភិក្ខុ​១២៥០អង្គ ​និងរម្លឹក​ដល់​ថ្ងៃ​​ព្រះ​​សម្មាសម្ពុទ្ធ​​​កំណត់​ព្រះ​​ជន្មាយុ​​សង្ខារ​​។ ប៉ុន្តែ​តាម​ទំនៀម​​អ្នកស្រុក នៅក្នុង​​ដើម​ខ្នើត​ខែ​មាឃ គេតែង​ធ្វើ​ពិធីមួយ​ហៅថាឡើង​មាឃ ឬ​៣កើតមាឃធំ ឬឡើង​អ្នកតា។​ បើនិយាយ​ចំពោះ​អ្នក​ស្រុក​នៅតំបន់​អង្គរ ​គេ​សង្កេត​ឃើញ​មាន​ភូមិ​ជាច្រើន​ តែង​ប្រារព្ធ​​ធ្វើ​​ពុំសូវ​ខក​ខាន​ឡើយ។ បច្ចុប្បន្នទិដ្ឋភាព​ឡើង​មាឃ​នៅ​តំបន់​អង្គ​ដែល​​គេ​ដឹង​​​ក្នុង​​រយៈ​ពេល​ប៉ុន្មាន​​ឆ្នាំចុងក្រោយនេះ គឺ​ឡើង​មាឃ​នៅ​មុខ​​ប្រាសាទអង្គរ​វត្ត នៅ​ភូមិ​នគរ​ក្រៅ នៅ​វត្ត​អធ្វារ និង​នៅភូមិ​បង្កោង​។ ប៉ុន្តែ​យ៉ាង​ណាក្តី​​មាន​កន្លែង​ជា​ច្រើន​ទៀតដូចជា វត្ត​​រុន ដូនឪ ត្រពាំង​ធំ ភូមិតាកាំ ភូមិ​ក្បាល​ដំរី ភូមិ​ទម្រឹង ភូមិ​ប្រណីត ភូមិ​ស្រែ​ចង្ហូត ភ្នំ​ក្រោម ចុង​ឃ្នាស និង​កំពង់ភ្លុក​ជាដើម។ លើស​ពីនេះ ពិធីឡើងមាឃ ឬឡើង​អ្នកតា​ដែល​​អ្នក​​ស្រាវជ្រាវ​ខ្លះ​យល់ថា​ជា​កិច្ចអធិកអធម​បំផុត​គឺ​ នៅភូមិ​សំបូរ​​ក្នុង​ខេត្ត​កំពង់ធំ។ គេធ្វើ​កិច្ច​​​នៅខ្ទម​អ្នក​តា​ក្នុង​ភូមិ​រួចស្រេច ទើបគេដង្ហែ​កាត់តាម​វាល​ស្រែចម្ងាយ​ប្រហែល​២គីឡូ​ម៉ែត្រ មកធ្វើកិច្ច​​បញ្ចប់​នៅក្នុង​បរិវេណ​ប្រាសាទ​សំបូរព្រៃគុក។ សូម​បញ្ជាក់​ថា ​ចំពោះ​អ្នក​ស្រុក លុះត្រាតែ​ប្រារព្ធ​ឡើង​មាឃរួច ទើប​គេ​ធ្វើកិច្ចពិធី ឬបុណ្យទាន​​ផ្សេងៗ​ទៀត​​ដូចជា​ បូជា​សពរួមគ្នា ចម្រើន​អាយុ ​ចេញ​ម្លប់ ​កោរ​កំប៉ោយ (ផ្តាច់ជុក) និង​ជាពិសេស​​គឺ “លៀង​មេមត់” តាមភូមិ ដែលគេ​កម្រឃើញ​ប្រារព្ធមុន​ឡើងមាឃ។

ឃ.ទេស​មហាជាតក៍

“មហាជាតក៍” គឺជារឿងវេស្សន្តរឬដែល​និយម​ហៅថាមហា​វេស្សន្តរ។ បើ​និយាយ​មួយបែប​ផ្សេង “មហា​ជាតក៍” គឺជា​ជាតិធំបង្អស់ ​ជាតិ​ចុង​បំផុត​របស់​ព្រះ​វេស្សន្តរ ​ជា​ព្រះ​ពោធិសត្វដែល​បាន​បំពេញ​បារមីដ៏មហស្ចារ្យ ពោលគឺ​ទាន​បារមី​ ដើម្បីបានត្រាស់​​ជា​ព្រះ​​សម្មា​សម្ពុទ្ធ​​ក្នុង​ជាតិ​​មុខ។ ក្នុង​សង្គមខ្មែរការ​និយម​រឿង​មហា​វេស្សន្តរ គេសង្កេត​ឃើញ​លេច​ឡើងតាំង​ពីក្នុងសិលា​ចារឹក ​ឆ្លាក់​តាម​ប្រាសាទ សម្តែង​ជាល្ខោន ​គំនូរ​តាម​វិហារ ចម្លាក់លម្អ​តាម​វត្ត រហូត​លើក​ទេសន៍​​ក្លាយ​ជា​ទំនៀម “ទេសន៍​មហា​ជាតក៍” យ៉ាង​ឱឡារិក​អធិក​​អធម​តាម​​វត្ត​អារាម​នានា​។ ប៉ុន្តែទេសន៍មហាជាតក៍ ពុំមានបញ្ញត្តិក្នុងព្រះវិន័យដូច កឋិន ចូល-ចេញព្រះវស្សា វិសាខបូជា ឬមាឃបូជាទេ តែការលើក​មក​ទេសន៍​នេះ ដើម​ឡើយ​​គេ​ដឹងថាមាន​ប្រារព្ធ​​​​ស្ទើរ​តែ​គ្រប់​វត្ត​ក្នុងស្រុកខ្មែរ ហើយ​ច្រើន​និយម​ធ្វើ​ក្រោយ​ចេញ​វស្សា។ ចំពោះវត្តខ្លះ​ដែល​ធ្លាប់​សង្កេតឃើញ​នៅប្រារព្វ​មកដល់​សព្វថ្ងៃ ច្រើននៅតំបន់​សៀមរាប និងមួយ​ភាគ​តូចនៅ​ជាយក្រុងភ្នំពេញ។ តាមទំនៀម​អ្នក​ស្រុក គេតែងបែងចែកវេនគ្នា​តាម​ភូមិ​ចំណុះ​ជើង​វត្ត​ ​តម្រូវទៅនឹង​កណ្ឌទាំង​១៣ នៅ​​ក្នុង​រឿង​មហាវេស្សន្តរ។ ការរៀបចំ​ក្នុងបុណ្យនេះ​គេ​ច្រើន​ធ្វើនៅ​សាលា​ឆាន់ ហើយមានចាក់ចេក​សម្រាប់​លម្អ​អាសន៍ព្រះ លម្អ​គ្រែទេសន៍ និង​លម្អរាន​និមរាជ​ជា​ដើម​។ នៅតាម​សសរសាលា គេចង​ស្លឹក​ទន្សែ ស្លឹក​ជ្រៃ ដើម​អំពៅ ចងចេកទាំងទុំ ទាំង​ខ្ចី​ទាំង​ស្ទង ចងផ្លែឈើ​ផល្លានុផល​ជា​ច្រើន​សម្បូរ​បែប​ក្រៃលែង មើល​ឃើញ​ដូចជា​នៅ​ក្នុង​ព្រៃ​មួយគួរជា​ទីមនោរម្យ។ បើលើក​ឧទាហរណ៍ ទេសន៍​មហាជាតក៍​នៅ​វត្ត​​ប្រាសាទ​លលៃ​ ក្នុង​ខេត្តសៀមរាប ​ប្រារព្ធ​៣ថ្ងៃ (ក្នុងខ្នើតខែមាឃ) គឺថ្ងៃទី១ ទេសន៍​រឿង​មហាលេយ្យ ថ្ងៃទី២ ទេសន៍​កណ្ឌទី១-១៤ នៃរឿង​មហាវេស្សន្តរជាតក និង​ថ្ងៃទី៣ ទេសន៍​ជាលី​អភិសេក និង​អានិសង្សបក។

ការតុងតែងសាលា និងទេសន៍​មហាជាតក៍​នៅវត្ត​ប្រាសាទ​លលៃ ខេត្ត​សៀមរាប

ជាការ​កត់សម្គាល់ ក្នុង​ពេលទេសន៍មហាជាតក៍​​នោះ ជួនកាល​​ពេល​ព្រះ​សង្ឃ​ទេសន៍​ដល់​កណ្ឌ​ជជូក គេងឃើញមាន​ក្មេងៗតុបតែងខ្លួន​ជា​ក្សត្រទាំង៦អង្គ និង​មាន​ម្នាក់​តែង​ជា​តាជូជក​​ សម្តែង​វាយ​ធ្វើបាប​ជាលី និងក្រស្នា​ទៅតាម​សាច់​រឿង​។ រីឯអ្នកស្តាប់​ធម៌​ ខ្លះ​​ក៏ផ្ទុះ​សំណើច ខ្លះក៏កើត​ចិត្តក្តៅនឹង​តួ​អង្គជូជក​ ដូច​គេមើល​ការ​សម្តែង​ល្ខោន​ដែរ។ លុះ​ព្រះសង្ឃ​សម្តែង​មកដល់ត្រង់​នគរកណ្ឌ ទើប​គេ​ដង្ហែប្រទក្សិណ​ជុំវិញសាលា​ រួច​ធ្វើ​កិច្ច​ចងដៃបញ្ចប់​។

សរុបមក ទំនៀម​របស់​អ្នកស្រុក​ដែល​តែង​ប្រារព្ធ​ចាប់តាំងពីចុងរដូវ​វស្សា រហូត​មក​ដល់​ពេលច្រូតកាត់​ប្រមូលផល​ គឺតែងប្រារព្ធឡើង​ខុស​គ្នា​​ទៅតាម​ភូមិស្រុក។ អ្នក​ស្រុក​ប៉ែក​ខាង​ដងទន្លេ ច្រើន​ប្រារព្ធក្នុង​រដូវ​ទឹកស្រក ដែលមាន​ការ​ប្រណាំងទូកជាដើម។ ចំណែក​អ្នក​ស្រុក​ស្រែ ច្រើន​តែ​ធ្វើ​ពិធីបុណ្យ​ផ្សេងៗក្នុង​ភូមិ ក្រោយ​ច្រូត​កាត់​រួច ហើយ​ដែល​មាន​កិច្ច​ឡើង​អ្នកតា​ជា​ទំនៀម​សំខាន់​​​​​ផងដែរ៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!