ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿសំណែន​អ្នកតា​ព្រះចៅនៅវត្ត​ភ្នំក្នុង​រដូវចូលឆ្នាំចិន

សំណែន​អ្នកតា​ព្រះចៅនៅវត្ត​ភ្នំក្នុង​រដូវចូលឆ្នាំចិន

នៅកណ្តាលរាជធានី​ភ្នំពេញ​ មាន​ទីសក្ការៈ​អ្នកតា​ព្រះចៅ (ឬលោកតា​ព្រះចៅ)ដ៏​ល្បី​ល្បាញ​​មួយកន្លែង​ស្ថិត​នៅ​​ក្នុង​បរិវេណ​រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត​វត្ត​ភ្នំ។ បើ​ផ្អែក​តាម​​​​រូបថត​​​ឯកសារ​ថត​ក្នុង​សម័យ​អាណាព្យាបាល​បារាំង​បង្ហាញ​ថា​ ពី​ដំបូង​​​ឡើយ​អាស្រម​​  អ្នក​តា​​​​ព្រះចៅ គឺ​ជា​អាស្រម​ថ្ម​តូច​មួយ​ ក​សាង​ឡើង​ស្ថិត​នៅ​ជ្រុង​ខាង​ជើង​នៃព្រះវិហារ វត្ត​ភ្នំ។ ប៉ុន្តែក្រោយមក​​គេដឹង​ប្រាកដថា​នៅ​ក្នុង​អំឡុង​​ឆ្នាំ​២០០៩ ​​អាស្រម​អ្នកតា​​ព្រះ​ចៅ​​បាន​​រៀបចំ​ជួស​​ជុល និង​កែលម្អរចនា​សម្ព័ន្ធ​ទូទៅឱ្យ​កាន់​តែ​ធំ​ជាង​មុនដូច​ឃើញ​សព្វថ្ងៃ​។ ដោយឡែក​ពាក់​ព័ន្ធ​ជំនឿ​ និង​គោរពបូជា​អ្នកតា​ព្រះចៅក្នុង​សម័យ​បច្ចុប្បន្ន​នេះ គេ​តែង​សម្គាល់​ឃើញ​ ​​​អ្នក​ជាប់សែស្រឡាយ​ចិន​ ឬហៅថា​ខ្មែរ​កាត់ចិន តែង​ចូល​ទៅគោរព​ប្រតិបត្តិ​ជា​ហូរ​ហែ​ ជា​ពិសេស​នៅ​​ក្នុងរវាង​មុនថ្ងៃ​ចូលឆ្នាំ​ចិន ​​ដើម្បី​​សុំ​លាភ​​សក្ការៈ មាន​​សំណាង​​ល្អ ជោគ​ជ័យ​ឆ្នាំ​ថ្មី ​និង​កាត់គ្រោះ​​​(កាត់ឆុង​) រំដោះ​​​​ចង្រៃទៅតាម​ជំនឿ​។ ​ប្រហែលដោយ​ប្រការ​យ៉ាង​នេះ ទើប​មួយ​រយៈ​កាល​ចុងក្រោយ​មហាជនខ្លះ​យល់​ថា​អ្នកតា​ព្រះចៅ គឺជា​អ្នកតា​ចិន។

ស្រម​អ្នកតា​ព្រះចៅ មុន​ពេល​ជួស​ជុល​កែ​លម្អ (ប្រភព៖ EFEO)

ជា​ការ​ពិត​ នៅរវាងដើមទសវត្សទី៧០ គេ​ដឹង​ថា​មានការ​សិក្សា​ពិចារណាមួយ​អំពី​ការគោរព​បូជា​អ្នកតា​ព្រះចៅ។ នៅ​គ្រានោះ ក្នុង​អាស្រម​អ្នក​តា​ព្រះចៅគេឃើញ​​មាន​តម្កល់​​​រូប​សំណាក​អ្នកតា​ព្រះចៅ​កណ្តាល រូបសំណាក​ភេទស្រី១​នៅខាងឆ្វេង និង​រូប​សំណាក​​ភេទប្រុស​១នៅខាង​ស្តាំ ហើយ​អ្នក​ស្រាវជ្រាវ​​យល់​​ថា​បដិមា​ទាំងនេះ​ មានលំនាំ​​ដូច​សិល្បៈ​លាវ។ បច្ចុប្បន្ន គេ​ឃើញ​រូប​សំណាក​​អ្នកតា​​ព្រះចៅ​ដាក់​តម្កល់​នៅ​កណ្តាល ​អម​ដោយ​​​រូបសំណាកភេទស្រីខាង​ឆ្វេង​ និង​រូបសំណាក​ភេទប្រុស​នៅខាង​ស្តាំ​ដដែល។ ​​​​​អ្នក​តា​ព្រះចៅ ​​អង្គុយ​ក្នុង​ឥរិយា​បថ​បញ្ឈរ​ជង្គង់ ដៃស្តាំដាក់លើ​ជង្គង់ ដៃឆ្វេង​កាន់​មោង​(?) មុខ​មាំ ច្រមុះធំ ចិញ្ចើម​ក្រាស់ ភ្នែកធំ សក់​លំនាំ​​ម៉ូត​ស្លាបចាប។​ ប៉ុន្តែ​​ក្រោយពេល​​ជួសជុល​កែលម្អរចនាសម្ព័ន្ធអាស្រម​អ្នកតា​ព្រះ​ចៅ គេឃើញ​មានរៀបចំ​អាសនៈ​ និង​រូប​​សំណាក​​ផ្សេងៗ​បន្ថែម​​​​ទៀត​សម្រាប់​គោរ​ពបូជា​ដែលមាន​ជា​អាទិ អាស្រម​​យាយ​​​​​​​ទេព រានទេវតា ​អាសនៈ​​​តាឥសី ឡ​ដុត​ក្រដាសសែន ហើយ​ជា​ពិសេស​គឺ​ឃើញ​មាន​រូប​​​សំណាក​​​​តោ​ថ្មទាំង​២ និងរូបខ្លាស (ជួន​កាល​គេហៅអ្នកតាខ្លា អ្នកតា​តោ) ដែល​ពុំ​ឃើញ​​​មាន​និយាយ​ក្នុង​ការ​សិក្សា​កន្លងមក។

បើយោង​តាម​​ការ​សិក្សា​អំពីជំនឿ​អ្នកតា​ព្រះចៅ​ខាងលើ គេបាន​ពន្យល់ខ្លីថាអ្នកតា​ព្រះ​ចៅ​​​ជា​អមនុស្ស ​ដែល​មាន​នាទីធំ​ក្នុង​ការ​កាត់​ក្តី​​ផង ជួយព្យាបាល​ជំងឺផង និង​ជា​អមនុស្សថែរក្សា​ទីនោះ។ មនុស្ស​ជិត​ឆ្ងាយ​ទាំង​ឡាយ​ណា​ដែល​ជឿ​លើ​អ្នកតា​ព្រះចៅ គេ​តែង​​ចូល​​ទៅ​​គោរព​ប្រតិបត្តិ អុជធូប​បួងសួង​ដាក់​​​សំណែន​​​ក្នុង​កង្វល់​​ផ្សេងៗគ្នាដូចជា អ្នក​ខ្លះ​សុំ​ឱ្យ​​រកស៊ីមាន​បាន ​ឱ្យ​ជាសះស្បើយ​ពីជំងឺផ្សេងៗ សុំ​​ឈ្នះ​ល្បែង​ សុំឱ្យ​រកឃើញ​របស់​បាត់ សុំ​ឱ្យ​ឈ្នះក្តី និង​​សុំ​ឱ្យ​ការលក់ដូរ​របស់ទ្រព្យ​បាន​សម្រេច​តាម​បំណង​​ជាដើម។ នៅ​ពេល​​ដែលការ​បួងសួង​​បន់ស្រន់​ប្រាថ្នា​​ចំពោះមុខ​អ្នកតា​​​ព្រះចៅ​បាន​សម្រេច​ហើយ ​គេ​តែង​​មក​ដាក់​សំណែន​សែន​ថ្វាយ​ក្បាលជ្រូក មាន់​ស្ងោរ ផ្កាភ្ញី នំចំណី ផ្លែឈើ ទឹកអប់ ក្រណាត់ និង​​វត្ថុ​ឧបកិច្ច​​ដូចជា គ្រឿង​អលង្ការ ឬយានជំនិះជា ។ល។ ប៉ុន្តែ​​ប្រសិនបើ​បាន​សម្រេច​បំណងហើយ គេ​បំភ្លេច​មិន​នឹកនា​អ្នក​តា​ព្រះចៅ នោះ​គេ​​នឹង​ធ្លាក់​ខ្លួន​ឈឺ រហូត​ដល់​ស្លាប់​ក៏មាន ឬជាពិសេសបណ្តាល​ឱ្យ​យល់​សប្តិ​ឃើញ​ក្របី។ មក​ដល់​ប្រការ​ត្រង់​នេះ គួរនឹង​យើង​​ពិចារណាបានដល់រឿង​សេចក្តី​ស្លាប់ ដ្បិត​ក្នុង​ជំនឿដើមក្របី​ជាជំនិះ​របស់​ព្រះយមដែល​ជាទេពនៃសេចក្តីស្លាប់។ ដោយ​ឡែក​ចំពោះគ្រឿង​សំណែនបច្ចុប្បន្ន ជា​ពិសេស​នៅក្នុង​រដូវ​ចូលឆ្នាំចិន​ ដែល​គេ​​តែង​ឃើញរៀបចំ​​ជា​ទូទៅ​សម្រាប់​ថ្វាយ​អ្នក​តា​ព្រះចៅ​រួម​មាន​​ ផ្កា​ភ្ញី ផ្លែឈើ (៣មុខ​ឬ​​​​​៥​​មុខ)​ នំពងទា ក្រដាស​សែនកាត់ឆុង និង​​ទៀន​ធូប។ គ្រឿង​សំណែន​​​​ទាំងអស់​នោះ គេ​រៀប​ជា​ចំណែក​ក្នុងថាស​ សម្រាប់​​ដាក់​ថ្វាយ​​​នៅ​អាសនៈសំខាន់ៗ​​។ ប៉ុន្តែ​សំណែន​​យ៉ាងពិសេស​​​ដែល​​គេ​ពុំ​ដែល​​ភ្លេច​ គឺសាច់ជ្រូក​បីជាន់(ឆៅ) ពងទា(ឆៅ) និង​មឹក​ក្រៀម​(យៀវហ៊ឺ)សម្រាប់​យក​​ទៅ​ថ្វាយ​​​​ក្នុង​មាត់ឬ​ដាក់លើ​ក្បាលរូបសំណាកខ្លាសនិង​តោទាំង​គូ។ ចំពោះ​របៀប​ចូល​​ទៅ​គោរព​បូជា​​នោះ​សោត ជាធម្មតាពេលចូល​ដល់​បរិវេណ​​អាស្រម​អ្នកតា​ព្រះចៅ គេត្រូវ​ចូល​អុជ​ធូប(៣ឬ៥សសៃ​)​សំពះ​​ទេវតា​ជា​មុន រួច​ទើប​ចូល​ទៅ​​ដាក់​ដង្វាយ​​ផ្លែឈើ និងនំចំណីផ្សេងៗ​នៅ​លើ​តុ​​​ថ្វាយ​អ្នក​តា​​ព្រះចៅ។

អ្នកមាន​ជំនឿ​ចូល​ទៅអុជធូបបួងសួង​ថ្វាយ​ទេវតានៅអាស្រម​អ្នកតា​ព្រះចៅ

បន្ទាប់ពីថ្វាយ​ផ្លែឈើ និង​នំនែក​ផ្សេងៗ​ដល់​អ្នកតា​ព្រះចៅរួចហើយ គេត្រូវ​ចូល​ទៅ​​ឱ្យ​លោក​អាចារ្យ(?)​ធ្វើ​កិច្ចកាត់​គ្រោះ។ កិច្ចនេះគេ​​យក​សាច់​ជ្រូក​បីជាន់​ ពងទាឆៅ និង​​យៀវហ៊ឺ​​ថ្វាយរូប​សំណាក​អ្នកតា​ខ្លាស និងតោ​ទាំង​គូ។ តាម​ទម្លាប់ គេ​ត្រូវ​រៀបចំ​សំណែន​​ទាំង​​នោះ ព្រម​ទាំង​ក្រដាសសែន (ក្រដាសកាត់ឆុង) ដែល​មាន​សរសេរ​ឈ្មោះ ថ្ងៃខែឬឆ្នាំ​កំណើត​ និង​អាសយដ្ឋានដាក់ក្នុង​ថាស ឬកន្ទោង​១។ រៀបចំស្រេ​ច​​​ហើយ គេអុជ​ធូប៣សសៃ បួងសួង​សុំ​សេចក្តីសុខ​ សុំ​ធ្វើ​កិច្ច​កាត់ឆុង ជម្រះ​ឧបទ្រព​ចង្រៃ​ឱ្យ​​​ជ្រះ​​​ស្រឡះក្នុង​ឆ្នាំថ្មី រួចហើយ​គេ​យក​សាច់ជ្រូក​ថ្វាយ​មាត់ខ្លាស និង​មាត់តោ ព្រម​ទាំង​គោះ​បំបែក​ពងទា និងចុក្រោយគេថ្វាយ​យៀវហ៊ឺ​ដល់រូប​សំណាក​ខ្លាស និង​តោទាំង​គូ។ ក្រោយ​មក​ ​​​​អាចារ្យយក​ក្រដាស​​​សែនកាត់ឆុង​ដែលមានរូបខ្លា ទៅ​​​បបោសពីក្បាលចុះមក​ក្រោម​ ឱ្យបាន​យ៉ាង​​តិច​១២ដង​ រួច​បញ្ចេរ(ជួនកាល​បញ្ចេរ​អង្ករ)គ្រោះចេញពីក្នុងខ្លួនប្រាណអ្នក​មាន​ជំនឿ ហើយយក​ក្រដាស​នោះ​ទៅ​ដុត។ កិច្ច​​នៅ​ត្រង់​នេះ គេជឿថា​​តោ​និង​ខ្លា​ទាំង​នោះ​នឹង​ជួយ​រំដោះគ្រោះ​(កាត់​ឆុង) បណ្តេញ​ឧបទ្រព​​ចង្រៃ​​ ហើយនាំមក​នូវ​​សិរីសួស្តី​​​ក្នុង​ឆ្នាំថ្មី​។ ចុង​បញ្ចប់​ទើប​គេ​ចូល​ទៅ​អុជ​ធូប​តាឥសី​ និង​​យាយ​​ទេព។

ជា​រួម​មក ជំនឿនិង​ការ​សែន​ថ្វាយ​នៅ​អាស្រម​អ្នកតា​ព្រះចៅវត្ត​ភ្នំ ហាក់​ដូចជា​មាន​ការ​វិវឌ្ឍច្រើន​បើធៀប​នឹង​ការ​សិក្សា​កន្លង​មក ជាពិសេស​​ទិដ្ឋភាព​​ក្នុង​រដូវ​ចូល​ឆ្នាំ​ប្រពៃណី​ចិន។ ក្នុងបរិបទនេះ អ្នក​ខ្លះ​យល់ថា​ជា​ការ​ទទួល​ឥទ្ធិពល​ជំនឿ​ និង​​ប្រពៃណីទំនៀម​ទម្លាប់​​ចិនបន្ថែម​លើជំនឿ​ដូនតា ដែលទំនងពុំ​ខុស​ពី​​ក្នុង​បុរាណកាល​ខ្មែរ​ទទួល​ឥទ្ធិពល​​ជំនឿ និង​សាសនាពី​​​ឥណ្ឌា​ មក​គោរ​ពប្រតិបត្តិរួមគ្នា​ជាមួយ​ជំនឿ​ដើមរបស់​ខ្លួនឡើយ​។ ប៉ុន្តែ​យ៉ាង​ណាក្តី សំណែន​ពិសេសៗ​ដូចរៀបរាប់​ខាងលើ គេក៏សង្កេត​ឃើញ​មាន​​ប្រើ​ក្នុង​កិច្ច​មង្គល​របស់ខ្មែរ​ខ្លះទៀត ដូចជា​ប្រើនៅ​ក្នុង​រៀប​រណ្តាប់​ជំនូន​​ថ្ងៃ​មង្គលការ​​ជាដើម៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!