ភូមិបង្កោង ស្ថិតនៅក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានចម្ងាយប្រហែលជាង១០គីឡូម៉ែត្រនៃភាគខាងកើតទីរួមខេត្ត និងប្រហែលជិត១០គីឡូម៉ែត្រខាងជើង ប្រាសាទបាគង (រូបលេខ១)។ គេដឹងថានៅក្នុងភូមិបង្កោងមានត្រពាំងបុរាណធំមួយហៅថា “ត្រពាំងបឹង” ដែលជាប្រភពត្រីយ៉ាងសម្បូរសម្រាប់អ្នកស្រុកនេសាទចាប់រួមគ្នាមួយឆ្នាំម្តង ដូចឃើញល្បីល្បាញលើប្រព័ន្ធផ្សព្វផ្សាយសង្គមសព្វថ្ងៃ។ ប៉ុន្តែការពិត ការចាប់ត្រីរួមគ្នាក្នុងភូមិនេះធ្វើឡើងរាល់ឆ្នាំនៅក្នុងអំឡុងដើមខែមាឃ ដ្បិតតាមទម្លាប់ គឺត្រីមួយភាគដែលអ្នកភូមិចាប់បានពីត្រពាំងបឹង រំលែកទុកសម្រាប់ផ្គត់ផ្គង់ធ្វើម្ហូបក្នុងពិធីនៅថ្ងៃបន្ទាប់ហៅថា“បុណ្យឡើងមាឃ” ឬ “ឆាន់ឡើងមាឃ”។ ពិធីនេះ គឺជាទំនៀមប្រចាំភូមិតែងប្រារព្ធក្រោយប្រមូលផលស្រូវរួចរាល់ ហើយដែលភ្នែកអ្នកផងពីចម្ងាយមើលឃើញភាពគគ្រឹកគគ្រេង “ការចាប់ត្រី” តែអ្នកស្រាវជ្រាវភាគច្រើនយល់ថា ជាទំនៀមយ៉ាងសំខាន់ពាក់ព័ន្ធនឹងពិធីនៅចុងបញ្ចប់នៃរដូវធ្វើស្រែ ឬ “វដ្តស្រូវ”។

ជាការពិត ជារៀងរាល់ឆ្នាំនៅដើមខ្នើតក្នុងខែមាឃ អ្នកស្រុករស់នៅតំបន់អង្គរតែងប្រារព្ធពិធី “ឡើងមាឃ” ពុំដែលខកខានឡើយ។ អ្នកភូមិភាគច្រើនប្រារព្ធពិធីនៅថ្ងៃ៣កើត ហើយអ្នកខ្លះហៅពិធីនេះថា“៣កើតមាឃធំ”ក៏មាន។ ទីតាំងដែលគេតែងប្រារព្ធពិធីឡើងមាឃ ឬ៣កើតមាឃធំ គឺពុំដែលឃើញធ្វើនៅតាមវត្តដូចបុណ្យដទៃឡើយ ពោលគឺគេច្រើនធ្វើនៅសាលាបុណ្យ ឬសាលាសំណាក់ក្នុងភូមិ នៅក្នុងបរិវេណប្រាសាទ នៅខ្ទមអ្នកតាក្នុងវត្ត ឬនៅតាមទីទួលអ្នកតាណាមួយក្នុងភូមិ ហើយគេក៏ហៅពិធីនេះម្យ៉ាងទៀតដែរថា“ឡើងអ្នកតា”។ ភូមិមួយចំនួននៅក្នុងតំបន់អង្គរដែលគេធ្លាប់សម្គាល់ឃើញប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា គឺមានទាំងភូមិនៅតំបន់ខាងលើ(ខិតទៅជិតភ្នំគូលែន) តំបន់កណ្តាល (ជុំវិញរមណីយដ្ឋានអង្គរ) និងតំបន់ខិតទៅក្បែរទន្លេសាប។ ប៉ុន្តែសព្វថ្ងៃគេមើលឃើញថាភូមិបង្កោង គឺជាភូមិមួយដែលប្រារព្ធពិធីឡើងមាឃយ៉ាងគគ្រឹកគគ្រេងជាងភូមិដទៃ ជាពិសេសគឺការចុះចាប់ត្រីរួមគ្នានៅត្រពាំងបឹង។
ចំពោះពិធីឡើងមាឃនៅភូមិបង្កោង ពុំកំណត់យកថ្ងៃជាក់លាក់ “៣កើតខែមាឃ” ដូចភូមិដទៃទេ ដ្បិតមានហេតុផលខ្លះបញ្ជាក់ថាអាស្រ័យលើការមូលមាត់ក្នុងភូមិ និងអាស្រ័យលើទឹកត្រពាំងស្រកអាចចុះចាប់ត្រីបានឬអត់។ ឆ្នាំខ្លះគេប្រារព្ធនៅថ្ងៃ៣កើត ខែមាឃ ហើយឆ្នាំខ្លះក្រោយថ្ងៃ៣កើត តែក៏មិនហួសខែមាឃឬឆ្លងចូលខែផល្គុនឡើយ។ តាមទម្លាប់អ្នកភូមិ គឺនៅមុនថ្ងៃប្រារព្ធពិធីគេតែងងើបពីព្រលឹមទៅជួបជុំគ្នានៅត្រពាំងបឹង ដើម្បីចុះចាប់ត្រីធ្វើម្ហូប ជាពិសេសធ្វើសម្លនំបញ្ចុក និងប្រគេនព្រះសង្ឃក្នុងថ្ងៃបន្ទាប់។ ត្រពាំងនេះមានទំហំប្រហែល១គីឡូម៉ែត្របួនជ្រុង(រូបលេខ២) ហើយគេទុកជាសម្បត្តិរួមរបស់ស្រុកភូមិ ដែលគេពុំដែលហ៊ានល្មើសទំនៀមចុះចាប់ត្រីមុនថ្ងៃកំណត់ឡើយ។ បំរាមនេះគេច្រើនដាក់កំហិតពីរវាងខែកត្តិក ដោយដាក់វេនយាមប្រចាំទាំងថ្ងៃទាំងយប់។ ការចាប់ត្រីក្នុងត្រពាំងនោះសោត គេអនុញ្ញាតឱ្យប្រើតែឧបករណ៍បុរាណរួមមាន សំណាញ់ មង អង្រុត និងឈ្នាងជាដើម (រូបលេខ៣)។ កម្មវិធីចុះចាប់ត្រីនេះ គឺចាប់ផ្តើមមុនម៉ោង៧ព្រឹក (ចប់ម៉ោង១ ឬ២រសៀល) ដោយមានមេភូមិអុជកាំជ្រួចជាសញ្ញាអនុញ្ញាត។ រីឯអ្នកដែលអាចចុះចាប់ត្រីត្រពាំងក្នុងវេលានោះ គឺបានតែអ្នកភូមិបង្កោង និងអ្នកធ្លាប់មានផ្ទះកំណើតរស់នៅក្នុងភូមិបង្កោង តែប្តូរទីលំនៅទៅរស់នៅភូមិផ្សេងប៉ុណ្ណោះ។ សូមបញ្ជាក់ថា នៅត្រពាំងបឹងនេះមានអ្នកតាបួន គឺអ្នកតាដេកផ្ងារ អ្នកតាបឹងឬអ្នកតាប្រសិទ្ធធ្នូ អ្នកតាសុខ និងអ្នកតាស្រុន។ ចំណែកឯនៅក្នុងភូមិ មានអ្នកតាច័នស្ថិតនៅក្រោមដើមច័នធំមួយ (រូបលេខ៤) ដែលគេតែងថ្វាយដង្វាយផ្សេងៗក្នុងថ្ងៃធ្វើបុណ្យ។ ប៉ុន្តែយ៉ាងណាក្តី ចំពោះអ្នកតាដេកផ្ងារ គេមើលឃើញជាក់ស្តែងថាស្ថិតនៅក្នុងត្រពាំង ហើយគឺជាថ្មគោលបុរាណរាងបួនជ្រុង មានឆ្លាក់ព្រះពុទ្ធជុំវិញ។ បើតាមអ្នកខ្លះអះអាង គឺកាលពីមុនមានថ្មគោលពីរ ប៉ុន្តែថ្មមួយទៀតគេលួចបាត់ទៅ ហើយថ្មដែលនៅសល់នេះ គេទើបនឹងលើកបញ្ឈរ (រូបលេខ៥)។

ដោយឡែក ផលត្រីដែលអ្នកភូមិរកបានពីត្រពាំងបឹងក្នុងមួយថ្ងៃនេះ គឹជាចំណែករៀងៗខ្លួនសម្រាប់យកទៅធ្វើសម្លនំបញ្ចុក ឬចម្អិនហូបភ្លាមក្បែរមាត់ត្រពាំង។ ចំណែកឯត្រីដែលហ៊ុមចាប់នៅក្នុងសម្រាស់រួមគ្នាកណ្តាលត្រពាំង គឺរក្សាទុកសម្រាប់ធ្វើម្ហូបផ្គត់ផ្គង់នៅរោងបុណ្យ ពោលគឺទាំងសម្រាប់ទទួលភ្ញៀវ និងជាចង្ហាន់ប្រគេនព្រះសង្ឃ។ ទន្ទឹមនឹងនេះដែរ ក្នុងថ្ងៃចាប់ត្រីគេក៏សង្កេតឃើញអ្នកភូមិមួយចំនួនទៀតនៅផ្ទះរៀបចំធ្វើនំបញ្ចុក ដែលជាអាហារលេចមុខជាងគេក្នុងពិធីឡើងមាឃនៅភូមិបង្កោង។ លុះស្អែកឡើងនៃថ្ងៃបន្ទាប់ អ្នកភូមិចាប់ផ្តើមរៀបចំម្ហូបចំណី ចង្ហាន់ព្រះសង្ឃ និងគ្រឿងសក្ការៈ ព្រមទាំងស្រូវរៀងៗខ្លួនយកទៅកាន់សាលាបុណ្យ។ នៅក្នុងបរិវេណសាលាបុណ្យគេតែងរៀបចំឱ្យមានភ្នំខ្សាច់ និងរានទិសទាំង៨។ លុះដល់វេលារសៀល គេដាក់ដង្វាយបន្តិចបន្តួចនៅខ្ទមអ្នកតាច័ន រួចទើបអាចារ្យចាប់ផ្តើមធ្វើកិច្ចប្រុងពាលី លើកទង់ បួងសួងសុំសេចក្តីសុខ ពូនភ្នំខ្សាច់ ភ្នំស្រូវនៅត្រង់ដើមពោធិ៍ក្បែររាននិមរាជនៃទិសឦសាន (រូបលេខ៦-៩)។
ចំណែកឯចូលមកដល់វេលាព្រលប់ គេនិមន្តព្រះសង្ឃមកចម្រើនព្រះបរិត្តទៅតាមទំនៀមព្រះពុទ្ធសាសនា។ ប៉ុន្តែក្នុងរាត្រីនេះ ពុំមានកិច្ចសម្តែងធម្មទេសនាដូចពិធីបុណ្យផ្សេងៗឡើយ។ លុះព្រឹកឡើងជាថ្ងៃបញ្ចប់ គេធ្វើពិធីរាប់បាត្រឆ្លងបុណ្យ (រូបលេខ១០)។ ចំណែកឯភ្នំខ្សាច់ និងស្រូវដែលអ្នកភូមិយកមកចូលរួមពូន ហើយបំបួសនោះ ក៏ធ្វើកិច្ចផ្សឹកក្នុងថ្ងៃបញ្ចប់នេះដែរ។ ស្រូវទាំងដែលបានមកទាំងអស់ អ្នកភូមិស្រុះស្រួលគ្នាលក់ភ្លាមៗដើម្បីយកប្រាក់ដោះស្រាយការចំណាយផ្សេងៗ និងរក្សាទុកសន្សំក្នុងភូមិ (រូបលេខ១១)។ ចំណែកឯកិច្ចបញ្ចូលបញ្ជាន់រូបអ្នកតា គឺពុំឃើញមានប្រារព្ធដូចពិធីឡើងមាឃនៅទីផ្សេងៗដូចជា នៅមុខប្រាសាទអង្គរវត្ត ភូមិនគរក្រៅ ឬនៅវត្តអធ្វារឡើយ។ សូមរំឭកថា ពិធីឡើងមាឃនៅភូមិបង្កោងឆ្នាំនេះ ប្រារព្ធចំថ្ងៃ៣-៥កើត ខែមាឃ តែឆ្នាំមុន(២០២៣) ប្រារព្ធនៅថ្ងៃ១១-១៣កើត ខែមាឃ។
សរុបខ្លីមក ទម្លាប់ចាប់ត្រីនៅត្រពាំងបឹងក្នុងភូមិបង្កោង គឺជាផ្នែកមួយនៃទំនៀមឡើងមាឃ ដែលអ្នកស្រុកតែងប្រារព្ធក្រោយប្រមូលផលស្រូវរួចរាល់។ ការចាប់ត្រីក្នុងត្រពាំងបុរាណនេះ គេមើលឃើញថាមានទិដ្ឋភាពដ៏គគ្រឹកគគ្រេងខ្លាំងក្លាជាងតំបន់ណាទាំងអស់ សូម្បីតែក្នុងតំបន់អង្គរដូចគ្នា។ ប៉ុន្តែយ៉ាងណាក្តី ការចាប់ត្រីរួមគ្នាមួយឆ្នាំម្តង សម្រាប់ធ្វើពិធីធំៗក្នុងភូមិបែបនេះ បង្ហាញឱ្យឃើញពីតម្លៃនៃសម្បត្តិរួម និងសាមគ្គីក្នុងភូមិ ហើយក៏ស្តែងឱ្យឃើញពីទំនាក់ទំនងបរិស្ថាន និងប្រពៃណីប្រតិបត្តិក្នុងសហគមន៍៕









អត្ថបទដោយ៖ ហៀន សុវណ្ណមរកត