ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿពិធីលៀងអារក្ខ ឬមេមត់នៅភូមិប្រាសាទចារ (សៀមរាប)

ពិធីលៀងអារក្ខ ឬមេមត់នៅភូមិប្រាសាទចារ (សៀមរាប)

តើអ្វីជាលៀងអារក្ខ?

ក្រៅពីជំនឿលើ ជីវចល ឬអ្នកតា ខ្មែរក៏នៅមានជំនឿមួយផ្សេងទៀតដែលទាក់ទង និងព្រលឹងដែរ គឺអារក្ស (អារក្ខ) ដែលមាននៅក្នុងត្រកូលរបស់ខ្លួន។ ជំនឿបែបនេះខុសពីជំនឿលើអារក្ស ឬអ្នកតា ដែលទូទៅគឺមាននៅតាមតំបន់ ឬកន្លែងផ្សេងៗមានតួនាទីថែរក្សា តែពេលខ្លះក៏ធ្វើទុក្ខម្នេញដល់មនុស្សផងដែរ។ ជំនឿលៀងអារក្ខ ជាជំនឿលើព្រលឹងដូនតា ខ្សែស្រឡាយ ញាតិវង្ស និងគ្រូបាធ្យាយផ្ទាល់ខ្លួនរបស់បុគ្គល ឬគ្រួសារមួយ ទាំងខាងប្រពន្ធ និងខាងប្តី។ គេជឿថា ព្រលឹងសាច់ញាតិក្នុងវង្សត្រកូល ពេលខ្លះកើតទុក្ខមិនសុខចិត្តក្នុងរឿងអ្វីមួយ តែងតែធ្វើទុក្ខម្នេញដល់សាច់ញាតិដែលរស់នៅឱ្យមានជំងឺ ឬជួបប្រទះនូវហេតុការណ៌ ឬគ្រោះថ្នាក់ផ្សេងៗមិនឈប់ឈរ ដោយសារមានសមាជិកក្នុងគ្រួសារខ្លះមិនគោរព ឬប្រព្រឹត្តិខុសអ្វីមួយ។

ដើម្បីដឹងនូវអំពើខុសឆ្គង និងរំដោះ ឬលាពីជំងឺ ឬគ្រោះទាំងនោះ ប្រជាជនខ្មែរមួយចំនួននៅតាមតំបន់ផ្សេងៗ តែងតែប្រជុំគ្នារៀបចំការសែនព្រេន និងអន្ទង់ព្រលឹងសាច់ញាតិទាំងនោះមកសាកសួរឱ្យដឹងច្បាស់ និងរៀបចំរបស់ផ្សេងៗដល់ព្រលឹងទាំងនោះ ជាថ្នូរ និងការលប់លាងនូវទោសកំហុស។ ពិធីនេះ គេតែងហៅថា “ពិធីលៀងអារក្ខ” តែមនុស្សក្នុងភូមិមួយចំនួនក៏ហៅថា “ចូលមេមត់” ដែរ។ ក្នុងករណីនេះ យើងអាចលើកយកពិធីលៀងអារក្ខនៅតំបន់អង្គរ ពិសេសគឺនៅភូមិប្រាសាទចារ ឬភូមិប្រណិត (នគរក្រៅ) មកបង្ហាញត្រួសៗជាឧទាហរណ៍។

១. ពេលវេលា

ជាធម្មតា ពិធីលៀងអារក្ខរបស់អ្នកភូមិប្រាសាទចារ និងភូមិប្រណិតត្រូវបានគេអនុវត្តនៅក្នុងខែមាឃ ជារៀងរាល់ឆ្នាំ។ នៅក្នុងរយៈពេលនេះ គេអាចជ្រើសរើសយកថ្ងៃណា មួយក៏បាន ពោលគឺតាមរយៈការស្រុះស្រួលគ្នារវាងអ្នកភូមិជាមួយគ្នា ព្រោះពិធីនេះមិនអាចប្រព្រឹត្តិទៅបានតែគ្រួសារម្នាក់បានទេ គឺវាត្រូវការការចូលរួមច្រើន ដើម្បីកាត់បន្ថយការចំណាយតែម្នាក់ឯងលើគ្រឿងរណ្តាប់ និងភ្លេង។ ជាធម្មតា ក្នុងភូមិមួយមានគ្រួសារជាច្រើន ដូចនេះគេមិនអាចធ្វើពិធីម្តងទាំងអស់បានទេ ដូចនេះ ក្នុងកំឡុងខែមាឃ គេអាចធ្វើពិធីនេះ២ ទៅ៣លើកផ្សេងគ្នា ដោយបែងចែកគ្រួសារផ្សេងៗគ្នា ឧទាហរណ៌ក្នុងភូមិមាន៦០គ្រួសារ ដូចនេះ គេអាចធ្វើម្តង១០ឬ២០គ្រួសារបាន។

២. ការជ្រើសរើសសមាជិកក្នុងគ្រួសារ (ស្នូល)

ពិធីលៀងអារក្ខ គឺជាពិធីអន្ទង់ហៅព្រលឹង ដូចនេះគេតម្រូវឱ្យសមាជិកម្នាក់ក្នុងគ្រួសារ គឺជាអ្នកស្នង ឬអ្នកបញ្ចូលរូប។ ការជ្រើសរើស គឺមិនប្រកាន់ប្រុស ឬស្រី ក្មេង ឬចាស់ កំលោះ ឬក៏ក្រមុំនោះទេ គឺសំខាន់ត្រង់ថា តើគ្រូកំណើតរបស់បុគ្គលនោះព្រម ឬមិនចូល។ ការជ្រើសរើស គឺធ្វើឡើងតាមរយៈការរកគ្រូទស្សទាយមើល ក្នុងករណីដែលមានសមាជិកគ្រួសារចេះតែឈឺ។ គ្រូទាយ និងធ្វើការប៉ូលមើលថា តើសមាជិកមួយណាក្នុងគ្រួសារអាចនឹងត្រូវទទួលស្នងរូបបាន។

៣.គ្រឿងរណ្តាប់សម្រាប់ស្នូល

នៅពេលបុគ្គលណាមួយត្រូវបានជ្រើសរើសជាអ្នកស្នង ឬបញ្ចូលរូបហើយ ជាធម្មតាគេតែងតែរៀបចំគ្រឿងរណ្តាប់មួយចំនួនសំរាបគោរពបូជារៀងរាល់ថ្ងៃ ឬថ្ងៃសីលក្នុងរយៈពេលមួយឆ្នាំ។ គ្រឿងរណ្តាប់ទាំងនោះ បុគ្គលនោះអាចរៀបចំដោយខ្លួនឯង ឬមានការជួយធ្វើពីសាច់ញាតិ ឬទិញក៏បាន។ គ្រឿងរណ្តាប់សំរាប់បុគ្គលនោះមានដូចជា៖ ជមកំណើត ជួនកាលមានស្លាធម៌ បាយសីបច្ឆាម និងជមបួនផងដែរ។ ក្រៅពីនេះ មានសំលៀកបំពាក់ នំចំណី និងវត្ថុប្រើប្រាស់ផ្សេងៗទៀត ដែលត្រូវប្រើក្នុងពេលចូលរូប ឬព្រលឹង។  

៤. គ្រឿងរណ្តាប់ពេលលៀងអារក្ខ

ដើម្បីប្រារព្ធពិធីនេះទៅបាន គេត្រូវរៀបចំគ្រឿងរណ្តាប់មួយចំនួនដូចជា តុមូល(ជាផ្តិលរបស់ស្នូលកាន់បង្វិល ដោយមានអង្ករមួកកន្ទូង លុយ១០០រៀល ទៀន១ដើម ធូប២សរសៃ ម្លូមួយត្របក ស្លាស្ងួត១ចំណិត និងចេកទុំ១ផ្លែ ក្នុងផ្តិលនោះ) (រូបលេខ១), ជមដង្វាយ ឬជមកំណើត (រូបលេខ២), ស្លាធម៌ (រូបលេខ៣), បាយសីបច្ឆាម (រូបលេខ៤), ជមភ្នំ ឬជមសំរាប់អ្នកភ្លេង (រូបលេខ៥), ជមបួន ឬជមសំរាប់អ្នករាំឬស្នូល (រូបលេខ៦), គ្រឿងដង្វាយផ្សេងៗ។

៥.ក្រុមភ្លេង និងប្រភេទឧបករណ៍

ក្រុមភ្លេងជាក្រុមអ្នកប្រគំបទភ្លេងផ្សេងៗ ដើម្បីអន្ទងហៅព្រលឹងខ្មោចដូនតា ញាតិសន្តាន និងគ្រូបាធ្យាយអោយចូលមកក្នុងរូបស្នូល។ គេអាចជួលក្រុមភ្លេងមកពីភូមិដទៃ ហើយភ្លេងនោះជាក្រុមភ្លេងខ្មែរ។ ឧបករណ៍ដែលគេប្រើមាន ទ្រអ៊ូ ទ្រសោ ទ្រខ្សែ៣ ប៉ីអរ តាខេ និងស្គរដៃ។  អ្នកភ្លេងនឹងប្រគំបទផ្សេងៗគ្នា ហើយស្នូលដែលរងចាំចូលនឹងត្រូវចូលប្រសិនបើបទណាមួយត្រូវនឹងចំណង់របស់ព្រលឹងខ្មោចញាតិសន្តាន (រូបលេខ៧)។

៦.ដំណើរនៃពិធី

ដោយសារពិធីនេះគេប្រារព្ធនៅក្នុងខែមាឃ គឺមានរយៈពេលពី២ទៅ៤សប្តាហ៍ ការជ្រើសរើសពេលវេលា គឺតម្រូវតាមគ្រួសារដែលមានពេលទំនេរក្នុងថ្ងៃ(រាត្រី)ណាមួយ រួចក៏រួមមតិគ្នារៀបចំពិធីនេះឡើង។ ជាធម្មតា ក្នុងភូមិមានគ្រួសារច្រើន ដូចនេះក្នុងមួយយប់ គឺមានអ្នកចូលរួមលៀងអារក្ខតែជាងដប់នាក់ប៉ុណ្ណោះ (ម្នាក់តំណាងអោយគ្រួសារ១)។ ដូចនេះក្នុងភូមិមួយ គេអាចពប្រារព្ធពិធីនេះច្រើនដង រហូតដល់អស់អ្នកតំណាងក្នុងគ្រួសារនីមួយៗ។ ឧទាហរណ៍ ក្នុងចន្លោះ៣០ថ្ងៃ មានគ្រួសារណាមួយដែលចេញមុខក្នុងការរៀបចំធ្វើពិធីលៀងអារក្ខចំថ្ងៃណាមួយ ឧទាហរណ៍ចំថ្ងៃ៩កើត ហើយគ្រួសារផ្សេងៗទៀតដែលមានបំណងចង់ចូលរួម គេនឹងស្រុះស្រួលគ្នាដោយការចូលប្រាក់រៀបចំគ្រឿង  រណ្តាប់ផ្សេងៗ ម្ហូបអាហារ និងភ្លេងសំរាប់ប្រារព្ធពិធីនេះ។ ជាធម្មតា ពិធីលៀងអារក្ខត្រូវបានធ្វើឡើងតែពេលយប់ និងនៅក្នុងរោងសមរម្យធម្មតាមួយ មិនតម្រូវឱ្យរៀបចំរោងធំពេកនោះទេ។ នៅក្នុងរោង ជួនកាលគ្រាន់តែជាសំយ៉ាបផ្ទះវែងមួយ គឺគេរៀបចំឱ្យមានកន្លែងអង្គុយសំរាប់អ្នកចូលរូប កន្លែងអ្នកលេងភ្លេង និងធ្នើរមួយវែងសំរាប់រៀបចំគ្រឿងរណ្តាប់មួយចំនួនរបស់អ្នកចូលរូបនីមួយៗ។

ជាធម្មតា ពិធីនេះចាប់ផ្តើមឡើងនៅម៉ោងប្រហែល៧យប់ បន្តរហូតដល់ទល់ភ្លឺក៏មាន វាអាស្រ័យទៅលើចំនួនព្រលឹងខ្មោចដែលត្រូវចូលរូបអ្នកស្នងមានចំនួនតិចឬច្រើន។

នៅពេលភ្លេងប្រគំ ស្នូលទាំងអស់ដែលអង្គុយរងចាំព្រលឹងខ្មោច និងស្តាប់ដោយស្មឹងស្មាតតាមចង្វាក់ភ្លេង។ ប្រសិនបើត្រូវចំព្រលឹងមួយណា ព្រលឹងនោះនឹងចូលសន្ធិតក្នុងខ្លួនស្នូល ដោយមានការរាំ សំពះគុណគ្រូធំ និងតុបតែង ឬទាមទាររកអ្វីផ្សេងៗដែលព្រលឹងនោះចង់បាន។ ក្រោយមក មានអ្នកបកប្រែម្នាក់ និងដេញដោលសួរនាំអំពីមូលហេតុដែលធ្វើឱ្យគ្រួសារស្នូលនោះមានបញ្ហា។ សកម្មភាពបែបនេះ គឺមានចំពោះគ្រប់ស្នូលទាំងអស់។ ស្នូលម្នាក់អាចមានព្រលឹងខ្មោចញាតិសន្តានមកចូលពី២ទៅ១០ព្រលឹងក៏មាន ពោលគឺពិធីនេះប្រព្រឹត្តទៅរហូតទល់ភ្លឺក៏មានដែរ អាស្រ័យទៅតាមចំនួនស្នូល និងព្រលឹងខ្មោច។

អត្ថបទដើម៖ លោក សុខ កែវ សុវណ្ណរ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!