ទំព័រដើមប្រវត្តិសាស្ត្រប្រាសាទភ្នំកំបុត

ប្រាសាទភ្នំកំបុត

ប្រាសាទភ្នំកំបុត មានទីតាំងស្ថិតនៅលើភ្នំកំបុត ក្បែរស្ទឹងសែ្រង ចម្ងាយប្រមាណ ៧០០ ម៉ែត្រខាងលិចវត្តទ្រង់បាត ដែលស្ថិតនៅក្នុងភូមិសាស្រ្តភូមិទ្រង់បាត ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ថ្វីត្បិតតែប្រាសាទដែលសាងឡើងអំពីឥដ្ឋនេះមានរូបរាងតូចច្រឡឹងយ៉ាងណាក្តី ប្រាសាទភ្នំកំបុតមានរឿងរ៉ាវជាប់ពាក់ព័ន្ធជាមួយនឹងព្រះពុទ្ធសាសនា និកាយវជ្រយានជាច្រើន ពោល គឺមានលក្ខណៈមិនសូវគ្នាប៉ុន្មានពីប្រាសាទភ្នំត្រប់ ដែលស្ថិតនៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ដូច្នោះដែរ។ តើប្រាសាទនេះ មានប្រវត្តិ និងលក្ខណៈបែបណាខ្លះ?

ប្រាសាទភ្នំកំបុត ចាប់ផ្តើមមានការសិក្សាស្រាវជ្រាវដំបូងនៅរវាងចុងស.វ.ទី១៩ នៅក្នុងដំណើរបេសកកម្មរុករកសម្បត្តិបេតិកភណ្ឌកម្ពុជាដោយលោក Ètienne Aymonier នៅក្នុងឆ្នាំ១៨៨២ – ១៨៨៣ ហើយលទ្ធផលនៃដំណើរបេសកកម្មនេះ បានបោះពុម្ពផ្សាយនៅក្នុងសៀវភៅដ៏មានសារសំខាន់របស់លោកនាដើមស.វ.ទី២០ (គ.ស.១៩០១)។ ក្រោយមកបន្តិច នៅក្នុងឆ្នាំ១៩១១ លោក Lunet De Lajonquière បានបោះពុម្ពសៀវភៅបេតិកភណ្ឌកម្ពុជា ភាគទី៣ ហើយប្រាសាទភ្នំកំបុតលោកបានចុះបញ្ជីលេខ IK. ៦៦៧។ មិនយូរប៉ុន្មាន លោក Henri Marchal បានចុះសិក្សាបន្ថែមអំពីស្ថាបត្យកម្ម ក្បាច់លម្អ និងវត្ថុសិល្បៈនៅប្រាសាទភ្នំកំបុត ហើយលទ្ធផលទាំងនេះបានកត់ត្រាក្នុងរបាយការណ៍របស់សាលាបារាំងចុងបូព៌ាប្រទេស ក្នុងខែមីនា ឆ្នាំ១៩៣៤។ ប្រាសាទភ្នំកំបុត ជាសំណង់ប្រាសាទឥដ្ឋ សង់នៅលើគ្រឹះរៀបថ្មបាយក្រៀមមានរាងបួនជ្រុងស្មើ ទំហំ ៣,៥ ម៉ែត្រ x ៣,៥ ម៉ែត្រ កម្ពស់ប្រមាណ ៤ ម៉ែត្រ (បាក់បែកផ្នែកដំបូល) បែរមុខទៅខាងកើត និងជញ្ជាំងទិសផ្សេងៗទៀតលម្អជាទ្វារបញ្ឆោត ហើយមិនមានកសិន្ធុហ៊ុមព័ទ្ធជុំវិញដូចប្រាសាទដទៃឡើយ (រូបលេខ១-៤)។ បច្ចុប្បន្ន នៅច្រកទ្វារចូលខាងកើត នៅសល់ត្រឹមតែសសរផ្អោបធ្វើអំពីថ្មមួយដើមដែលផ្នែកខាងលើ (ក្បាលសសរ) មាននៅសេសសល់ក្បាច់លម្អតិចតួច (ទម្រង់ក្បាច់អង្គរ) រីឯផ្តែរទ្វារមិនមាននៅសល់ទៀតឡើយ។ លោក Henri Marchal ជាប្រវត្តិសិល្បៈវិទូ សន្និដ្ឋានថា ក្បាលសសរផ្អោបដែលមានក្បាច់លម្អបែបនេះ ប្រហែលជាសិល្បៈខ្មែរនៅស.វ.ទី១១។ ប៉ុន្តែ តាមជាក់ស្តែង​ ក្បាលសសរផ្អោបរបៀបនេះ គឺពេញនិយមក្នុងស្ថាបត្យកម្មប្រាសាទខ្មែរតាំងពីស.វ.ទី១០ មកម្ល៉េះ។ ដោយឡែក ជញ្ជាំងលម្អជាទ្វារបញ្ឆោតនៅទិសខាងលិច​ ខាងជើង និងខាងត្បូង មិនមានលម្អអ្វីច្រើនក្រៅពីក្បាលសសរផ្អោបឡើយ។

នៅក្នុងបេសកកម្មរបស់លោក Ètienne Aymonier ក្នុងឆ្នាំ១៨៨២ – ១៨៨៣ លោកបានប្រទះឃើញបដិមាទេពស្រីមួយអង្គដ៏ចម្លែកមួយ ដែលគេមិនធ្លាប់ឃើញមាននៅតាមប្រាសាទខ្មែរផ្សេងឡើយ (រូបលេខ៥-៦)។ ដោយសារតែបដិមាទេពស្រីនេះមានលក្ខណៈប្លែក និងប្រណិតខ្លាំង លោក Aymonier បានសម្រេចដឹកជញ្ជូនបដិមានេះទៅរក្សាទុក និងដាក់តាំងបង្ហាញនៅសារមន្ទីរជាតិហ្គីមេត ទីក្រុងប៉ារីស ប្រទេសបារាំង នៅក្នុងឆ្នាំ១៨៩០ (លេខបញ្ជីបដិមា MG 14908)។ បដិមាទេពស្រីនេះ មានកម្ពស់ ៦២ ស.ម. ទទឹង ២០ ស.ម. កម្រាស់ដងខ្លួន ១៣ ស.ម. មានព្រះហស្តចំនួន ៦ (ព្រះហស្ត ៤ បាត់បង់ និងព្រះហស្ត ២ ដែលនៅសល់លើកប្រណម្យចូលគ្នាដាក់ត្រឹមដើមទ្រូង ក្នុងទម្រង់ជាកាយវិការថ្វាយបង្គំ)។ អ្វីដែលគួរកត់សម្គាល់ជាពិសេសនោះគឺ ទេពស្រីនេះមានព្រះសិរសរុប ១២ (ព្រះសិរធំ ១ និងព្រះសិរ ១១ ឆ្លាក់នៅលើផ្នួងសក់) ហើយចំពាក់កណ្តាលផ្នួងសក់មានចម្លាក់ព្រះពុទ្ធអមិតាភមួយអង្គដូចព្រះពោធិសត្វលោកេស្វរ និងប្រាជ្ញាបារមី ដូច្នេះដែរ។ ដោយសារតែភាពប្លែក និងកម្រមាននៅក្នុងសិល្បៈខ្មែរ អ្នកប្រវត្តិវិទូជាច្រើនជំនាន់ មិនទាន់ហ៊ានសន្និដ្ឋានថា បដិមាទេពស្រីអង្គនេះ ជារូបស្នងនៃព្រះអាទិទេពណាមួយឱ្យប្រាកដនោះឡើយទេ បើទោះបីជាចម្លាក់មួយចំនួន (អមិតាភនៅលើផ្នួងសក់) មានទម្រង់ដូចព្រះពោធិសត្វប្រាជ្ញាបារមី ឬព្រះនាងតារា (Tārā) ក៏ដោយ។ តែយ៉ាងហោចណាស់ គេអាចសន្និដ្ឋានថា ទេពស្រីអង្គនេះ គឺជាទម្រង់ព្រះពោធិសត្វណាមួយដែលមានលក្ខណៈលាយឡំគ្នាច្រើនក្នុងព្រះពុទ្ធសាសនា និកាយ​    វជ្រយាន (និកាយមួយនៃព្រះពុទ្ធសាសនាដែលបំបែកចេញពីនិកាយមហាយាន ហើយចូលមកក្នុងសង្គមខ្មែរបុរាណកាលពីស.វ.ទី១០)។ តាមរយៈលក្ខណៈសំពត់ ព្រះកាយ និងទម្រង់ព្រះភក្រ្តរបស់បដិមានេះ លោក Pierre Baptiste និងលោក Thierry Zéphir ស្នើថា ទេពស្រីក្នុងលទ្ធិព្រះពុទ្ធ​សាសនាដែលបានបង្ហាញនេះ មានទម្រង់ជាសិល្បៈរចនាបថអង្គរវត្ត ក្នុងផ្នែកទី១ នៃស.វ.ទី១២។ ក្រៅអំពីបដិមាទេពស្រីដូចបានរៀបរាប់ខាងលើ ក្នុងអត្ថបទរបស់លោក Aymonier បានរៀបរាប់ ខ្លះៗ​អំពីការរកឃើញបន្ទះថ្មភក់មួយនៅខាងក្នុងប្រាសាទ ដែលរំលេចដោយចម្លាក់ព្រះពុទ្ធប្រក់នាគចំនួន ៥ អង្គនៅជួរខាងលើ (ព្រះភក្រ្តរបកអស់ស្ទើទាំងស្រុង) និងចម្លាក់ទេពស្រីចំនួន ៣ អង្គនៅជួរខាងក្រោម (រូបលេខ៧)។ យោងទៅតាមការសិក្សាថ្មីៗនេះ លោក Peter D. Sharrock បានសន្និដ្ឋានថា ចម្លាក់ព្រះពុទ្ធប្រក់នាគដែលមានវត្តមាននៅសម័យអង្គរចាប់ពីរវាងស.វ.ទី១០ – ១៣ ទំនងជារូបតំណាងព្រះពុទ្ធអមិតាភ ដែលជាតួអង្គព្រះពុទ្ធនៅស្ថានសួគ៌នៅក្នុងព្រះពុទ្ធសាសនា និកាយវជ្រយាន (ព្រះពុទ្ធអមិតាភ តំណាងឱ្យភាពអមតៈ បញ្ញា ការត្រាស់ដឹងដ៏បរិសុទ្ធ)។ ជាទូទៅ នៅក្នុងនិកាយវជ្រយាន មានព្រះពុទ្ធសំខាន់ៗចំនួន ៥ ហៅថា “បញ្ចតថាគត” រួមមាន ព្រះពុទ្ធវៃរោចន ព្រះពុទ្ធអក្សោភ្យ ព្រះពុទ្ធរត្នសម្ភវ ព្រះពុទ្ធអមិតាភ និងព្រះពុទ្ធអមោឃសិទ្ធិ។ ព្រះពុទ្ធទាំង ៥ អង្គ ឬបញ្ចតថាគត គឺសុទ្ធសឹងមានកាយវិការផ្សេងៗពីគ្នា ដែលក្នុងនោះព្រះពុទ្ធអមិតាភមានកាយវិការក្នុងទម្រង់ជា “ធ្យានមុទ្រ” (កាយវិការសមាធិ)។ ប៉ុន្តែ នៅក្នុងសិល្បៈខ្មែរ កាលណាយើងឃើញការបង្ហាញព្រះពុទ្ធចំនួន ៥ អង្គ តម្រៀបគ្នាជាជួរ តែងតែឃើញមានកាយវិការដូចគ្នាមួយប៉ុណ្ណោះ ពោល គឺធ្យានមុទ្រ ឬហៅថាកាយវិការសមាធិនេះឯង។ ដូច្នេះហើយ ចម្លាក់ព្រះពុទ្ធប្រក់នាគចំនួន ៥ អង្គនៅលើបន្ទះថ្មភក់ដែលរកឃើញនៅប្រាសាទភ្នំកំបុត យើងមិនអាចសន្និដ្ឋានច្បាស់លាស់ថាន្ទះថ្មភក់ដែលរកឃើញនៅប្រាសាទភ្នំកំបុត យើងមិនអាចសន្និដ្ឋានថា ជាព្រះពុទ្ធទាំង ៥ អង្គ (បញ្ចតថាគត) ព្រះពុទ្ធប្រក់នាគចំនួន ៥ អង្គនជាព្រះពុទ្ធទាំង ៥ អង្គ (បញ្ចតថាគត) បានឡើយ ហើយយើងក៏មិនដឹងច្បាស់ថាព្រះពុទ្ធប្រក់នាគទាំង ៥ អង្គ នេះជាព្រះពុទ្ធអមិតាភ ដូចការសន្និដ្ឋានជាទូទៅរបស់លោក Peter D. Sharrock ឡើយ។ ចំណែក ចម្លាក់ទេពស្រីទាំង ៣ អង្គនៅផ្នែកខាងក្រោមវិញ ឆ្លាក់ឡើងក្នុងទម្រង់ឈរតម្រៀបគ្នាជាជួរប្រដាប់ដោយព្រះហស្តកាន់ផ្កាឈូក ដែលខណ្ឌចែកគ្នាដោយដើមនិងផ្កាឈូកដ៏វែងទ្រព្រះពុទ្ធប្រក់នាគទាំង ៤ ដែលនៅសងខាង ពោល គឺហាក់ដូចជាចង់បង្ហាញអំពីផ្លូវ ឬដំណើរឆ្ពោះទៅកាន់ស្ថានសួគ៌ ឬបញ្ជាក់អំពីព្រំដែនរវាងស្ថានសួគ៌ (ស្ថានរបស់ព្រះ) និងផែនដី (ស្ថានរបស់មនុស្ស)។ ទេពស្រីទាំង ៣ អង្គនេះ ទំនងជាព្រះនាងភូមិ (ព្រះនាងធរណី) (ទេពតំណាងឱ្យទ្រព្យសម្បត្តិ និងសុភមង្គល ហើយជាអ្នករក្សាជីវិតសត្វលោកនៅលើផែនដី)។ តាម      រយៈចម្លាក់នៅលើបន្ទះថ្មភក់នេះ មានលក្ខណៈជាសិល្បៈខ្មែរ​រចនាបថអង្គរវត្ត (ស.វ.ទី១២) ដូចបដិមាទេពស្រីព្រះសិរ ១២ ដែលរៀបរាប់ខាងលើដែរ (យោងទៅតាមការលម្អសំពត់ចម្លាក់ទេពស្រីទាំង ៣ អង្គ)។

ក្រៅពីវត្ថុសិល្បៈដ៏គួរឱ្យចាប់ទាំងពីរដូចបានរៀបរាប់ មានវត្ថុសិល្បៈជាច្រើនទៀតដែលបានរកឃើញនៅប្រាសាទភ្នំកំបុត ដូចជា ជើងទម្រសាងអំពីថ្មភក់រាងបួនជ្រុងស្មើ (សិល្បៈសម័យអង្គរ) បដិមាតោសាងអំពីថ្មភក់ (សិល្បៈរចនាបថប្រែរូប ស.វ.ទី១០ ហើយសព្វថ្ងៃរក្សាទុកនៅវត្តទ្រង់បាត) និងជាពិសេសបន្ទះថ្មភក់ចំនួន ២ ទៀត ដែលមានចម្លាក់ព្រះហេវជ្រ។ បន្ទះថ្មភក់ទី១ (រូបលេខ៨) បង្ហាញអំពីព្រះហេវជ្រមានព្រះសិរចំនួន ៨ (រៀបចំជា ៣ ថ្នាក់ ដោយថ្នាក់ខាងលើ ១ ថ្នាក់កណ្តាល ៣ និងថ្នាក់ខាងក្រោម ៣) ព្រះហស្តចំនួន ១៦ កំពុងឈររេរាំក្នុងទម្រង់អធ៌បយ៌ន្ក (ជើងឆ្វេងបន្ទន់ជង្គង់ កែងជើងចំទើតឡើងលើចុចចុងម្រាម និងជើងស្តាំបន្ទន់ជង្គង់ ចុចចុងម្រាមទៅប៉ះនឹងកំភួននិងកជើងឆ្វេង) ជាន់នៅលើសាកសព (មារ) ហើយមានយោគិនី (ទេពស្រី) ចំនួន ២ អង្គ កំពុងឈររាំអមសងខាង ព្រមទាំងទ្រដោយចម្លាក់ផ្កាឈូកចំនួន ៣ នៅខាងក្រោមមារ។ ចំណែក បន្ទះថ្មភក់ទី២ (រូបលេខ៩) បង្ហាញអំពីចម្លាក់ព្រះហេវជ្រឈរក្នុងជំហរត្រង់ របៀបជាទម្រង់វៃតស្ថិកស្ថានក និងទម្រង់អធ៌វៃស្ថិកស្ថានក មានព្រះសិរ ៨ ព្រះហស្ត ២០ (ប្រដាប់ដោយកេតនភណ្ឌផ្សេងៗ) និងព្រះបាទ ៤ ហើយមានក្បាច់សំពត់ជាសិល្បៈរចនាបថបាយ័ន្ត ចុងស.វ.ទី១២ – ដើមស.វ.ទី១៣។ ហេវជ្រ គឺជាទេពដ៏សំខាន់មួយអង្គក្នុងព្រះពុទ្ធសាសនាបែបតន្រ្ត តំណាងឱ្យសតិសម្បជញ្ញៈ និងការបង្រៀន។ ភាគច្រើន គេតែងបង្ហាញទ្រង់ក្នុងកាយវិការរាំជាន់លើមារ តំណាងឱ្យកាលៈទេសៈនៃវាលវដ្តសង្សារ និងការរំដោះខ្លួនចេញពីច្រវាក់នៃទុក្ខវេទនាទាំងពួង។ ជាទូទៅ នៅក្នុងសិល្បៈខ្មែរ ចម្លាក់របៀបនេះច្រើនតែបង្ហាញឡើងជាបដិមាសាងអំពីសំរឹទ្ធដែលមានអាយុកាលនៅស.វ.ទី១០ ដល់ទី១៣។ ដោយហេតុថា ប្រាសាទភ្នំកំបុត ពុំមានសិលាចារឹកសេសសល់ដូចប្រាសាទដទៃទៀត គេអាចកំណត់អាយុកាលរបស់ប្រាសាទតាមរយៈការសិក្សាប្រៀបធៀបគ្រឿងលម្អសិល្បៈ ប្លង់និងរូបរាង​ប្រាសាទ និងទំហំរបស់ឥដ្ឋជាដើម។ ប្លង់ រូបរាង និងគ្រឿងលម្អនៅលើក្បាលសសរផ្អោប មានលក្ខណៈដូចគ្នាច្រើនទៅនឹងប្រាសាទភ្នំត្រប់ នៅស្រុកបាធាយ ខេត្តកំពង់ចាម ដែលជាប្រាសាទកសាងឡើងក្នុងរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័ន (គ.ស.៩៤៤ – ៩៦៧) ក្នុងសិល្បៈខ្មែររចនាបថប្រែរូប។ ម្យ៉ាងវិញទៀត បើយោងទៅតាមវត្ថុសិល្បៈជាច្រើនដែលបានរកឃើញនៅទីតាំងផ្ទាល់ (បដិមាទេពស្រីព្រះសិរ ១២, បន្ទះថ្មភក់មានចម្លាក់ព្រះពុទ្ធប្រក់នាគចំនួន ៥ និងបន្ទះថ្មភក់មានចម្លាក់ព្រះហេវជ្រ) បានបង្ហាញឱ្យឃើញថា ប្រាសាទភ្នំកំបុត ទំនងជាប្រាសាទឧទ្ទិសដល់លទ្ធិព្រះពុទ្ធសាសនា និកាយវជ្រយាន ដូចប្រាសាទភ្នំត្រប់ដូច្នោះដែរ បើទោះបីជាវត្ថុសិល្បៈទាំងនោះមានអាយុកាលមិនស្របគ្នាជាមួយប្រាសាទក៏ដោយ ពោល គឺប្រាសាទទំនងសាងនៅស.វ.ទី១០ ហើយវត្ថុសិល្បៈជាប់ពាក់ព័ន្ធជាមួយនិកាយវជ្រយាន អាចយកមកដាក់នៅពេលក្រោយក្នុងស.វ.ទី១២ និង១៣។ ជារួមមក បើទោះបីជាប្រាសាទភ្នំកំបុតសាងអំពីឥដ្ឋនិងមានរូបរាងតូចក៏ដោយ សំណង់នេះគឺបានបង្ហាញអំពីតួនាទីជាទេវស្ថានព្រះពុទ្ធសាសនា និកាយវជ្រយានដ៏មានសារសំខាន់នៅក្នុងស្ថាបត្យកម្មបុរាណរបស់ខ្មែរ។

————————

Prasat Phnom Kambot

Prasat Phnom Kambot is situated in Kampong Thkov commune, Kralanh district, Siemreap province. The temple is a brick single tower, square, facing to the east, possibly built in the 10th century CE in the reign of King Rajendravarman (944 to 967 CE) and it is probably classified in the Pre Roub style. Of special note, many artefacts related to Vajrayana Buddhism were found at Phnom Kamboth Temple, including a statue of a goddess with 12 heads, a sandstone carving of five Buddhas, and two reliefs of Hevajras, established in the 12th and 13th centuries. Therefore, Prasat Phnom Kambot is a significant 10th-century Vajrayana Buddhist temple, similar to Prasat Phnom Trap in Kampong Cham province.

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!