ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿជំនឿក្នុងការប្រើប្រាស់កុលាលភាជន៍ក្នុងកិច្ចពិធីខ្មែរ

ជំនឿក្នុងការប្រើប្រាស់កុលាលភាជន៍ក្នុងកិច្ចពិធីខ្មែរ

នៅក្នុងវប្បធម៌ខ្មែរ គេចាត់ទុកកុលាលភាជន៍ជាចំណែកដ៏សំខាន់ ដែលបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងជាពិសេសគេប្រើប្រាស់ក្នុងកិច្ចពិធីផ្សេងៗថែមទៀតផង។ ទំនៀមនៃការប្រើប្រាស់កុលាលភាជន៍ក្នុងកិច្ចពិធីខ្មែរ មានប្រវត្តិយូរលង់ណាស់មកហើយ ដ្បិតភស្តុតាងជាច្រើនបានបង្ហាញថា ជនជាតិខ្មែរប្រើប្រាស់កុលាលភាជន៍ក្នុងកិច្ចពិធីតាំងពីសម័យបុរេប្រវត្តិសាស្រ្ត និងបានបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀត។ តើជំនឿក្នុងការប្រើប្រាស់កុលាលភាជន៍នៅក្នុង​កិច្ចពិធីផ្សេងៗតាមបែបវប្បធម៌ខ្មែរមានលក្ខណៈដូចម្តេចខ្លះ?

យោងទៅតាមការកំណាយបុរាណវិទ្យានៅទីតាំងកប់សពមួយចំនួន គេសង្កេតឃើញថា ភាគច្រើនគេយកកុលាលភាជន៍សម្រាប់ជាសំណែនដាក់ទៅជាមួយសាកសព ដែលទំនងគេចង់ឱ្យសពទទួលបានភាពត្រជាក់ត្រជុំ ទទួលបាននូវរបស់របរដែលធ្លាប់ប្រើប្រាស់ ឬអាចចង់ឱ្យសពនោះទៅកើតជាថ្មីម្ដងទៀតព្រោះភាជន៍មានរាងមូលហាក់ដូចជាផ្ទៃម្តាយ។ កាន់តែពិសេស នៅស្ថានីយភូមិ១០.៨ (ខេត្តត្បូងឃ្មុំ) គេបានប្រទះឃើញរណ្តៅសពមួយមានជញ្ជាំងធ្វើអំពីបំណែកកុលាលភាជន៍ ដែលអាចជាទំនៀមពិសេសមួយរបស់មនុស្សនៅក្នុងតំបន់។ ចំណែក នៅស្ថានីយព្រហារ (ខេត្តព្រៃវែង) បុរាណវិទូ Gerd Albrecht និង Andreas Reinecke រកឃើញថា មានការកប់សពដាក់ក្នុងកុលាលភាជន៍ ដោយយោងទៅលើការប្រទះឃើញសំណល់ឆ្អឹងមនុស្សបន្សល់ជាប់នឹងកងដៃនៅក្នុងកុលាលភាជន៍មួយ។ លើសពីនេះ នៅស្ថានីយព្រហារ គេរកឃើញពាងមួយដាក់នៅក្នុងផ្នូរ ហើយគេដាក់សាកសពមនុស្សនៅព័ទ្ធជុំវិញពាងនោះ។ បុរាណវិទូសន្និដ្ឋានថា មនុស្សនៅជំនាន់នោះប្រហែលប្រើប្រាស់ពាងសម្រាប់ដាក់ទឹកដើម្បី ផ្តល់នូវភាពត្រជាក់ត្រជុំដល់សព ហើយទំនៀមរបៀបនេះដូចនឹងការកប់សពរបស់ជនជាតិគ្រឹងដូច្នេះដែរ។

មកដល់សម័យបុរាណ (សម័យមុនអង្គរ និងអង្គរ) សិលាចារឹកជាច្រើនផ្ទាំងបានបង្ហាញឱ្យឃើញថា យ៉ាងតិចមានពាក្យសម្គាល់ដល់កុលាលភាជន៍លើសពី ៣៧ ឈ្មោះ​ ដែលរៀបរាប់ឱ្យយើងដឹងអំពីការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ការប្រើប្រាស់ក្នុងជំនឿនិងកិច្ចប្រតិបត្តិផ្សេងៗ។ ឧទាហរណ៍ សិលាចារឹកអង្គរបុរី K.600 និងសិលាចារឹកព្រះនន្ទ K.89 រៀបរាប់អំពីការប្រើប្រាស់កុលាលភាជន៍ជាតង្វាយដាក់នៅតាមប្រាសាទ។ យោងទៅតាមកំណាយនៅស្ថានីយស្រះស្រង់ក្នុងទសវត្សរ៍ ១៩៦០ គេបានរកឃើញកុលាលភាជន៍ដែលមានដាក់ឆ្អឹងមនុស្សលាយជាមួយនឹងផេះដែលសល់ពីការបូជាសព និងកុលាលភាជន៍ជាច្រើនទៀតសម្រាប់ដាក់គ្រឿងតង្វាយផ្សេងៗ ដែលនាំឱ្យគេអាចសន្និដ្ឋានថា ស្រះស្រង់ជាកន្លែងបញ្ចុះធាតុដ៏ធំនៅរវាងចុងសតវត្សរ៍ទី១១ រហូតដល់ចុងសតវត្សរ៍ទី១២។ ករណីនេះសបញ្ជាក់ឱ្យឃើញថា មនុស្សខ្មែរនៅសម័យអង្គរមានទំនៀមបញ្ចុះសពនិងបូជាសព រួចយកធាតុដាក់ក្នុងកុលាលភាជន៍ ហើយយកបញ្ចុះក្នុងដីដោយមានដាក់នូវគ្រឿងតង្វាយទៅជាមួយផង។ ក្រឡេកទៅមើលចម្លាក់កុលាលភាជន៍នៅតាមប្រាសាទខ្មែរនាសម័យបុរាណវិញ មានច្រើនសឹងរាប់មិនអស់។ ជាក់ស្តែង នៅប្រាសាទបាយ័ន្តគេឃើញមានចម្លាក់រូបកុណ្ឌី (ភាជន៍ម្យ៉ាងដែលមានចំពួយចាក់ទឹកដូចកំសៀវ) ចំនួន ៥ ទីតាំងផ្សេងគ្នា ហើយក្នុងនោះមានកុណ្ឌី ៤ ទីតាំងសំខាន់ៗ បង្ហាញអំពីការប្រើប្រាស់កុណ្ឌីសម្រាប់ដាក់ទឹកនៅក្នុងជំនឿ ដែលទំនងគេយល់ថាទឹកនៅក្នុងកុណ្ឌីជានិម្មិតរូបនៃភាពអមតៈ ឬទឹកដែលច្រូចដើម្បីមង្គល។ ឧទាហរណ៍មួយទៀត ហោជាងមួយនៅប្រាសាទតាព្រហ្ម ទំនងបង្ហាញអំពីឈុតព្រះវេស្សន្តរច្រូចទឹកកុណ្ឌីដាក់នៅលើដៃតាជូជក់ ក្នុងន័យបង្ហាញអំពីការផ្តល់សិរីសួស្តីនិងភាពសម្បូណ៌សប្បាយជូនដល់តាជូជក់ ហើយសាច់រឿងបែបនេះគេប្រទះឃើញជាគំនូរជាច្រើនផ្ទាំងនៅតាមវត្តអារាម ឧទាហរណ៍ គំនូរនៅវត្តកោះប៉ែន ខេត្តត្បូងឃ្មុំ។

ចូលមកដល់សម័យកណ្តាល (ស.វ.ទី១៥ – ១៩) គេនិយមយកកុលាលភាជន៍សម្រាប់ដាក់អដ្ឋធាតុមកបញ្ចុះនៅក្បែរប្រាសាទបុរាណ ដូចឃើញមានតាមរយៈការកំណាយនៅ​ប្រាសាទគោកប៉ាទ្រីចំនួន ៦០ កុលាលភាជន៍ និងតាមរយៈការកំណាយជួសជុលខឿនប្រាសាទលលៃរកឃើញកោដ្ឋធ្វើអំពីដីដុតចំនួន ១០ ដែលករណីនេះបង្ហាញថាប្រាសាទ​បុរាណនៅតែបន្តផ្សារភ្ជាប់និងប្រណិប័តន៍ជំនឿជាមួយអ្នកស្រុកឥតដាច់។ ក្រៅអំពីនេះ ក្បួនជាច្រើននៅសម័យកណ្តាលដែលចារនៅលើសាស្រ្តាស្លឹករឹត ក៏មានរៀបរាប់កិច្ចប្រណិប័តន៍ជំនឿដែលមានពាក់ព័ន្ធជាមួយកុលាលភាជន៍ដែរ ដូចជា ក្បួនឧត្បាត (ក្បួនរៀបរាប់អំពីរឿងឧត្បាតចង្រៃ) និងក្បួនផ្សេងៗជាច្រើនទៀត។ ឧទាហរណ៍ ក្បួនវត្តអធ្វា និងក្បួន D.380 រៀបរាប់ថា៖ “រីឯឆ្កែឡើងកូនលើផ្ទះនោះ ប្រើឱ្យទាននោះហោង ទោះវាពាក់គ្នាលើផ្ទះនោះ បើនឹងបូជាឱ្យយកទឹកក្អម២ ហើយឱ្យយកចិញ្ចៀនមាស១ចងនឹងកក្អម ហើយឱ្យយកសំពត់ស១ក្រាលជាកម្រាលនូវត្រង់ដែលវាបង្កើតឧត្បាតនោះ ហើយឱ្យយកសំពត់សកាត់ជាខាន់ខៅ  អាចារ្យនូវប្រាក់តម្លឹង៣ ឯសំពត់២ផ្នត់។ ឃ្លានេះសបញ្ជាក់ឱ្យឃើញថា ការដោះស្រាយមន្ទិលពាក់ព័ន្ធជាមួយឧត្បាតចង្រៃនៅសម័យកណ្តាល គេប្រើប្រាស់កុលាលភាជន៍ (ក្អម, ឆ្នាំង) ក្នុងការបញ្ជៀសនូវឧត្បាតមិនល្អទាំងឡាយដែលកើតពីពពួកសត្វ ធម្មជាតិ មនុស្ស និងអមនុស្ស។

ដោយឡែក នៅក្នុងការរស់នៅប្រចាំថ្ងៃនាសម័យទំនើប គេនិយមប្រើប្រាស់កុលាលភាជន៍ដាក់នៅតាមចេតិយ ជីនាងផ្ទះ ម្រេញគង្វាល រានព្រះភូមិ ខ្ទមអ្នកតា និងប្រាសាទជាដើម។ល។ ជាក់ស្ដែង នៅតាមខ្ទមអ្នកតាខ្លះយើងសង្កេតឃើញមានប្រើប្រាស់ភាជន៍ប្រភេទក្អម ឆ្នាំងសម្រាប់ដាក់ទឹកថ្វាយទៅដល់អ្នកតា ក្នុងគោលបំណងដើម្បីសុំឱ្យរស់នៅមានភាពត្រជាក់ត្រជុំដូចទឹកដែលនៅក្នុងក្អមនោះដែរ (រូបលេខ៩-១០)។ ក្រៅពីនេះទៅទៀត កិច្ចពិធីមួយចំនួន ដូចជា ពិធីកាត់គ្រោះ ពិធីឡើងអ្នកតា ទំនៀមឡើងផ្ទះថ្មី ពិធីទាក់ទងនឹងកំណើត (ពិធីកោរជុក ចូលម្លប់ មង្គលការ បុណ្យសព …) សុទ្ធសឹងមានប្រើប្រាស់កុលាលភាជន៍នៅក្នុងកិច្ចពិធី។ ឧទាហរណ៍ នៅក្នុងកិច្ចកាត់គ្រោះ (កិច្ចដែលធ្វើឡើងដើម្បីកាត់ផ្ដាច់គ្រោះទាំងឡាយដែលបានមកយាយីដល់នរណាម្នាក់ ឬកាត់ឱ្យមនុស្សដែលមានសុខភាពពុំបរិបូណ៌មកជាប្រសើរឡើងវិញ) គេប្រើប្រាស់ក្អមចំនួន ៩ លាយឡំជាមួយគ្រឿងរណ្តាប់ និងបាយសីផ្សេងៗទៀត ដោយក្នុងពេលសូត្រធម៌មានពេលមួយព្រះសង្ឃតម្រូវឱ្យបងប្អូនសាច់ញាតិយកក្អមទាំង ៩ នោះទៅដាក់នៅមាត់ជណ្ដើរ ទើបព្រះសង្ឃដែលគង់នៅពីមុខសាមីពិធីជាអ្នកស្រោច ហើយពេលកំពុងស្រោចទឹក ព្រះសង្ឃយកក្អមដងស្រោចទឹកបណ្ដើរបំបែកក្អមនោះបណ្ដើរ ដើម្បីឱ្យខ្ចាយទឹក ហើយធ្វើឱ្យគ្រោះទាំងឡាយបែកខ្ញែកពីគ្នាលែងត្រឡប់មករកសាមីពិធីបានទៀត។

ជារួមមក ការប្រើប្រាស់កុលាលភាជន៍នៅក្នុងជំនឿ និងកិច្ចពិធីផ្សេងៗកើតមានតាំងពីសម័យបុរេប្រវត្តិសាស្ត្រ រហូតមកដល់សម័យបច្ចុប្បន្ន។ កុលាលភាជន៍ពិតជាមានសារៈសំខាន់ និងដើរតួនាទីជាច្រើននៅក្នុងជំនឿ និងកិច្ចពិធីផ្សេងៗរបស់មនុស្សទៅតាមតំបន់នីមួយៗពីមួយសម័យកាលទៅមួយសម័យកាលទៀត។ ដូចបានរៀបរាប់ខាងលើថា នៅសម័យបុរេប្រវត្តិសាស្ត្រកុលាលភាជន៍គេប្រើសម្រាប់ជាតង្វាយដាក់ទៅជាមួយសព សម្រាប់ដាក់ធាតុកូនក្មេង និងកន្លែងខ្លះទៀតគេវាយយកបំណែកតម្រៀបជារូបរាងផ្នូរសព។ នៅសម័យអង្គរ គេធ្វើជាតង្វាយថ្វាយនៅតាមប្រាសាទ សម្រាប់ដាក់ទឹកអម្រឹត និងសម្រាប់ដាក់ធាតុ ហើយនៅសម័យកណ្ដាលគេប្រើប្រាស់នៅក្នុងកិច្ចពិធីពាក់ព័ន្ធនឹងជំនឿឧត្បាត ប្រើប្រាស់នៅពេលបូជាសពរួច និងសម្រាប់ដាក់អដ្ឋធាតុ។ បច្ចុប្បន្ន គេប្រើប្រាស់នៅក្នុងពិធីអភិសេកព្រះ ពិធីត្រស្ដិសង្រ្កាន្ត ពិធីកាត់គ្រោះ ទំនៀមឡើងផ្ទះ ពិធីឡើងអ្នកតា និងពិធីទាក់ទងនឹងកំណើតដូចជា ពិធីកោរជុក ពិធីចូលម្លប់ ពិធីមង្គលការ និងពិធីបុណ្យសព ជាដើម។

————-

Pottery refers to utensils or ornaments creatively and artfully crafted from fired clays. Not only use pottery as daily life utensils, but they also use it in many religious ceremonies. The use of pottery in religious and ceremonial practices dates back to prehistoric times and continues to the present day. Pottery is very important and plays many roles in the religious and ceremonial practices of people from one region to another. As mentioned above, in prehistoric times, pottery was used as an offering to the dead, for placing the remains of children, and in some places, pieces were hammered into the shape of tombs. In the Angkor period, it was used as an offering at temples, for placing Amrit, and for placing relics, and in the Middle Ages, it was used in rituals related to superstition, used when cremating the dead, and for placing the remains. Currently, it is used in the anointing ceremony of the Buddha, the Sangkrant ceremony, the ceremony of removing evil, the housewarming ceremony, the ceremony of visiting ancestors, and birth-related ceremonies such as the Korchuk ceremony, the ceremony of entering the shade, weddings, and funerals.

អត្ថបទដោយ៖ លោក សរ សុផៃ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!