ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹករកឃើញថ្មីនៅភូមិរំចេក ខេត្តឧត្តរមានជ័យ

សិលាចារឹករកឃើញថ្មីនៅភូមិរំចេក ខេត្តឧត្តរមានជ័យ

ខ្ញុំបានទទួលព័ត៌មានអំពីការប្រទះឃើញសិលាចារឹកនេះពី លោក យាន យ៉ា ប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តឧត្តរមានជ័យ។ លោកបញ្ជាក់ថា សិលាចារឹកនេះ គេរកឃើញនៅរវាងឆ្នាំ ២០២១។ ដំបូងឡើយ គេតម្កល់ទុកនៅក្នុងខ្ទមអ្នកតាមួយ ដែលស្ថិតនៅទល់មុខខ្លោងទ្វារវត្តរំចេក ស្ថិតនៅភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ លុះដល់មានការកែប្រែផ្លូវថ្មីនៅក្នុងឆ្នាំ២០២៣ គេបានយកសិលាចារឹកនេះទៅរក្សាទុកនៅខ្ទមអ្នកតាមួយទៀតក្បែរវាលស្រែ ដែលស្ថិតនៅក្នុងទឹកដីភូមិរំចេកដដែល។ តើសិលាចារឹករកឃើញថ្មីនៅភូមិរំចេក មានខ្លឹមសារ និងអត្ថន័យយ៉ាងដូចម្តេចខ្លះ?

លោក យាន យ៉ា បានបញ្ជាក់ថា ប្រភពទីតាំងដើមនៃសិលាចារឹកនេះ គេមិនដឹងជាក់លាក់នោះឡើយ។ ឆ្លងតាមការសម្ភាសជាមួយអ្នកស្រុកជាច្រើនដងមក អ្នកខ្លះថា សិលាចារឹកនេះយកមកពីប្រាសាទរាងមុំ ដែលជាសំណង់សាងឡើងពីថ្មបាយក្រៀម ចម្ងាយប្រមាណ ៣ គីឡូម៉ែត្រពីទីតាំងដែលគេតម្កល់សព្វថ្ងៃ។ ខ្លះទៀតអះអាងថា សិលាចារឹកនេះ គេដឹកជញ្ជូនមកពីប្រាសាទអូរតាមិញ ដែលជាសំណង់សាងឡើងអំពីឥដ្ឋ មានចម្ងាយប្រមាណ ៤ គីឡូម៉ែត្រពីទីតាំងតម្កល់សព្វថ្ងៃ​ ត្រង់ចំណុចភូមិស្រឡៅស្រង់ ឃុំលំទោង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨ នៅក្នុងភូមិរំចេកនេះ គេធ្លាប់រកឃើញសិលាចារឹកមួយផ្ទាំងដែរ។ សិលាចារឹកនោះមានលេខបញ្ជី K.1467 ហើយលោក ហ៊ុន ឈុនតេង ធ្លាប់សិក្សា និងផ្សព្វផ្សាយក្នុងគេហទំព័រ AMS អរិយធម៌ខ្មែរ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។

ដោយឡែក​ សិលាចារឹកមួយទៀតដែលរកឃើញនៅឆ្នាំ២០២១ ចារឹកនៅលើថ្មភក់ដែលមានរាងជាសន្លឹកសីមា មានចំនួន ១២ បន្ទាត់ និងចារឹកជាភាសាខ្មែរបុរាណ។ សិលាចារឹកនេះមិនបានផ្តល់កាលបរិច្ឆេទឱ្យយើងដឹងនោះឡើយ។ ប៉ុន្តែ បើយោងទៅតាមទម្រង់អក្សរ យើងអាចសន្និដ្ឋានថា សិលាចារឹកនេះអាចចារឹកឡើងក្នុងរវាងស.វ.ទី១០ ពោល គឺប្រហែលក្នុងរជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី៥ (គ.ស.៩៦៨ ដល់ ១០០០)។ ខ្លឹមសារជារួមរបស់សិលាចារឹកនេះ គឺមានភាពប្រទាក់ក្រឡាគ្នាជាមួយសិលាចារឹក K.1467 ពោល គឺរៀបរាប់អំពីចង្វាត់ដី (ព្រំប្រទល់)។ អ្វីគួរកត់សម្គាល់នោះ សិលាចារឹកបានរំលេចឱ្យស្គាល់ឈ្មោះស្ថាននាមជាច្រើនកន្លែងដូចជា ភូមិស្រែភ្លើង តំបាល ថ្ល្វោងរាជកោងក្រនិ ថ្កលឥតប្ឫ វន្រេក ជន្រំ ធម៌្មគ្រាម ភូមិព្រះកម្រតេង អញសិវបុរ រហាព្រីង ថ្គរ ជនាទ៌្ទណ ទម្រោ ភូមិរលំក្រកុប ស្នួលកន្លះ ឳកង្កោកន្លះ កំពង់ដំរី ជ៌្វយបាទ នាទិបាកខ្អ្វាល ទឹកដោះឆៅ កណ្ដាលគុំ រលំកណ្ដាលព្រះព្រៃ កន្សុត តំបុំ ភូមិរលំមាស។ ស្ថាននាមទាំងនេះបានបង្ហាញអំពីស្ថាននាមបែបប្រជាជនសាមញ្ញតាមទម្លាប់របស់ប្រជាជនខ្មែរនាតំបន់នោះ។ ក្នុងនោះ ទីតាំងដីដែលត្រូវបោះបង្គោលព្រំសីមាមានបញ្ជាក់យ៉ាងច្បាស់លាស់បំផុត។ ដីទាំងអម្បាលម៉ានមានទីតាំងរហូតដល់ដីដែលជាកម្មសិទ្ធិរបស់បូជនីយដ្ឋាន “ព្រះកម្រតេងអញសិវបុរ”។ គួរកត់សម្គាល់បន្ថែមនោះ ស្ថាននាមខ្លះមានរំលេចដូចគ្នាក្នុងសិលាចារឹកប្រាសាទបន្ទាយស្រី K.570។

អត្ថបទចារឹក

១.        វ្រៃយតោយ៑បឝ្ចិម៑ប្រសប៑ភូមិស្រេវ្លេង៑តោយ៑ឧត្តរតំបាល

២.        នេះគិអំបាល្លភូមិកំលុង្ងចង្វាត៑នោះថ្ល្វោង៑រាជ៑អន្លេ៣កោង៑ក្រនិ

៣.       ថ្កល៑ឥត៑ប្ឫវន្រេក៑ជន្រំធម៌្មគ្រាមប្រសប៑ភូមិវ្រះកម្រតេង៑

៤.        អញ៑ឝិវបុរ ៙ ចង្វាត៑ភូមិស្រេវ្លេង៑តោយ៑បូវ៌្វប្រសប៑ទម្រោ

៥.        តោយ៑ទក្ឞិណកន្តាល៑វ្រះវ្រៃតោយ៑បឝ្ចិមប្រសប៑ហ៌ាវ្រ្យង៑តោយ៑

៦.        វាយវ្យថ្គរតោយ៑ឧត្តរល្វោះតគោលជនាទ៌្ទណតោយ៑ឦឝានប្រ

៧.        សប៑ទម្រោនេះគិអំបាល្លភូមិកំលុង្ងចង្វាត៑នោះល៌ំក្រកុប៑ស្ន្វាល៑ក

៨.        កន្លះហឳកង្កោកន្លះហកំវង៑តម្រ្យអន្លេ៣ជ៌្វយ៑បាទនាទិបា

៩.        ក៑ខ្អ្វាល៑ទិត្តោះឆៅកន្តាល៑គុំចង្វាត៑ភូមិហ៌ាវ្រ្យង៑តោយ៑បូ

១០.      វ៌្វប្រសប៑ស្រេវ្លេង៑តោយ៑ទក្ឞិណល៌ំកន្តាល៑វ្រះវ្រៃតោយ៑

១១.      បឝ្ចិមកន្សុត៑តោយ៑ឧត្តរប្រសប៑តំបុំភូមិកំលុង្ង៑ចង្វាត៑ល៌ំមា

១២.      ស៑ភូមិកំលុង្ង៑ចង្វាត៑តវ្វំទៅតស្តេង៑អញ៑វ្រះគុរុវ្រេង៑ប្រសប៑វាប៑ឝិខាវិន្ទុ

សេចក្តីប្រែ

(១) កណ្តាលព្រះពៃ្រ (កណ្តាលព្រៃព្រះ) ដោយរាប់ចាប់អំពី ខាងលិចប្រសព្វជាមួយភូមិស្រែភ្លើង ខាងជើងតំបាល

(២-៤) ដីធ្លីទាំងអម្បាលម៉ាននេះ ចង្វាត់នោះថ្ល្វោងរាជ ៣ អន្លេ កោងក្រនិ ថ្កលឥត ប្ឫ       វន្រេក ជន្រំ ធម៌្មគ្រាម ប្រសព្វជាមួយភូមិព្រះកម្រតេងអញសិវបុរ។

(៤-៧) ចង្វាត់ភូមិ (ដី) ស្រែភ្លើង រួមមាន ខាងកើតប្រសព្វជាមួយទម្រោ ខាងត្បូងកណ្តាលព្រៃព្រះ ខាងលិចប្រសព្វរហាព្រីង ខាងពាយព្យប្រសព្វថ្គរ ខាងជើងរហូតដល់បង្គោលជនាទ៌្ទណខាងឦសានប្រសព្វទម្រោ

(៧-១២) ទាំងអម្បាលនេះគឺចង្វាត់ដីភូមិ រលំ ក្រកុប ស្នួលកន្លះ ឳកង្កោ កន្លះ កំពង់ដំរី ៣អន្លើ ជ៌្វយ បាទ នាទិបាក ខ្អ្វាល ទឹកដោះឆៅ កណ្ដាល គុំ ចង្វាត ភូមិរហាព្រីង  ដោយមានព្រំប្រទល់ខាងកើតប្រសព្វស្រែភ្លើង ខាងត្បូងរលំកណ្ដាលព្រះព្រៃ ខាងលិចកន្សុត ខាងជើងប្រសព្វតំបុំ។ ភូមិ(ដី)ចង្វាត់ ភូមិ(ដី)រលំមាស ភូមិ(ដី)ចង្វាត់ ភូមិ(ដី) ពុំទៅដល់ស្តេងអញព្រះគ្រូព្រេង..វាប សិខាវិន្ទុ។

ជារួមមក សិលាចារឹករកឃើញថ្មីនៅភូមិរំចេក ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានផ្តល់ព័ត៌មានឱ្យដឹងអំពីការបោះបង្គោលសម្គាល់ព្រំសីមាដី និងបង្ហាញឱ្យឃើញពីការរៀបចំដែនដី និងនគរូបនីយកម្មកាលពីសម័យអង្គរ។

————

This inscription was found in Rom Chek village, Anlong Veng commune, Anglong Veng district, Ouddor Mean Chey province. The inscription is on a sandstone boundary marker (Sima) inscribed with ancient Khmer script and consists of 12 lines. The inscription dates back to the 10th century, possibly during the reign of King Srîjayavarman V, and describes the marking of land boundaries.

អត្ថបទដោយ៖​ លោក កំ វណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img
[td_block_social_counter custom_title="បណ្ដាញសង្គម" youtube="channel/UCQE2E5oPq8tW6l25lkBr5PA" style="style8 td-social-boxed td-social-font-icons" f_header_font_family="318" f_header_font_size="eyJhbGwiOiIyMiIsInBvcnRyYWl0IjoiMjAiLCJwaG9uZSI6IjE4In0=" header_color="#59090f" facebook="108963744277019" tiktok="@apsaramediaservices" tdc_css="eyJhbGwiOnsibWFyZ2luLXRvcCI6IjIwIiwiZGlzcGxheSI6IiJ9fQ=="]
- Advertisement -spot_img
error: Content is protected !!