ប្រាសាទទួលគុក

ប្រាសាទទួលគុក មានទីតាំងស្ថិតនៅភូមិប្រខ្នាយ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលមានចម្ងាយប្រមាណ១៣គីឡូម៉ែត្រ ប៉ែកពាយព្យប្រាសាទគុកនគរ និងជាទីប្រជុំជនបុរាណដ៏សំខាន់មួយនៅប៉ែកខាងត្បូងរាជធានីយសោធរបុរ(តំបន់អង្គរ)។ តំបន់នេះប្រជុំដោយស្ថានីយបុរាណជាច្រើន ដែលស្ថិតនៅតាមបណ្តោយផ្លូវបុរាណចេញពីតំបន់អង្គរឆ្ពោះទៅប៉ែកខាងត្បូងប្រទេស ដូចជា ប្រាសាទគុកនគរ ប្រាសាទគុកបារេង ប្រាសាទខ្នារ ប្រាសាទស្រះសំបួរ ប្រាសាទគុកព្រះធាតុ ប្រាសាទវត្តបារាយណ៍ ប្រាសាទវត្តបាណក ។ល។ ប្រាសាទទួលគុក អាចចាត់ទុកថា​ជាប្រាសាទដែលមានរូបរាងល្អលំដាប់ទី២នៅក្នុងស្រុកតាំងគោក បន្ទាប់ពីប្រាសាទគុកនគរ។ តើប្រាសាទទួលគុក មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ?

ឈ្មោះ “ទួលគុក” មានន័យថា “ទួលប្រាសាទ” ព្រោះ “គុក” ជាពាក្យដែលខ្មែរហៅសំដៅដល់សំណង់ប្រាសាទដែលច្រើនមានរាងតូចៗជាសំណង់ទោល។ ដូច្នេះហើយ មានន័យថា ប្រាសាទនេះគេពុំស្គាល់ឈ្មោះដើម ឬមានឈ្មោះថ្មីសម្រាប់ហៅឡើយ ហើយការដែលហៅថា “ទួលគុក” គ្រាន់សំដៅដល់ដីខ្ពស់មួយដែលមានប្រាសាទ។ រីឯឈ្មោះដើមយ៉ាងណានោះ គេមិនស្គាល់ឡើយ ដ្បិតប្រាសាទនេះក៏មិនមានសេសសល់សិលាចារឹកនោះដែរ។ នៅរវាងចុងស.វ.ទី១៩និងដើមស.វ.ទី២០ ប្រាសាទទួលគុក ហាក់ស្ថិតនៅឆ្ងាយពីក្រសែភ្នែកអ្នកស្រាវជ្រាវជនជាតិបារាំងដែលបានមកចុះបញ្ជីសារពើភណ្ឌបេតិកភណ្ឌខ្មែរ ហើយនៅសម័យក្រោយក៏មិនមានអ្នកធ្លាប់សិក្សាស្រាវជ្រាវច្រើននោះដែរ។ ជាក់ស្តែង មានតែការរៀបរាប់ដោយសង្ខបក្នុងសៀវភៅបញ្ជីបុរាណដ្ឋាននៅក្នុងខេត្តកំពង់ធំ ដែលចុះបញ្ជីដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសាលាបារាំងចុងបូព៌ាប្រទេស ហៅកាត់ថា “CISARK” កាលពីឆ្នាំ២០០៨ និងការសិក្សាបន្ថែមខ្លះៗដោយលោក សំ សុខឃីម កាលពីឆ្នាំ២០០១៩។

ប្រាសាទទួលគុក ជាសំណង់ទោលដ៏តូចច្រឡឹងមួយមានរាងបួនជ្រុងស្មើប្រវែង៣ម៉ែត្រ  កសាងឡើងអំពីថ្មបាយក្រៀម បែរមុខទៅទិសខាងកើត​ ហើយបាក់បែកផ្នែកខាងលើអស់ នៅសល់ត្រឹមពាក់កណ្តាលប៉ុណ្ណោះ។ អ្នកស្រុកដែលរស់នៅតំបន់នេះបានបញ្ជាក់ថា កាលដែលជនទុច្ចរឹតមិនទាន់ជីកកកាយស្វែងរកវត្ថុមានតម្លៃនៅប្រាសាទនេះ គេឃើញមានទួលតូចមួយស្ថិតនៅក្បែរត្រង់ប៉ែកអាគ្នេយ៍ទួលប្រាសាទបច្ចុប្បន្ន។ យោងទៅតាមសំណល់ឥដ្ឋដែលកំពុងស្ថិតនៅរាយប៉ាយជុំវិញទួលប្រាសាទថ្មបាយក្រៀម យើងអាចសនិ្នដ្ឋានថា រចនាសម្ព័ន្ធដើមរបស់ប្រាសាទទួលគុកប្រហែលជាមានសំណង់ហោត្រៃ (អគ្និគ្រឹះ) មួយទៀត ដែលធ្វើអំពីឥដ្ឋ ស្ថិតនៅត្រង់ប៉ែកអាគ្នេយ៍ប្រាសាទ។​ ក្រៅពីនេះ ប្រាសាទទួលគុក មានផ្លូវចូលពីទិសខាងកើត ហ៊ុមព័ទ្ធដោយកំពែងថ្មបាយក្រៀម និងកសិន្ធុទឹកដែលតំណាងឱ្យមហាសមុទ្រស្ថិតនៅព័ទ្ធជុំវិញភ្នំព្រះសុមេរុ។ នៅប៉ែកខាងកើតប្រាសាទប្រមាណ៧០ម៉ែត្រ មានត្រពាំងធំមួយដែលអ្នកស្រុកហៅថា “ត្រពាំងសួង” ដែលមានបណ្តោយប្រវែង៧០ម៉ែត្រ និងទទឹងប្រមាណ៤០ម៉ែត្រ។

ប្រាសាទទួលគុកមានខ្លោងទ្វារចូលធ្វើអំពីថ្មភក់​ដែលគេកាត់ថ្មចេញជាបញ្ឆិតផ្គុំបញ្ចូលគ្នាបង្កើតជាស៊ុមទ្វារ ក្នុងទម្រង់ដែលគេស្គាល់ទូទៅនៃស៊ុមទ្វារសម័យអង្គរ។ នៅខាងលើស៊ុមទ្វារនេះមាននៅសល់ផ្តែរទ្វារដ៏ស្រស់ស្អាតមួយធ្វើអំពីថ្មភក់ និងអមសងខាងដោយសសរពេជ្ររាងប្រាំបីជ្រុងដែលធ្វើអំពីថ្មភក់ដូចគ្នា។ ផ្តែរទ្វារប្រាសាទទួលគុក លម្អដោយក្បាច់បន្ទាត់ធ្នូមានរាងដូចមែកឈើផ្តេក ដែលនៅខាងចុងលម្អដោយចង្វាយក្បាច់អង្គរនិងមានចម្លាក់ទេពប្រណម្យនៅខាងលើចង្វាយក្បាច់នោះ។ រីឯនៅត្រង់ពាក់កណ្តាលផ្តែរទ្វារ មានចម្លាក់ព្រះឥន្រ្ទកំពុងកាន់វជ្រះបាញ់គ្រាប់រន្ទះនៅខាងលើដំរីក្បាលបីដែលមានឈ្មោះថាព្ធវ៌ត ហើយអមសងខាងដំរីដោយចម្លាក់សត្វតោកំពុងឈរខ្ជាក់ក្បាច់កម្រងផ្កា។ នៅផ្នែកខាងលើបង្អស់នៃផ្តែរទ្វារ មានចម្លាក់រូបទេពកំពុងលើកដៃប្រណម្យតម្រៀបគ្នាជាជួរចំនួន ១៥ អង្គ ដែលនេះជានិម្មិតរូបបញ្ជាក់ឱ្យឃើញថា​ ទេពទាំងនោះកំពុងស្ថិតនៅស្ថានសួគ៌ ដែលមានព្រះឥន្រ្ទគឺជាស្តេចនៃស្ថានសួគ៌នោះ។ ផ្នែកខាងក្រោមរបស់ផ្តែរវិញ មានភាពសឹករិចរឹលជ្រះអស់ក្បាច់មួយចំនួន ប៉ុន្តែយើងអាចនៅមើលយល់ថាជាចង្វាយក្បាច់ភ្ញីទេសដែលយើងឃើញជាទូទៅនៅស.វ.ទី១០។ ផ្តែរទ្វារនេះមានលក្ខណៈចម្លាក់ដូចគ្នាទៅនឹងផ្តែរទ្វារប្រាសាទត្នោតជុំខាងលិច (ស្រុកបារាយណ៍​ ខេត្តកំពង់ធំ)​ និងផ្តែរទ្វារប្រាសាទភ្នំត្រប់ (ស្រុកបាធាយ ខេត្តកំពង់ចាម) ដែលគេអាចចាត់ថ្នាក់ថាជាផ្តែរទ្វាររចនាបថប្រែរូប ស្ថិតនៅរវាងពាក់កណ្តាលស.វ.ទី១០ ក្នុងរជ្ជកាលព្រះបាទស្រីរាជេន្រ្ទវរ្ម័ន (គ.ស.៩៤៤ – ៩៦៧)។ ចំណែក សសរពេជ្ររាងប្រាំបីជ្រុងនៃប្រាសាទទួលគុកវិញ មានជ្រុងនីមួយៗលម្អដោយក្បាច់ស្លឹកឈើធំមួយ អមដោយសន្លឹកឈើពាក់កណ្តាល និងនៅសងខាងក្បាច់វ័ណ្ឌមានឆ្លាក់ក្បាច់រុក្ខជាតិផ្សេងៗស្កេកស្កះដែលមើលទៅដូចជាថ្នាំងអំពៅ។

ប្រាសាទទួលគុក ពុំមានសិលាចារឹកបន្សល់ទុកឱ្យយើងសិក្សាអំពីប្រវត្តិ និងតួនាទីដើមនោះឡើយ។ ហេតុដូច្នេះហើយ ដើម្បីកំណត់អាយុកាលរបស់ប្រាសាទបាន យើងពឹងទៅលើការសិក្សាប្រៀបធៀបប្លង់ទូទៅ ក្បាច់លម្អផ្តែរទ្វារ និងក្បាច់លម្អសសរពេជ្រ។ ផ្តែរទ្វារ និងសសរពេជ្រ បញ្ជាក់ឱ្យឃើញថា អាយុកាលរបស់ប្រាសាទនេះ គឺអាចចាត់ថ្នាក់ជារចនាបថប្រែរូប ដូចទៅនឹងប្រាសាទជាច្រើនទៀតនៅប្រទេសកម្ពុជា ដូចជា​ ប្រាសាទប្រែរូប ប្រាសាទមេបុណ្យខាងកើត ប្រាសាទត្នោតជុំខាងលិច ប្រាសាទភ្នំត្រប់ ប្រាសាទបាក់រូង ។ល។ ពោល គឺជាសំណង់ដែលអាចស្ថិតនៅក្នុងរជ្ជកាលព្រះបាទស្រីរាជេន្រ្ទវរ្ម័ន (គ.ស.៩៤៤ – ៩៦៧) ហើយដោយសារភស្តុតាងតិចតួចពេកយើងមិនអាចកំណត់ថា ប្រាសាទនេះឧទ្ទិសដល់ព្រហ្មញ្ញសាសនា ឬព្រះពុទ្ធសាសនានោះឡើយ។

————-

Prasat Toul Kuk Temple

The Prasat Toul Kuk Temple is situated in Prakhnay village, Treal commune, Taing Kok district, Kampong Thom province. This temple features a laterite main tower that faces east, a library structure to the southeast, and a moat and laterite enclosure surrounding it all. According to the sculptures on the temple’s lintels and colonettes, this temple was most likely built in the Pre Roup style in the half tenth century, maybe during the reign of King Rajendravarman (944–967 CE).

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img
[td_block_social_counter custom_title="បណ្ដាញសង្គម" youtube="channel/UCQE2E5oPq8tW6l25lkBr5PA" style="style8 td-social-boxed td-social-font-icons" f_header_font_family="318" f_header_font_size="eyJhbGwiOiIyMiIsInBvcnRyYWl0IjoiMjAiLCJwaG9uZSI6IjE4In0=" header_color="#59090f" facebook="108963744277019" tiktok="@apsaramediaservices" tdc_css="eyJhbGwiOnsibWFyZ2luLXRvcCI6IjIwIiwiZGlzcGxheSI6IiJ9fQ=="]
- Advertisement -spot_img
error: Content is protected !!