លុះព្រះនាងកេសរសុមន្ទាភ្ញាក់ប្រាណឡើងវិញ ទ្រង់រកមើលព្រះរៀម អាមាត្យ មន្ត្រីមិនឃើញ ឃើញតែយក្សា ព្រះនាងភិតភ័យពេកណាស់ ទើបសួរយក្សថាៈ “ឥឡូវព្រះបងពេលនេះខ្ញុំឋិតនៅឋានណា?”។ កុម្ភ័ណ្ឌក៏ឆ្លើយប្រាប់ថា មានប្អូនអើយចាំស្តាប់បងៗនឹងរៀបរាប់ពីដើមជាតិរបស់បងឲ្យប្អូនស្តាប់ៈ
ប្អូនអើយសព្វថ្ងៃ រូបរៀមនេះនៃ កំព្រាកន្លង
ឥតប្រពន្ធកូន សោះសូន្យទេហោង ហេតុនេះទើបបង
យកប្អូនមាសមៃ។
មោះមកពីឋាន បុរីបុរាណ នគរនាយនៃ
បងចង់ស្នេហ៍ស្និទ្ធ ចាប់មិត្តមូលមៃ ត្រីត្រង់ប្អូនថ្លៃ
សាច់សង្សារា។
កេសរសុមន្ទាស្តាប់ហើយ ក៏ឆ្លើយថាៈ “ហៃយក្សា អ្នកកុំមកផ្សែផ្សំស្នេហា នឹងរូបខ្ញុំជាមនុស្សឡើយ”។
អ្នកកុំអាល័យ សន្ធឹកសន្ធៃ រួមរ័ក្សស្នេហ៍ស្នង
នឹងខ្ញុំនេះឡើយ អ្នកអើយអ្នកបង ជូនខ្ញុំទៅហោង
អ្នកកុំខាំងឃាត់។
យក្សាស្តាប់ហើយ ក៏ឆ្លើយថាៈ”ហៃប្អូនស្នេហា ម្តេចប្រើបងជូនប្អូនទៅដូច្នេះ បងជូនប្អូនទៅពុំបានឡើយ សូមស្ងួនកុំខឹង ព្រលឹងអត់ទោសឲ្យបងផង”។ កេសរសុមន្ទាស្តាប់យក្សហើយ គិតថាៈ “ឳអង្គអញអើយ ពេលនេះប្រាសព្រាត់ពីព្រះរៀមមកហើយ មកយល់តែអសុរី នេះបើអញមិនព្រមរួមរស់នឹងគេទេ នោះអសុរីនឹងឆីអញជាមិនខាន គឺមានតែព្រមតាមកម្មវេរានេះចុះ គិតហើយកេសរសុមន្ទាឆ្លើយថាៈ”អ្នកអើយ! ប្អូនគិតព្រួយចិត្តពេកក្រៃ ដ្បិតប្អូនជាមនុស្សនឹងរួមរស់ជាមួយយក្សមេ្តចបាន ម្យ៉ាងប្អូនខ្លាចថាមិនសមសួន ព្រោះជាតិជាមនុស្សមករួមរស់ជាមួយយក្ស ប្អូនពិតជាខ្លាចណាស់។ ហើយបើអ្នកចង់រួមរស់ជាមួយប្អូនពិត លុះត្រាតែអ្នកស្បែស្បថឲ្យប្អូនសិនមកណា”។ កុម្ភ័ណ្ឌឆ្លើយថា “ហៃប្អូនអើយ សូមប្អូនកុំសង្ស័យនឹងបងឡើយណា”
បើបងនេះណា ពុំទៀងសត្យា នឹងមេប្អូនពៅ
ឯងឲ្យអញបង នេះហោងធ្លាក់ទៅ នរកជ្រាលជ្រៅ
ឲ្យរងទុក្ខភ័យ។
កុំឲ្យបងស្គាល់ ទាន់ព្រះអម្បាល ខ្សាច់ត្រាស់ក្រាស់ក្រៃ
ឲ្យកើតជាយក្ស អប្បលក្ខណ៍ចង្រៃ សល់សែនកោដិនៃ
រៀងរាល់ជាតិណា៎។
ព្រះនាងកេសរសុមន្ទាទ្រង់សណ្តាប់យក្សស្បថរួចហើយ ក៏ជឿជាក់ដោយឥតសង្ស័យអ្វីឡើយ ហើយក៏ព្រមរួមរស់ជាមួយកុម្ភ័ណ្ឌរហូតមក…។
កាលដែលកុម្ភ័ណ្ឌយក្សានៅរួមរស់ជាមួយកេសរសុមន្ទា ធ្វើឲ្យគេភ្លេចទៅបម្រើគាល់ព្រះឥសូរ។ មានថ្ងៃមួយកុម្ភ័ណ្ឌនឹងភ្ញាក់ខ្លួនថាៈ “ឳអញអើយ ខុសឆ្គងនឹងព្រះឥសូរណាស់ ពុំគួរណាភ្លេចទៅគាល់បម្រើព្រះអង្គទេ”។ គិតរួចហើយ កុម្ភ័ណ្ឌក៏ផ្តែផ្តាំជាយាថាៈ “ហៃប្អូនបណ្តូលត្រួយប្រមាត់ ពេលនេះបងសូមលាប្អូនទៅគាល់ព្រះឥសូរហើយ សូមប្អូននៅទីនេះណា៎ ប្អូនណ៎ា ព្រោះតែបងខានទៅយូរហើយ”។ កុម្ភ័ណ្ឌផ្តាំហើយ ផ្តាំទៀតដោយមិនអស់អាល័យ ចំណែកកេសរសុមន្ទា ក៏នឹកអាល័យដល់កុម្ភ័ណ្ឌណាស់ដែរ តែមិនអាចឃាត់បាន។ លុះផ្តែផ្តាំរួច កុម្ភ័ណ្ឌក៏ហោះចេញទៅ បានដល់ហើយក៏ចូលគាល់ព្រះឥសូរ។ ព្រះឥសូរយល់កុម្ភ័ណ្ឌមកដល់ ទ្រង់ក៏មានបន្ទូលសួរថាៈ “ហៃកុម្ភ័ណ្ឌអសុរី ហេតុអ្វីក៏ចោលយើងយូរដូច្នេះ?”។ កុម្ភ័ណ្ឌក្រាបសំពះព្រះឥសូរហើយថាៈ បិពិត្រព្រះកុរណា ពេននេះទូលបង្គំសូមទទួលទោសថាខុសឆ្គង ដ្បិតខ្ញុំនេះទើបបានភរិយាថ្មោងថ្មី នាងនោះជាក្សត្រីរូបស្រស់ប្រិមប្រិយ ដូចស្រីសួគ៌ា ខ្ញូំមានសេចក្តីស្នេហាពិតក្រៃ ពុំចង់ឃ្លាតពីនាងឡើយ”។ ព្រះឥសូរទ្រង់សណ្តាប់រួចហើយ មានបន្ទូលថាៈ ហៃកុម្ភ័ណ្ឌ អញអរពេកក្រៃនឹងបាបានភរិយា ចូរបាត្រឡប់ទៅវិញចុះ កុំទុកនាងឲ្យនៅឯកឯង ហើយយកពស្ត្រានេះទៅចងព្រះហស្ថនាងផងចុះ”។ កុម្ភ័ណ្ឌស្តាប់ហើយត្រេកអរពេកក្រៃ ក៏ក្រាបបង្គំលាព្រះឥសូរត្រឡប់មកវិញុ។ លុះមកដល់កុម្ភ័ណ្ឌបានយកព្រះពស្រ្តាក៏ហុចឲ្យកេសរសុមន្ទាៈ ថាហៃប្អូនមាសប្រិមប្រិយ ប្អូនអើយភូមី ស្តេចផ្ញើស្បៃទិព្វវិសេស។
ជម្ពូរត្តកម្ពលទេស ទិព្វតន់វិសេស មកចងព្រះហស្ថប្អូនភ្ញា។
កេសរសុមន្ទាទទួលពស្រ្តាហើយ មកលាតដណ្តប់មើល ឃើញថាសមល្មមព្រះអង្គា ទ្រង់ត្រេកអរពេកក្រៃ លើកព្រះហស្ថបង្គំព្រះឥសូរ…។ ព្រះនាងកេសរសុមន្ទានៅរួមរស់ជាមួយកុម្ភ័ណ្ឌយ៉ាងសុខក្សេមក្សាន្តរហូតទ្រង់មានព្រះគភ៌។ លុះព្រះគភ៌គ្រប់ខែថ្ងៃហើយ ព្រះនាងប្រសូតបានបុត្រីមួយអង្គ ដែលមានរូបឆោមលោមពណ៌យ៉ាងស្រស់ប្រិមប្រិយ។ លុះបុត្រីធំពេញរូបពេញរាងហើយ ទើបកុម្ភ័ណ្ឌសន្មតព្រះនាមថាសុពណ៌ទេវី។ មានរាត្រីកាលមួយ កុម្ភ័ណ្ឌអផ្សុកក្នុងកាយានឹកចង់ទៅលេងបាសកា ភ្នាល់នឹងនាគ ក៏រៀបចំខ្លួនដើម្បីទៅ។ លុះរៀបចំរួចស្រេចហើយ ក៏ផ្តាំមហេសីថាៈ “ហៃប្អូនស្រីសំឡាញ់បង ចូរប្អូននៅទីនេះណា៎ បងនឹងចេញទៅលេងបាសកា ភ្នាល់គ្នានឹងនាគឥឡូវនេះ”។
លុះផ្តាំសេ្រច កុម្ភ័ណ្ឌក៏ហោះចេះទៅជ្រែកផែនដីរហូតដល់ភពនាគ កុម្ភ័ណ្ឌប្រាប់អាមាត្យនាគឲ្យទៅទូលដល់ស្តេចនាគថាចង់លេងភ្នាល់បាសកា។ អាមាត្យស្តាប់បានហើយ ក៏ទៅទូលដល់ស្តេចនាគតាមដំណើររឿង។ ស្តេចនាគឮថាយក្សចង់លេងបាសកាភ្នាល់ដូច្នោះត្រេកអរអស្ចារ្យ ក៏ឲ្យអាមាត្យទៅអញ្ជើញុយក្សឡើងមកប្រាសាទឥឡូវនេះ។ អាមាត្យនាគស្តាប់ហើយក៏ប្រញាប់អញ្ញើញយក្សមក។ ស្តេចនាគបានឃើញយក្សមកដល់ ក៏ប្រញាប់សួរថាៈ
ហៃមហាមិត្តអើយ ឥឡូវនេះហើយ បុរីរដ្ឋាន
នាមានគរ វររាជក្សេមក្សាន្ត ចូរអ្នកប្រមាន
ប្រាប់មកខ្ញុំរ៉ា។
យក្សស្តាប់ហើយ ក៏ឆ្លើយវិញថាៈ “ហៃមហាវរមិត្ត ខ្ញុំមកនេះគឺចង់លេងបាសកាដើម្បីភ្នាល់យកពិភពសម្បត្តិ។ ស្តេចនាគស្តាប់បានហើយ ឆ្លើយថាខ្ញុំអរនឹងមហាមិត្តណាស់ ដែលចង់លេងបាសកាដើម្បីយកពិភពសម្បត្តិដូច្នេះ។ ថាបើអង្គអញ ខ្ញុំនេះលេងចាញ់ បាសកាហើយហោង ខ្ញុំនឹងប្រគល់ មណ្ឌលរាជផង ឲ្យអ្នកគ្រប់គ្រងពិភពនាគា។
ចុះចំពោះមហាមិត្តវិញ បើចាញ់បាសកាខ្ញុំហើយ តើមានអ្វីជាតំណាងសម្រាប់ខ្ញុំ”។
យក្សស្តាប់បានហើយ ក៏ឆ្លើយថាៈ “ហៃមហាមិត្ត សូមអ្នកកុំបារម្ភ ព្រោះថាខ្ញុំ មានបុត្រីដ៏ស្រស់ប្រិមប្រិយ ទេពអប្សរ ខ្ញុំនឹងយកដាក់ជាតំណាង ថាបើខ្ញុំចាញ់ខ្ញុំនឹងប្រគល់បុត្រីឲ្យមហាមិត្ត”។ ស្តេចភុជង្គនាគស្តាប់ឮយក្សថា យកបុត្រីដាក់ជាតំណាងដូច្នោះត្រេកអរណាស់ ស្តេចត្រាស់ឲ្យរៀបក្តារបាសកា ហើយអញ្ជើញយក្សលេង… ។ លេងបានបន្តិចយក្សឈ្នះស្តេចនាគពីរក្តារ ក៏និយាយថាៈ”ហៃមហាមិត្ត កុំប្រឹងភ្នាល់នឹងខ្ញុំណា លេងថ្វីឥតការណ៎ាមហាមិត្តអើយ”។ ស្តេចនាគស្តាប់ឮកុម្ភ័ណ្ឌនិយាយដូច្នោះ ក៏កើតក្តីក្រេវក្រោធឥតឧបមា ទ្រង់តបវិញថាៈ
នែមិត្តកុំអាល ពោលពាក្យប្រហារ លេញលេងដៀលដល់
មកយើងទាំងស្កា ទៀតណា៎ឲ្យយល់ ជោគជ័យឥទ្ធិពល
ទីទៃតាមរឹទ្ធី។
ស្តេចនាគពោលចប់ហើយ ក៏ចាប់ផ្តើមតាំងបាសកាលេងបន្តទៀត ទីបំផុតស្តេចនាគមានឈ្នះប្រាំពីក្តាររហូតដល់យក្សនិយាយលេងចេញ។ ស្តេចនាគពោលថាៈ “ហៃមិត្តអើយ ពេលនេះយើងឈ្នះអ្នកហើយ ឥឡូងតំណាងរបស់អ្នកនៅឯណា” កុម្ភ័ណ្ឌស្តាប់ហើយ ក៏ឆ្លើយវិញថាៈ “ចូរមហាមិត្តកុំបារម្ភ ខ្ញុំនឹងនាំមកជូនអ្នកមិនខាន”។ ស្រេចហើយកុម្ភ័ណ្ឌក៏លាស្តេចនាគត្រឡប់ទៅមណ្ឌលវិញ។ កុម្ភ័ណ្ឌបានថើបថ្នមបុត្រីហើយ យំខ្សិកខ្សួល អង្គជាយាទតឃើញដូច្នោះ ទ្រង់មានសវនីយ៍ថាៈ “ហេតុអ្វីព្រះអង្គថើបបុត្រ ហើយទ្រង់ព្រះទ្រង់ព្រះកន្សែងដូច្នោះ សូមឲ្យខ្ញុំម្ចាស់ដឹងពីទុក្ខាព្រះអង្គផង”។ យក្សស្តាប់មហេសីហើយ ក៏ឆ្លើយវិញថាៈ “ហៃប្អូនមាសមិត្តស្នេហាបងអើយ សព្វថ្ងៃបងមិនបានគិតអ្វី គិតពីប្អូនមាសមិត្តប៉ុណ្ណោះតែពេលនេះបងសុំបុត្រីពីប្អូនហើយ ព្រោះថាបងបានភ្នាល់បាសកាចាញ់ស្តេចនាគហើយ ស្តេចនាគក៏ឲ្យបង្កាន់នូវពាក្យសច្ចៈ ត្រូវប្រគល់បុត្រីឲ្យទៅទ្រង់ពេលនេះ បងមិនអាចក្បត់ពាក្យសន្យាបានទេណាប្អូន សូមប្អូនប្រណីបងផងចុះ”។ ព្រះនាងកេសរសុមន្ទាទ្រង់សណ្តាប់រួច ទ្រង់ព្រះកន្សែងទូលថាៈ “បពិត្រព្រះស្វាមី ខ្ញុំម្ចាស់មិនហ៊ានឃាត់ឃាំងទេ តែបើអ្នកយកបុត្រីទៅឲ្យនាគ សូមអ្នកកាប់សម្លាប់ខ្ញុំសិនទៅ”។
(សូមរងតាមដានរឿង ស័ង្ខសិល្បជ័យ ភាគទី៣ នៅសប្តាហ៍ក្រោយ)
រៀបរៀងដោយ៖ កញ្ញា មាស សុភាព