ទំព័រដើមនិទានកថាផ្កាស្រពោន(ភាគទី៨)

ផ្កាស្រពោន(ភាគទី៨)

ឳព្រះភិក្ខុអើយ! ទំនាយក្បួនតម្រា និងពាក្យអធិប្បាយតាមគម្ពីររបស់លោកដែលជាអ្នកទ្រទង់ព្រះពុទ្ធសាសនា នៃព្រះបរមគ្រូនោះ បែរជានាំជនពីរនាក់ដែលមានសេចក្តីស្នេហាទៅមកយ៉ាងធំបំផុត ឲ្យខានជួបគ្នាទៅវិញ ហាក់ដូចជាលោកជួយច្រានគូសង្សារនេះទំលាក់ទៅរណ្តៅទុក្ខសង្រេង។ យាយនួនកាលបើឮសង្ឃដីកា លោកគ្រូនេះអានដូច្នោះហើយ គាត់មានចិត្តសោមនស្សឥតឧបមា។ គាត់យារជើងឈានមក ដូចជាស្រាលអស់ទាំងខ្លួនប្រាណគាត់ ព្រោះគាត់ដឹងថា ថៅកែណៃសាននេះមានទ្រព្យធនស្តុកស្តម្ភណាស់។ ឯចៅណៃស៊តទៀត គាត់ក៏ធ្លាប់ឮអ្នកផងគេសរសើររាល់មាត់ថា ជាក្មេងកំលោះមានរូបរាងស្អាតបាតចេះចង់មានចង់បាន ហើយថែមទាំងនេះប្រតិបត្តិឪពុកម្តាយផង។ ឳហៅគាប់ប្រសើរ! សែនគាប់ប្រសើរ! យាយនួនគាត់ខ្សិបក្នុងចិត្តធៀបផ្លឹមនាមយុវជនទាំងពីរៈ “ណៃស៊ត វិធាវី! វិធាវី ណៃស៊ត” យី ឈ្មោះទាំងពីរនេះសមគ្នាណាស់តើស! ម្លេះដល់បានគ្នាជាប្តីប្រពន្ធទៅ ហើយបើប្រសិនជាបណ្តើរគ្នាទៅណាមកណាសឹងមានអ្នកផងគេនឹងរបូតមាត់ថា យិះ យិះ! មិនខាន…យាយមុខញញឹមប៉ប្រឹមបិទមាត់ស្ទើរមិនជិត ដើរពង្រាយសេចក្តីសប្បាយទៅលើស្មៅ តាមផ្លូវចេញពីវត្តដូចជាអ្នកព្រួសស្រូវរោយគ្រាប់ធញ្ញជាតិទៅក្នុងស្រែ។ ប្រហែលជាមួយអាទិត្យក្រោយមកយាយនួនគាត់ទប់នឹងសេចក្តីរំខាន ដោយទន្ទឹងផ្លូវយាយចាន់ពុំបាន គាត់ក៏ឡើងជិះរឺម៉កឆ្ពោះទៅផ្ទះសំឡាញ់គាត់ៈ ចាន់អើយលេខវាល្អណាស់ ខ្ញុំមិនថាអីទេ ឲ្យគេចូលមកចុះ។

បួន-ដប់ថ្ងៃក្រោយពីពេលដែលយាយនួន គាត់ទៅជួបនឹងយាយចាន់មកនោះ គេឃើញមានការរវល់ចំឡែកនៅផ្ទះមាតានាងវិធាវី។

ស្រីនេះតាំងក្រោកពីព្រឹកឡើង ក៏ដេញឲ្យយាយផៃបោសសំបុកពីងពាងដែលត្រដាងសន្ធឹងជាសំនាញ់ ឬជាអន្ទាក់សម្រាប់ចាប់សត្វល្អិត តាមជញ្ជាំងនិងតាមគ្រឿងដំបូលព្រមទាំងបង្គាប់ឲ្យជូតលាងក្តារកំរាលឲ្យរលោងយង់។ ឯនាងវិធាវីនាងត្រូវវេនដុសខាត់គ្រឿងប្រាក់ស្លាបារី ជូតប៉ាន់តែ និងពែង ហើយមើលថែធួនកុំឲ្យរបស់ទាំងនោះខ្វះវត្ថុអ្វីឡើយ គឺរកកំបោរច្រក បំពេញអក រកស្លាជ្វា ស្លាចំណិត ម្លូយ៉ាងស្រស់ៗមកបំរុងហិប ហើយដាំទឹកក្តៅបញ្ចាំលើជើងក្រាន ដើម្បីទុកឆុងតែឲ្យទាន់ត្រូវការ។

យុវតីនេះគិតឆ្ងល់មមៃក្នុងចិត្តថា៖ ម៉ែអញគាត់ រៀបចំទទួលនរណាអេះ។ ចំឡែកណាស់! យាយនួនគាត់រើសយកព្រំថ្មី ដែលតែងប្រើក្នុងឳកាសជាឧឡារិកម្តងៗមកក្រាលលើក្តាររៀបប្រដាប់ទទួលភ្ញៀវតាមនិយមប្រពៃណី។ មិនយូរប៉ុន្មាន គេគ៏ឮសូររថយន្តមួយបើកមកឈប់នៅចំមុខផ្ទះ។ យាយនួនក៏មានចិត្តរីករាយសែនសោមនស្ស។

បន្តិចក្រោយមក គេឃើញស្រ្តីពីរនាក់មួយធាត់ស្អីចដូចត្បាល់ មួយស្គមកញ្ជ្រឹងដូចត្រីឆ្អើរ មួយស្លៀកខៀនបៃតង មួយស្លៀកខៀនស៊ីធួ ដៃលំអដោយកងពេជ្រ ជើងដោយស្បែកបាទដាំឌិនភ្លឺរន្ទាល។ ស្ត្រីទាំងពីរនេះច្រាន យាយចាន់ឲ្យដើរយោងមុខ ហើយក៏នាំគ្នាត្រាច់ពីក្រោយ ម្នាក់មានដំណើរ អ៊ឺកអ៊ាកដូចទាកាប៉ា ម្នាក់រយ៉េវរយ៉ាវដូចកុកចាំមុខរង្វះ។ លុះដល់ជិតហើយ យាយចាន់ក៏ស្រែកសួរចៅរ៉ៅទៅ៖

នួនអើយ! ទៅណាហើយ? នាងថូ និងនាងធិនគេមកលេង។ យាយនួន ដែលឃ្លាំចាំតែភ្ញៀវនោះ ក៏ធ្វើជាភ្ញាក់ស្ទុះមកក្រៅ ហើយចរចាយ៉ាងរាក់ទាក់៖

អញ្ជើញចាន់ អញ្ជើញនាង។ មកអញ្ជើញលើព្រះនេះមក។ ថាហើយគាត់បានទៅហៅម៉ែផៃ ឲ្យយកទឹកក្តៅមកចាក់តែ ចំណែកស្ត្រីធាត់ និងស្គមកាលបើដាក់ខ្លួនអង្គុយលើកម្រាលពិចិត្រនោះក៏លើកដៃសំពះជម្រាបសួរចែ ថ្វាយព្រះនាង យាយនួនឆ្លើយដោយលើកដៃប្រណមសងវិញ។ យាយចាន់ដែលអង្គុយនៅដើមអាសន៍គេនោះចាប់និយាយ យីហ៎្ន យប់មិញនេះវារងាតិមធីតែម្តងហើយ។ ដណ្តប់ភួយពីរបីជាន់ហើយនៅតែមិនបាត់ ស្ត្រីធាត់ដែលឈ្មោះថូនោះឆ្លើយឡើង រងានៅផ្ទះគ្រាន់បើទេ កាលពីល្ងាចថ្ងៃសៅរ៍មុននោះខ្ញុំបានជិះកាណូតទៅទារប្រាក់ពីចិនម្នាក់នៅឯបាក់ព្រា យប់នោះចំជារងាហើយស្ទើរកកឈាមក្នុងខ្លួនតែម្តង។ យាយនួនគាត់សួរ ចុះណៃស៊ត គេទៅណាទៅបានជាគេបណ្តោយឲ្យនាងពិបាកយ៉ាងនេះ? ចាសចែ គេរវល់មើលកូនគូលីច្រូតស្រូវឯជណ្តើរស្វា នាងថូដែលចង់ឆ្លៀតយកឳកាសដើម្បីអួតពីកូនខ្លួន ក៏ប្រញាប់បន្ថែមសេចក្តី ឯកូនខ្ញុំអាណៃស៊តនោះវាទៅត្រួតគេបាញ់ថ្មឯភ្នំសំពៅ ដែលគេវាយបំបែកដឹកយកទៅចាក់ធ្វើផ្លូវរទេះភ្លើងនៅមណ្ឌល   បុរី។ ថាហើយអ្នកនិយាយនេះក៏ទាញកន្ថោរមកស្តោះទឹកមាត់ឮសូរច្រោកៗ យាយនួនតបដោយតំអូញៈ ថូគេរវល់គ្រប់គ្នាតែម្តង ប្រពន្ធដោយប្រពន្ធ ប្តីដោយប្តី កូនដោយកូន។ ឯខ្ញុំហើយនៅផ្ទះ និងទៅសមាទានសីលប៉ុណ្ណោះ គ្មានបានរកអ្វីនឹងគេសោះ។

ចែគិតទៅបរលោកចំជាល្អហើយ។ តាមអីខ្ញុំមានកូនច្រើន បើមិនខំទៅបានអីចែកឲ្យវា។ ដូចចែនេះចំមហាសប្បាយហើយ ធ្វើតែទានហើយមានកូនតែមួយ មិនមានព្រួយអីច្រើន។ យីកូនចែធំប៉ុណ្ណាហើយ? ខ្ញុំមិនដែលឃើញសោះ។

យាយនួនគាត់ស្រែកហៅៈ អាវីអើយ អាវី ទៅណាហើយ? មីងឯងគេចង់ស្គាល់ឯង?​  នាងវិធាវី កាលដែលនាងឃើញភ្ញៀងចម្លែកឡើងផ្ទះ នាងក៏ចូលលាក់ខ្លួននៅក្នុងបន្ទប់។ លុះនាងឮមាត់ម្តាយស្រែកហៅដូច្នោះ នាងក៏ស្ទុះមកទាំងក្រៀមក្រំចេញមកក្រៅ។ នាងខំតបកុំឲ្យសេចក្តីហ្មងសៅចោលស្រមោលទៅលើភក្រ្តនាងបាន។ ក្នុងគ្រានោះនាងវិធាវីពាក់អាវទំនើបថ្មីពណ៌កូលាបខ្ចី លម្អដោយជរសនៅសុរងក នឹងស្លៀកសំឡុយត្រួយចេក។ នាងចេញដើរមកមានទឹកមុខញញឹមស្ងួត។

នាងថូ និងនាងធិនជាប្អូន កាលបើឃើញរូបឆោមលោមពណ៌នាងវិធាវីស្រស់ប្រិមប្រិយដូច្នោះហើយ ក៏ចាប់ចិត្តស្រលាញ់មហិមា។ នាងថូ លាន់មាត់ថាៈ

         យីក្មួយអញនេះល្អណាស់តើ? ឯងអាយុប៉ុន្មានហើយ?

         នាងស្រីក្រមុំក៏លើកហត្ថសំពះ ហើយតបៈ ខ្ញុំអាយុ១៧ឆ្នាំហើយ។

         អើ ក្មួយនេះនឹងធឹងណាស់តើ ! នាងវិធាវីកើតសេចក្តីអៀន ក៏ងក់មុខចុះពុំចេញស្តី យាយនួនគាត់ក៏និយាយឡើងៈ នាងអញ្ជើញនៅពិសារបាយនឹងខ្ញុំនេះហើយ។

         ចាសចែ កុំព្រួយ ខ្ញុំមានការបន្ទាន់បន្តិច។

ស្ត្រីម្ចាស់ផ្ទះ ឆ្វេងយល់ចិត្តនាងភ្ញៀវ ដែលប្រាថ្នានិយាយការកំបាំង ពីមុខស្វាមីខ្លួននោះ ក៏ចរចាទៅកាន់បុត្រីគាត់ៈ អាវីឯង ទៅមើលកំផៃតើវាធ្វើអ្វី? បណ្តោយវាម្នាក់ឯងមិនបានទេ…លុះនាងវិធាវីចេញដើរផុតទៅ ទើបនាងថូ បែរមុខសំឡឹងទៅយាយចាន់។ ស្រីនោះក៏និយាយខ្សិបៗ៖ នួន នាងថូនេះគេរកខ្ញុំជូនមកជាចាស់ជាទុំ ដើម្បីមកសុំចងស្ពានមេត្រីនឹងឯង។ គេចង់ដណ្តឹងកូនឯងឲ្យជាគូនឹងកូនច្បងគេ ឈ្មោះណៃស៊ត តើនាងឯងនឹកថាដូម្តេច? សំដីនេះ​ ធ្វើឲ្យទឹកជំនោរនៃសេចក្តីត្រេកអរឡើងតឹងដល់បំពង់កយាយនួន។ គាត់ខំប្រឹងស្មារតីទប់កុំឲ្យភ្លាត់មាត់ថាៈ យកចុះ! យកចុះ! ហើយទើបគាត់មានវាចាដោយសម្រួលៈ នាង ថូ នាងចង់បានជាសាច់សាលោហិតនឹងខ្ញុំនេះជាការគាប់ប្រសើរណាស់ តែកូនខ្ញុំវាខ្ចីគំនិតមិនសូវដឹងកិច្ចការរាក់ជ្រៅនៅឡើយទេ។ នាងថូឆ្លើយៈ មិនមែនទេចែ។ ខ្ញុំស្គាល់មនុស្ស  ណាស់។ កូនចែនេះ កិរិយាមារយាថក្រអូបប្រពៃណាស់។  បើនាងថាដូច្នោះហើយ ខ្ញុំមិនថាអីដែរ តែត្រូវនាងរកគេមើលលេខជតាកូននាង និងកូនខ្ញុំ តើសមនឹងគ្នាឬទេ? បើលេខឆ្លើយថាល្អទើបខ្ញុំដាច់ជាលើកជូននាងបាន។

យាយនួន ដោយភ័យក្រែងនាងថូគេទៅរកហោរណាផ្សេងគន់គូរ ហើយនិងមានទំនាយពុំប្រកបនាំមកជាការជំទាស់ដល់សេចក្តីគាប់ចិត្តរបស់គាត់នោះ គាត់ក៏រហ័សបន្លុយពាក្យឲ្យទៅរកលោកគ្រូអានជាប្រញាប់ៈ នាង រឿងខាងមើលប្តីប្រពន្ធ ខ្ញុំថានៅដែនបាត់ដំបងនេះ គ្មានអ្នកណាឆុតជាងលោកគ្រូអានវត្តពោធិ៍ក្នុងទេ។ បើលោកថាល្អហើយមិនដែលប្រែទៅជាអភ័ព្វបានទេ នៅសុខនឹងគ្នាដល់ស្លាប់រៀងខ្លួន។

ចា៎ចែ ចាំខ្ញូំទៅរកលោកគ្រុអានមើល។ តើនាងនោះឆ្នាំអី? នាងសួរចាន់ចុះ ចាន់គេដឹងស្រាប់ហើយ។ យាយចាន់ឆ្លើយ៖

ថាហើយ ស្ត្រីធាត់ និងស្គមក៏លើកដៃសំពះលាយាយនួនប្រុងនឹងចុះទៅ។ នាងធិនដែលអំបាញ់មិញ មិនបាននិយាយថាអ្វីសោះ ក៏និយាយទៅកាន់នាងថូៈ កូននេះត្រូវហើយ សម និងអាស៊ត មុខជាវាពេញចិត្តវាហើយ។ បើបានគ្នាជាប្តីប្រពន្ធទៅអាស៊តលែងដើរលេងយប់ពាសវាលពាសកាលទៀតហើយមើលទៅ។ នាងថូ ដែលនឹងភ័យក្រែងយាយនួនគាត់ឮសំដីនេះ នាំឲ្យខូចការផ្សេងៗនោះក៏បន្ទោសទាំងក្នាញ់។

(សូមរងតាមដានរឿង ផ្កាស្រពោន ភាគទី៩ នៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,800SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!