ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ទី៤ ខែមករា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៦ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកនឹងទទួលបានភាពកាក់កបណាស់ ម្យ៉ាងទៀតអ្នកមានមនុស្សជុំវិញសុទ្ធតែជាមនុស្សដែលអាចពឹងពាក់បាន។ អ្នកអាចផ្លាស់ប្តូរកិច្ចការងារ ប្រសិនបើអ្នកគ្មានទំនុកចិត្ត។ ចូរពិភាក្សាឲ្យបានច្រើន ប៉ុន្តែការជឿទុកចិត្តត្រូវមានភាពឆ្លាតវៃ។ ទិសដំណើរគោចររបស់អ្នក គឺទិសនិរតី។ មនុស្សដែលមានកំណើតថ្ងៃអង្គារមិនគួរប្រាស្រ័យទាក់ទងការងារទេ។ គូស្នេហ៍មានភាពចុះសម្រុងគ្នាល្អណាស់។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរទទួលបានជោគជ័យយ៉ាងខ្លាំង ចំណែកភោគទ្រព្យក៏ហូរចូលផ្ទះមិនដាច់ផងដែរ។ អ្នកអាចសម្រេចចិត្តធ្វើការងារសំខាន់បាន ព្រោះពាក្យសំដីអ្នកនឹងមានអ្នកជឿទុកចិត្តជាច្រើន ប៉ុន្តែដាច់ខាតកុំសម្តែងគម្រោងការ និងភាពខ្លាំងរបស់កិច្ចការនៅអ្នកដទៃ។ លោកអ្នកអាចរៀបពិធីរៀបអាពាហ៍ពិពាហ៍ និងឡើងគេហដ្ឋានបានប្រសើរណាស់។ សូមរក្សាគំលាតពីមនុស្សកើតឆ្នាំថោះ។ ចំពោះគូស្នេហ៍ មានភាពអធ្យាស្រ័យគ្នាខ្ពស់ណាស់។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់លោកអ្នកប្រព្រឹត្តិទៅដោយរលូន និងគ្មានហេតុជំទាស់ឡើយ។ សូមផ្អាកការផ្លាស់ប្តូរនានា រក្សាអ្វីដែលមានក្នុងដៃសិនទើបជាការប្រសើរជាង។ កំហុសតិចតួចអាចកើតឡើង ដោយភាពឆេវឆាវ ដូច្នេះចូរព្យាយាមអត់ធ្មត់សង្កត់ចិត្ត។ ទិសភោគផលធំរបស់អ្នក គឺទិសអាគ្នេយ៍ ហើយមនុស្សដែលអាចជួយជ្រោមជ្រែងអ្នកបាន មានកំណើតឆ្នាំម្សាញ់។ សម្រាប់ទំនាក់ទំនងស្នេហាកំឡោះក្រមុំ សញ្ញាណនៃចម្លើយដ៏រីករាយនឹងមានដល់អ្នក។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លាភសំណាង និងមុខតំណែងការងារនឹងទទួលបានដំណឹងនៅថ្ងៃនេះ ប៉ុន្តែសូមប្រយ័ត្នពាក្យសំដី និងកុំឆេវឆាវឲ្យសោះ។ រក្សាចិត្តស្ងប់ អនុគ្រោះ និងរស់នៅដោយមិនប្រមាទចំពោះហេតុការណ៍នានា។ លោកអ្នកមិនគួរជឿទុកចិត្តមនុស្សដោយងាយៗនោះទេ ពីព្រោះលោកអ្នកមានមនុស្សនិន្ទាឈ្នានីសក្នុងថ្ងៃនេះ។ ការធ្វើដំណើរផ្លូវឆ្ងាយអាចដំណើរការបាន ហើយការប្រាស្រ័យទាក់ទងជាមួយក្មេងនឹងនាំលាភ។ សម្រាប់គូស្នេហ៍ គួររឹងចំណងបន្ថែម ហើយការអនុគ្រោះជាអ្វីដែលអ្នកត្រូវធ្វើ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាប្រក្រតី និងគ្មានផលរំខានអ្វីឡើយ។ សូមអ្នករៀបចំគម្រោងការងារជាថ្មី ដោយត្រៀមចំពោះហានិភ័យដែលនឹងអាចកើតឡើងដោយចៃដន្យ។ រក្សាគំលាតពីមនុស្សផ្ទុយភេទដែលធ្វើដំណើរមកពីទិសពាយ័ព្យ។ កុំធ្វើការងារធំដុំ ដោយគ្មានគម្រោងការ ពីព្រោះសញ្ញាណនៃភាពខាតបង់នឹងមានចំពោះការងារថ្មី។ ពិធីមង្គលនានាគួរចាប់ផ្តើមនៅពេលព្រឹកព្រលឹម។ សម្រាប់ទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់ មានដំណើរការយ៉ាងល្អប្រសើរ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លាភសំណាងជាប្រាក់កាសជាច្រើននឹងធ្លាក់ដល់ដៃលោកអ្នកដែលប្រកបអាជីវកម្ម ចំណែកអ្នកធ្វើការងាររដ្ឋឯកជននឹងបានសម្រេចគម្រោងការងារ ម្យ៉ាងមុខតំណែងការងារនឹងបានទទួលដំណឹង។ លោកអ្នកអាចសម្រេចចិត្តរៀបចំពិធីមង្គលផ្សេងៗបាន ដោយមិនមានផលរំខានអ្វីទេ។ សូមបង្កើនទំនាក់ទំនងល្អបន្ថែមនឹងមនុស្សមានអាយុតិចជាងខ្លួន ព្រោះគេអាចយឹតយោងអ្នកបាន។ សម្រាប់អ្នកមិនទាន់មានគូ លោកអ្នកនឹងជួបមនុស្សដែលអាចពឹងពាក់អាស្រ័យទៅថ្ងៃខាងមុខបាន។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកល្អជាមធ្យម។ លោកអ្នកដែលប្រកបរបរជួញដូរនឹងទទួលបានកម្រៃចំណេញណាស់។ សម្រាប់បុគ្គលិកកម្មករនឹងទទួលបានឳកាសការងារដ៏ប្រសើរជាងមុន ព្រមទាំងធ្វើឲ្យថ្នាក់លើទុកចិត្តផងដែរ។ ចូរប្រុងប្រយ័ត្នពាក្យសំដី អាកប្បកិរិយាច្រងេងច្រងាង ការមើលងាយស្ថានការណ៍ និងកុំទាក់ទងមនុស្សឆ្នាំខាល។ សូមកុំទាន់សម្រេចចិត្តធ្វើការងារថ្មី រងចាំឳកាសបន្តិចទៀតសិន ប៉ុន្តែប្រសិនបើអ្នកមិនអាចពន្យាពេលបាន សូមពឹងពាក់មនុស្សប្រុសវ័យចំណាស់។ ចំណែកគូស្នេហ៍ មានភាពចុះសម្រុងគ្នាល្អប្រសើរណាស់។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងមុខរបររកស៊ីនឹងទទួលបានផលចំណេញ និងអាចសម្រេចផលបានយ៉ាងគាប់ចិត្ត។ ការប្រមូលទិញអចលនទ្រព្យនឹងមានភាពប្រសើរណាស់ ប៉ុន្តែមិនត្រូវបណ្តាក់ទុនទាំងស្រុងនោះទេ រក្សាលំនឹងសេដ្ឋកិច្ចប្រសិនបើអ្នកស្ថិតក្នុងជំហរមិនទាន់ហ្នឹងន៎។ សូមរក្សាសុខភាព ដោយសម្រាកឲ្យបានច្រើនទើបមិនប៉ះពាល់ដល់អារម្មណ៍របស់អ្នក។ សម្រាប់គូស្នេហ៍ មានភាពផ្អែមល្ហែមណាស់។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរអាជីវកម្ម និងកិច្ចការដែលអ្នកកំពុងធ្វើនឹងមានតែភាពចម្រើនលូតលាស់ណាស់ ចំណែកប្រាក់កាសក៏ហូរចូលមិនដាច់។ ថ្ងៃនេះគ្មានអ្វីអាចបង្អាក់មុខរបរការងារ និងអាជីវកម្មរបស់លោកអ្នកបានឡើយ។ សូមកុំភ្លេចមានចិត្តសណ្តោសប្រណី និងមានភាពស្មោះត្រង់។ រក្សាគំលាតពីបញ្ហារបស់អ្នកដទៃ ហើយមិនត្រូវឲ្យេគេខ្ចីបុលនោះទេ។ ដោយឡែកគូសេ្នហ៍ មានភាពសុខដុមរមនាណាស់។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកប្រកបការងារនឹងទទួលបានផលសម្រេចក្នុងគម្រោងដែលបានដាក់ចេញ ហើយឳកាសសម្រាប់មុខតំណែងគឺមានសញ្ញាណខ្ពស់។ ចំណែកអ្នកប្រកបអាជីវកម្មនឹងទទួលបានការគាំទ្រពីអតិថិជនល្អៗ។ ផលលាភទាំងនេះទាក់ទងយ៉ាងជិតស្និទ្ធនឹងអាកប្បកិរិយាល្អរបស់អ្នក។ លោកអ្នកអាចនឹងត្រូវគេនាំរឿងមកឲ្យ ដូច្នេះសូមជៀសឲ្យឆ្ងាយ ឬត្រូវរៀបគម្រោងក្នុងការដោះស្រាយបញ្ហា កុំភ្លេចថាលោកអ្នកមានមនុស្សក្នុងគ្រួសារជាជន្ទល់។ សម្រាប់ទំនាក់ទំនងស្នេហា ស្គាល់តែភាពរីករាយ។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងមានមនុស្សជាច្រើនចាំគាំទ្រ និងជួយយកអាសារក្នុងកិច្ចការងារនានា។ ប៉ុន្តែសូមកុំជឿទុកចិត្តមនុស្សដែលមានកំណើតឆ្នាំមមែ។ ទន្ទឹមនឹងនោះដែរ សូមកុំទាន់សម្រេចចិត្តផ្លាស់ប្តូរកិច្ចការងារនៅពេលនេះ ព្រោះអ្វីៗមិនទាន់ប្រាកដទាំងស្រុងទេ។ អ្នកត្រូវធ្វើជាមនុស្សមានចិត្តស្ងប់ ការច្រណែនឈ្នានីសគ្មានប្រយោជន៍ ហើយការតបតក៏នាំឲ្យបាត់បង់កិត្តិយសផងដែរ។ សម្រាប់កំឡោះក្រមុំ ចម្លើយស្នេហ៍ហាក់មិនទាន់ច្បាស់លាស់ទេ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងការងារនានារបស់លោកអ្នកនឹងអាចសម្រេចផលបានជាទីគាប់ចិត្ត។ សូមកុំមានចិត្តស្ទាក់ស្ទើរ ចូរចាប់យកឳកាសនានាដែលមាននៅក្នុងថ្ងៃនេះ។ សូមធ្វើទំនាក់ទំនងជាមួយមនុស្សផ្ទុយភេទ វ័យចំណាស់ ព្រោះគេនឹងអាចជួយទំនុកបំរុង និងនាំសំណាងដល់អ្នក។ ចូរត្រៀមខ្លួនទប់ស្កាត់នឹងបញ្ហាតូចតាចនានាដែលនាំកង្វល់ដល់ជីវិតអ្នក។ ដោយឡែកគូស្នេហ៍មានការអធ្យាស្រ័យល្អប្រសើរណាស់។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព