ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ទី៥ ខែមករា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៧រោច ខែបុស្ស
ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់អ្នកមិនទាន់ទទួលបានផលដូចការរំពឹងទុកទេ ហើយក៏មិនគួរចំណាយពេលគិតគូរការងារ និងជំនួញថ្មីឡើយ ព្រោះលទ្ធផលមិនស្មើនឹងទុនឡើយ។ សូមរស់នៅជាធម្មតា ស្ងប់ស្ងៀម និងអធ្យាស្រ័យ។ កុំខ្វល់នឹងរឿងតូចតាចពីព្រោះអាចនឹងបានភាពស្មុគ្រស្មាញបន្ថែមប៉ុណ្ណោះ។ ពន្យាពេលប៉ុនប៉ងធ្វើពិធីនានា ហើយរងចាំពេលល្អមកដល់ទើបចាប់ផ្តើមជាថ្មី។ ដោយឡែក គូស្នេហ៍ស្រលាញ់គ្នាណាស់។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់លោកអ្នកចម្រើនលូតលាស់ល្អប្រសើរណាស់។ ប៉ុន្តែប្រសិនបើអ្នកធ្វើអ្វីមួយ ត្រូវធ្វើឲ្យចប់ចុងចប់ដើម និងមិនត្រូវចាប់យកការងារច្រើនក្នុងពេលតែមួយនោះទេ។ សូមរក្សាគំលាតពីមនុស្សដែលមានកំណើតឆ្នាំចរ ហើយអ្នកដែលអាចជួយទ្រទ្រង់អ្នកបានគឺឆ្នាំម្សាញ់។ សម្រាប់ទំនាក់ទំនងស្នេហា គូស្នេហ៍យល់ចិត្តគ្នាណាស់។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរ មានដំណើរការល្អជាប្រក្រតី។ សូមមានចិត្តរឹងមាំ ស្វាហាប់ ដើម្បីដោះស្រាយបញ្ហាដែលនឹងអាចកើតមានឡើងពីមនុស្សដែលកំពុងមើលបំណាំអ្នក។ គួរបើកចិត្តស្រលាញ់រាប់អានមនុស្សនៅជុំវិញខ្លួន។ អ្នកអាចសុំជំនួយពីមនុស្សដែលនៅជុំវិញខ្លួនបាន ប៉ុន្តែសូមមានភាពឆ្លាតវៃ។ ចូរលាក់ការរឿងដែលមិនសប្បាយរីករាយជាមួយដៃគូ ធ្វើដូច្នេះអ្នកអាចបង្វែរហេតុការណ៍ឲ្យបានប្រសើរឡើង។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងជំនួញរបស់អ្នកនឹងសម្រេចផលបានល្អណាស់ ដូច្នេះសូមកុំបារម្ភអ្វីឡើយ។ លោកអ្នកគួរបង្កើនទំនាក់ទំនងបន្ថែម ពិសេសជាមួយសមាជិកក្រុមការងារ ប្រសិនបើអ្នកមិនច្បាស់ក្នុងចិត្តសូមបង្អង់ការសម្រេចចិត្តសិន។ ការបណ្តាក់ទុននានាអាចធ្វើទៅបានដោយគ្មានការរាំងស្ទះទេ។ សូមរក្សាភាពស្មោះត្រង់ជានិច្ច។ សម្រាប់កំឡោះក្រមុំ ដំណឹងល្អនឹងមានចំពោះអ្នក។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ កិច្ចការងាររកស៊ីជួញដូរ អាចសម្រេចផលបានជោគជ័យយ៉ាងត្រចេះត្រចង់ ចូរកុំភ្លេចចាប់យកឳកាសថ្មីដែលកំពុងតែឈានមកដល់។ ប៉ុន្តែសូមគិតគូរពីហិរញ្ញវត្ថុផង កុំទាន់ចំណាយប្រាក់លើអចលនវត្ថុ។ សម្រាប់អ្នកធ្វើការដ្ឋការ និងឯកជន ដំណឹងល្អអំពីការងារ និងតួនាទីនឹងកើតឡើងចំពោះអ្នក។ ការរៀបចំពិធីមង្គលនានាអាចធ្វើទៅបានដោយមិនប្រកាន់ពេលនោះឡើយ។ សម្រាប់គូស្វាមីភរិយា នឹងស្គាល់តែសុភមង្គល។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ លាភសំណាងរបស់អ្នកនឹងមកតាមមនុស្ស ជាទីស្រលាញ់ក្នុងគ្រួសារ។ លោកអ្នកមានសញ្ញាណនឹងទទួលដំណឹងដ៏រីករាយផងដែរ។ ថ្ងៃនេះអ្នកអាចធ្វើអ្វីៗបានគ្រប់យ៉ាង មានមនុស្សជាច្រើនអបអរ និងជួយទំនុកបម្រុងជាច្រើន។ កិច្ចការងារនានានឹងអាចសម្រេចផលទាំងអស់ ដូច្នេះសូមកុំបង្អង់ ឬខ្លាចរអាឲ្យសោះ។ មនុស្សដែលអាចជួយលោកអ្នកមានល្អប្រសើរជាងគេ គេមានកំណើតឆ្នាំវក។ ទំនាក់ទំនងសេ្នហារបស់អ្នកនឹងមានភាពចុះសម្រុងនឹងគ្នាណាស់។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកកំពុងរវល់ខ្លាំងក្នុងការងារ និងមុខរបរ ដូច្នេះគ្មានពេលវេលាសម្រាប់អ្នកជុំវិញខ្លួនទេ ប៉ុន្តែសូមព្យាយាមរកពេលដើម្បីទំនាក់ទំនងខាងក្រៅ ព្រោះពួកគេនឹងជួយដល់អ្នកឲ្យបានផលកាន់តែប្រសើរ។ ភាពលំបាករបស់អ្នកក្នុងថ្ងៃនេះ គឺអាចជួយបានប្រសិនបើអ្នកចេះអត់ធ្មត់ និងអធ្យាស្រ័យ។ សម្រាប់ការងារ និងអាជីពនានា តម្រូវឲ្យអ្នកប្រឹងប្រែងខ្លាំងជាងសព្វដង ទើបអាចសម្រេចផលបានប្រសើរ។ សម្រាប់ប្តីប្រពន្ធ ទំនាក់ទំនងមានភាពជិតស្និទ្ធណាស់។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងអាជីវកម្មដំណើរការទៅដោយរលូន និងមានអ្នកគាំទ្រជាច្រើន ប៉ុន្តែតម្រូវឲ្យអ្នកធ្វើការចែករំលែក។ ភោគទ្រព្យថ្ងៃនេះឈរលើឥរិយា បថ និងភាពស្មោះត្រង់របស់អ្នក។ សូមជៀសឲ្យបានបញ្ហារបស់អ្នកដទៃ ហើយជម្លោះគឺត្រូវហាមដាច់ខាត។ ចំពោះអ្នកធ្វើការរដ្ឋ នឹងសម្រេចផលជាទីគាប់ចិត្ត ប៉ុន្តែសូមបន្តធ្វើកិច្ចការបន្ថែម ហើយអត់ធ្មត់។ ត្រូវប្រយ័ត្ននឹងមនុស្សដែលមិនសូវស្គាល់ច្បាស់លាស់ គំនិតយោបល់គេ កំពុងមានសញ្ញាណមិនល្អ។ ចំពោះគូស្នេហ៍ ស្រលាញ់គោរពគ្នាល្អណាស់។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកសម្រេចបានផល និងចំណេញប្រាក់កាក់គួរឲ្យកត់សម្គាល់។ មនុស្សដែលអាចជួយជ្រោមអ្នកបាន គឺមានឆ្នាំថោះ និងហាមដាច់ខាតពិភាក្សាការងារសំខាន់ជាមួយមនុស្សឆ្នាំមមី។ ប្រសិនបើអ្នកមិនជឿទុកចិត្តលើអ្វីមួយ សូមពិនិត្យសង្កេតដោយភាពឆ្លាតវៃ កុំខ្លាចក្នុងការបង្អាក់កិច្ចការនោះសិន។ សម្រាប់មនោសញ្ចេតនា សូមកុំស្ទាក់ស្ទើរ អ្នកនឹងទទួលបានដំណឹងល្អ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សកម្មភាព និងព្រឹត្តិការណ៍នានាក្នុងថ្ងៃនេះហាក់មានភាពច្របូកច្របល់ ងងឹតងងល់ណាស់ ប៉ុន្តៃទោះបីយ៉ាងនេះក្តី រឿងរ៉ាវជាច្រើនពឹងផ្អែកលើអ្នក។ សូមកុំរៀបចំគម្រោងពិសេស ឬសំខាន់ឡើយ ធ្វើការងារដែលកំពុងមាននៅក្នុងដៃ ហើយកុំបាក់ទឹកចិត្តប្រសិនបើមិនអាចទទួលបានលទ្ធផលនៅក្នុងថ្ងៃនេះ។ សូមប្រាស្រ័យទាក់ទងនឹងមនុស្សដែលអ្នកជឿទុកចិត្តបានហើយ ការពិភាក្សាជាមួយមនុស្សថ្មី មិនបានផលទេ។ សម្រាប់គូស្នេហ៍ មានភាពចុះសម្រុងគ្នាណាស់។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកមានអ្នកចាំជួយគាំទ្រជានិច្ច។ ការបណ្តាក់ទុនរកស៊ីនៅថ្ងៃនេះគឺអាចធ្វើបាន ប៉ុន្តែកុំចោលគម្រោងការ និងពិនិត្យតាមដានស្ថានភាព ហើយការជឿទុកចិត្តមនុស្សដោយងាយ គឺមិនគួរធ្វើឡើយ។ សូមរក្សាភាពស្មោះត្រង់ និងត្រូវចេះអោនលំទោន កុំបង្កើតកំហុសដោយការប្រមាទស្ថានការណ៍។ សូមឈរលើគំនិតយោបល់របស់ខ្លួន និងការពារវាដោយវៀងវៃ។ កុំចាញ់ល្បិចមនុស្សដែលមកពីឆ្ងាយ។ រក្សាការដាក់ទាន។ សម្រាប់គូស្នេហ៍ មានភាពល្អូកល្អឺនណាស់។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចឈ្នះផលរំខាន និងរឿងអាក្រក់ទាំងពួង ដូច្នេះសូមកុំបារម្ភលាភសំណាង និងប្រាក់កាក់ហូរចូលមិនដាច់នោះទេ។ ការងារ បណ្តាក់ទុន និងគម្រោងថ្មី គួរបន្ថែមល្បឿនពីព្រោះការងារនោះនឹងទទួលបានជោគជ័យ និងផលដ៏ប្រសើរណាស់។ លោកអ្នកអាចទិញរបស់នានាចូលផ្ទះបាន ហើយមង្គលនឹងកើតមាន ប៉ុន្តែគួរចេះចែករំលែកផង។ ចំពោះទំនាក់ទំនងផ្ទាល់ខ្លួន គូស្នេហ៍មានភាពផ្អែមល្ហែម ស្រួលចិត្តគ្នាណាស់។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព