ទំព័រដើមនិទានកថាផ្កាស្រពោន (ភាគទី១១)

ផ្កាស្រពោន (ភាគទី១១)

         សៀមរាបជាកូនក្រុងមួយ ស្អាតញញឹម លម្អដោយថ្នល់ដែលមានរុក្ខជាតិចោលម្លប់ទៅលើត្រឈឹងត្រឈៃ និងដោយកូនស្ទឹងតូចមួយ ដែលមានទឹកថ្លាឆ្វង់ហូរមកបង្វិលរហាត់ធ្វើឲ្យឮសំឡេងថ្ងូរយ៉ាងស្រងេះស្រងោច។ អ្នកដំណើរណាក៏តែងប្រតិព័ទ្ធស្រឡាញ់ទីប្រជុំជននេះ។

         នៅសាយណ្ហកាល រថយន្តបើកចូលក្នុងក្រុងសៀមរាប ហើយទៅឈប់ចតនៅត្រង់ផ្សារវិល។ អ្នកដំណើរទាំងពួងក៏ប្រញិបប្រញាប់ចុះពីលើឡាន ម្នីម្នារកអីវ៉ាន់រៀងខ្លួន។ យាយនួនគាត់ឈរនៅចិញ្ចើមថ្នល់ ហើយរំពៃរកមើលឆ្វេងស្តាំ។ ខណៈនោះមានបុរសម្នាក់ ជាកណ្តាលមនុស្សពាក់អាវទេសឯកស ស្លៀកខោឡាញ់ខ្មៅ ដើរចូលមកជិតគាត់ហើយលើកដៃសំពះ ​៖

ខ្ញុំជំរាបសួរចែ។

យាយនួនគាត់ដាក់ភ្នែកមកចំៈ

ឳ! បេងជុនទេនេះ ឯងខំសំឡឹងរកមើល…

ចែ! ឯណាអីវ៉ាន់ចែខ្លះ? ខ្ញុំនឹងអាលឲ្យគេជញ្ជូនដាក់រ៉ឺម៉កទៅ

បេងជុនអើយ ខ្ញុំគ្មានអីទេព្រោះបន្ទាន់ណាស់ រកស្អីៗ គ្រាន់ជាបញ្ញើក៏មិនបានផង។

ចាំផ្ញើធ្វើអីចែនុ៎ះ តែអញ្ជើញមកលេងខ្ញុំ ក៏អរណាស់ទៅហើយ។

យីអាវី ឯងសំពះសួរមា។ កញ្ញានេះឮហើយក៏លើកដៃសំពះ ជំរាបសួរទៅលោកបេងជុន។

         លុះអ្នកធាក់រ៉ឺម៉កមក បានជញ្ជូនវ៉ាលីទាំងពីរដាក់ស្រេចបាច់ហើយយាយនួន នាងវិធាវីព្រមទាំងម៉ែផៃនាំគ្នាឡើងជិះក្នុងយាន។ ឯឈ្មោះបេងជុន ក៏ឡើងជិះប៊ីស៊ីក្លេតអមរ៉ឺម៉ក ហើយនិយាយសូរសុខទុក្ខតាមធម្មតាទៅ។

         ឈ្មោះបេងជុននេះជាអ្នកមានធនធានមួយ គ្រាន់បើនៅក្នុងខេត្តសៀមរាប។ គាត់ធ្លាប់នៅធ្វើជំនួញស្រូវឯបាត់ដំបង ហើយតែងមានពឹងពាក់គ្នាទៅមកនឹងខ្មោចឪពុកនាងវិធាវី។ ឯមេត្រីភាព ក៏កើតឡើងរវាងគ្រួសារទាំងពីរនាំឲ្យរាប់អានគ្នាទៅវិញទៅមកយ៉ាងស្និទ្ធ។ ហេតុដែលបណ្តាលឲ្យយាយនួន គាត់ដាច់ស្រេចនាំកូនគាត់មកកំសាន្តអង្គរនេះ ពីព្រោះតែគិតឃើញដល់បេងជុនប៉ុណ្ណោះឯង។ មុនពេលដែលគាត់ចេញដំណើរមួយថ្ងៃនោះ គាត់បានពឹងអ្នកជិតខាងម្នាក់ឲ្យវាយខ្សែលួសមកប្រាប់ឈ្មោះបេងជុន ដើម្បីកំណត់ពីថ្ងៃនឹងពេលដែលគាត់ចេញពីបាត់ដំបងមកសៀមរាប។

         ផ្ទះបេងជុនសង់នៅត្រើយខាងឆ្វេង ដែលមានដើមចំប៉ាធំៗដុះបាំងពីមុខ។ ក្នុងរបងដែលធ្វើអំពីឥដ្ឋនៅប្របថ្នល់នោះ មានចោះជាក្លោងទ្វារធំមួយ វិចិត្រទៅដោយផ្កាកុលាបដែលរីកស្រស់បំព្រង។ នៅប្របផ្ទះធំ រថយន្តជិះលេងមួយជ្រកក្នុងរោងដែលមានជញ្ជាំងថ្ម ដំបូលប្រក់ក្បឿង។ នៅមាត់កំពង់ចំមុខលានផ្ទះ កង់រហាត់មួយវិលគ្មានស្រាកស្រាន ហើយចាក់ទឹកពីបំពង់ទៅក្នុងទីមួយ ដែលសំរាប់បង្ហូរទៅស្រោចរុក្ខជាតិក្នុងភូមិឋាន។

         នាងវិធាវី កាលបើដល់គេហដ្ឋាននេះហើយ ក៏ហាក់ដូចជាមានអាកាសត្រជាក់មករុំស្រោបកាយនាង ព្រោះផ្ទះនេះស្រឡះល្វឹងល្វើយ ហើយមានតុ ទូ ធ្វើសុទ្ធពីបេងចាស់មានរបៀបសមឥតមានទាស់ភ្នែក នៅលើក្តារ កំរាលធ្វើពីក្រកោះរលីងថ្លាដូចកញ្ចក់។

         នាងសុចិត្រា ភរិយានៃបេងជុន ជាស្រ្តីមួយមានអាយុជាងសាមសិបឆ្នាំហើយ តែដោយនាងមិនដែលមានបុត្រនោះ រូបនាងក៏នៅស្រស់ចំប្រប់ដូចព្រហ្មចារីសុទ្ធវិស័យ។ កាលបើឃើញអ្នកដំណើរទៅដល់ហើយ នាងក៏ស្ទុះមកទទួលដោយសាទរ ហើយនាំនាងវិធាវី និងយាយនួនទៅបង្ហាញបន្ទប់ដែលបំរុងទុកជូន ដើម្បីឲ្យយាយផៃគាត់យកអីវ៉ាន់ទៅទុក ដាក់។ រួចហើយ នាងសុចិត្រា ក៏អញ្ជើញអ្នកដំណើរទំាងពីរទៅងូតទឹកក្នុងបន្ទប់ជំរះកាយ។

ទឹកត្រជាក់ដែលហូរស្រប់រាងកាយនាងវិធាវី បានធ្វើឲ្យនាងមានកំលាំងព្រមទាំងយកសេចក្តីរំហើយ ក្នុងចិត្តមករំលុបមន្ទិលសៅហ្មងបានជាច្រើនភាគផង។ ​ដូច្នេះហើយនាងក៏ទទួលដោយញញឹមញញែម សេចក្តីអញ្ជើញនៃស្រ្តីម្ចាស់ផ្ទះ ឲ្យទៅដើរលេងក្នុងសួនច្បារ។ នាងសុចិត្រា កាលបើបានគយគន់ រូបរាងនិងកិរិយាស្រគត់ស្រគំនៃនាងវិធាវីហើយ ក៏មានចិន្តាតចាប់ស្រឡា្ញញ់ ហាក់ដូចជាប្អូនរួមផ្ទៃតែមួយ។ នារីទាំងពីរនេះត្រាច់កំសាន្តតាមប្រឡោះគុម្ពផ្កា ហើយសំដីដែលនិយាយរកគ្នារទូៗ អណ្តែតរសាត់ទៅច្រឡូកច្រឡំនឹងសត្វនៃភូមរី ដែលហើរត្រិបសុគន្ធមាលា។ នាងចរចា ចរចា ដើរតាមផ្លូវខ្សាច់ដែលមានស្មៅបៃតង និងផ្កាគ្រប់ពណ៌អមសង្ខាង។ នារីនាងលីលា លីលាទឹកមុខ ញញឹមប៉ប្រៃកណ្តាលទេសភាពមួយល្អឥតខ្ចោះ។ ជួនប្រទះនឹងជើងម៉ាវែង ដែលជ្រកក្រោមម្លប់ចំប៉ាមួយធំ ស្រ្តីទាំងពីរក៏នាំគ្នាអង្គុយព្រលឹងអណ្តែកអណ្តូងទៅឆ្ងាយ ឯនេត្រាគយគន់មើលរហាត់ទឹកដែលវិលញើបៗ ហើយថ្ងូរពំនោលមិនចេះខ្ជិលឡើយ។ វិញ្ញាណនាងវិធាវី ក៏ភ្លឹកស្លុងទៅក្នុងសកលមួយថ្មី ឯសេចក្តីអួលក្តៅទាំងប៉ុន្មានក៏ផាត់ច្រានបានឆ្ងាយមួយគ្រាដែរ។​

         ប៉ុន្តៃដោយហេតុតែសេចក្តីសុខសំរាន្តនៃមនុស្សលោក មិនដែលឋិតថេរនៅយូរបាន សំឡេងបេងជុនដែលនិយាយថា ចែ ខ្ញុំស្តាយណាស់ កុំតែឡានខ្ញុំវាខូច កុំអីបើកជូនចែមើលប្រាសាទលេងសប្បាយ ដូច្នេះក៏មកកាត់ចិញ្ច្រាំការភ្លាំងភ្លេចស្មារតី នៃនារីនោះអស់ទៅ។ នាងវិធាវីដោះពីយល់សប្តិទាំងភ្នែកបើកនេះហើយ ក៏សំឡឹងមើលទៅឃើញ យាយនួន និងបុរសម្ចាស់ផ្ទះដើរត្រង់មក។

         យាយនួនគាត់តបទៅបេងជុនវិញៈ

         មិនអីទេ ជួលតែរទេះសេះមួយ បានហើយ

         មិនស្រួលសោះ ចែ! ណ្ហើយស្អែកនេះ ចែអញ្ជើញរទេះសេះមើលវង់តូចសិនចុះ។ ចំណែកខ្ញុំ ខ្ញុំនឹងនៅខំធ្វើឡានឲ្យរួចទាន់ខានស្អែកនេះ ដើម្បីជូនចែមើលវង់ធំ មើលបន្ទាយស្រី ហើយប្រសិនជាមានពេលយើងទៅដល់ភ្នំគូលែនម្តង។

នៅក្នុងព្រៃដែលដុះព័ទ្ធបុរាណប្រាសាទនានា មានរបស់ពីរយ៉ាងដែលនាំបង្កើតដួងចិត្តទេសចរ ឲ្យរឹងរឹតតែស្រងេះស្រងោចខ្លោចផ្សា ដោយសេចក្តីស្តាយអាល័យដល់កេរ្តិ៍ស្នាដៃនៃបុព្វបុរសខ្មែរ។ វត្ថុនោះហាក់ដូចជាខ្យល់ព្រលឹង និងសំឡេងនៃប្រវត្តិមាតុភូមិយើង។

         ពេលរសៀល! វេលាដែលព្រះសុរិយាកំពុងដុតចំហុយអស់ទាំងធម្មជាតិរៃកណ្តឹងយំទំលាក់សំលេងពីចុងស្រឡៅ ឬចុងឈើទាលដែលខ្ពស់ត្រដែតក្នុងអាកាស។ សព្ទតូរ្យតន្ត្រីចំឡែកនេះ ជ្រាបចូលសព្វសព៌ាង្គកាយ ហើយមករុំស្រោបបេះដូងនាំឲ្យអ្នកដំណើរទាំងពួងយន់ចិត្តអាសូរដល់ស្រុកកំណើតដែលធ្លាប់ថ្កុំថ្កើង។

         នៅខែចេត្រ និងពិសាខ តាមផ្លូវពីក្រុងសៀមរាបទៅអង្គរផ្ការំដួលបញ្ចេញរំភើយពិដោរក្រអូបឈ្ងុយ។ បើជួនជាមានវាយោបក់បន្តិចៗផង អ្នកដែលដើរយកអាកាសពេលល្ងាចតាមថ្នល់នោះ នឹងមានចិត្តរសាប់រសាយអណ្តែតអណ្តូងប្រហែលជានឹងលាន់មាត់ថាទោះជាឋានតុសិត ក៏មិនសប្បាយជាជាងនេះមើលទៅ។

         ឳក្លិនរំដួល! ឳសំឡេងរៃ! កំឡាំងអ្នកដូចជាទិព្វឳសថដែលអាចចូលមករំសាយសេចក្តីសោកសង្រេងមួយពេលបាន។

         នៅពេលរសៀល រទេះសេះមួយបរចូលតាមក្លោងទ្វារខាងកើតមកក្នុងកំពែងនគរធំ។ ត្រចៀកប្រុងស្តាប់ភ្នែកប្រុងមើល នាងវិធាវីអង្គុយអែបនឹងមាតាដែលនិយយាចេកចាច នឹងនាងសុចិត្រាគ្មានឈប់មាត់ឡើយ។ នាងស្រីក្រមុំ គិតក្នងចិត្តថាៈ “ឳពីបុរាណកាល ម្ល៉េះសមមានមនុស្សអ៊ូអរកុះកុម ម្តេចឡើយឥឡូវក៏វិលទៅជាព្រៃស្វាអស់រលីង មុខគួរស្រណោះពេក”។ នៅក្នុងពេលដែលចិត្តនាងកំពុងតែលន្លោចទៅក្នុងអតីតសម័យនៃមាតុភូមិដូច្នោះ ស្រាប់តែរទេះសេះឈប់ង៉ក់ ហើយឮនាងសុចិត្រានិយាយមកកាន់នាងថា “មកក្មួយ យើងចុះមើលប្រាសាទបាយ័នសិន”។ នាងវិធាវីរៀបខ្លួននឹងចុះ ទទួលងាកមុខមើលទៅម្ខាងថ្នល់ ឃើញអង្គពុទ្ធបដិមាមួយយ៉ាងធំបិទមាស ច្រាលឆ្អៅគង់នៅក្នុងរោងប្រក់ក្បឿងមួយ។ ឃើញដូច្នោះហើយ នាងថ្លៃងថា ទេមីងខ្ញុំចង់ថ្វាយបង្គំព្រះអង្គនេះសិន សឹមយើងទៅមើលប្រាសាទជាក្រោយ។

         សេចក្តីប្រាថ្នានេះ អ្នកសហចរបានយល់ព្រមផងហើយនារីនាង ក៏ទាញយកទៀន១ធូបបីសរសៃពីសំណុំ ហើយក៏លីលាទៅកាន់សំណាក់ព្រះពុទ្ធរូបអង្គនោះ។ លំដាប់ក្រោយដែលបានអុជគ្រឿងសក្ការបូជារួច នាងក៏តាំងសូត្រនមស្ការយ៉ាងផ្ចិតផ្ចង់។ លុះចប់ហើយនាងក៏តាំងនឹកប្រាថ្នាសុំតែក្នុងចិត្តថា ឳព្រះអង្គដែលធ្លាប់ស្រោចស្រង់សត្វលង់ទឹកបាន លសូមព្រះអង្គទ្រង់សណ្តោសខ្ញុំព្រះកុរណាឲ្យបានផុតរណ្តៅពីគ្រោះធំ។ ខ្ញូំព្រះកុរណាតាំងពីឃើញរស្មីព្រះអាទិត្យមកដល់ថ្ងៃនេះ ខ្ញុំព្រះកុរណាឥតបានធ្វើបាបជនណា សត្វណាមួយឡើយ។ ខ្ញុំព្រះកុរណាបានកាន់សីលប្រាំខ្ជាប់មិនរសាយ បានធ្វើបុណ្យបំពេញទានតាមកំឡាំងទ្រព្យនៃយុវជន ហើយបានស្គាល់ព្រះធម៌ទាំងពួងផង។ ហេតុនេះសូមព្រះអង្គសណ្តោសជួយខ្ញុំព្រះកុរណាឲ្យបានរួចពីក្រញ៉ាំចៅណៃស៊ត កំណាចចេញ ហើយឲ្យខ្ញុំព្រះករុណាជួបតែបងប៊ុនធឿនដែលជាគូព្រេងកំសត់រៀងទៅ…។ នាងវិធាវីកំពុងតែផ្ចិតផ្ចង់បន់យ៉ាងនេះ​ស្រាប់តែមានរថយន្តមួយ បើកមកឈប់ប្របរទេះសេះ។ នាងដាក់ភ្នែកទៅឃើញនាងថូ និងចៅណៃស៊ត ដើរមកចំរោង នាងក៏លើកនេត្រាសំឡឹង ទៅចំព្រះភក្រ្តព្រះពុទ្ធរូប ដែលនៅតែញញឹមស្ងួតដូចពីមុន។ ទឹកភ្នែកក៏ហូរ មកស្រពមុខនាង។ នាងនឹកក្នុងចិត្តថាៈ “ឳព្រះអើយ! មារជ្រែកមកដល់ទៀតហើយ”។

         ឯយាយនួនដែលអង្គុយរងចាំពីក្រោយខ្នងកូនគាត់នោះ កាលបើបានឃើញដន្លងគាត់មកដល់ក៏ស្ទុះទៅសាកសួរសុខទុក្ខដោយរាក់ទាក់។ ក្រោយដែលបានលើកដៃសំពះសួរគ្នាទៅវិញទៅមក ជាមួយនាងនាងសុចិត្រារួចហើយនាងថូ ក៏និយាយទៅកាន់យាយនួនៈ

         ចែអើយចែ កាលដែលខ្ញុំប្រទះចែនៅផ្សារស្វាយប៉ោ រួចខ្ញុំត្រឡប់ទៅផ្ទះវិញនោះ​ ខ្ញុំបានប្រាប់ណៃស៊តថា ចែអញ្ជើញទៅលេងអង្គរ នុ៎ះណៃស៊តក៏ចេះតែកន្ទក់កន្ទេញឲ្យខ្ញុំនាំវាមក ដើម្បីយកឡានមកជូនចែដើរលេង។ យាយនួនគាត់ឮសំដីនេះហើយ គាត់ក៏ងាកទៅមើលមុខចៅណៃស៊ត ហើយទឹកមុខគាត់ក៏រីកថ្លា ដោយសេចក្តីប្រតិព័ទ្ធយ៉ាងជ្រាលជ្រៅ។ ឯចៅណៃស៊តដែលឈរដាច់ពីខាងក្រោយស្រ្តីទាំងពីរនោះ មានរវល់តែនឹងបែរបៀងនាយអាយ ញញឹមរំពៃទៅរកនាងវិធាវី ធ្វើឲ្យយុវតីនេះក្តៅរំខានពន់ប្រមាណ។ នាងខំទប់មិនឈ្នះ ក៏បបួលម្តាយនាងឲ្យឡើងជិះរទេះសេះត្រឡប់ទៅសៀមរាបវិញ។ នាងថូឮដូច្នោះហើយ ក៏ខំនិយាយអង្វរលួងលោមនាងវិធាវីឲ្យជិះឡានជាមួយខ្លួន។ បុត្រីយាយនួនដែល ភ្លើងទោសៈកំពុងដុតរោលដើមទ្រូងនោះ ក៏ខំសង្កត់ចិត្តឆ្លើយដោយស្រួលវិញៈ

         ខ្ញុំសូមអរគុណមីងចុះ តែខ្ញុំឥឡូវជិះឡានមិនបានទេ ព្រោះបើជិះកាលណាហើយ ខ្ញុំចេះតែវិលមុខ។

         ថាហើយនាងក៏ទាញដៃនាងសុចិត្រាឡើងរទេះសេះ។ ឯយាយនួនដែលស្មារតីនៅតែនឹងឡាននាងថូ ក៏ធ្វើមុខជូរហើយដើរតាមកូនគាត់ទៅដោយទាល់គំនិត…។

         កាលដែលយាន នៃស្រ្តីទាំងបីនាក់ចរបានបន្តិចទៅមេឃខែចេត្រដែលថ្លាត្រចះជាច្រើនថ្ងៃមកហើយ ក៏ប្រែជាងងឹតមានពពកខ្មៅតាន់តាប់មកបាំងពន្លឺព្រះអាទិត្យភ្លាម ព្រមទាំងមានព្យុះមក់ធូលី និងស្លឹកឈើហុយដង្គោលផង។ ហើយមិនយូរប៉ុន្មានក៏មានភ្លៀងបង្អុរធ្លាក់មកដោយគ្រាប់ធំៗ ជះសាចទទឹកស្រ្តីដំណើរទាំងបីរងាញ័រខ្លួនចំប្រប់។ ទទួលពេលនោះ រទេះបរទៅដល់ភូមិមុខនាគ ដែលនៅត្រង់មុខប្រាសាទអង្គរវត្ត នាងសុចិត្រា និងយាយនួនក៏បបួលនាងវិធាវីឲ្យជ្រកភ្លៀងនៅទីនោះសិន។ ប៉ុន្តែយុវតីនេះដែលនឹកក្នាញ់មមៃក្នុងចិត្តឲ្យបានដល់ទីលំនៅឆាប់ៗ ព្រោះនឹកក្រែងចៅណៃស៊តមកទាន់ទៀត ក៏និយាយអង្វរឲ្យរទេះខំស្រូតតំរង់ទៅសៀមរាបតែម្តង។

         នៅពេលល្ងាចនោះ នាងវិធាវិកើតក្តៅរោលក្នុងខ្លួន ហើយបណ្តាលឲ្យនាងទៅជាគ្រុននិទ្រាដណ្តប់ផួយ ឥតបានទទួលម្ហូបអាហារអ្វីឡើយ។

(សូមរងតាមដានរឿង ផ្កាស្រពោន ភាគទី១២ នៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!