ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿឧទាហរណ៍៣អំពី “ការទាញព្រ័ត្រក្នុងពិធីឡើងអ្នកតានៅខេត្តកំពង់ធំ”

ឧទាហរណ៍៣អំពី “ការទាញព្រ័ត្រក្នុងពិធីឡើងអ្នកតានៅខេត្តកំពង់ធំ”

អត្ថបទនិយាយអំពីអ្នកតា គឺធ្លាប់បានបង្ហាញត្រួសៗរួចហើយក្នុងគេហទំព័រ AMS Khmer Civilization (https://ams.com.kh/khmercivilizations/detail/3737) ដោយអត្ថបទនេះផ្តោតលើទិដ្ឋភាពទូទៅអំពីអ្នកតា តែនៅទីនេះខ្ញុំលើកយកអត្ថបទទាក់ទងនឹងពិធីឡើងអ្នកតា ស្ថិតនៅតាមបណ្តាភូមិមួយចំនួនក្នុងខេត្តកំពង់ធំ ដោយក្នុងពិធីនេះ យើងបានប្រទះឃើញការល្បែងទាញ ព្រ័ត្រ។ ដោយនេះ ជាការប្លែកណាស់សម្រាប់អ្នកដែលមិនមែនរស់នៅក្នុងតំបន់នោះ ដោយយើងដឹងថាជាទូទៅល្បែងទាញ ព្រ័ត្ននេះ⁣ គឺជាល្បែងប្រជាប្រិយខ្មែរ ដោយច្រើនគេលេងក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។

“ព្រ័ត្រ” គឺជាពាក្យខ្ចីពីភាសាសំស្រ្កឹត “វរត្រ” សំដៅលើខ្សែផ្សេងៗដែលគេវេញ។ ព្រ័ត្រ ច្រើនសំដៅលើខ្សែវេញដែលជាប់មាំមួន ពោល គឺពុំមែនគ្រាន់តែជាខ្សែជាចំណងធម្មតាឡើយ។ ទោះជាសំដៅទៅរកខ្សែដែលជាប់ ក៏គប្បីយើងកុំច្រឡំនឹង “ពួរ” ដែលជាខ្សែវេញជាប់មាំមួនដែរ តែសម្រាប់ចងវត្ថុដែលធំ ឬដែលធ្ងន់ឲ្យជាប់ទៅនឹងអ្វីមួយមិនឲ្យរបូតរសាត់។ លោក ស៊ីយ៉ុន សុភារិទ្ធ ជាបុរាណវិទូខ្មែរយល់ថា ព្រ័ត្រអាចសំដៅទៅវត្ថុដែលមានតួនាទីពីរខុសគ្នា៖ ម្យ៉ាង​ជាខ្សែសម្រាប់ ទាក់សត្វ ម្យ៉ាងទៀតជាខ្សែសម្រាប់ទាញឱ្យដាច់ក្នុងការប្រកួតគ្នាដែលមាន​លក្ខណៈជាកិច្ចពិធីផង។ នៅក្នុងអត្ថបទនេះ ខ្ញុំលើកយកឧទាហរណ៍នៃការទាញព្រ័ត្រចំនួន៣​កន្លែងផ្សេងៗគ្នានៅក្នុងខេត្តកំពង់ធំ ហើយគេលេងនៅក្នុងពិធីឡើងអ្នកតាដូចគ្នា។ ឧទាហរណ៍ទី១នេះ គឺការទាញព្រ័ត្រនៅក្នុងពិធី ឡើងអ្នកតាក្នុងភូមិរកា សង្កាត់ស្រយូវ ​ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ព្រ័ត្រសម្រាប់ទាញនេះ គេធ្វើ អំពីដើមឫស្សី ពោល គឺគេយកឫស្សី​​ចំនួនពីរដើមមកថ្ពក់ជាប់គ្នា ហើយឱ្យក្មេងៗទាញ និងមាន មនុស្សចាស់ជាអ្នកផ្តួចផ្តើមការទាញ​នេះ។ មើលមួយភ្លែតយើងឃើញដូចជាកម្សាន្តទូទៅ ប៉ុន្តែវា មានលក្ខណៈជាកិច្ចពិធីច្បាស់ណាស់ ដ្បិតការទាញព្រ័ត្រឫស្សីនេះ គេទាញនៅក្នុងកិច្ចបញ្ចូន ក្នុងពិធីឡើងអ្នកតា។ ជាទូទៅនៅតំបន់​ផ្សេងៗ យើងធ្លាប់ឃើញតែគេបញ្ជូនដោយធ្វើជាពែ សង្ឃឹក និងមានទាំងមាន់ឆ្កាងផង សម្រាប់ឱ្យក្មេងៗយកទៅដាក់ចោលនៅទីស្រែ ហើយភាគច្រើននៅ ខាងត្បូងរោងអ្នកតា។ ការទាញព្រ័ត្រ​ឫស្សីក្នុងពេលបញ្ចូននេះ គឺតម្រូវឱ្យក្មេងៗទាញព្រ័ត្រនេះ ឱ្យដាច់ប្រសិនបើពុំដាច់ទេ គឺគេ​យក​កាំបិតមកកាត់ខ្លះៗដើម្បីឱ្យងាយទាញដាច់។ ការទាញព្រ័ត្រ ឫស្សីក្នុងពិធីឡើងអ្នកតានៅភូមិរកានេះ គេប្រារព្ធឡើងនៅចុងខែចេត្រ ដើមខែពិសាខ ពោល គឺបន្ទាប់ពីចូលឆ្នាំខ្មែរបានបញ្ចប់។ យើង​ពិនិត្យមើលទៅអាចមានន័យពីរយ៉ាង ពោល គឺទី១ គេទាញ ឱ្យដាច់ក្នុងន័យផ្តាច់ឧបទ្រពចង្រៃ​ឲ្យអស់ចេញពីភូមិស្រុក និងទី២អាចជាផ្តាច់ព្រ័ត្រក្នុងន័យឆ្លង ចេត្រចូលពិសាខ ដ្បិតដើមខែ​ពិសាខនេះហើយដែលជាពេលគេបើករដូវធ្វើស្រែចម្ការ ។

ឧទាហរណ៍ទី២ គឺការទាញព្រ័ត្រនៅក្នុងពិធីឡើងអ្នកតានៅភូមិឥន្ទកុមារ ឃុំកំពង់​ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលគេប្រារព្ធឡើងនៅចុងខែចេត្រ ដើមខែពិសាខដូចនៅ​​ភូមិរកាខាងលើដែរ។ ការលេងទាញព្រ័ត្រនេះ គេពុំមានប្រើប្រាស់ខ្សែព្រ័ត្រឫស្សីដូចភូមិរកា ឬខ្សែ​ព្រ័ត្រអ្វីផ្សេងឡើយ។ ការទាញព្រ័ត្រនេះ គេធ្វើឡើងដោយមនុស្សចាស់ក្មេងពីរក្រុម ដែលក្រុម​នីមួយៗមានគ្នាតិច ឬច្រើន ចាប់តោងចង្កេះបន្តគ្នា រីឯអ្នកខាងមុខត្រូវយកដៃចាប់គូភាគីម្ខាង​ទៀត ហើយមានកំណត់ខ្សែបន្ទាត់ ឈ្នះចាញ់។ បើភាគីខាងណាឈានជើងចូលខ្សែបន្ទាត់ភាគីម្ខាង​ទៀត ភាគីនោះនឹងចាញ់។​ ពិធីនេះ មើលទៅជាការកម្សាន្ត តែក៏បង្កប់ដោយអត្ថន័យមិនសូវខុសគ្នា​ ប៉ុន្មានពីព្រ័ត្រឫស្សីខាងលើដែរ ដ្បិតនេះជាកិច្ចដែលធ្វើឡើងជាប្រចាំ និងច្រើនជំនាន់មកហើយ បើទោះបីគេមិនធ្វើក្នុងពេលបញ្ចូន ដូចភូមិរកាខាងលើក៏ដោយ។ ឧទាហរណ៍ទី៣ គឺការទាញព្រ័ត្រនៅក្នុងពិធីឡើង អ្នកតាភូមិដងអន្ទាក់ ស្ថិតនៅ​ភាគពាយព្យតំបន់ប្រាសាទសំបូរព្រៃគុកប្រមាណ៤គ.ម។ ពិធីនេះ គេប្រារព្ធឡើងនៅខែមាឃ​ធំ ខុសពីពិធីទាំងពីរខាងលើ។ រីឯខ្សែព្រ័ត្រគេមិនប្រើឫស្សី ផ្តៅ អ្វីឡើយ គេប្រើប្រាស់ខ្សែពួរធម្មតា។ ការលេងទាញព្រ័ត្រនេះទៀតសោត មានលក្ខណៈជាទូទៅដូចការ ផ្សេងៗតាមវត្តអារាមនៅរដូវ​ចូលឆ្នាំខ្មែរដែរ ពោល គឺគេចែកមនុស្សប្រុសស្រីក្មេងចាស់ជាពីរក្រុម ទាញមិនឱ្យដាច់ខ្សែទេ គ្រាន់តែមានខ្សែបន្ទាត់ឈ្នះចាញ់។ ការទាញព្រ័ត្រនេះជាល្បែងប្រជាប្រិយ ក្នុងពិធីឡើងអ្នកតា តែ​បើពិនិត្យយូរទៅក៏អាចយល់ថាជាកិច្ចមួយដូចពិធីពីរខាងលើដែរ។

អត្ថបទដើម៖ ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!