ទំព័រដើមនិទានកថាស័ង្ខសិល្បជ័យ (ភាគទី៧)

ស័ង្ខសិល្បជ័យ (ភាគទី៧)

ឳកូនពិសេស         កុំបាប្រហែស         ដើរដោយផ្លូវព្រៃ

កូនអើយទ្រូងម្តាយ ស្ទើរធ្លាយទីទៃ       បទម្តាយអាល័យ

បាបុត្រស្នេហា។

ចំណែកកេសរបុប្ផា ក៏បានផ្តែផ្តាំរាជសីហ៍ៈ

ថាកូនមាសម្តាយអើយ     បាទៅហើយដោយផ្លូវក្តី

រក្សាប្អូនកុំបី                    កុំបាធ្វេសប្រហែសណា៎។

លុះផ្តែផ្តាំរួចហើយ ព្រះពោធិសត្វ ក៏ក្រាបបង្គំលាមាតា ហើយឡើងគង់លើរាជ     សីហ៍ដោយមានស័ង្ខជាអ្នកនាំផ្លូវ ហើយនិងស្តេចទាំងប្រាំមួយជាបង ក៏ហែទៅដែរ…។ ទាំងអស់គ្នាធ្វើដំណើរចូលព្រៃជ្រៅ រហូតដល់ភ្នំខ្ពស់មួយដែលជាឋានពស់ពិសយ៉ាងសាហាវ ស្តេចទាំងប្រាំមួយឃើញហើយភ័យស្លុត ក៏បរសេះត្រលប់ក្រោយ តែត្រូវស័ង្ខសិល្បជ័យឃាត់។ រាជសីហ៍ និងស័ង្ខក៏ប្រយុទ្ធយ៉ាងក្លាំងក្លា ហើយទើបទីបំផុតរាជសីហ៍ក៏បានខាំពស់ដាច់ជាកង់ៗ។ លុះរួចហើយ ក៏ធ្វើដំណើរបន្តទៅមុខទៀត រហូតដល់ស្ទឹងមួយយ៉ាងជ្រៅឈ្មោះថា “ឯកាន” ហើយក៏ឈប់សម្រាកនៅទីនោះមួយយប់។ លុះព្រឹកព្រាងសុរិយារះ អង្គព្រះពោធិសត្វ បានទុកស្តេចបងឲ្យនៅចាំទីនោះ ព្រមទាំងផ្តាំរាជសីហ៍ឲ្យរក្សាសេ្តចទាំងអស់ផង។ ផ្តាំស្រេចព្រះពោធិសត្វក៏បានចុះឆ្លងស្ទឹងជាមួយស័ង្ខ ដែលមានកម្លាំងយ៉ាងមហិមា។ លុះដល់ត្រើយហើយស័ង្ខសិល្បជ័យ ក៏ផ្សងបារមីរកទីមណ្ឌលព្រះមាតុច្ឆា។ ផ្សងរួចស្រេចហើយ ក៏ធ្វើដំណើរទៅមុខ ហើយក៏បានជួបយក្សាមួយឈ្មោះហៅថា ថឹកសីហ៍ យក្សបានឃើញស័ង្ខសិល្បជ័យ ក៏កើតក្តីក្តៅក្រហាយស្រែកសន្ធាប់ហើយចង់សម្លាប់ស័ង្ខសិល្បជ័យ។ ទីបំផុតស័ង្ខសិល្បជ័យក៏ហូតព្រះខ័នសម្លាប់យក្សបាន…លុះធ្វើដំណើរទៅមុខអស់រយៈពេលប្រាំពីរថ្ងៃ ក៏បានទៅដល់ភ្នំមួយខ្ពស់ដែលជាទីលំនៅសត្វដំរីដ៏សាហាវ។ ដំរីបានឃើញព្រះពោធិសត្វ ក៏ស្រែករោទិ៍សន្ធាប់ចង់ព្រេចព្រះអង្គសម្លាប់។ ព្រះពោធិសត្វទ្រង់គិតថាៈ “ដំរីនេះមិនដឹងពីបារមីរបស់អញទេ តែបើសម្លាប់ទៀត នឹងកើតកម្មវេរាមិនខាន ដូច្នេះអញគួរថ្លែងសរឲ្យដំរីបានដឹងពីបារមីវិញ”។ គិតហើយព្រះពោធិសត្វ ទ្រង់ថ្លែងសរទៅលើអាកាសលាន់ឮខ្ទរខ្ទារ ហ្វូងដំរីឃើញដូច្នោះ ក៏ខ្លបខ្លាចបារមីក្រាបបង្គំសុំអត់ទោសា ហើយក៏បានសួរនាំព្រះពោធិសត្វដែលត្រូវធ្វើដំណើរទៅមុខ។ ព្រះពោធិសត្វក៏ បានរៀបរាប់ប្រា​ប់ដំរីៗនោះថាៈ”នៅខាងមុខមានយក្សកាចសាហាវណាស់ ពេលឃើញមនុស្សឬសត្វទេវតា ដេញចាប់ធ្វើបាប និងស៊ីជាអាហារទៀតផង”។ ព្រះពោធិសត្វទ្រង់សណ្តាប់ហើយមានបន្ទូលតបថាៈ “ហៃកុញ្ជរគជា យើងនេះណាមិនខ្លាចយក្សដល់ប៉ុនកេសាលំអងធូលីឡើយ។ គជសារបានស្តាប់ឮព្រះពោធិសត្វមានបន្ទូលរួច ក៏រឹតតែកោតក្រែងបារមីថែមទៀត ទើបយាងទ្រង់ឡើងគង់លើសិរសា ហើយជូនដំណើរទៅ។ លុះទៅដល់ឆ្នេរស្ទឹងមួយឈ្មោះថា “មណីគង្គា” ដំរីក៏ក្រាបលាព្រះពោធិសត្វត្រលប់ទៅវិញ ហើយទ្រង់ក៏ឡើងគង់លើស័ង្ខឆ្លងស្ទឹងទៅ។ បន្ទាប់ពីធ្វើដំណើរអស់បីថ្ងៃក៏បានទៅដល់លំនៅយក្សទាំងបួន ដែលទីមួយមានឈ្មោះមហាកាឡ ទីពីរឈ្មោះថា វិជ័យ ទីបីឈ្មោះថា វិជិត និងទីបួនឈ្មោះថាវិជ្ជា។ យក្សទាំងបួនមានបំណងចង់សម្លាប់ព្រះពោធិសត្វ តែត្រូវព្រះអង្គថ្លែងសរប្រហារយក្សទាំងអស់គ្មានសល់។ បន្ទាប់ស្តេចក៏ធ្វើដំណើរទៅមុខជាច្រើនថ្ងៃ ដោយឆ្លងកាត់ឧបសគ្គជាច្រើន រួមទាំងទីមណ្ឌលពួកកិន្នរផង ទីបំផុតព្រះអង្គក៏បានយាងទៅដល់ដែនយក្សមួយដែលស្ថិតនៅព្រៃហិមពាន្ត។ យក្សនោះឈ្មោះវនរាជដែលត្រូវជាបងរបស់កុម្ភ័ណ្ឌ ជួនជាពេលព្រះពោធិសត្វយាងដល់យក្សក៏ដេកលក់បាត់ដោយអស់កំលាំងមកពីព្រៃវិញ ហើយទោះជាដាស់យ៉ាងណាក៏មិនភ្ញាក់ដែរ។ ព្រះពោធិសត្វយាងមើលជុំវិញទីមណ្ឌលស្រង់ទឹកស្រះ បេះផ្លែផលាសោយ ទ្រង់គង់ក្រោមព្រឹក្សា ទ្រង់នឹកថាបើបានរាជរថមកជិះហោះលើវេហានោះនឹងល្អ។ កាលស្តេចគិតចង់ជិះរាជរថ ពួកទេវតាក៏យករាជរថមកថ្វាយ ហើយទ្រង់ក៏ឡើងគង់ហោះឡើងលើវេហា។

យើងស្លេះរឿងព្រះពោធិសត្វជិះរថហោះត្រឹមនេះសិន យើងងាកមកមើលក្សត្រីកេសរសុមន្ទាម្តង។ ថ្ងៃមួយកុម្ភ័ណ្ឌយក្សា នៅមិនសុខចង់ទៅព្រៃ ក៏ផ្តាំកេសរសុមន្ទាថាៈ “ហៃប្អូនស្រីពុំងា នាងនៅក្រោយចូរប្រយ័ត្នរាំងទ្វារក្រែងមានគ្រុឌមានយក្សាយង់ឃ្នងណាមកបៀតបៀនប្អូន”។ កេសរសមុន្ទាស្តាប់ហើយ មានបន្ទូលថាៈ “សូមស្តេចបងកុំយាងទៅថ្វី ខ្ញុំម្ចាស់យល់ថាដូចជាខុសសព្វមួយដង ឬមួយស្តេចបងយកខ្ញុំម្ចាស់ទៅផង”។ កុម្ភ័ណ្ឌស្តាប់ហើយឆ្លើយថាៈ “មិនបានទេប្អូន កុំឲ្យទេវតា គ្រុឌ យក្សា គេនិន្ទាថាបងទៅឋានណាក៏យកភរិយាទៅ…”។ ផ្តាំស្រេចកុម្ភ័ណ្ឌក៏ហោះចេញទៅដល់ព្រៃហេមពាន្តព្រៃជ្រៅ យល់ផ្កាស្រស់ស្អាតក៏នឹកដល់កេសរសុមន្ទាថាៈ”ឳប្អូនពុំងាប្អូនតែងបេះផ្កាមកលេង តែងក្រងកម្រងភ្ញីមកបង្អួតបង ពេលនេះបងនឹកដល់ប្អូនណាស់…”។ កុម្ភ័ណ្ឌរវល់តែជក់ចិត្តនឹងព្រៃព្រឹក្សាបក្សាបក្សីមច្ឆាទាំងឡាយក្នុងស្រះ មិនបានដឹងថានឹងមានរឿងអ្វីកើតឡើងទេ។

យើងសូមងាកមកមើល ស័ង្ខសិល្បជ័យវិញម្តង ពេលដែលព្រះអង្គជិះរថហោះលើវេហាស៍ ក៏បានទតយល់ប្រាសាទដែលនៅកណ្តាលព្រៃ ទើបចុះចត ហើយសួរថាៈ “តើប្រាង្គប្រាសាទនេះមានម្ចាស់ឬទេ?”។ កេសរសុមន្ទាស្តាប់ឮហើយ ក៏ឆ្លើយវិញថាៈ “អ្នកណានេះហៅហ៊ានម្ល៉េះចូលមកដល់ស្ថានមណ្ឌលកុម្ភ័ណ្ឌយក្ស ចូរឆាប់ចេញទៅវិញទៅ តែនៅយូរនឹងស្លាប់មិនខាន ព្រោះថាពេលនេះស្វាមីយើងបេះផ្កា ឲ្យយើងនៅចាំប្រាសាទ ចូរអ្នកចេញទៅឲ្យឆ្ងាយទៅ ព្រោះយើងជាស្រីនឹងស្តីចរចាតែពីរនាក់យល់ថាមិនសមទេ”។ ព្រះពោធិសត្វទ្រង់សណ្តាប់រួចតបថាៈ “យើងមកនេះមិនប៉ងស្នេហ៍ស្និទ្ធអ្វីទេ គ្រាន់តែឃើញប្រាសាទស្អាតចូលមើលប៉ុណ្ណោះ ប៉ុន្តែបើកទ្វារទៅនឹងបាននិយាយគ្នាខ្លះ”…។ កេសរសុមន្ទាមិនបានបើកទ្វារទេ តែបានលួចមើលតាមទ្វារយល់ព្រះពោធិសត្វមានរូបរាងទ្រង់ទ្រាយ ប្រហែលព្រះអង្គសេនាកុត្តរាជព្រះរាមព្រះនាង ព្រះនាងដណ្តឹងសួរថាៈ “អ្នកនៅឋានណាមាតាបិតាអ្នកឈ្មោះអ្វី?” ព្រះពោធិសត្វទ្រង់តបវិញថាៈ “បិតាទូលបង្គំព្រះនាមសេនាកុត្តរាជ រីឯព្រះមាតាព្រះនាមបុទមា នៅឯបញ្ចាលនគរ ទូលបង្គំជារាជបុត្រព្រះអង្គព្រះនាមចៅស័ង្ខសិល្បជ័យ។ ព្រះមាតាមានព្រះបន្ទូលថា ព្រះអង្គ មានអនុជត្រីព្រះនាមកេសរសុមន្ទាដែលត្រូវយក្សលបចាប់មក ឥឡូវព្រះអង្គមានតម្រាស់ឲ្យទូលបង្គំតាមរកមាតុច្ឆាសព្វទីឋាន ព្រះអង្គគិតរាល់រាត្រីមិនដឹងថាអនុជត្រីនៅមានព្រះជន្មឬមរណាទេ…”។

បន្ទាប់ពីបានស្តាប់រាជកុមារមានបន្ទូលរួច កេសរសុមន្ទាក៏ម្នីម្នាបើកទ្វារ ហើយឳបអង្គកុមារ ទ្រង់ព្រះកន្សែងហើយថាៈ

ឳកូនមាសថ្លៃ         ហាក់កែវចរណៃ    ពូជពង្សវង្សា

អញឯងនាមករ      កេសរសុមន្ទា         ប្អូនស្តេចសេនា

កុត្តរាជជាតិជាក់។

កូនអើយ!​តាំងពីម្តាយព្រាត់មក ទើបតែថ្ងៃនេះទេបានដឹងដំណឹងច្បាស់។ កេសរសុមន្ទាអោបថើបស័ង្ខសិល្បជ័យ ហើយក៏រៀបចំអាហារឲ្យរាជបុត្រសោយ ព្រមទាំងបានសាកសួរពីដំណឹងព្រះរៀម។

ព្រះពោធិសត្វបានរៀបរាប់ពីនគរបិតា និងដំណើរដែលបានស្កាត់មករកតាំងពីឆ្ងាយ និងឆ្លងកាត់ឧបសគ្គជាច្រើនទៀតផង…។ កេសរសុមន្ទាស្តាប់បុត្រហើយ មានបន្ទូលថាៈ កូនអើយយក្សធំពេកក្រៃ បុត្រមិនអាចយកឈ្នះបានទេ។

បុត្រមិនខ្លាចទេ (ស័ង្ខសិល្បជ័យឆ្លើយ)សូមព្រះមាតុច្ឆាទុកព្រះទ័យចុះ

មាតាមិនទាន់យល់ប្ញទ្ធីចេស្តាបុត្រ មាតាបារម្ភណាស់ …។

បើមាតាបារម្ភទូលបង្គំនឹងថ្លែងសរថ្វាយមាតាទតមើល។

ថាហើយស័ង្ខសិល្បជ័យក៏ថ្លែងសរទៅលើអាកាសលាន់ឮកក្រើកប្រឹថពីរញ្ជួយអស់ព្រៃព្រឹក្សា…។ កេសរសុមន្ទាទតឃើញប្ញទ្ធីចេស្តាហើយក៏លោមក្មួយថាៈ “ហៃស័ង្ខសិល្បជ័យបុត្រមាតាអើយ ចូរបុត្រស្តាប់មាតាណា៎ ពេលនេះមាតាមានស្វាមីជាយក្ស ហើយថែមទាំងមានកូនស្រីមួយទៀតផង មាតាជំពាក់ចិត្តនឹងយក្សហើយ ពេលនេះចូរបុត្រវិលវិញទូលបិតា មាតានៅទីនេះបានសេចក្តីសុខសប្បាយជាទេ កុំគិតបារម្ភថ្វី ឬមកទូលថារកមាតាមិនឃើញទេ”។

ព្រះពោធិសត្វទ្រង់សណ្តាប់រួចខឹងក្រោធជាខ្លាំង ហើយថាៈ

ឥឡូវនេះម្តេចអ្នក            អាល័យយក្សដូច្នោះហើយ

មិនគិតពូជពង្សឡើយ      ឳព្រះមេពុំត្រូវច្បាប់។

បំណាច់ខំស្កាត់មកបីឆ្ងាយ ស្លាប់រស់មិនគិតតាមរក ព្រោះតែខ្លាចព្រះរាជអាជ្ញា ចុះហេតុម្តេចពេលនេះប្រែក្រឡាស់ បែរជាចង់នៅជាមួយយក្សដែលពុំដែលបានធ្វើបុណ្យទានរក្សាសីលនោះ ពេលមរណាទៅនឹងនាំខ្លួនធ្លាក់អវិចីមិនខាន។ ខ្ញុំមិនត្រឡប់ទៅទេ លុះត្រាតែបានមាតុច្ឆាទៅវិញជាមួយ។

 (សូមដានរឿង ស័ង្ខសិល្បជ័យ ភាគទី៨ នៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!