ទំព័រដើមនិទានកថាស័ង្ខសិល្បជ័យ (ភាគទី៨)

ស័ង្ខសិល្បជ័យ (ភាគទី៨)

កេសរសុមន្ទាស្តាប់ហើយឆ្លើងថាៈ “ក្នុងព្រះគាថា ស្រីណាដែលសម្លាប់ប្តីតែងកើតកម្មវេរា ហើយធ្លាក់អវីចីដែរដូចបុត្រដឹងស្រាប់។ ឬមួយក៏ចាំមាតាឲ្យយក្សជូនទៅវិញ?”

គេប្រាកដជាមិនជូនមាតុច្ឆាទៅឡើយ។

បើដូច្នេះចូរបុត្រ រងចាំសិនចុះ ចាំមាតាសុំយក្សសិន។ កេសរសុមន្ទាក៏រៀបចំអាហារថ្វាយព្រះពោធិសត្វ ហើយក៏លាក់ខ្លួនសិន។

យើងស្លេះត្រឹមនេះសិន និយាយពីកុម្ភ័ណយក្សាដែលបេះផ្កាក្នុងព្រៃ ហេតុតែចាញ់បារមីព្រះពោធិសត្វ បណ្តាលឲ្យកុម្ភ័ណឈឺក្បាលធ្វើអ្វីមិនកើតក៏ប្រញាប់ត្រលប់មកមណ្ឌលវិញ។ លុះចូលដល់ប្រាសាទក៏ថាៈ “ដូចជាមានធំក្លិនមនុស្ស”។ កេសរសុមន្ទាស្តាប់ហើយ ធ្វើកលនិយាយថាៈ អ្នកទៅក្រៅមានស្រី ហើយមកថាធំក្លិនទៅវិញ?

បងគ្មាននរណាទេក្រៅពី​ប្អូន បងទៅបេះផ្កាក្នុងព្រៃ ហើយកាលដែលបងមកយឺតព្រោះតែបងឈឺក្បាលពេក។ កេសរសុមន្ទាធ្វើកលនិយាយថាៈ “ខ្ញុំយល់សុបិន្តឃើញព្រះរៀមរាជាឯនាយ។ លុះភ្ញាក់ឡើងខ្ញុំនឹកអាល័យព្រះរៀមណាស់ សូមម្ចាស់បងជូនប្អូនទៅលេងផង…”។

មិនបានទេបងមិនឲ្យប្អូនទៅទេ​ ព្រះរៀមឯនាយទ្រង់ប្រាកដជាបានសុខហើយ ដូច្នេះចូរប្អូនកុំទៅថ្វី ទោះយ៉ាងណាក៏បងមិនឲ្យទៅដែរលើកលែងតែបងស្លាប់…។ និយាយតែប៉ុណ្ណោះ កុម្ភ័ណ្ឌប្រះប្រាណដេកលក់ព្រងើយ ទោះបីកេសរសុមន្ទាដាស់អង្រួនយ៉ាងណាក៏មិនភ្ញាក់ដែរ។ ទតឃើញដូច្នោះព្រះពោធិសត្វក៏ចេញមក ហើយសួរមាតុច្ឆាថាៈ “គិតម្តេចទៅព្រះមាតុច្ឆា យក្សមិនឲ្យទៅទេ។ ឥឡូវនេះអញ្ជើញព្រះមាតុច្ឆាទៅជាមួយខ្ញុំ”។ កេសរសុមន្ទាយល់ក្មួយបង្ខំដូច្នោះ ក៏សោយសោកឳបព្រះបាទាប្តីហើយថាៈ

អ្នកធ្វើតោះតើយ  អ្នកផ្ទះព្រងើយ     ពុំដឹងអាត្មា

ពីថ្ងៃនេះហើយ     អ្នកអើយយល់ជា  យើងពុំយល់គ្នា

ដូចកាលប្រក្រតី។

ឳអ្នកនិងប្អូន        បង្កើតជាកូន        កូនសោតជាស្រី

ព្រាត់ប្រាសចេញទៅ     លំនៅទីទៃ  ដិតដោយនឹងប្តី

ពុំយល់មុខម្តាយ។

នៅណា៎អ្នកណា៎  ប្អូនសូមក្រាបលា  លាទៅថ្កានបង

កុំអ្នកថាខ្ញុំ            ពិតពុំស្នេហ៍ស្នង   អាល័យណាស់ហោង

ម្តេចឥឡូវហើយ។

ស័ង្ខសិល្បជ័យទតឃើញមាតុច្ឆាដូច្នោះ ក៏តឿន។ កេសរសុមន្ទាចេញដល់ទ្វារក៏លោមបុត្រថាភ្លេចព្រះភស្ត្រ លុះត្រឡប់មកក៏ដាស់អង្រួនស្វាមីក្តិចផងខ្វារក្រញៅយ៉ាងណាក៏មិនភ្ញាក់ដែរ។ ស័ង្ខសិល្បជ័យតឿនមាតុច្ឆាម្តងទៀត លុះចេញដល់ទ្វារ ក៏ថាភ្លេចស្នៀតសក់ លើកក្រោយទៀត ថាភ្លេចក្រវិលមាស…។ស័ង្ខសិល្បជ័យយល់មាតុច្ឆាដូច្នោះក៏ខឹងក្រោធហើយថាៈ

ថាបើអ្នកនឹងនៅ            មិនព្រមទៅនឹងខ្ញុំឡើយ

ខ្ញុំលាក់អ្វីអ្នកអើយ         ខ្ញុំនឹងកាត់យកសិរសា។

នៃអ្នកនាំទៅថ្វាយ         ក្សត្រឯនាយជាបិតា

កុំឲ្យស្តេចសង្កា              ថាខ្ញុំមកពុំបានដល់។    

កេសរសុមន្ទា ឮបុត្រនិយាយដូច្នោះភិតភ័យ ហើយក៏ផ្តាំទ្វារថាលាហើយ។ ព្រះពោធិសត្វនាំព្រះមាតុច្ឆាចាកចេញទៅទាំងយប់ដោយមានស័ង្ខជាអ្នកនាំមុខ។ លុះបានដល់ព្រះគុហាមាសមួយ ព្រះពោធិសត្វក៏ចូលទៅសម្រាកនិងសោយអាហារទិព្វទីនោះ។ សោយរួចទ្រង់ប្រាប់មាតុច្ឆាថា ខ្លួននឹងទៅច្បាំងជាមួយយក្សកេសរសុមន្ទាឮដូច្នោះក៏ភ័យណាស់ ក៏លោមបុត្រថាៈ “មាសថ្លើមថ្លៃកុំសម្លាប់គេអី ខ្លាចកើតកម្មវេរា…”។ ព្រះពោធិសត្វចាកចេញទៅ ដោយយកថ្មស្ទះទ្វារគុហាយ៉ាងមាំ។ លុះទៅដល់ប្រាសាទកុម្ភ័ណ្ឌ ស័ង្ខសិល្បជ័យក៏ដកព្រះខ័នកាត់ដាច់ក ភ្លាមនោះយក្សក៏កើតទៅជាប្រាំពីរ។ លុះសម្លាប់ប្រាំពីរ ក៏កើតទៅជាប្រាំពីរៗដង គឺសែសិបប្រាំបួន ព្រះពោធិសត្វក៏កាប់អស់សែសិបប្រាំបួនទៀត។ បន្តទៀតក៏កើតជារយពាន់សែន តែក៏នៅតែចាញ់ដៃព្រះពោធិសត្វ ទតឃើញយក្សចាញ់ដៃដូច្នោះព្រះពោធិសត្វក៏វិលមកគុហាវិញ ហើយនាំព្រះមាតុច្ឆាចេញទៅ។ ចំណែកកុម្ភ័ណ្ឌក៏កែនបានយក្សជាច្រើន មកតាមឡោមព័ទ្ធព្រះពោធិសត្វ ដោយមិនបានហៅបងមកជួយទេ ព្រោះបងដេកលក់នឹងដាស់មិនភ្ញាក់ឡើយ។ ព្រះពោធិសត្វទតឃើញដូច្នោះ ក៏សរសេរអក្ខរាបិទមុខសរ ហើយថ្លែងសំដៅរាជសីហ៍។​ រាជសីហ៍ទទួលបានសរហើយ ក៏ប្រញាប់ផ្តែរផ្តាំទេវតាឲ្យរក្សាស្តេចទាំងប្រាំមួយ ហើយហោះសំដៅទៅរកស័ង្ខសិល្បជ័យ…។ ស័ង្ខសិល្បជ័យគង់លើរាជសីហ៍ ប្រយុទ្ធនឹងអ្នករាប់សិបនាក់ យក្សបានប្រែកាឡាខ្លួនជាច្រើនរូបភាព ក៏នៅតែមិនអាចយកជ័យជំនះលើស័ង្ខសិល្បជ័យបានឡើយ។ ទីបំផុតស័ង្ខសិល្បជ័យបានថ្លែងសរត្រូវចំកុម្ភ័ណ្ឌធ្លាក់ចុះកើតជាអគ្គីឆេះភ្លឺរន្ទាលដល់ឋានតាវត្តិង្ស ស័ង្ខសិល្បជ័យឃើញដូច្នោះក៏ចោលស័ង្ខក្លាយជាទឹកពន្លត់ភ្លើង…។ កុម្ភ័ណ្ឌប្រះប្រាណដេកលើដី ស្រែកហៅកេសរសុមន្ទាថាៈ “ហៃនាងសុមន្ទា នាងឲ្យក្មួយនាងមហិមា សម្លាប់យើងឆាប់រ៉ា ប្ញទ្ធិអញអស់ម្ល៉េះហើយ នឹងរស់នៅក៏គ្មានប្រយោជន៍អ្វីឡើយ” ព្រះពោធិសត្វឃើញដូច្នោះ ទ្រង់កាន់ព្រះខ័នកាប់យក្សដល់ក្តីមរណាក្នុងពេលនោះទៅ។ កាលនោះទេពតាយល់ព្រះពោធិសត្វបានជោគជ័យលើយក្សទាំងឡាយ ក៏ហោះកាន់ផ្កាមកថ្វាយបាចសាច ចម្រើនពរសព្ទសាធុការអឺងអាប់។

ចំណែកកេសរសុមន្ទាទ្រង់ក៏សោយសោកពិលាបអាណិតកុម្ភ័ណ្ឌរៀបរាប់ៈ

ថាឳព្រះជេស្ឋជ័យ         ហេតុវិបាកព្រះអង្គឯង

វេរាពីមុនជាតិ               ឲ្យឃ្លាឃ្លាតចេញវង្វេង

ខ្ញុំឃាត់ត្បិតខ្ញុំក្រែង        ស្តេចពុំដោយដូចខ្ញុំឃាត់។

ស្តេចអាងអួតចេស្តា       ប្ញទ្ធិពលាពន់ពេកក្តាត់

ពុំអន់ពុំឳនអត់              ក្រោធពិរោធពិរុលក្រៃ។

ឥឡូវប្រោសពីឋាន        ព្រៃហិមពាន្តពិសេសសម

បពិត្រស្តេចមកផ្ទំ          លើក្រឡាមហាប្រឹថពី។

ខ្ញុំប្រាសប្រាណទីទៃ       ស្ងាត់ពីថ្ងៃនេះទៅហើយ

ឳព្រះអង្គត្រាណត្រើយ ខ្ញុំពុំយល់ព្រះភក្ត្រា។

ឳកូនសោតនិរាស         ព្រាយព្រាត់ប្រាសពុំយល់គ្នា

ម្ល៉េះហើយសមឃ្លាតឃ្លា នៃនឹងបុត្រពុំយល់ឡើយ។

“​ឳព្រះអង្គធ្លាប់នៅសំណេះសំណាលឆ្លើយឆ្លងក្នុងទីមណ្ឌល ពេលនេះខ្ញុំមិនបានរៀបចំរាជបរិក្ខារលើព្រះសពបងទេ សូមអ្នកកុំសង្កាថ្វី…”។ កេសរសុមន្ទាហេតុអាស្រ័យស្រណោះកុម្ភ័ណ្ឌពេក ទ្រង់សោយសោករហូតដល់សន្លប់បាត់ស្មារតី។ ស័ង្ខសិល្បជ័យយល់ព្រះមាតុច្ឆាទ្រង់សែនសោយសោកដូច្នោះក៏លោមមាតុច្ឆា ហើយរៀបចំសម្តែងប្ញទ្ធិសិល្ប៍សរជាប្រាសាទប្រាំស្អាងស្អាតសមបវរតម្កល់សព ហើយទ្រង់ថ្វាយព្រះភ្លើង…។

លុះព្រះសពសុសសព្វហើយ ព្រះពោធិសត្វក៏ទ្រង់ថ្លែងសរសិល្ប៍ជាប្រាសាទកែវរចនាភ្លឺច្រាលដល់វេហាស៍ រួចយកព្រះធាតុដាក់តម្កល់ទីនោះ ហើយទ្រង់ក៏អធិដ្ឋានដើម្បីលាកម្មពៀរវេរាជាមួយកុម្ភ័ណ្ឌ…។

 (សូមដានរឿង ស័ង្ខសិល្បជ័យ ភាគទី៩ នៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!