ទំព័រដើមនិទានកថាផ្កាស្រពោន (ភាគទី១៣)

ផ្កាស្រពោន (ភាគទី១៣)

លោកអុជទៀនមួយឲ្យឆេះ ហើយយកទៅបង្កាត់ធូបបីសរសៃនោះឲ្យឆេះទៀត ទើបបិទទៀននោះនៅក្បែរធូប។ លោកលើកហត្ថប្រណម្យលើកសូត្រផ្លុំៗទឹកក្នុងថាំង។ មួយស្របក់ក្រោយមកលោកបែរយកទៀនអុជមកសូត្រកូរទឹកទៀត បង្កើតឲ្យមានជាខ្សែទឹកនាំពពួកផ្កាម្លិះ ហែលរសាត់តាមគ្នាមានវិស័យដូចជាកូនក្អុកសម្បុរស។

         យូរៗម្តង លោកបង្អោនប្រឆេះទៀនទៅក្នុងទឹកបណ្តាលឲ្យកើតជាផ្ទុះប្រែះៗ! ហើយមានក្រមួនរលាយធ្លាក់ចុះទៅអណ្តែតត្រា។

         នៅកំឡុងកន្លះម៉ោង ដែលព្រះសង្ឃនេះសូត្រមន្តកូរទឹកពពួកភ្ញៀវ និងអ្នកម្ចាស់ផ្ទះអង្គុយបត់ជើងធ្វើមុខស្ងួត ភ្នែកចាំងផ្ទៀងមើល។ នៅពេលបង្ហើយលោកក៏ជ្រមុជទៀនទៅក្នុងទឹកពន្លត់តែម្តង។ អ្នកដែលនៅចាំជួយមើលការ លុះឃើញដូច្នោះហើយក៏នាំគ្នាគ្រាហ៍នាងវិធាវីអង្គុយនៅមាត់ជណ្តើរ។ ព្រះសង្ឃក៏លើកទឹកនោះ ទៅស្រោចលើខ្លួននាងដែលកំពុងគ្រុនយ៉ាងក្តៅ នៅពេលព្រលប់ធំដែលធ្លាក់ត្រជាក់។ នាងវិធាវីដែលគេបានដោះអាវចេញទុកឲ្យនៅខ្លួនទទេ ដើម្បីទទួលទឹកមន្តកាលបើត្រូវខ្យល់បក់មកតិចៗ។ ហើយក៏កើតរងាញ័រញាក់ទទ្រើក តែនាងខំខាំធ្មេញសង្កត់ចិត្ត។ ដល់លោកលើកទឹកចាក់ទៅលើថែមទៀត ខ្លួននាងក៏ញ័រចំប្រប់ដូចកូនសត្វ មានធ្មេញរណ្តំគ្នាគួរឲ្យអាណិតពន់ ពេក។ យាយនួនឃើញដូច្នោះក៏នឹងស្រណោះស្ទើររលួយថ្លើមប្រមាត់។ គាត់ក៏ខំហាមាត់ទាំងអួលអាក់និយាយៈ

         ខំអត់ទៅកូន! លោកតាស្រោចឲ្យឯងជាហ្នា៎។

មុនពេលដែលលោកនឹងនិមន្តទៅកាន់ទីសម្មាធិវិញ លោកមានសង្ឃដីកាផ្តាំថា ស្អែកលោកនឹងនិមន្តមកម្តងទៀត លុះគ្រប់បីដងទើបឈប់។

         នៅយប់នោះ នាងវិធាវីក៏ចាប់គ្រុនយ៉ាងខ្លាំង។ ក្នុងទ្រូងនាងក្តៅដូចរងើកភ្លើង។ អ្នកផងតែងតែដឹងថាជម្ងឺទ្រូងនេះ តាមនិយមវិជ្ជសាស្រ្តនៃបច្ចុប្បន្នកាលគេតែងតែហ៊ុមដណ្តប់ឲ្យជិតមិនឲ្យត្រូវអាកាសត្រជាក់ ឬទឹកត្រជាក់សោះឡើយ។ ឥឡូវនេះលោកដែលជាបព្វជិត មានសីលមានធម៌ បានមកស្រោចទឹកបណ្តាលឲ្យរោគនោះរឹតតែធ្ងន់ជាងមុនទៅទៀត។

         នាងវិធាវីតាំងតែនាងចាប់ឈឺមក នាងឥតមាននិយាយស្តីទេ។ នាងនឹកឃើញថាខ្លួននាងឈឺម្តងនេះប្រហែលជាមិនជាទេមើលទៅ។ ណ្ហើយរស់ជាមនុស្សធ្វើអ្វីផងបើមុខជាមិនបានជួបគូសង្សារ មុខជាមិនសប្បាយ មុខតែរងទឹកភ្នែកដដែល។ ឳបងប៊ុនធឿនអើយ! បងកុំប្រកាន់ទោសដល់ប្អូនឡើយ ដោយអូនមិនបានមករួមជីវិតដូចពាក្យសន្យា។ ឳគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ក៏ប្រសើរថ្លៃថ្លា ខ្ញុំសូមប្រាថ្នាថាកើតជាតិកាលណា កុំឲ្យមានព្រួយនិងព្រាត់គូកំសត់ដូច្នេះឡើយ។

         នៅយប់នោះ មានអ្នកជិតខាងជាច្រើននាក់ដែលធ្លាប់ស្រលាញ់រាប់អាននាងវិធាវី បានមកនៅជួយកំដរកុះករ។ តែឥតមានជនណាមួយធ្មេចភ្នែកបានឡើយ ព្រោះនាងវិធាវីចេះតែភ្ញាក់ខាកស្តោះមកធ្លាក់ឈាមមិនស្រាកស្រាន្ត។

         លុះដល់ព្រហាម ទើបអ្នកជម្ងឺបានស្រយាលសម្ងំទទួលដំណេកបាន។ យាយនួនគាត់ឆ្លៀតយកឳកាសនេះរត់ទៅនិមន្តលោកគ្រូអានមើលជតាកូនគាត់។ ព្រះសង្ឃរូបនេះកាលបើបានពិនិត្យក្រាំងគម្ពីរ និងវាយលេខគន់គូរសព្វគ្រប់ហើយ ក៏មានសង្ឃដីកាៈ

ញោម កូនញោមមានគ្រោះធ្ងន់។ លេខចង្អុលត្រង់ព្រះរាមត្រូវសរឥន្ទជិត។ បើដូច្នេះចាំអាត្មាទៅសូត្របណ្តោះគ្រោះឲ្យ។ ញោមកុំព្រួយ រោគនេះធ្ងន់មែនពិត តែគង់រកគ្រូមើលជា។

នៅពេលថ្ងៃរសៀល គេឮសូរព្រះឳសលោកគ្រូអានសូត្រធម៌រអ៊ូ ហើយបាចទឹកមន្តដូចជាគ្រាប់ភ្លៀងធ្លាក់មកលើរាងកាយនាងវិធាវី ដែលរងាញ័រចំប្រប់នៅក្រោមផួយ លុះសូត្រចប់លោកគ្រូអានក៏បង្គាប់ឲ្យគេលើកអ្នកជម្ងឺអង្គុយសណ្តូកជើងហើយ លោកទំពាស្លាគ្រៀមគ្រួបៗ មានសូត្រគាថាបណ្តើរផង ប៉ុន្មាននាទីក្រោយមក លោកក៏ព្រួសកញ្ជាក់ស្លាម្លូព្រមទាំងទឹកមាត់ក្រហមទៅលើនាងវិធាវីឮសូរផែតៗ។

         បន្ទាប់ពីពេលដែលលោកគ្រូអាននិមន្តផុតទៅ នាងថូក៏ឡើងមកដល់ភ្លាមមាននាំទាំងស្រីម្នាក់មកផង។ ភ្ញៀវថ្មីនេះមានភ្នែកបាយម្ខាង ស្រលៀងម្ខាង អុតស៊ីសុសមុខ សក់ ក្រញាញ់កន្ទ្រើងស្លៀកចងក្បិន និងពានាក្រមាមួយជាប់ក្អែលឡើងពភ្លក់ដែលអ្នកផងមិនអាចថាពណ៌អ្វីបានឡើយ។

លុះបានសួរដំណឹងសព្វគ្រប់ ពីអ្នកឈឺរួចហើយ នាងថូក៏និយាយទៀតៈ

ថ្ងៃនេះខ្ញុំមិនបានឲ្យឡានទៅនិមន្តលលោកភ្នំសំពៅទៀតទេ ព្រោះខ្ញុំនឹកពិភាល់ថាមានទាស់ខុសនឹងខ្មោចបិសាចណាក៏មិនដឹង បានជាស្រោចទឹកម្តងហើយនៅមិនឃើញគ្រាន់ សោះ។ ហេតុនេះបានជាខ្ញុំនាំម៉ែអេងដែលល្បីខាងចេះបូលឆុត ឲ្យគាត់មកបូលលមើល ក្រែងលោជាធ្វើទៅបានសមប្រកប។

យាយនួនតបៈ

គាប់ចិត្តថូពេក ជួយឈឺឆ្អាលយ៉ាងនេះ ខ្ញុំអរគុណណាស់។ បើយ៉ាងនេះហើយអញ្ជើញគាត់មើលទៅ។

ម៉ែអេង ឮដូច្នោះហើយក៏បង្គាប់ឲ្យយកប្រណាក១ អង្ករមួយគ្រាប់ និងអំបោះមួយសរសៃ។ គាត់យកអំបោះចងទងប្រណាកមួយខាង លៃឲ្យល្មមតែវត្ថុនោះនៅស្មើត្រង់ បើប្រសិនណាគេចាប់អំបោះយួរឡើង។ លុះលៃបានស្រួលហើយ ទើបម៉ែអេងយកគ្រាប់អង្ករមកដាក់បន្ទំលើក្បាលប្រណាក ដែលកាន់បណ្តោងលើខ្លួនអ្នកឈឺ។ ក្នុងគ្រានោះគេមានអុជទៀតធូបនឹងមាត់ពានមួយ។ ម៉ែអេងក៏និយាយឧទ្ទិសឡើងថាៈ ឳអ្នកមេបារូបណាមួយហើយ ដែលមានសេចក្តីក្តៅក្រហាយខឹងសំបា ហើយចូលមកធ្វើរូបអ្នកនេះ នាងនេះឲ្យឈឺនោះ សូមមេត្តាប្រាប់ឈ្មោះមកដើម្បីឲ្យនាងប្អូនគេរៀបសែនព្រេនជូន។ ​ថាហើយម៉ែអេងក៏អង្គុយនឹងថ្កល់ ភ្នែកស្រលៀងខំស្រងៀវមើលប្រណាក។ ទើបគាត់សួរ “អ្នកតាដំបងដែកហា៎? អ្នកតាក្បាលក្រហម?” ប្រណាកក៏ស្ងៀមឥតកំរើក ម៉ែអេងក៏ចេះរាប់ឈ្មោះ អ្នកតា អ្នកដូន សួរយ៉ាងនេះតទៅទេទៀតទាល់តែដល់ឈ្មោះនាងកន្ទោងខៀវ ប្រណាកនោះក៏តាំងកន្តោងមុជងើបៗទំលាក់គ្រាប់អង្ករទៅលើទ្រូងនាងវិធាវី។ តាមយោបល់អ្នកតែមិនជឿខ្មោចបិសាចនោះ គេថាម៉ែអេងនេះបន្លំកន្ត្រាក់សរសៃអំបោះបានជាប្រណាកចេះកំរើកយ៉ាងនេះ។ តែតាមយោបល់អ្នកដែលជឿវិញ គេហ៊ានប្រាកដថា គឺជាអ្នកដូនកន្ទោងខៀវនេះឯង ដែលមកបៀតបៀនបុត្រីយាយនួន។

         បានស្គាល់ឈ្មោះបិសាច ដែលធ្វើកលដូច្នេះហើយ ម៉ែអេងក៏បង្គាប់ឲ្យធ្វើពែច្រមុះជ្រូកសែន។ ហើយយកទៅចោលនៅទិសឥសាន។ នៅពេលល្ងាចនោះគេឃើញមនុស្សប្រមឹកបួនប្រាំនាក់កាន់ស្គរដាសដោយស្បែកពស់ថ្លាន់ និងក្រពើ ចូលមកលេងភ្លេងញ៉ែៗ ហើយច្រៀងបន្ទរផង ឮរំពងដូចហ៊ីងយំ នៅពេលភ្លេងដំបូង។ ឯម៉ែអេងវិញគាត់ពាក់អាវបំពង់ព្រែក្រហម អង្គុយសំឡឹងតោក ដងខ្លួនគាត់ញាក់ពព្រើត។ មួយសន្ទុះក្រោយមក គាត់ចាក់ស្រាសផឹកមួយពែង ហើយធ្វើសំឡេងស្អកៗថា ចង់ស៊ីកន្ទន់បាក់ក។ អ្នកដែលនៅជិតខាងទីនោះ ក៏ស្ទុះយកចេកមួយស្និតមកឲ្យ។ តួមេមត់ពមចេកអស់ពីរ បី ហើយក៏ចាប់យកតោកគ្រវីគ្រវាត់ហើយក្រោករាំចាក់ក្បាច់ ធ្វើដៃជើងជង្រ្គីងជង្គ្រាងមួយសន្ទុះក៏អង្គុយស្ងៀម ឯភ្លេងនិងចំរៀងក៏ឈប់នៅស្ងៀមដែរ។

         ចំណែកម៉ែផៃវិញ កាលបើគាត់ឃើញនាងតូចរបស់គាត់ឈឺចាប់ខ្លាំងយ៉ាងនេះហើយ គាត់ក៏ភ័យស្លុតចិត្តស្ទើររកព្រលឹងគ្មាន។ នៅល្ងាចដែលគេលេងមេមត់ដើម្បីសូមឲ្យបិសាចអភ័យទោសនោះគាត់បានរ៉ាប់រងធានាខ្លួននឹងមកសុំឲ្យបិសាចស្រណោះដល់នាងតូច។ លុះដល់ឃើញតួមេមត់ស្ងៀមដូច្នោះហើយ គាត់ក៏លើកដៃសំពះហើយថាៈ ឳលោកម្ចាស់អើយ ខ្ញុំសូមទោសចុះគ្នានៅក្មេងណាស់? កុំចាប់ទោសពៃរ៍ធ្វើអី ឲ្យគ្នាបានជាស្រាកស្រាន្តទៅ។ មេមត់ឆ្លើយតបៈ

ក្មេងនេះព្រហើនណាស់ ធ្វើឲ្យយើងខឹងណាស់! យើងខឹងណាស់! តែឥឡូវនេះគេបានឲ្យយើងសប្បាយរួចហើយ មិនអីទេ យើងព្រមឲ្យជាបាន…។

ឯនាងវិធាវីដែលទុក្ខអួលក្តៅនោះ កាលបើឮភ្លេងអារក្សយ៉ាងនេះនាងរឹតតែក្នាញ់ក្នុងចិត្ត តែមិនចេញស្តី ព្រោះនាងដឹងខ្លួនថា រោគព្យាធិនេះកើតឡើងដោយទុក្ខព្រួយរបស់នាងប៉ុណ្ណោះ។ ឳបើប្រសិនណាយាយនួនគាត់ភ្ញាក់ដឹងខ្លួន ហើយផ្តាច់នាងពីឈ្មោះណៃស៊តសំអប់ចេញ ហើយលើកនាងដាក់ទុកឲ្យប៊ុនធឿនគូព្រេងវិញ ឳម្ល៉េះហើយសមនាងមានកំលាំងទទួលឳសថ ទទួលម្ហូបអាហារដោយរីករាយ ហើយនឹងបានស្បើយជម្ងឺដោយរហ័សមិនខាន។ តែនាងនៅតែមិនហ៊ានចេញស្តីសោះដោយខ្លាចទាស់ចិត្តម្តាយ។ ម្ល៉ោះហើយ ខ្លួននាងចេះតែស្រពោនរញមទៅៗរាល់ថ្ងៃ។ អ្នកដែលថែរក្សាជម្ងឺរឹតតែខំបំពោកថ្នាំ មិនថាថ្នាំអ្វីជាថ្នាំអ្វីទេ ចិនក៏មាន យួនក៏មាន ខ្មែរក៏មាន បារាំងក៏មាន…អស់ពីភ្លុកដំរី ប្រមាត់ខ្លាឃ្មុំ អស់បីប្ញសឈើ ដល់ថ្នាំធាបថ្នាំគុលិកា ថ្នាំចាក់ ថ្នាំដោតសព្វគ្រប់អស់ហើយ។

         ពាក្យសន្យាលោកគ្រូអាន និងមេមត់ ព្រមទាំងរឹទ្ធានុភាពនៃមន្តអាគមលោកភ្នំសំពៅ ក៏មិនឃើញជាបានផលប្រយោជន៍ឯណា។ នាងវិធាវី ក៏នៅតែស្តូកស្តឹង តែនាងនៅវិញ្ញាណចាំជានិច្ច។ ណ្ហើយធ្វើម្តេចកម្មក្រាស់របស់ខ្លួន…។

(សូមរងចាំតាមដានរឿងផ្កាស្រពោនភាគទី១៤ ដែលជាភាគបន្តនៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,500SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!