ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះចូរកុំរៀបចំគម្រោងការងារជាថ្មី ដើម្បីឲ្យភោគផលចម្រើនប្រសើរជាងមុន។ ធ្វើទំនាក់ទំនងជាមួយមនុស្សផ្ទុយភេទ ដោយពាក្យសំដីទន់ភ្លន់។ ចូររៀនចុះចាញ់ ដើម្បីបណ្តោយពេលវេលាអាក្រក់ឲ្យកន្លងទៅ ដោយមិនឲ្យរំខានដល់ឳកាសលាភសំណាងរបស់អ្នក។ ម្យ៉ាងទៀត សូមកុំទាន់សម្រេចចិត្តធ្វើដំណើរទៅឆ្ងាយ បើអាចគួរពន្យាពេលទើបប្រសើរ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងាររកស៊ីជួញដូរចម្រើនលូតលាស់ខ្លាំងណាស់។ លាភសក្ការហូរចូលយ៉ាងច្រើន ព្រោះតែទឹកចិត្តល្អ និងភាពស្មោះត្រង់របស់អ្នក។ គំនិតយោបល់ និងគម្រោងនានារបស់អ្នក នឹងទទួលបានការគាំទ្រ ដូច្នេះកុំបង្អង់ ឬបោះបង់គម្រោងដែលបានគ្រោងនោះ ដាក់វាចេញអ្នកនឹងទទួលបានផលដ៏ល្អ។ ថ្ងៃនេះមនុស្សដែលធ្លាប់យល់ច្រលំ ឬនិន្ទាលោកអ្នក នឹងបោះបង់ការប៉ុនប៉ងរបស់គេចោលទាំងស្រុងផងដែរ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការងារនានាដំណើរការយ៉ាងល្អ។ ប៉ុន្តែកុំទាន់សម្រេចចិត្តចាប់យកកិច្ចការថ្មីឡើយ ព្រោះការងារនោះស្ថិតក្នុងចន្លោះដែលមិនប្រាកដប្រជានោះទេ។ ចូររក្សាភាពអត់ធ្មត់ និងធ្វើការងារសន្សឹមៗ។ កុំទាន់ចេញដំណើរឆ្ងាយបើសិនជាចាំបាច់។ សូមចែករំលែក ឬឲ្យទានខ្លះជាការលើកលាភជ័យ និងដើម្បីរក្សាចិត្តអារម្មណ៍របស់អ្នកផងដែរ។ លោកអ្នកមិនគួរពិភាក្សាកិច្ចការងារធំដុំជាមួយមនុស្សដែលអ្នកមិនស្គាល់ច្បាស់នោះទេ ព្រោះលោកអ្នកក៏មានសញ្ញាណអវិជ្ជមានដូចជាការចាញ់បញ្ឆោតគេផងដែរ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារដំណើរការទៅល្អប្រសើរណាស់។ សូមប្រើប្រាស់ពាក្យសំដី ឲ្យក្លាយទៅជាវិធីសាស្រ្តដើម្បីទាញចិត្តមនុស្ស។សូមពិភាក្សាការងារជាមួយមិត្តក្នុងក្រុមការងារ ហើយដោះស្រាយមន្ទិលរាំងស្ទះការងារកន្លងមក ដើម្បីកុំឲ្យក្លាយជាទំងន់ដែលនាំឲ្យមានភាពស្មុគ្រស្មាញនៅថ្ងៃក្រោយ។ កុំធ្វើដំណើរផ្លូវឆ្ងាយ ប្រសិនបើមិនចាំបាច់ ព្រោះលោកអ្នកហាក់កំពុងប្រឈមនឹងមន្ទិលដែលមិនទាន់អាចកំណត់បាននៅឡើយ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររកស៊ីហាក់មិនទាន់ទទួលបានផលនោះទេ លោកអ្នកត្រូវរៀបចំផែនការការងាររកស៊ីឡើងវិញ ដោយត្រូវ ពិភាក្សាយោបល់ជាមួយមនុស្សជិតស្និទ្ធ ពិសេសដៃគូ ឬសមាជិកក្នុងក្រុមគ្រួសារ។ លោកអ្នកអាចជួបប្រទះនឹងដៃគូអាជីវកម្ម ដែលមិនសូវមានភាពស្មោះត្រង់នោះទេ ដូច្នេះសូមរក្សាអាថ៌កំបាងនៃគន្លឹះអាជីវកម្មឲ្យបាន គត់មត់។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកនឹងទទួលបានឳកាសលាភ សក្ការៈយ៉ាងធំពីថ្នាក់លើ។ ចំណែកអាជីវករ និងទទួលបានផលចំណេញច្រើនទ្វេរគុណ ហើយដៃគូអាជីវកម្មនឹងនាំឳកាសចំណេញធំដល់អ្នក។ ប៉ុន្តែសូមកុំទាន់ដាក់ទុនធំ ប្រសិនអ្នកមិនទាន់យល់ច្បាស់ពីស្ថានការណ៍ ស្ទាបស្ទង់បន្តិចក៏មិនហួសពេលដែរ។ សូមលោកអ្នកព្យាយាមឲ្យកាន់តែខ្លាំង និងចេះរៀបចំគម្រោងផែនការការងារថ្មី។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានទ្រព្យសំណាងហូរចូលដូចទឹកពីមនុស្សសំលាញ់ដែលនៅឆ្ងាយ។ សម្រាប់អ្នកប្រកបកមុខរបរ សូមកុំខ្លាចក្នុងការចាប់យកឳកាសថ្មី ឬការបើកហាងនានា ពីព្រោះសញ្ញាណសេដ្ឋកិច្ចរបស់អ្នកឡើងខ្ពស់យ៉ាងខ្លាំង។ ដោយឡែក ជម្លោះគ្មានប្រយោជន៍អ្វីបន្តិចសោះចំពោះសេចក្តីសុខ និងមុខរបររបស់អ្នក ដូច្នេះសូមដើរចេញ ឬអត់ធ្មត់។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសី ថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរអាជីវកម្ម និងកិច្ចការងារនឹងសម្រេចផលគ្រប់យ៉ាង។ គួរប្រើប្រាស់រាសីថ្ងៃនេះចាប់យកគម្រោងការងារថ្មី ហើយសូមកុំខ្លាចរអាក្នុងការសម្រេចចិត្ត អ្វីៗទាំងអស់រុំព័ទ្ធដោយសញ្ញាណនៃភាពជោគជ័យ។ ក្នុងនោះដែរ សូមលោកអ្នកបង្កើនទំនាក់ទំនងល្អជាមួយថ្នាក់លើ ព្រោះលោកអ្នកកំពុងឈរនៅលើចំណុចដ៏ខ្ពស់។ ចំណែកលាភសំណាងរបស់អ្នក អាចនឹងទទួលបានពីមនុស្សមកពីឆ្ងាយ។ ថ្ងៃនេះលោកអ្នកមិនចាំបាច់រើសពេលវេលាក្នុងការធ្វើអ្វីមួយនោះទេ គឺពេលណាក៏ជាពេលមង្គលដែរ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អ្នកប្រកបការងាររាជការ និងឯកជនទទួលបានការលើកទឹកចិត្តពីមិត្តរួមការងារ និងចៅហ្វាយនាយ ប៉ុន្តែសូមប្រឹងប្រែងបន្ថែម ពីព្រោះជោគជ័យនោះមិនទាន់ស្ថិតស្ថេរនៅឡើយទេ។ សម្រាប់អាជីវករ សូមគិតគូរពីវិធីសាស្រ្តលក់ចេញទិញចូលឡើងវិញ ព្រោះវិធីសាស្រ្តចាស់កំពុងត្រូវរំខាន។ ប្រសិនបើអ្នកមានបំណងបង្កើតគម្រោងការងារថ្មី ចូរព្យាយាមធ្វើចុះនឹងទទួលបានផលល្អប្រសើរណាស់ ប៉ុន្តែហាមដាច់ខាតពាក់ព័ន្ធនឹងរឿងលុយកាក់ជាមួយមនុស្សក្នុងក្រុមការងារ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងការងាររបស់អ្នកដំណើរការទៅយ៉ាងល្អ និងមានមនុស្សចាំគាំទ្រ និងលើកទឹកចិត្ត។ សូមសម្រេចចិត្តជាថ្មី ប្រសិនបើការងារពីមុនរបស់អ្នកមិនទាន់បានជោគជ័យ ពីព្រោះរាសីថ្ងៃនេះល្អណាស់សម្រាប់ការងាររដ្ឋ និងឯកជននានា។ សូមរក្សាចិត្តគំនិត និងអាកប្បកិរិយា ហើយព្រមទទួលយកយោបល់អ្នកជុំវិញខ្លួន ហើយបោះបង់ភាពរឹងរូសឆេវឆាវ។ ជៀសវាងទំនាក់ទំនងជាមួយមនុស្សផ្ទុយភេទ ដែលមកពីឆ្ងាយក្នុងពេលនេះ។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះភាពជោគជ័យ និងលាភសំណាងគឺជារបស់អ្នក។ ការងារដែលអ្នករំពឹងទុក នឹងទទួលបានដំណឹងយ៉ាងពិតប្រាកដ។ ទទួលយកវាដោយរីករាយ ប៉ុន្តែគួររក្សាភាពភាពសប្បុរស។ លោកអ្នកដែលប្រកបអាជីវកម្ម នឹងមានលាភធំតាមរយៈដៃគូអាជីវកម្មដូចគ្នា ដូច្នេះការបណ្តាក់ទុនធំ គឺអាចធ្វើទៅបានដោយគ្មានការជំទាស់ទេ។ ចំពោះកិច្ចការងារចាស់ដែលគ្មានដំណឹង នឹងទទួលបានដំណឹងល្អ ដើម្បីដោះស្រាយស្ថានការណ៍ផងដែរ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរការងាររបស់លោកអ្នកចម្រើនលូតលាស់ល្អណាស់ គ្មានរំខានឡើយ។ ការងារដែលអ្នកបានដាក់ចេញហើយ សូមកុំបារម្ភអ្វីៗនឹងទទួលបានជោគជ័យ និងមានការគាំទ្រខ្លាំងពីមនុស្សក្នុងក្រុមការងារ។ ជៀសវាងចូលទៅពាក់ព័ន្ធរឿងអ្នកដទៃ ទោះល្អ ឬអាក្រក់ក្តី។ សូមរក្សាសភាពលេចធ្លោខាងក្រៅ ដោយតុបតែងខ្លួនឲ្យបានសមរម្យ និងស្រស់ស្អាតជានិច្ច។ ទឹកចិត្តលោកអ្នកហាក់កំពុងមានភាពស្មុគ្រស្មាញ ហោរាសូមឲ្យអ្នកបោះបង់អារម្មណ៍នោះចោលភ្លាម។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព