ទំព័រដើមនិទានកថាផ្កាស្រពោន (ភាគទី១៤)

ផ្កាស្រពោន (ភាគទី១៤)

នឹងថ្លែងពីប៊ុនធឿន ដែលនៅរៀនឯវិទ្យាល័យក្រុងភ្នំពេញ។ លុះចូលមក្នុងខែចេត្រសាលាគេបិទទ្វារដើម្បីឲ្យកូនសិស្សនិងគ្រូទាំងឡាយបានឈប់សម្រាកក្នុងរដូវក្តៅមួយខែ ប៊ុន ធឿន ក៏បានជិះរថភ្លើងមកបាត់ដំបងជាមួយពួកម៉ាក។ ដល់ក្នុងនេះហើយ ក៏ឡើងជិះរ៉ឺម៉កដំរង់ទៅកំពង់ព្រះភ្លាម ព្រោះការឃើញទីតំបន់នេះ នាំឲ្យទុក្ខទាំងប៉ុន្មានដែលក្រាបនៅក្នុងបេះដូងរៀងរាបមក កញ្ជ្រោងរោលដើមទ្រូង ហើយធ្វើឲ្យគិតទៅដល់គូសង្សារជាពន់ពេក។ ណ្ហើយស៊ូផ្តាច់ចិត្តកុំឲ្យគ្នាសៅហ្មងដោយសារខ្លួនឯង ឲ្យគ្នាបានសុខសាន្តទៅចុះ។

ប៊ុន ធឿន ឋិតបានពីរបីថ្ងៃជាមួយឪពុកម្តាយ ក៏មានដំណឹងចចាមអារ៉ាមថា បុត្រីយាយនួនជិតនឹងរៀបការទៅហើយ ថាខាងប្រុសគេបានជញ្ជូនប្រដាប់ប្រដាបម្រុងទុកសម្រាប់ធ្វើរោងជាស្រេច។ ប៊ុន ធឿន នឹងស្រណោះខ្លួនពេកទប់មិនបានក៏ចូលទៅក្នុងបន្ទប់ ហើយដេកទទូរផួយយំខ្សឹកខ្សួលតែម្នាក់ឯង។

នៅពេលល្ងាចថ្ងៃនោះ តាសូដែលជាមនុស្សបំរើនៃចិក ប៊ុន ថន បានចូលមកសុំទៅរកត្រីឯព្រៃរនាម ដំណើរនេះត្រូវដេកផ្លូវកន្លះខែទើបវិលវិញ។ ប៊ុន ធឿន ដែលមានប្រាថ្នាចង់ចូលទៅព្រៃសមសាន ព្រោះយល់ថាធម្មជាតិជាកម្លាំង ជាវត្ថុព្រៃផ្សៃអាចញ៉ាំងសេចក្តីរំលាយទុក្ខសោកឲ្យបានជានិច្ច ក៏ចូលមកសុំឪពុកម្តាយទៅជាមួយតាសូផង។

គ្រានោះចិក ប៊ុន ថន ដែលមើលធ្លុះក្នុងចិត្តកូនក៏ព្រមបើកឲ្យទៅភា្លម។ ចំណែកនាងសោភ័ណជាប្អូនវិញ ដែលមានបារម្ភផ្សេងៗតាមធម្មតាស្រ្តីនោះក៏និយាយអង្វរបងកុំឲ្យទៅរនាមធ្វើអ្វី ព្រោះខ្លាចមានឈឺថ្កាត់ក៏មិនគាប់ មានសត្វសាហាវបៀតបៀនក៏មិន     គាប់។ ប៊ុន ធឿន ឮហើយក៏តបទៅវិញៈ

ប្អូនឯងកុំព្រួយឲ្យសោះ ព្រោះនៅក្នុងរនាមគ្មានខ្លា គ្មានរមាសទេ មានតែដំរីប៉ុណ្ណោះ។ ឯដំរីនេះបងមិនខ្លាចទេ បងចេះឡើងដើមឈើស្ទាត់ហើយ។

យប់នោះ វេលាមាន់រងាវមួយដង តាសូគាត់រៀបចំរទេះ ឯនាងសោភ័ណ នាងដណ្តាំបាយដុតត្រីងៀត និងរៀបអង្ករត្រីសាច់ទុកឲ្យអ្នកដំណើរ។ ប៊ុន ធឿនភ្ញាក់បើកទ្វារចេញមកក្រៅ ហើយសំឡឹងមើលទៅលើមេឃឃើញផ្កាយប្រុះថែមទាំងមានខ្យល់រហៀកៗ ធ្វើឲ្យអ្នកដែលក្រៀមក្រំមានកម្លាំងព្រើត។ បន្តិចក្រោយមកគេក៏ឮមាត់តាសូស្រែកហ៊ុយៗ បង្ខំដេញគោឲ្យដើរលឿនទៅមុខ ហើយឮសូររទេះយំញ៉ែៗ ក្នុងផ្ទៃស្ងាត់នៃរាត្រី។

កាលបើផុតភូមិ ចូលដល់វាលស្រែកាលណា រទេះតាសូ និងប៊ុន ធឿន ក៏ទៅជួបនឹងរទេះអ្នកស្រុកឯទៀតចំនួនម្ភៃប្លាយ។ នៅរដូវប្រាំងដែលជាពេលទំនេរពីការច្រូតកាត់អ្នកស្រុកភូមិកំពង់ព្រះ តែងនាំគ្នាទៅរកស៊ីក្នុងរនាម ខ្លះទៀតរកត្រីតាមបឹងបួ។

ពួកអ្នក”ដើររនាម” តែងនាំគ្នាចេញរទេះពីយប់ព្រោះចង់ជៀសមិនឲ្យសត្វពាហនៈទាំងឡាយត្រូវកំដៅថ្ងៃសោះឡើយ។ អ្នកស្រុកទាំងនោះមានចិត្តស្រណោះអាណិតគោ ក្របីគេជាទីបំផុត មិនចង់ឲ្យវានឿយហត់ដោយឥតផលទេ។

ហ៊ុយ! ហ៊ុយ! តាសូគាត់ដេញគោឲ្យដើរលឿន។ រទេះបុរសនេះបរទៅមុខគេបង្អស់ ព្រោះអ្នកដំណើរទាំងឡាយយល់ថា គាត់ចាស់ជាងគេនេះម្យ៉ាង ហើយម្យ៉ាងទៀតព្រោះគេនឹកអាណិតប៊ុន ធឿន មិនចង់ឲ្យកំលោះនេះមានរំខាននឹងធូលីហុយទៅលើសោះឡើយ។ អ្នកស្រុកទាំងនោះរាប់អានស្រឡាញ់ប៊ុន ធឿនណាស់ ដោយគេយល់ថាជាក្មេងចេះដឹងផង គ្រួសារប៊ុន ធឿនសុទ្ធតែជាមនុស្សមានធម៌សប្បុរសទាំងអស់ផង មិនដែលរកស៊ីអារក ដូចគេឯទៀតទេ។

រវាងមួយម៉ោង ក្រោយដែលចេញពីភូមិផុតមក ក្បួនរទេះក៏បរឆ្លងអូរតាត្រៃដែលរីងខះទឹកអស់ នៅតែដីបែកក្រហែង។ លុះផុងព្រៃដងអូរនេះចូលទៅក្នុងវាលដក់ពាយហើយ ប៊ុន ធឿនដែលអង្គុយសញ្ជឹងសញ្ជាប់មិនចេះស្តីថាអ្វីក៏ងើបមុខមើលទៅទិសខាងកើត ហើយភ្ញាក់ខ្លួនព្រើត…នៅឆ្ងាយចំពីមុខមានភ្លើងប្រទីបឆេះព្រោងព្រាត។ ភ្លើងនោះរៀបរយល្អមើលណាស់ ខ្លះតំរៀបជាជួរៗ វែងៗ ដូចអគ្គិសនីដែលបំភ្លឺថ្នល់ទាំងពួងនៃទីក្រុង ខ្លះទៀតទំនៅទាប ខ្ពស់មានលក្ខណៈដូចជាចង្កៀងដែលបំភ្លឺគេហដ្ឋាន ឬទីលំនៅនានាក្នុងក្រុងនោះ។ ពន្លឺដែលនៅរាយបណ្តោយប្រមាណពីរគីឡូនេះ មានលំអយ៉ាងត្រកាល ដោយមានយប់ខ្មៅងងឹតរុំស្រោបជុំវិញហើយស្ទួយបញ្ចេញឡើង។ ប៊ុន ធឿន ដែលមិនធ្លាប់ចូលរនាមនឹងគេ ក៏នឹកក្នុងចិត្តថាប្រហែលជាទីក្រុង ណាមួយប្រតិស្ឋកើតឡើងដោយទេពនិម្មិតក៏មិនដឹង។ ឳកន្លែងនេះទីនេះសមជាប្រាសាទសម្រាប់ទទួលស្រ្តីណា នារីណាដែលមានរូបល្អឯក ដែលមានសាច់ទន់ភ្លន់ ហើយដែលមានមុខញញឹមស្រស់ប្រិមប្រិយ! ឳកន្លែងត្រង់នោះមួយទៀតសមជាគេហដ្ឋានរបស់សេដ្ឋីណាមួយហើយ ព្រោះផ្ទះនោះមានអុជភ្លើងដេរដាសជុំវិញ។ ឳអូនវិធាវីអើយ បើប្រសិនជាយើងបានជួបរួបរួមវាសនាគ្នា ម្ល៉េះសមយើងនឹងជ្រើសរើសមកសំចតនៅក្នុងទីក្រុងនេះ ប្រកបដោយសុខក្សេមក្សាន្ត។ ឥឡូវនេះមិនប៉ុន្មានថ្ងៃទៀតទេមុខជានាងនៅជាមួយចៅ ណៃ ស៊ត ហើយ! ម្ល៉េះសមនាងរងទុក្ខវេទនាព្រោះបងស្គាល់ចិត្តអូនជាក់ ថានាងមិនដាច់អាល័យពីបងឡើយ។ ខ្ញុំសូមបួងសួងអស់អារក្សទេវតាដែលឋិតនៅឋាននេះឲ្យជួយ តំរង់ចិត្តអូនវិធាវីឲ្យនាងភ្លេចខ្ញុំចេញចុះដើម្បីឲ្យនាងនិត្យនៅជាមួយប្តីនាងជាសុខុម។ នាងមានចិត្តស្លូតត្រង់ដឹងខុសត្រូវណាស់ គួរតែរស់នៅនិងព្រួយបារម្ភ ដើម្បីជាត្រួយជាផ្កាសម្រាប់លំអមនុស្សជាតិ។

ប៊ុន ធឿន កំពុងតែរវើរវាយក្នុងសន្តានចិត្តដូច្នេះ ស្រាប់តែឃើញព្រៃក្រហមរ៉ែៗ នៅចំពីខាងកើត។ ខណៈនោះកងរទេះបានបរផុតវាលហើយចូលក្នុងព្រៃរនាមទើបប៊ុន ធឿន អាចកាត់ប្រស្នានៃរឿងទីក្រុងដែលភ្លឺសន្ធៅក្នុងរាត្រីបាន។ នៅពេលថ្ងៃដែលកំពុងក្តៅអស្ចារ្យ ភ្លើងដែលបណ្តាលឡើងពីអ្នកប្រហែលចោលកន្ទុយបារី ឬអង្កត់ឧសទៅលើស្មៅស្ងួត ឬមួយបណ្តាលឡើងដោយស្នាដៃអ្នកដុតស្មៅ រកអណ្តើកប៏ឈួលឆេះ រាលដល់វល្លិ៍ ទាំងពួងដែលដុះព័ទ្ធដើមឈើធំៗ។ លុះភ្លើងស្មៅនោះស្ងប់រំងាប់ទៅក៏មានភ្លើងកាត់ខ្លះនៅចុង ខ្លះនៅប្រគាប ខ្លះនៅគល់នៃរុក្ខជាតិ។ នៅពេលយប់ត្រូវមានខ្យល់បក់បន្តិចៗផង ភ្លើងនោះក៏ឆេះមានអណ្តាតឡើង។ បើគេមើលពីចំងាយទៅឃើញហាក់ដូចជាពន្លឺចង្កៀងទីក្រុងសុទ្ធវិស័យ ព្រោះប្រវែងមុខភ្លើងធំទូលាយណាស់។ ហេតុដែលនាំឲ្យព្រឹក្សាទាំងឡាយជាចំណីភ្លើង យ៉ាងងាយទាំងម្ល៉េះ គឺមកតែពីស្មសាននេះមានច្រើន តែដើមរទាំងនិងត្អួរដែលអ្នកផងតែងដឹងថាជាឈើឧសយ៉ាងប្រសើរ។

ប៊ុន ធឿន គន់មើលព្រឹក្សា ដែលមានភ្លើងឆេះរូងដល់ខ្លឹម ដល់បណ្តូលហើយយកមកធៀបប្រដូចនឹងខ្លួន ដែលមានភ្លើងទុក្ខឆេះរោលរាលពេញទាំងទ្រូង។ ឳ! ឈើអើយមានខ្លះភ្លើងឆេះផ្តាច់ត្រឹមគល់​ ខ្លះត្រឹមពាក់កណ្តាលដើម ខ្លះទៀតគ្រាន់តែឆេះរោលៗ    ចុង។ នៅលើពសុធានៃតំបន់នោះ គេឃើញតែដង្គត់ខ្មៅ ឃើញតែរងើកក្រហមរន្ទាល ឃើញតែផេះសផ្អោង! ឯជីវិតនានាដូចជាចាកចោលទីកន្លែងនេះអស់។ គ្មានសត្វហើរ គ្មានសត្វយំ ស្ងាត់សូន្យ ជ្រងំ! យូរៗម្តង គេឮសូរមែកឈើដែលភ្លើងកាត់ផ្តាច់នោះធ្លាក់មកដី ឮប្រាវ។   

នៅពេលថ្ងៃជិតត្រង់ កងរទេះនេះបានបរដល់តំបន់មួយ ហៅដង្កោតាងិល ដែលជាទីខ្ពស់១ ទឹករដូវវស្សាមិនដែលលិចទេ។ បានជាអ្នកផងហៅថាទួលដង្កោតាងិលដូច្នេះ ព្រោះទួលនោះមានដើមដង្កោមួយធំខ្មៅដូចធ្យូង តែកំបុតឥតចុងដោយរន្ទះបាញ់ផ្តាច់ជា យូរអង្វែងមកហើយ។ រុក្ខជាតិនេះ មានស្លឹកនៅគ្រប់ប្រគាបប៉ុណ្ណោះ។ នៅភ្ជាប់នឹងដើមដង្កោនេះ មានដើមអម្ពិលមួយធំណាស់ដែរ ដែលបែកមែកសាខាហាក់ដូចជា គ្របបាំងកុំឲ្យកូនខ្ទមតូចមួយដែលនៅអែបនឹងគល់មិនត្រូវកំដៅព្រះអាទិត្យឡើយ។ នៅក្នុងខ្ទមមានបដិមាមួយធ្វើពីថ្មខ្មៅប្រផេះ។ (សូមរងចាំតាមដានរឿងផ្កាស្រពោនភាគទី១៥ ដែលជាភាគបន្តនៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!