ទំព័រដើមហោរាសាស្ត្រចូលឆ្នាំថ្មី រាសីឆ្នាំទាំង៥ ថោះ ម្សាញ់ មមែ វក កុរ ឡើងខ្ពស់ល្អណាស់! ទ្រព្យសំ...

ចូលឆ្នាំថ្មី រាសីឆ្នាំទាំង៥ ថោះ ម្សាញ់ មមែ វក កុរ ឡើងខ្ពស់ល្អណាស់! ទ្រព្យសំណាង លាភសក្ការ និងតំណែងការងារនឹងមានដល់អ្នក

ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។  ការងារ និងរបររកស៊ីដំណើរការទៅជាប្រក្រតី។ លាភសំណាងស្ថិតនៅក្នុងគន្លងដែលអ្នកកំពុងដើរ។ ទោះបីយ៉ាងនោះក្តី​ថ្ងៃនេះទាមទារឲ្យលោកអ្នកខិតខំធ្វើការខ្លាំង​ ហើយសូមកុំទាន់ប្រកាសសម្តែងចំពោះដំណឹងអ្វីដែលមិនទាន់ធ្លាក់ដល់ដៃរបស់អ្នក។ គួររស់នៅដោយភាពស្ងប់ស្ងាត់ទើបជាការល្អ។ ថ្ងៃនេះលោកអ្នកអាចចេញពីបញ្ហាបាន​ ប្រសិនជាចាប់ផ្តើមឆ្លើយតបដោយសំងាត់ចំពោះស្ថានភាពអាក្រក់។ បើសិនលោកអ្នកមានមន្ទិល ត្រូវឈប់បន្តិច​ ហើយគិតគូរឡើងវិញ។ កុំបំពុលជិវិតរបស់អ្នកដោយការច្រណែន និងការសង្ស័យ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លាភសំណាង និងរង្វាន់ជាទីគាប់ចិត្តមិនធ្វើឲ្យលោកអ្នករងចាំឡើយក្នុងពេលនេះ។ វេលានេះ លោកអ្នកអាចសម្រេចចិត្តធ្វើការធំ ឬធ្វើដំណើរផ្សងពេ្រងបានដោយគ្មានអ្វីជំទាស់ទេ ប៉ុន្តែជៀងវាងពិភាក្សាការងារសំខាន់ដែលអ្នកមិនទាន់ក្តាប់ស្ថានការណ៍បាន។ លោកអ្នកមានសមត្ថភាពពេញលេញក្នុងការកែប្រែស្ថានការណ៍នៅក្នុងជីវិតឲ្យកាន់តែប្រសើរនាពេលនេះ ដូច្នេះសូមលះបង់ពេលវេលាបន្ថែម។ សូមលោកអ្នកគិតគូរឡើងវិញពីបញ្ហាហិរញ្ញវត្ថុ កុំចំណាយហួសខ្ទង់។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបររកស៊ីជួញដូរ និងកិច្ចការងានានាសម្រេចបានផ្លែផ្កាជាទីមោទនក្រៃលែង ហើយលោកអ្នកអាចធ្វើអ្វីបានគ្រប់យ៉ាងដោយគ្មានផលរំខានសោះឡើយ។ ពេលខ្លះលោកអ្នកអាចជួបប្រទះផលលំបាកខ្លះ ប៉ុន្តែសមត្ថភាពក្នុងការធ្វើទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួននឹងជួយអ្នកឲ្យបានជោគជ័យ និងក្តីសុខសម្រាន្ត។ សូមលោកអ្នកកុំបារម្ភភាពអសកម្មផ្សេងៗដែលកើតឡើង គួរព្យាយាមបែងចែកអ្វីដែលអ្នកនឹងដោះស្រាយ ឬអ្វីដែលគួរបោះចោល។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។  រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានចិត្តស្រាល មិនចេះអត់ធ្មត់ និងមិនចេះសម្រេចចិត្តឲ្យបានត្រឹមត្រូវ។ លោកអ្នកនឹងទទួលបានលទ្ធផលពីការងារ និងអាជីវកម្ម ដោយការបង្ហាញគុណសម្បត្តិដែលល្អៗ ប៉ុន្តែសូមមានចិត្តល្អសណ្តោសប្រណី បើមិនដូច្នេះទេគ្មានសញ្ញាណនៃភាពជោគជ័យនោះទេ។ ថ្ងៃនេះលោកអ្នកមានសមត្ថភាព និងលទ្ធភាពពេញលេញក្នុងការយល់ដឹងបញ្ហាបានរហ័ស និងរកវិធិដោះស្រាយបាន។ ក្រៅពីនេះ សូមព្យាយាមស្វែងយល់អំពីអ្វីដែលបានកើតឡើង និងកែប្រែស្ថានការណ៍ឲ្យទាន់ពេល។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ លោកអ្នកឈរលើកំពូល ដែលអាចយកឈ្នះបញ្ហានានា ក្នុងរង្វង់ការងារ និងអាជីវកម្ម។ ទ្រព្យសម្បត្តិ លាភសំណាងបានមកដល់ដៃអ្នកហើយ ប៉ុន្តែរាសីថ្ងៃនេះតម្រូវឲ្យលោកអ្នកធ្វើបុណ្យដាក់ទាន និងរក្សាឥរិយាបថឲ្យបានប្រពៃ។ ថ្ងៃនេះភាពជោគជ័យគឺស្ថិតនៅមុខក្លោងទ្វារផ្ទះរបស់អ្នក ប៉ុន្តែគួររក្សាសំដីឲ្យបានល្អផងដែរ។ សូមចំណាយពេលវេលាបន្ថែមបន្តិចទៀត ចំពោះការងារដែលអ្នកកំពុងធ្វើ ចំណែកការចាប់យកការងារថ្មីស្រឡាងនឹងធ្វើឲ្យអ្នកពិបាកដំណើរការទៅវិញ។

 ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកស្ថិតក្នុងដំណាក់កាលលំបាកក្នុងការទទួលបានផលចំណេញ ព្រមទាំងជោគជ័យ ប៉ុន្តែទោះយ៉ាងនោះក្តី អ្នកមានអំណាចផ្លាស់ប្តូរស្ថានភាពក្នុងជីវិតឲ្យកាន់តែប្រសើរ។ លោកអ្នកអាចជួបប្រទះព្យុះក្នុងជីវិត ដូច្នេះត្រូវរៀនទប់អារម្មណ៍ ហើយឆ្លើយតបជាមួយនឹងបញ្ហាដោយភាពវៃឆ្លាត និងរឹងមាំ។ កុំបាក់ទឹកចិត្ត ប្រសិនបើចំណង់ចំណូលចិត្ត និងបំណងមិនទាន់ទទួលបានផលនៅពេលនេះ។ សូមរក្សាជំហរ និងជឿជាក់លើបទពិសោធន៍របស់ខ្លួនឯង។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ លោកអ្នកនឹងជាមេក្នុងការដឹកនាំការងារធំតូចនានា ចំណែកអ្នករកស៊ីវិញ គ្មានគូប្រជែងណាមានសមត្ថភាពមករំខានឳកាសប្រមូលទ្រព្យរបស់អ្នកបានទេ។  រីករាយជាមួយជីវិត ហើយមិនចាំបាច់រំលឹករកហេតុផល ដែលនាំឲ្យសោកសៅនោះទេ។​ សូមលោកអ្នកកុំមានភាពរុញរា ខ្លាចរអាក្នុងការចាប់យកការងារថ្មី ឬការបណ្តាក់ទុននោះទេ ពីព្រោះលោកអ្នកនឹងទទួលបានលាភសំណាង និងភាពជោគជ័យយ៉ាងគាប់ចិត្ត។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលខាងគំនិតស្មារតី ដូច្នេះសូមធ្វើទំនាក់ទំនងល្អ។​

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ លទ្ធផលល្អក្នុងការងារទទួលបានក្នុងថ្ងៃនេះ ចៅហ្វាយនាយកំពុងសំលឹងមើលលទ្ធផលការងារបស់អ្នក។ ឳកាសក្នុងផ្នែកហិរញ្ញវត្ថុ មានច្រើនគ្រប់ទីកន្លែង ប៉ុន្តែអ្នកត្រូវធ្វើការជាក្រុម ទើបអាចសម្រេចជោគជ័យ និងទទួលបានផ្លែផ្កានោះ។ សូមជឿទុកចិត្តលើគំនិតរបស់ខ្លួន និងពង្រឹងជំហរបើទោះបីមានមតិយោបល់មករំខានការសម្រេចចិត្តរបស់អ្នកក្តី។ ការនេះមិនមែនមិនឲ្យអ្នកស្តាប់យោបល់អ្នកដទៃទេ​ ប៉ុន្តែសូមទទួលយកដោយការគិតពិចារណវែងឆ្ងាយ។ ចំពោះការផ្លាស់ប្តូរការងារថ្មី គឺនឹងទទួលបានផលយ៉ាងប្រសើរណាស់ ដូច្នេះសូមកុំបារម្ភអ្វីឡើយ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លុយកាក់ និងលាភសំណាងនៅចំពោះមុខ​ ប៉ុន្តែបញ្ហានោះគឺថា អ្នកប្រឹងប្រែងខ្លាំងប៉ុណ្ណាដើម្បីចាប់យកឳកាសនេះ។ សម្រាប់មុខរបរការងារ សូមបន្ថែមសកម្មភាពជាងមុន ពីព្រោះលោកអ្នកមានមនុស្សប្រកួតប្រជែងច្រើន។ មនុស្សដែលអ្នកអាចពឹងពាក់បានជាមនុស្សភេទដូចគ្នា ហើយមានកំណើតឆ្នាំ​រោង។ ពេលវេលាល្អក្នុងការចាប់ផ្តើមការងារ គឺតាំងពីព្រហ៊ាម។ សូមរីករាយនឹងជីវិត ហើយដោះស្រាយបញ្ហា ដោយសន្តិវិធី។ ប្រសិនបើអ្នកមិនមានការជឿជាក់ សូមពិភាក្សានឹងមនុស្សដែលអ្នកជឿទុកចិត្ត កុំបណ្តោយពេលឲ្យកន្លង។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះ ប្រសិនបើអ្នកមិនពេញចិត្តជាមួយការងារ និងរបររកស៊ីសព្វថ្ងៃ សូមកុំមានចិត្តរាយមាយជាមួយនឹងផលលាភដែលមិនស្ថិតនៅកៀកនឹងដែរបស់អ្នក។ តស៊ូ ហើយរកវិធីសាស្រ្តកែប្រែស្ថានការណ៍ប្រសើរជាង ពិសេសសូមព្យាយាមបន្ថែម និងកុំបាក់ទឹកចិត្ត។ សូមលាក់បាំងភាពបរាជ័យ និងបញ្ហា ប្រសិនបើអ្នកចង់បង្កើនទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន ពិសេសដៃគូអាជីវកម្ម។ ដោយឡែកភាពបរាជ័យក្នុងការងាររដ្ឋឯកជន​ ក៏មិនគួរគាប់សង្កត់ដំណើរជោគជ័យ និងជំនឿរបស់អ្នកឡើយ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលផលចំណេញជាប្រាក់កាក់ច្រើនឥតគណនា។ ថ្ងៃនេះលោកអ្នកអាចនឹងទទួលដំណឹងល្អក្នុងរង្វង់ការងារ ហើយការធ្វើដំណើរបេសកម្មការងារក៏ប្រហែលជាមានសញ្ញាណវិជ្ជមានផងដែរ។ ចូរប្រើពេលថ្ងៃនេះ    កសាងគ្រឹះបន្ថែមសម្រាប់ជោគជ័យនៅថ្ងៃបន្ទាប់។ សូមកុំវង្វេងនឹងភាពឆើតឆាយដែលមាននៅជុំវិញខ្លួន។ ទប់ទល់នឹងបញ្ហាល្អិតល្អោចដែលមិនចាំបាច់ ព្រោះវាក៏បណ្តាលឲ្យអ្នកមានបញ្ហាឈឺក្បាលខ្លាំងផងដែរ។ សូមពិភាក្សាជាមួយដៃគូ ប្រសិនបើអ្នកមិនដឹងជាត្រូវធ្វើអ្វីឲ្យល្អប្រសើរ។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,500SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!