ទំព័រដើមប្រវត្តិសាស្ត្រប្រាសាទវត្តអធ្វា

ប្រាសាទវត្តអធ្វា

“Prasat Vat Athvea”, Vat Athvea temple was located in Kakrgnagn village, Siem Reap commune, Siem Reap city, or about 1km in the west of Siem Reap River. Athvea is a significant Sanskrit name of an Angkorian temple, meaning the way, route or pass. It might not have attracted very much tourists, but important for locals and scholars. This temple is not clear whether the date and which deity it is dedicated to. There are five inscriptions on the temple. However, all of them are in the later period.  Also, some graffiti could not provide the required information.

The temple has studied before by a French scholar, Lunet De Lajonquière, but some minor errors have been made on the plan and the direction. Vat Athvea has not been completed. It has the main tower that faces west and the other four beside are following the same direction. Not only west direction is concerned, but also the architectural design, element, and decoration expect to answer the question. Accordingly, it has given a clue to compare with some temples such as Angkor Wat, Thammanon, and Chao Say Tevoda. Thus to a certain extent, the temple might be built in the same period as Angkor Wat or the reign of King Suryavarman II (1113-1150AD). Importantly, the face west of Vat Athvea compares with Angkor Wat could be suggested that the main deity of the temple might be Vishnu. Regardless of this suggestion, it requires further study.

តើពាក្យ អធ្វាមានន័យដូចម្តេច? អធ្វាជាភាសាសំស្ក្រឹត មានន័យថាផ្លូវឬដងផ្លូវ។ ពាក្យនេះ គឺដូចគ្នានឹងពាក្យ អធ្វ័ន=អធ្វា ដែលមានផ្លូវឬមិនទាល់។

ប្រាសាទវត្តអធ្វាមានទីតាំងស្ថិតនៅខាងលិចស្ទឹងសៀមរាប ចម្ងាយប្រហែល១គីឡូម៉ែត្រ ក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ លោកឡា ហ្សង់ហ្គីយ៉េ បានចុះបញ្ជីប្រាសាទនេះក្នុងលំដាប់លេខ៥០០ ហើយហៅថា អធ្វាឬអឋព្រះ (Athpraḥ)។ ក្នុងសេចក្តីអធិប្បាយរបស់គាត់មានភាពល្អិតល្អន់អំពីរចនាសម្ព័ន្ធសំណង់ ប៉ុន្តែហាក់ដូចជាមានកំហុសបន្តិចចំពោះប្លង់ និងទិសដៅរបស់សំណង់ គឺប្លង់បានបង្ហាញថា ប្រាសាទទាំងមូល ពិសេសប្រាង្គកណ្តាលបែរទៅទិសខាងលិច។ ស្ថានភាពបច្ចុប្បន្ននៃរចនាសម្ព័ន្ធរបស់ប្រាសាទនេះបង្ហាញថា វាមិនត្រូវបានធ្វើរួចរាល់នៅឡើយទេ ពោលគឺមានប្រហែល៣០ទៅ៤០ភាគរយនៅ សល់ទាំងការរៀបតម្លើងដុំថ្ម ការដាប់ចាំងជ្រុងនិងជញ្ជាំងថ្ម និងការធ្វើក្បាច់ចម្លាក់លម្អផ្សេងៗ។ ផ្នែកមួយចំនួនបានរៀបចំឡើងវិញ និងជួសជុលក្នុងសម័យបារាំង។

រចនាសម្ព័ន្ធទូទៅរបស់ប្រាសាទ៖

ប្រាសាទវត្តអធ្វា ជាប្រាសាទមួយទៀតក្រៅពីប្រាសាទអង្គរវត្តដែលមានច្រកចូលសំខាន់នៅទិសខាងលិច ពោលគឺបែរមុខទៅទិសខាងលិច។ តាមស្លាកស្នាមនៅសល់ មានគោបុរៈមួយនៅទិសខាងលិច បន្ទាប់មកព័ទ្ធដោយកសិណ១ជាន់ និងមានគោបុរៈមួយទៀតមុននិងដល់កំពែង១ជាន់របស់ប្រាង្គកណ្តាល។ កំពែងនេះសាងពីថ្មបាយក្រៀម ដោយមានទ្វារចូលនៅតាមទិសទាំង៤ ធ្វើអំពីថ្មភក់ពណ៌ប្រផេះ។ ប្រាង្គកណ្តាលមានទ្វារចូលពីទិសខាងលិច និងទ្វារបញ្ឆោទ៣នៅតាមទិស៣ផ្សេងទៀត។ ផ្នែកខាងលិចបន្តដោយសំណង់មណ្ឌប ដែលទ្រដោយសសរនិងធ្នឹមមានចម្លាក់ដូចគ្នាស្ទើទាំងស្រុងទៅនឹងប្រាសាទអង្គរវត្ត(រូបលេខ២)។ ផ្ទៃជញ្ជាំងក្បែរច្រកទ្វារមានលម្អដោយរូបអប្សរ៤(រូបលេខ៣) និង២ជាគំនូសព្រាល មិនទាន់ឆ្លាក់រួច។ អាគារមណ្ឌបនេះភ្ជាប់ទៅនឹងក្លោងទ្វារចូលខាងលិចដោយសំណង់ដូចស្ពានមួយ។ ប្រាង្គកណ្តាលមានកំពូលដែលមានលក្ខណៈដូចគ្នាទៅនឹងកំពូលប្រាសាទអង្គរវត្ត(រូបលេខ៤)។ មានអាគារ៤នៅអមសង្ខាងប្រាង្គកណ្តាលនេះ និងបែរមុខទៅទិសខាងលិចទាំង៤។ អាគារ២នៅខាងកើតធ្វើពីថ្មភក់និងថ្មបាយក្រៀម (រូបលេខ៥) រីឯអាគារ២នៅខាងលិចធ្វើពីថ្មភក់សុទ្ធ(រូបលេខ៦)។ យើងមិនទាន់ដឹងពីមុខងារអាគារទាំង៤នេះទេ។ នេះជាចំណុចពិសេស១របស់ប្រាសាទវត្តអធ្វាដែលមានសំណង់៤អមសង្ខាង និងបែរមុខស្របទិសរបស់ប្រាង្គកណ្តាល (ក្នុងករណីជាហោត្រៃ ជាទូទៅបែរ បញ្ច្រាស់ជាមួយប្រាង្គកណ្តាល)។

តើប្រាសាទនេះកសាងឡើងនៅសម័យណាឬរាជ្យស្តេចណា?

យើងពុំទាន់មានសិលាចារឹកដើមណាមួយនិយាយអំពីការស្ថាបនាប្រាសាទនេះដោយព្រះរាជាអង្គណា ឬដោយនរណា ហើយនៅឆ្នាំណានោះទេ។ នៅលើសសររបស់មណ្ឌបខាងមុខប្រាង្គកណ្តាលមានសិលាចារឹក៥ផ្ទាំង តែជាសិលាចារឹកចារឡើងនាសម័យ ក្រោយ ដោយនិយាយអំពីការធ្វើដង្វាយដល់ទីប្រាសាទ(ក្រោយអង្គរឬសម័យកណ្តាល)នេះ។ បើយើងពិនិត្យមើលលើបែបផែននៃរចនាសម្ព័ន្ធផ្សេងៗរបស់ប្រាសាទនេះ ពិសេសគឺកំពូលនៃប្រាង្គកណ្តាល និងចម្លាក់ទេពស្រី (អប្សរ) នៅអមស៊ុំទ្វារបង្ហាញថាបា្រសាទនេះ មានលក្ខណៈដូចគ្នាទៅនឹងរចនាបថអង្គរវត្ត គឺដូចប្រាសាទអង្គរវត្ត ធម្មនន្ទ និងចៅសាយទេវតាជាដើម។ លោក ឡាហ្សង់ហ្គីយ៉េ បានប្រៀបធៀបលើចំនួនថ្នាក់(៥ថ្នាក់) របស់កំពូលប្រាង្គកណ្តាល ហើយផ្តល់សម្មតិកម្មជាចំណុចនៃការធ្វើកាលបរិច្ឆេទរបស់ប្រាសាទនេះ ដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត។ ចំណុចដែលសំខាន់នោះ គឺយើងអាចលើកយកទិសដៅនៃប្រាសាទ ដែលគេបានស្ថាបនាឱ្យបែរមុខទៅរកទិសខាងលិចដូចប្រាសាទអង្គរវត្តដែរ។ ក្នុងករណីបែបនេះ យើងអាចសន្និដ្ឋានជាបណ្តោះអាសន្នថា ប្រាសាទវត្តអធ្វា គឺអាចកសាងតំណាលគ្នានឹងប្រាសាទអង្គរវត្ត ឬក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (១១១៣គ.ស ដល់ ១១៥០គ.ស)។

តើប្រាសាទវត្តអធ្វាស្ថាបនាឡើងឧទ្ទិសដល់អ្វី ឬទេពអ្វី?

ដោយសារពុំមានសិលាចារឹករៀបរ៉ាប់អំពីការស្ថាបនា និងគោលបំណងនៃការឧទ្ទិស ជាហេតុធ្វើឱ្យយើងពិបាកក្នុងការសន្និដ្ឋានអំពីចំណុចនេះណាស់។ យើងអាចទាញយកសម្មតិកម្មមួយចំនួន ដោយប្រៀបធៀបទៅនឹងប្រាសាទអង្គរវត្ត។ ចំណុចទី១ គឺប្រាសាទដែលបែរមុខទៅទិសខាងលិច អាចជាការឧទ្ទិសដល់ព្រះវិស្ណុ។  លោក អៃម៉ូនីញ៉េ បានសន្និដ្ឋានថា ប្រាសាទនេះកសាងឡើងឧទ្ទិសដល់ព្រហ្មញ្ញណ៍សាសនាបុរាណ តែក្រោយមកគឺជាទីកន្លែងដែលប្រតិបត្តិលើពុទ្ធសាសនា។ នៅក្នុងប្រាង្គកណ្តាលមានជើងទម្រមួយយ៉ាងធំ តែពុំមានបដិមាទេ។ ម្យ៉ាងវិញទៀត ក្រៅពីចម្លាក់រូបទេពអប្សរ និងក្បាច់ភ្ញីមួយចំនួនយើងពុំមានចម្លាក់តួអង្គ ឬរឿងទេវកថាផ្សេងៗដូចនៅប្រាសាទក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ទេ។ ក្នុងករណី១ យើងអាចឱ្យសម្មតិកម្មជាបណ្តោះអាសន្នថា ប្រាសាទវត្តអធ្វានេះអាចកសាងឡើងឧទ្ទិសដល់ព្រះវិស្ណុ និងជាប្រាសាទគោលដៅនៃសេចក្តីស្លាប់ ដូចប្រាសាទអង្គរវត្តដែរ។

តើសិលាចារឹកលើសសររបស់ប្រាង្គកណ្តាលរៀបរាប់អំពីអ្វី?

សិលាចារឹកចំនួន៥ផ្ទាំង (រូបលេខ៧) អធិប្បាយដំបូងដោយលោក អៃម៉ូនីញ៉េ និងក្រោយមកបានចុះបញ្ជីជាសិលាចារឹកកម្ពុជាលេខ K.261 ដោយលោកសឺដេស។ ប៉ុន្តែ​ជនជាតិបារាំងទាំងនេះពុំបានសិក្សាបកប្រែលម្អិតអត្ថន័យសិលាចារឹកទាំងនេះទេ។ ក្រោយ មកលោកស្រី ពៅ សាវរស់បានសិក្សាបកប្រែសិលាចារឹកទាំង៥ផ្ទាំងនេះ។ សិលាចារឹកទាំងនេះមានមកាលបរិច្ឆេទចន្លោះឆ្នាំគ.ស ១៥៧៨ដល់១៦៧៧ ហើយមានអត្ថន័យស្ទើដូចគ្នា គឺនិយាយអំពីការគោរព ការថ្វាយ និងការបួងសួងអោយរួចផុតទោសកម្មពារ ចាកចេញពីឋាននរកទាំងឡាយ និងបានដល់ទីឋានសួគ៌ និងទាន់ព្រះសិរមេត្រីយ។

ក្រៅពីសិលាចារឹកសម័យកណ្តាលទាំងនោះ យើងសង្កេតឃើញមានសិលាចារឹកខ្លីៗ ឬអក្សរថ្មដែលមាននៅលើផ្ទៃជញ្ជាំងថ្មដែលគេនៅមិនទាន់កាត់តម្រឹម ឬឆ្លាក់ជាក្បាច់នៅឡើយ។ អក្សរទាំងនោះ គឺជាសញ្ញាឬកំណត់សំគាល់អំពីមនុស្សដែលកាត់ថ្ម ឬក៏អាចជាឈ្មោះនៃការដ្ឋានយកថ្មដែលគេយកមក។ បើយើងប្រៀបធៀបទៅនឹងអក្សរថ្មដែលគេជួបប្រទះនៅប្រាសាទតុបលិច ឬសំណង់កណ្តាលស្រះស្រង់ គឺវាមានលក្ខណៈច្បាស់ លាស់ជាងអក្សរនៅលើថ្មនៅទីតាំងទាំង២។ ឧទាហរណ៍ មានពាក្យខ្លះដែលយើងឃើញសរសេរដូចគ្នានៅលើថ្មផ្សេងគ្នា ដូចជា ពាក្យ តកល​ជាដើម (រូបលេខ៨)។

អត្ថបទនេះពុំបានអធិប្បាយឱ្យបានលម្អិត លើរចនាសម្ព័ន្ធប្រាសាទទាំងមូលទេ។យើងនឹងសិក្សាបន្តអំពីមូលហេតុមួយចំនួនដើម្បីបកស្រាយលើបញ្ហា និងទស្សនៈនៃការសាងសង់ប្រាសាទនេះ។ ពិសេសគឺដើម្បីបង្ហាញថា តើប្រាសាទនេះកសាងឡើងក្នុងពេលណាឱ្យច្បាស់? ដើម្បីអ្វី ឬឧទ្ទិសដល់ទេពអ្វី? ហើយហេតុអ្វីបានជាការសាងសង់មិនទាន់បញ្ចប់?

អត្ថបទដោយ៖ លោក សុខ កែវ សុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!