ទំព័រដើមសិល្បៈតន្ត្រីឧបករណ៍តន្ត្រីខ្មែរ “ពិណ”

ឧបករណ៍តន្ត្រីខ្មែរ “ពិណ”

Khmer musical instrument “Pinn”, Khmer “Pinn” or ​”Harp” is a musical instrument used as a solo instrument or to accompany a singer. There are many types of harp in the world, categorized in Organology, namely, western harp, round harp (Burmese harp), and angular harp (Khmer harp), etc. Studies and documents on harps, appearing in the myths of India, are also found in Myanmar today. In Cambodia, harps have manifested themselves since the pre-Angkorian period attested by the carvings on the walls of ancient temples, including Sambor Prei Kuk, Bayon, the Elephant Terrace, and Banteay Chhmar. In the post-Angkorian era, the harp has no longer been used in Cambodian society. During the last decade or so, we have seen the revival movement of Khmer harp under the keen eyes and mindful efforts of many teachers, such as Mr. Keo Sonankavei. Mr. Sam Sam Ang has written music for Mr. Nguon Sam Ath to create the Pinn Dance. Mr. Mao Keng, Mr. Pok Sarann, and Mr. Buth Channa all have created Pinn related dances. In recent times, Khmer teachers have taught, trained, and developed programs and activities to provide opportunities for young musicians, in particular, to play and perform the harp on stage. Historically and evidently based on ancient Khmer stone carvings, we can surmise that our Khmer people owned the harp, at least in Asia.

ពិណ ជាឧបករណ៍តន្ត្រីមួយដែលគេប្រើជាឧបករណ៍ទោល កំដរអ្នកច្រៀង ឬនៅក្នុងវង់តន្ត្រី។ នៅក្នុងពិភពលោក គេឃើញមានពិណជាច្រើនប្រភេទ នៅក្រោមចំណាត់ថ្នាក់ឧបករណ៍តន្ត្រី (Organology) ដូចជាពិណបស្ចឹមប្រទេស ពិណមូល (ពិណភូមា) និងពិណជ្រុង (ពិណខ្មែរ)។ ការស្រាវជ្រាវនិងឯកសារជាច្រើនអំពីឧបករណ៍តន្ត្រីពិណ បង្ហាញថា នៅប្រទេសឥណ្ឌា ឧបករណ៍តន្ត្រីនេះ មានចែងនៅក្នុងទេវកថាឥណ្ឌា ឯប្រភពនៃឧបករណ៍នេះ គឺស្ថិតនៅក្នុងភាពងងឹតនៅឡើយ។ ពាក្យឥណ្ឌា វីណា (Viṇa) សំដៅលើឧបករណ៍តន្ត្រីគ្រឿងខ្សែ មិនកំណត់តែឧបករណ៍ពិណតែមួយប៉ុណ្ណោះទេ។ នៅប្រទេសភូមាសព្វថ្ងៃ គេនៅប្រើឧបករណ៍ពិណ ដែលជាឧបករណ៍ដ៏សំខាន់មួយនៅក្នុងតន្ត្រីនិងវង់តន្ត្រីរបស់គេ។ ចំណែកឯប្រទេសកម្ពុជាយើងវិញ ឧបករណ៍ពិណយើងឃើញមាន វត្តមានតាំងពីសម័យមុនអង្គររហូតដល់សម័យអង្គរ ដោយបានឆ្លាក់នៅលើជញ្ចាំងប្រាសាទបុរាណនានាជាតឹកតាងស្រាប់ ឧទាហរណ៍លើជញ្ជាំងប្រាសាទសំបូរព្រៃគុក ប្រាសាទបាយ័ន លានជល់ដំរី និងប្រាសាទបន្ទាយឆ្មារជាដើម។ប៉ុន្តែយើងពុំដឹងអំពីការប្រើប្រាស់ក្នុងវង់តន្ត្រីខ្មែរបែបទម្រង់មួយណាប្រាកដនោះទេ។ ពីសម័យក្រោយអង្គរ ឧបករណ៍ពិណគឺពុំឃើញមានប្រើប្រាស់ក្នុងសង្គមខ្មែរទៀតឡើយ។ បើយើងពិនិត្យលើវង់តន្ត្រីខ្មែរមួយប្រភេទដែលមានឈ្មោះថាវង់តន្ត្រី”ពិណពាទ្យ” យើងក៏ឃើញមានរំលេចពាក្យថា ”ពិណ នៅក្នុងនោះដែរ។

ចំពោះពាក្យ ”ពិណ” សម្តេចព្រះសង្ឃរាជ ជួន ណាត ឱ្យនិយមន័យទៅថា៖ “ពិណ (សំស្ក្រឹត, វីណា)​ មានន័យថា “ចាប៉ី” ជាឧបករណ៍តន្ត្រីនាំមុខបន្លឺសូរសព្ទ បញ្ចេញបទភ្លេងនាំមុខមុនបង្អស់របស់វង់តន្ត្រីពិណពាទ្យ។ ទោះបីនាពេលបច្ចុប្បន្ននេះ វង់តន្ត្រីពិណពាទ្យ គ្មានឧបករណ៍ពិណក៏ដោយ តែឈ្មោះពិណពាទ្យនៅតែប្រើ។​

ជាប្រវត្តិសាស្ត្រនិងភស្តុតាង ដោយយោងទៅលើចម្លាក់បុរាណខ្មែរ យើងអាចសន្មតថា ខ្មែរយើងជាម្ចាស់នៃឧបករណ៍ពិណ យ៉ាងហោចណាស់ក៏នៅក្នុងតំបន់អាស៊ីយើងនេះ។

ឧបករណ៍និងរបៀបសម្តែង

ពិណខ្មែរ ជាពិណជ្រុង​ (Angular harp)និងជាឧបករណ៍តន្ត្រីគ្រឿងខ្សែកេះដោយដៃ។នៅពេលសម្តែង អ្នកដេញ ដាក់ពិណនៅលើភ្លៅ ហើយកេះខ្សែពិណដោយប្រើម្រាមដៃទាំងសងខាង ឆ្វេងនិងស្តាំ។ ពិណខ្មែរ ជាឧបករណ៍តន្ត្រីមួយចាស់ជាងគេ ក្នុងចំណោមឧបករណ៍តន្ត្រីខ្មែរ។

ការរស់ឡើងវិញ

នៅក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ យើងឃើញមានការខិតខំប្រឹងប្រែងធ្វើឱ្យរស់ឡើងវិញ​រួមមានការរំលេចរំឭក បំផុសបំផុល ធ្វើឧបករណ៍ពិណ បង្រៀនបណ្តុះបណ្តាល និងបង្កើតកម្មវិធីនិងសកម្មភាពផ្តល់ឱកាសដល់តន្ត្រីករ តន្ត្រីការិនីលេងពិណរហូតដល់បានសម្តែងលើវេទិកាជាដើម។ ក្នុងបេសកកម្មនេះ លោកគ្រូ កែវ សុនន្ទកវី បានធ្វើឧបករណ៍ពិណនិងយកចិត្តទុកដាក់បង្រៀនសិស្ស ជាពិសេសលោកគ្រូ សំ សំអាង បាននិពន្ធបទភ្លេងនិងចម្រៀងថ្មីដើម្បីឱ្យលោកគ្រូ ងួន សំអាត តម្លើងរបាំពិណ។ លោកគ្រូ ម៉ៅកេង លោកគ្រូ ប៉ុក សារ៉ាន់ និងលោកគ្រូ​ ប៊ុត ចាន់ណា ក៏បានបង្កើតនិងតម្លើងរបាំពិណនិងរបាំដែលពាក់ព័ន្ធនឹងពិណ និងបានសម្តែងរួចមកហើយនៅក្នុង ទិវាវប្បធម៌ជាតិ ៣មីនា កន្លងមកនេះ។ ការបង្រៀនដល់យុវជន យុវនារី និងកូនចៅជំនាន់ក្រោយដើម្បីបន្តវេន ជាកាតព្វកិច្ចរបស់យើង ដោយត្រូវរៀបចំឱ្យមានកម្មវិធីបង្រៀន ទស្សនីយភាពនិងកម្មវិធីសម្តែងជាសាធារណៈ ដើម្បីរំឭក រំលេច និងផ្សព្វផ្សាយអំពីឧបករណ៍ពិណដែលជាមរតកដូនតាខ្មែរ។ ចំណែកយុវជន យុវនារី ទំពាំងស្នងឫស្សី និងជាអ្នកបន្តវេន ក៏មានកាតព្វកិច្ចចូលរួមចំណែកសកម្ម រៀនសូត្រ យល់ដឹង ស្រឡាញ់ គោរព ថែរក្សា បណ្តុះបណ្តាល លើកស្ទួយនិងផ្សព្វផ្សាយបន្ត ជាមោទនភាពនិងដើម្បីឱ្យឧបករណ៍ពិណខ្មែររស់រានមានជីវិតនិងរុងរឿងទៅថ្ងៃអនាគតជានិរន្តរ៍រៀងទៅ។

អត្ថបទដើម៖ លោកបណ្ឌិត សំ សំអាង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,500SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!