ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៩កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកល្អជាមធ្យម។ រាល់មុខរបរការងាររបស់អ្នកមានដំណើរការយ៉ាងរលូន ចំណែកអ្នកគាំទ្រក៏ច្រើនផងដែរ។ សូមធ្វើដំណើរដោយមានការប្រុងប្រយ័ត្ន ប្រសិនបើមិនចាំបាច់មិនគួរប្រញាប់ប្រញាលនោះទេ។ សូមចំណាយពេល និងយកចិត្តទុកដាក់ចំពោះសេចក្តីសុខក្នុងក្រុមគ្រួសារឡើងវិញ។ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងបញ្ហាមួយចំនួនដែលកើតឡើងក្នុងថ្ងៃនេះ ប៉ុន្តែប្រិសនបើអ្នកមានចិត្តមានះ នោះនឹងប៉ះពាល់ដល់លាភសំណាង។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះ គឺជាថ្ងៃអំណោយផលសម្រាប់ការអនុវត្តន៍ផែនការនានា។ លោកអ្នកនឹងទទួលបានការគាំទ្រពីមនុស្សជាច្រើន ដូច្នេះត្រូវរក្សាឥរិយាបថ និងមិនត្រូវធ្វើឲ្យប៉ះពាល់អ្នកដទៃទេ។ ចំពោះការប្រមូលទិញអចលនវត្ថុ នឹងទទួលបានភោគផល និងមង្គលដ៏ល្អ។ ថ្ងៃនេះធានាដល់ការដោះស្រាយរាល់បញ្ហានានាបានយ៉ាងល្អ។ ប្រសិនបើអ្នកត្រូវការបង្កើតឡើងនូវផែនការសម្រាប់អាជីពដ៏ជោគជ័យ គឺអ្នកគ្រាន់ធ្វើតាមផែនការជាក់លាក់ដែលអ្នកបានរៀបចំ។ ភាគច្រើនអ្នកនឹងអាចរកដំណោះស្រាយចំពោះបញ្ហាដែលលំបាក។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងមុខរបររកស៊ីមានភាពរីកចម្រើនលូតលាស់ល្អណាស់។ ដោយឡែកអ្នកធ្វើការរដ្ឋនឹងបានទទួលដំណឹងល្អលើគម្រោងការងារដែលអ្នកកំពុងរងចាំផងដែរ។ លោកអ្នកត្រូវមានចិត្តស្មោះត្រង់ និងមិនត្រូវធ្វើរឿងអ្វីដែលពាក់ព័ន្ធនឹងបញ្ហារបស់អ្នកដទៃនោះទេ។ សូមព្យាយាមកុំចំណាយកំលាំងហួសពេក អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែបំពេញការងារទៅតាមគម្រោង។ ចំពោះបញ្ហាតូចតាចមួយចំនួនដែលអាចនឹងកើតឡើង មិនធ្វើឲ្យរំខានភាពជោគជ័យនៃការងាររបស់អ្នកឡើយ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការនានារបស់លោកអ្នកចម្រើនលូតលាស់ណាស់។ លោកអ្នកមានមនុស្សដែលមកពីចំងាយនាំលាភមកឲ្យ។ សូមរក្សាលាភសំណាងនេះ ដោយភាពស្មោះត្រង់ និងការចេះជួយយកអាសារមនុស្សនៅជុំវិញខ្លួន។ សូមលោកអ្នកប្រយ័ត្នក្នុងការនិយាយស្តី ពីព្រោះកំហុសដោយអចេតនានឹងបណ្តាលឲ្យអ្នកមានភាពស្មុគ្រស្មាញខ្លាំង។ ក៏ប៉ុន្តែរាសីថ្ងៃនេះផ្តល់ដល់អ្នកនូវមធ្យោបាយដោះស្រាយបញ្ហាដែលលំបាក ព្រោះតែភាពរស់រវើករបស់អ្នក។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងនាំសំណាងធំដល់អ្នកប្រកបកិច្ចការងាររដ្ឋ និងឯកជន ព្រោះលោកអ្នកកំពុងមានដំណឹងដ៏ល្អទាក់ទងនឹងតំណែងតួនាទីល្អ។ ចំណែកលោកអ្នកធ្វើអាជីវកម្មនឹងទទួលបានផលចំណេញជាទីគាប់ចិត្ត។ ក៏ប៉ុន្តែសូមមានការប្រុងប្រយ័ត្នបញ្ហានៅក្នុងក្រុមការងារ ព្រោះលោកអ្នកអាចនឹងបង្កើតកំហុសនឹងមនុស្សរួមការងារ ឬដៃគូអាជីវកម្ម។ អ្នកគួរបង្ហាញគំនិតយោបល់របស់អ្នកឲ្យបានច្បាស់លាស់ ចំណែករឿងខ្លះគួរមិនសន្ទនាទើបជាការប្រសើរ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងរបស់អ្នកនឹងហូរចូលក្នុងផ្ទះដោយមិនបាច់ប្រឹងប្រែងណាស់ណានោះទេ។ ដោយឡែកការងារនានាដែលអ្នកគ្រោងទុកនឹងទទួលបានផលល្អខ្លាំងណាស់ ដូច្នេះសូមប្រើប្រាស់ពេលវេលាថ្ងៃនេះទាញយកផល។ ពាក្យសំដីរបស់លោកអ្នកនឹងទទួលបានការគាំទ្រណាស់ ប៉ុន្តែពាក្យសំដីឥតប្រយោជន៍មិនគួរនិយាយទេ។ ក្រៅពីនេះអ្វីដែលអ្នកគួរធ្វើជាចាំបាច់គឺកុំឲ្យយឺតយ៉ាវសម្រាប់បំពេញការងារ បន្ទាប់មកសូមប្រកាន់ខ្ជាប់នូវគំរូនៃឥរិយាបទធម្មតា។ ជាក់ស្តែងសូមប្រុងប្រយ័ត្នឲ្យខ្ពស់។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះធាតុទឹកនឹងជួយអ្នកឲ្យទទួលបានលាភសំណាងធំ ដូច្នេះរាល់កិច្ចការងាររបស់អ្នកនឹងគ្មានអ្វីអាចមកបង្អាក់បានទេ។ ចូរមានចិត្តអន់អោន និងអាធ្យាស្រ័យខ្ពស់។ លោកអ្នកប្រហែលជាមានការធ្វើដំណើរដែលមិនបានគ្រោងទុក និងការប្រជុំថ្មីៗអាចនឹងកើតឡើង។ ថ្ងៃនេះគឺមានអំណោយផលសម្រាប់ការប្រាស្រ័យទាក់ទង ប៉ុន្តែសូមបដិសេធជាដាច់ខាតទាក់ទងនឹងសេចក្តីថ្លែងការណ៍ ឬការបញ្ចេញមតិរិះគន់។ សូមជឿទុកចិត្តលើចំណេះដឹង និងវិជ្ជាជីវរបស់អ្នក។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានកង្វល់ច្រើនណាស់ ចំណែកកិច្ចការងារក៏ហាក់មានភាពប្រទាក់ក្រឡាច្រើនផងដែរ។ សូមមានភាពអត់ធ្មត់ និងព្យាយាមបន្ថែមដើម្បីកែប្រែស្ថានការណ៍។ ភាពរស់រាយរាក់ទាក់ និងដាក់ចិត្តថ្លើមក្នុងភារកិចច្ចការងារ និងមនុស្សនៅជុំវិញខ្លួននឹងជួយសម្រួលស្ថានការណ៍បានប្រសើរឡើង។ ចំណែកការបណ្តាក់ទុន និងផ្លាស់ប្តូរការងារមិនគួរធ្វើនៅពេលនេះទេ ព្រោះអ្នកអាចជួបនឹងការខាតបង់។ បើទោះជាលោកអ្នកស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ សូមកុំបាត់បង់ទំនុកចិត្ត ប៉ុន្តែរកវិធីសាស្រ្តជាថ្មី ពីព្រោះស្ថានភាពនេះជាស្ថានភាពបណ្តោះអាសន្នប៉ុណ្ណោះ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់រាល់កិច្ចការទាំងអស់ ប៉ុន្តែត្រូវប្រយ័ត្នប្រយែងគ្រប់ពេលវេលាទាំងអស់ ពិសេសបញ្ជៀសឲ្យបាននូវស្ថានភាពតានតឹងរវាងមិត្តរួមការងារ ថា្នក់លើ ឬដៃគូអាជីវកម្ម។ សូមយកចិត្តទុកដាក់ចំពោះពេលវេលានៃការអនុវត្តន៍កិច្ចការងារ ពីព្រោះប្រហែលជាអ្នកមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីបញ្ចប់ការងារជាច្រើនដែលកំពុងកកកុញនៅលើតុរបស់អ្នក។ វេលានេះអ្នកអាចទទួលអារម្មណ៍រវើរវាយច្រើន ដូច្នេះសូមព្យាយាមរក្សាខ្លួនអ្នកឲ្យនៅក្នុងដៃជានិច្ច និងកុំប្រតិកម្មរហ័សពេក។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់កិច្ចការងារ និងរបររកស៊ីជួញដូរ។ លោកអ្នកអាចនឹងបញ្ចប់ការងារទាំងអស់ដោយភាពជោគជ័យ ប្រសិនបើអ្នកបោះបង់ចោលការងារខ្លះដែលមិនសក្តិសមនិងអ្នក ឬដែលមិនទាន់អាចគ្រប់គ្រងស្ថានការណ៍បាន។ ថ្ងៃនេះភាពស្មុគ្រស្មាញប្រទាក់ក្រឡាតូចៗមួយចំនួនអាចធើ្វឲ្យអ្នកឈឺក្បាលផងដែរ ដូច្នេះសូមព្យាយាមរកពេលវេលាដោះស្រាយវា ដើម្បិកុំឲ្យវាកកកុញច្រើន ហើយបណ្តាលជារឿងធំ។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងែនេះរាល់កិច្ចការងារនានារបស់អ្នកដំណើរការទៅយ៉ាងរលូនណាស់ ព្រមទាំងមានមនុស្សជាច្រើនជួយយកអាសារផងដែរ។ សូមលោកអ្នកប្រយ័ត្នប្រយែងនឹងការចំណាយលុយកាក់ ព្រោះលោកអ្នកអាចនឹងចាញ់បោកគេ។ ជាទូទៅថ្ងៃនេះលោកអ្នកអាចកែប្រែស្ថានការណ៍ជីវិត និងជោគវាសនារបស់អ្នកបាន ប្រសិនបើអ្នកមានឆន្ទៈ និងការខិតខំប្រឹងប្រែង។ ដូច្នេះដើម្បីសម្រេចបានអ្វីដែលអ្នករំពឹង គឺមុននឹងធ្វើសកម្មភាពនានា គួរតែគិតឲ្យបានម៉ត់ចត់។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លាភសំណាងរបស់អ្នកថ្ងៃនេះធំណាស់ ប៉ុន្តែសូមរស់នៅដោយធម្មតា។ ការសំដែងចេញនូវភាពជោគជ័យ អាចបណ្តាលឲ្យមានមនុស្សឈ្នានីស ដូច្នេះស្ងប់ស្ងាត់ជាការប្រសើរ។ រាសីថ្ងៃនេះសន្យាផ្តល់នូវភាគជោគជ័យជាទីពេញចិត្ត ប៉ុន្តែវាគួរតែមិនខាតបង់អ្វីទេ ប្រសិនបើអ្នកព្យាយាមស្វែងរកជំនាញវិជ្ជាជីវបន្ថែម។ ដោយឡែក ប្រសិនបើសមានគម្រោងផ្លាស់ប្តូរការងារ សូមកុំបារម្ភ ការងារថ្មីនឹងអាចផ្តល់ផលល្អដល់អ្នក។ ហើយវាកាន់តែប្រសើរបើអ្នកធ្វើកិច្ចការតាមផែនការ និងខំប្រឹងប្រែងជានិច្ច បើទោះជាជួប្រទះនូវបញ្ហាតិចតួចក្តី។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព