ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ថោះ រោង មមី វក រាសីឡើងខ្ពស់ត្រដែត សូមលោកអ្នករីករាយ ទទួលយកលាភសំណា...

ឆ្នាំទាំង៤ ថោះ រោង មមី វក រាសីឡើងខ្ពស់ត្រដែត សូមលោកអ្នករីករាយ ទទួលយកលាភសំណាង និងប្រាក់កាក់មហាសាលចូលក្នុងផ្ទះ

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ទី២ ខែមីនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ ថ្ងៃនេះរាសីរបស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះលោកអ្នកទំនងជាត្រូវប្រឈមនឹងការបោកប្រាស់ពីដៃគូពាណិជ្ជកម្ម និងមិត្តរួមការងារ។ ដូច្នេះសូមរៀបចំផែនការការងាររបស់អ្នក ធ្វើយ៉ាងណាបញ្ជៀងស្ថានភាពទ្វេរមុខ។ ហោរាណែនាំអ្នកមិនឲ្យធ្វើការសម្រេចចិត្ត ឬធ្វើការច្រើនក្នុងពេលតែមួយនោះទេ។ ក្រៅពីនេះសូមគិតគូរអំពីការធ្វើអំណោយទាន។​ ទោះបីជាយ៉ាងណាក៏ដោយ សូមព្យាយាមកុំសន្ទនាលើប្រធានបទផ្សេងៗ អ្នកគួរលះបង់ពេលវេលាមកធ្វើការវិញ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះកិច្ចការរបស់អ្នកហាក់ប្រទះនឹងភាពស្មុគ្រស្មាញច្រើន។ ចំពោះកិច្ចទំនាក់ទំនងជាមួយមនុស្សនៅក្នុងក្រុម ក៏ដូចជាថ្នាក់លើក៏មិនទាន់មានលទ្ធផលល្អដែរ។ សូមបដិសេធការរិះគន់ ឬបង្ហាញគំនិតរបស់អ្នកជ្រុសហួសហេតុ។ ក្រៅពីនេះអ្វីដែលអ្នកត្រូវធ្វើ គឺកុំបាក់ទឹកចិត្តចំពោះកិច្ចការងារដែលមិនទាន់ទទួលបានផល ឬទទួលបរាជ័យ អ្នកគួរចំណាយពេលបន្ថែមលើកិច្ចការនោះ។ សូមព្យាយាមរក្សាខ្លួន ជាពិសេសអារម្មណ៍របស់អ្នកឲ្យស្ថិតនៅក្នុងគ្រប់គ្រងល្អ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់លោកអ្នកដំណើរទៅដោយរលូន និងទទួលការគាំទ្រជាច្រើនពីមនុស្សនៅជុំវិញខ្លួន។ សូមលោកអ្នកព្យាយាមកាត់បន្ថយបន្ទុកការងារចោលខ្លះ ការងារដែលមិនសក្តិសមនឹងអ្នកគឺមិនគួរទទួលទេ។ ចំពោះលាភសំណាងមិនទាន់ស្ថិតក្នុងផ្លូវរបស់អ្នកឡើយ ប៉ុន្តែទាំងនេះជាហេតុការណ៍បណ្តោះអាសន្នប៉ុណ្ណោះ។ ក្រៅពីនេះសូមកុំជឿជាក់គេលឿនពេក ហើយក៏គួររក្សាការគិតរបស់អ្នក ដោយមិនត្រូវធ្វើការតាមអារម្មណ៍នោះទេ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការនានានឹងសម្រេចផលជាទីគាប់ប្រសើរក្រៃលែង។ ចំណែកពាក្យសំដី និងគំនិតរបស់អ្នកទទួលបានការគាំទ្រយ៉ាងខ្លាំង ដូច្នេះសូមរៀបចំ និងប្រតិបត្តិការងារយ៉ាងណាដើម្បីប្រមូលយកសំណាង និងភាពជោគជ័យនៅក្នុងពេលនេះ។ លោកអ្នកត្រូវចាប់ផ្តើមធ្វើការតាំងពីព្រឹក ហើយចំពោះកិច្ចការងារដែលអ្នកមិនប្រាកដ គឺត្រូវបើកកិច្ចពិភាក្សាភ្លាម ពីព្រោះក្រៅពីឳកាសជោគជ័យ លោកអ្នកក៏មានមនុស្សនៅជុំវិញខ្លួនចាំរំខាន និងឆក់យកឳកាសជោគជ័យនោះដែរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះសន្យាផ្តល់ជូនលោកអ្នកនូវលទ្ធផលវិជ្ជមាន និងជោគជ័យរាល់កិច្ចការងារដែលមានក្នុងដៃ ឬដែលបានគ្រោងទុក។ អ្នកមិនគួរមានការភ័យខ្លាចចំពោះការលំបាកដែលបានកើតឡើងនោះទេ ពីព្រោះសូម្បីតែហេតុការណ៍លំបាកបំផុតក៏អាចដោះស្រាយបានដែរ។ ថ្ងៃនេះលោកអ្នកមិនចាំបាច់ត្រូវប្រញាប់ប្រញាលក្នុងការសម្រេចចិត្តពេកនោះទេ គួរចំណាយពេលគិតឲ្យបានច្រើនបន្តិច ពីព្រោះអ្នកមានពេលវេលាគ្រប់គ្រាន់។ ក្រៅពីនេះ សូមរក្សាភាពសប្បុរសចំពោះមនុស្សដែលមានស្ថានភាពទាបជាងអ្នក ដើម្បីទទួលបានសេចក្តីសុខផ្លូវចិត្តដែលអ្នកកំពុងត្រូវការ។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់អ្នកនឹងអាចសម្រេចទៅបានដោយគ្មានអ្វីអាចមករំខានបានទេ។ ក្រៅពីនេះ មនុស្សដែលតែងសំឡឹងមើលអ្នកក្នុងក្រសែភ្នែកមិនល្អនឹងបោះបង់ការប៉ុនប៉ងរបស់គេ។ អ្វីដែលអ្នកគួរធ្វើបន្ថែមគឺពង្រឹងសមត្ថភាព និងការច្នៃប្រឌិតថ្មីៗសម្រាប់ការងារដែលអ្នកកំពុងដំណើរការ និងគម្រោងអនាគត។ ចំពោះទំនាក់ទំនងជាមួយមនុស្សក្នុងរង្វង់ការងារ គឺសូមប្រុងប្រយ័ត្ន កុំនិយាយស្តីច្រើនឥតប្រយោជន៍ ពីព្រោះលទ្ធភាពបង្ករជម្លោះ និងមិនយល់ពីគ្នាអាចនឹងកើតឡើង។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការលោកអ្នកនឹងសម្រេចទៅបានដោយជោគជ័យល្អណាស់។ ចំពោះការបណ្តាក់ទុនលើការងារធំតូច នឹងទទួលបានចំណេញច្រើន។ រាសីថ្ងៃនេះនឹងជួយអ្នកបញ្ជៀសផលរំខាន និងបញ្ហាតូចធំដែលនឹងអាចកើតជាយថាហេតុ ប៉ុន្តែសូមកុំព្យាយាមអនុវត្តការងារឲ្យបានអស់ កុំបន្សល់ទុកដល់ថ្ងៃស្អែកឡើយ។ ប្រសិនបើអ្នកមិនពេញចិត្តចំពោះកិច្ចការងារដែលកំពុងប្រតិបត្តិសព្វថ្ងៃ លោកអ្នកអាចបផ្លាស់ប្តូរបាន។ លោកអ្នកក៏មានអំណោយផលសម្រាប់កិច្ចពិភាក្សា និងទំនាក់ទំនងផងដែរ ដូច្នេះសូមកែប្រែរូបភាពខាងក្រៅរបស់អ្នកដើម្បីទទួលបានភាពទាក់ទាញបន្ថែម។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលច្រើនចំពោះការងារដែលមិនតម្រូវឲ្យមានការគិតពិចារណាច្រើន គឺត្រូវការកិច្ចប្រតិបត្តិការតែម្តង ប៉ុន្តែលោកអ្នកមិនអាចយឺតយ៉ាវបាននោះទេ គឺត្រូវបន្ថែមល្បឿនទើបជាការប្រសើរបំផុត។ សូមព្យាយាមកាត់បន្ថយការទទួលខុសត្រូវ ហើយច្រានចោលការងារដែលមិនសក្តិសមនឹងអ្នក។ ក្រៅពីនេះសូមមានចិត្តសណ្តោស អត់ធ្មត់ចំពោះមនុស្សនៅជុំវិញខ្លួន និងហេតុការណ៍នានាដែលអាចកើតមាន ពីព្រោះលោកអ្នកក៏អាចជួបនឹងបញ្ហាខ្វែងគំនិតគ្នាខ្លះនៅក្នុងថ្ងៃនេះ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើការងារគ្រប់យ៉ាងដោយភាពងាយស្រួល ហើយផលប្រយោជន៍ដែលកើតឡើងនឹងមានទំហំយ៉ាងធំផងដែរ។ ថ្ងៃនេះមានអំណោយផលខ្លាំងណាស់ចំពោះអ្នកប្រកបរបរពាណិជ្ជកម្ម ពីព្រោះផលចំណេញនឹងកើនឡើងទ្វេរដង។ ចំណែកដៃគូររបស់អ្នកនឹងជឿទុកចិត្តអ្នកយ៉ាងខ្លាំង។ ជាទូទៅ សូមបដិសេធការវាយតម្លៃកំរិតមុតមាំដាច់អហង្ការ​ បើមិនដូច្នេះលោកអ្នកនឹងខាតបង់លាភ ព្រមទាំងអាចជួបបញ្ហាជំនួសវិញ។ ក្រៅពីកិច្ចការងារផ្ទាល់ខ្លួន សូមលោកអ្នកចំណាយពេលវេលាខ្លះក្នុងកិច្ចការសហគមន៍ ពីព្រោះការងារ និងទំនាក់ទំនងនេះអាចជួយលើកស្ទួយការងារស្នូលរបស់អ្នក។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការល្អណាស់ ប៉ុន្តែសូមព្យាយាមធ្វើការទៅតាមគម្រោងផែនការដែលអ្នកបានរៀបចំរួចរាល់។ ការផ្លាស់ប្តូរ ឬទទួលយកការងារថ្មី ហាក់មិនទាន់អានទទួលបានស្ថេរភាព និងជោគជ័យឆ្លងតបទៅនឹងការបោះទុន ឬការប្រឹងប្រែងនោះទេ។ សម្រាប់ទំនាក់ទំនងនៅក្នុងក្រុមការងារ គួរពិនិត្យពិច្ច័យឲ្យបានវែងឆ្ងាយ ប្រយ័ត្នចាញ់បោកគេ។ ក្រៅពីនេះ លោកអ្នកនឹងទទួលបានភាពរីករាយ និងការកោតសរសើរចំពោះសមទ្ធិផលដែលអ្នកសម្រេចបាន។ ហើយក៏សូមយកចិត្តទុកដាក់ចំពោះសុភមង្គលផ្ទាល់ខ្លួន ធ្វើយ៉ាងណាកុំឲ្យធ្ងន់ម្ខាងៗ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ស្រុតចុះ។ នៅវេលានេះលោកអ្នកមិនទាន់អាចសម្រេចផែនការការងារតាមក្តីបំណងនោះឡើយ។ បញ្ហាតូចៗហាក់មករាំងស្ទះដំណើរការនៃភាពជោគជ័យរបស់អ្នក។ លោកអ្នកអាចកែប្រែស្ថានការណ៍មកជាធម្មតាវិញបាន ប្រសិនបើអ្នកគ្រប់គ្រងអារម្មណ៍ និងត្រូវសំឡឹងសង្កេតរាល់អ្វីដែលបានកើតឡើង។ ចំណាយពេលបន្ថែមដើម្បីគិត​ និងឆ្លើយតបទៅលើហេតុការណ៍នោះ។ បើទោះបីជាលោកអ្នកដឹងថា ហេតុការខ្លះមិនត្រឹមត្រូវក៏គួរជ្រើសរើសផ្លូវកណ្តាល ដោយមិនតបត គឺល្អប្រសើរជាង។ ក្រៅពីនេះ សូមលោកអ្នកគីតគូរពីបញ្ហាសុខភាពផង។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់អ្នកកំពុងដំណើរការទៅលើគន្លងដែលល្អប្រសើរខ្លាំងណាស់ ប៉ុន្តែការងារនេះក៏តម្រូវឲ្យអ្នកគូសវាសផែនការសកម្មភាព និងត្រូវប្រកាន់ការងារឲ្យបានខ្ជាប់ខ្ជួន ពិសេសទៅលើវិន័យ។ ថ្ងៃនេះលោកអ្នកអាចមានអារម្មណ៍រវើរវាយបន្តិច ដូច្នេះគួររៀនគ្រប់គ្រងអារម្មណ៍ឲ្យបាន។ ចំពោះការងារដែលតម្រូវដល់ការសម្រេចចិត្ត គួរតែគិតគូរឲ្យបានច្រើនដង ហើយប្រសិនបើអ្នកមិនច្បាស់ក្នុងចិត្តទេ កុំសាកល្បងឲ្យសោះ។ ចំពោះទំនាក់ទំនងរវាងមនុស្សនៅជុំវិញខ្លួន គួរធ្វើឡើងស្ថិតនៅក្នុងកំរិតមួយដែលមិនពាក់ព័ន្ធជ្រៅទៅក្នុងបញ្ហាការងារ និងជីវិតផ្ទាល់ខ្លួន ពីព្រោះទំនាក់ទំនងនោះមិនមានភាពច្បាស់លាស់ទេ។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,500SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!