(១. រកមិនជួប)
…ថ្ងៃរសៀលម៉ៀង៤។ ម៉ាស៊ីនស្រូវតូចមួយនៅខាងកើតផ្លូវទៅភូមិគរ កំពង់រត់ញាប់រន្ថាន់។ នៅខាងលិចផ្លូវចំមុខម៉ាស៊ីននេះ រំលងផ្ទះមួយខ្នងធំ មានផ្ទះតៀបមួយ។ ផ្ទះនេះមានប្រវែង១០ម ទទឹង៥ម បែងចែកជាពីរល្វែង។ នៅខាងក្រោមល្វែងរបស់អ្នកស្រែពីរគ្រួៈ ពូព្រឿង និងបងហម។
ពូព្រឿងចំណាស់ជាប់៥០ឆ្នាំ។ គាត់នៅល្វែងខាងត្បូង ភ្នែកគាត់ឈឺមើលអ្វីមិនបានឆ្ងាយ។ រោគស្ពឹកបានរោមរឹតគាត់ ឃាត់គាត់មិនឲ្យដើររកស៊ីក្រៅផ្ទះ។ គាត់នៅចាំផ្ទះមើលតែកូនតូចៗ។ តែគាត់មិនមែនជាអ្នកទំរុនដេកស្ងៀមឡើយ។ នៅផ្ទះ គាត់ឈ្លាតត្រដដាំអំពៅ ដាំស្លឹកគ្រៃ ដំឡូងឈើ ចិញ្ចឹមកូនជ្រូកពីរដំប និងមាន់បួនដប់សំបុក…
បងហមមានអាយុ៤០ឆ្នាំ។ គាត់មានមាឌធំដំបង គាត់ជាទាហានជើងក្រហមចាស់ គាត់បានឈប់ធ្វើទាហានតាំងពីឆ្នាំ១៩៤០។ មិត្តភក្តិដែលធ្វើទាហានជាមួយគាត់ច្រើននាក់ ក្រោយពីចេញពីធ្វើទាហាន បានធ្វើភ្នាក់ងាររាជការ។ ខ្លះបានធ្វើថីពេទ្យ ខ្លះបានធ្វើថីមេព្រៃ ខ្លះទៀតបានធ្វើស្មៀន…។ ឯចំណែកបងហម គាត់បានធ្វើកូននាម៉ឺនតូចក្នុងត្រាវ៉ូដែរ គាត់ធ្វើកាប៉ូរ៉ាលត្រួតថ្នល់គរពាមក្បែរផ្ទះគាត់នេះ។ ជាប់ជិត៥ឆ្នាំហើយ គាត់បានឈប់ធ្វើជានាម៉ឺន ព្រោះគាត់បានប្រកែកនឹងមេការបារាំង ដែលបានបន្ទោសគាត់មិនសមហេតុមិនសមផល។ កាលនៅពេលទាមទារតស៊ូ ដេញបារាំង បងហម បានធ្វើជាជីវពល។ គាត់ធ្លាប់បានធ្វើជាទាហានជើងក្រហម គាត់ក៏បានឆាប់ចេះមួយពីរ ឆ្វេងស្តាំ ត្រលប់មុខ បែរក្រោយមុខអ្នកភូមិ ដូចនេះគាត់ក៏ត្រូវតាំងជាមេកងជីវពល។ ក្នុងខណៈនោះ ដូចអ្នកភូមិគាត់ភាគច្រើនគាត់បានខ្ចីលុយគេកាត់ខោអាវគគីស្បែកជើងឃ្លុប និងទិញកាំភ្លើងឈើមួយ។ ស្រុកបានសន្តិភាព គាត់ក៏បានច្បាប់ទទួលកាន់កាំភ្លើងមួយពីសាលាស្រុក ដើម្បីការពារភូមិគាត់។ អ្នកសនប្រពន្ធគាត់ ជានារីមួយរូបឆ្នើមក្នុងការរកស៊ី។ ក្រៅពីធ្វើស្រែ គាត់បានឆ្លៀតលក់ទៀត។ រាល់ព្រឹកគាត់ក្រោកពីមាន់រងៀវ ផ្ទុកអង្ករដាក់ឡានយកទៅលក់ឯចំការទល់ពេលត្រង់ជាក់បានមកផ្ទះវិញ។ រាល់រសៀលម៉ោង២ គាត់ទៅអុំស្ទៃអង្ករនៅម៉ាស៊ីនស្រូវខាងកើតថ្នល់ទល់ព្រលប់ មើលគ្នាមិនស្គាល់បានមកផ្ទះ។
ថ្ងៃនេះនៅពេលម៉ោង៤ជាង ម៉ាស៊ីនកំពុងតែដើរញាប់ហើយ អ្នកសន កំពុងតែញើសជោកអុំស្ទៃប្រមូលអង្ករ មីកូនបងពូព្រឿង បានរត់ទៅដល់ស្រែហៅថា…មីងសនៗមានគេរកនៅផ្ទះ។
អ្នកណាឲ្យហៅ ហង “អ្នកសន បានសួរ”
ខ្ញុំមិនស្គាល់ទេ ឪខ្ញុំឲ្យហៅ ឆាប់ មក ទៅ
អ្នកសនបានខំបបោសជជុះកន្ទក់ និងអង្កាមចេញពីខ្លួនរួចកាលណា ក៏ខំដើរយ៉ាងញាប់ទៅផ្ទះគាត់។ ដល់ផ្ទះគាត់មនុស្សពីរនាក់ ប្រដាប់សំលៀកបំពាក់ប៉ូលីស និងពូព្រឿងដៃមួយខ្ទប់ភ្នែកបានឈរនៅជាមួយ។ ឃើញអ្នកសនទៅជិតដល់ប៉ូលីសម្នាក់កេះថីដោយជំរាបថាៈ
ប្រពន្ធអាហមដល់ហើយ។
អ្នកសនក៏បានសួរទៅភ្នាក់ងារប៉ូលីស ដែលនិយាយនោះថា
លោកបង មុយ ឯងអញ្ជើញរកអ្វី
លោកចៅហ្វាយឲ្យមកហៅអាហម
ប្តីខ្ញុំគាត់មិនៅទេ មានការអ្វីរកគាត់
ឃើញទេ មុយឯង គ្រាន់តែនាំខ្លួនវាពីព្រឹកមិញជាមួយកាំភ្លើងទៅមិនបានទេទាល់គេចបាត់ បានមករក។ …លោកចៅហ្វាយកិនងាប់ហើ អញមិនដឹងទេថីដោយបានកិន។
លោកស្មៀន ហ៊ុន បានប្រើខ្ញុំឲ្យមកហូតកាំភ្លើង។ ខ្ញុំហូតយកទៅដល់សាលាស្រុកបានលោកថា ឲ្យនាំអាហមទៅមិនមែនខុសពីខ្ញុំទេ។ ថីដោយបានចោលភ្នែកទៅ…លើតុពោរពេញទៅដោយកាសែតប្រជាធិបតេយ្យសាមគ្គី…ក៏លាន់មាត់ថា។
មើលកាសែតម្លឹងៗបានជាពូកែដោះស្រាយណាស់
ខ្ញុំបានមកដាស់តឿនពន្យល់វាពីរបីលើកដែរ ប៉ូលីសមុយបានឆ្លើយ។ វាត្រលប់ជាកិនខ្ញុំវិញ។ វាថាកុំឲ្យខ្ញុំល្ងើពកថ្ងាស កាន់ក្បួនប៉ូលីស ទាហានបារាំងដើរសំឡុតផឹកស្រាមិនឲ្យលុយគេទៀត។ វាថាវាដឹងខ្លួនហើយ។ វាពន្យល់ខ្ញុំថាអាមេរិកកាំងមេបង្កើតម៉ាស៊ីនស្រូវធំស្រុកយើងនេះខូចណាស់ចង់អូសទាញខ្មែរឲ្យខ្ញុំវាទៀត។
បើដឹងដូចនេះហេតុអ្វីក៏ប៉ូលិសមុយឯងមិនប្តឹងថីដោយកិន។
ដឹងឯងម៉េចបាន។ បើលោកចៅហ្វាយជាប់ដៃជាមួយវា។ វាគរ ក៏ហៅវាទៅដែរ ហើយបែបផ្អែកលើវាជាងខ្ញុំ។
លោកចៅហ្វាយណា
លោកមុន
ឈប់ជជែក យើងត្រូវរកហម។ ថីដោយបានឃាត់រួច បើកភ្នែកមើលមុខអ្នកសន ដោយសួរពាក្យធំៗថាៈ
ប្តីទៅណាប្រាប់មកកុំលាក់
ខ្ញុំមិនដឹងទេ ខ្ញុំមកពីលក់អង្ករវិញមិនឃើញគាត់
ក្រែងពួនក្រោមផ្ទះបាយទេ បើដូចនេះខ្ញុំចូល ថាចប់ថីដោយបានដើរចូលកាត់ផ្ទះទៅក្រោយ បើកវាំងនន ឈ្ងោកមើលក្រោមគ្រែមិនឃើញ ហួសទៅផ្ទះបាយ រួចមកត្រឡប់កាត់ល្វែងពូព្រឿង ឈ្ងោកមើលគៀនៗទៀត។
ប៉ូលិសមុយ និងថីដោយ បានឈ្ងោកមើលគ្រប់មិនឃើញ ក៏បបួលគ្នាចេញទៅវិញ។ អ្នកផ្ទះជិតខាងបានផ្អើលមើលឈូឆរ ឯចំណែកឆ្កែក៏បានព្រុសសន្ធាប់យ៉ាងខ្លាំងដេញពីក្រោយ។
(២. ខ្សិបខ្សួល)
បន្ទាប់ពីប៉ូលិសទៅភ្លាម អ្នកស្រុកដែលបានឃើញព្រឹត្តិការណ៍នេះ បាននិយាយខ្សឹបប្រាប់គ្នាថាៈ គេរកចាប់ៗៗៗ…។
ដំណឹងនេះបានចូលទៅដល់ម៉ាស៊ីនស្រូវមួយរំពេច។ អ្នកធ្វើការនៅម៉ាស៊ីនបានស្រឡាំងកាំងគ្រប់គ្នាលាន់មាត់ស្តីថាៈ
គាត់មានរឿងអ្វី?
ម៉េចគេចាប់បានគាត់ឬនៅ?
អញបានហាមញឹកថាកុំឲ្យចេញមុខមាត់ពេក វាមិនស្តាប់អញសោះ ទាន់តែអីចឹង…។
នាសុនក្មួយបងហម និយាយដាច់ថាៈ គេរក…គេរក…គេរកចាប់ពូមែន
ប៉ូលិសមុយ និងថីដោយ មករកចាប់ទើបតែចេញផុតទៅវិញ ពូព្រឿងបានប្រាប់ពូមានរឿងអ្វី?
នៅតែមិនដឹងទៀតហងហែង ពូព្រឿងបានឆ្លើយបណ្តើរ ដើរទៅល្វែងកាត់បណ្តើរ។
ពូហមគ្មានរឿងអ្វីពីនយោបាយទេ។ ពូហមវាមិនទៅលួចប្លន់កាប់នរណាឡើយ។
ស្រីទាំងពីរនាក់នៅឈឹងគ្មានចេញស្តី មុខខ្មៅអែរ។
អ្នកសនអង្គុយលើគ្រែជាប់ជញ្ជាំងកណ្តាល។ គាត់មើលរូបថតបងហម ព្យួរនៅជញ្ជាំងក្បែរនោះ។ នាងសុន ទឹកភ្នែកហូររហាម ញ័រដៃទទ្រើតបានហូតធូបបីសរសៃអុជរួចយកទៅដោតក្បែរកញ្ចក់ព្រះពុទ្ធរូប។ នាងនិយាយជីបអូចៗថាៈ
សូមលោកយាយចាស់ស្រុកជួយខ្ញុំជួយខ្ញុំផង…សូមកុំឲ្យគេចាប់គាត់បាន…ឃើញស្រីៗយំព្រួយដូចនេះពូព្រឿងក៏បានត្រឡប់ចេញពីល្វែងផ្ទះគាត់ ហើយដើរចូលមកអង្គុយលើគ្រែជិតអ្នកសន។ គាត់និយាយថាៈ
មិនដឹងជាព្រួយខ្មោចអីទេ ក្រហមវាមិនស្លាប់ទេ។
ខ្មាសគេណាស់ពូជខ្ញុំមិនដែលជាប់គុកទេ “នាងសុននិយាយរអាក់រអួលទាំងទឹកភ្នែក”
អញមិនគិតពីពូជទេ តែអាណិតស្តាយពូហមណាស់។ តាំងពីប្រសព្វគ្នាមក ពូហមមិនដែលល្អនឹងអញដូចឆ្នាំនេះទេ។ កាលឆ្នាំមុនៗ ផ្តេសផ្តាសដើរតែស៊ីផឹក។ តាំងពីឈប់ធ្វើការមកគិតតែពីអាវ៉ាសែ បន្តិចតាមលោកនេះ បន្តិចមានស្រីជាមួយលោកនោះ កន្លះខែបានអើតផ្ទះម្តង…។ តែតាំងពីបងសែមភូមិឯជើងមកលេងផ្ទះញឹក មាហងបានប្រែឈប់ទៅកំពង់ បានឃ្លាតឆ្ងាយពីអស់លោកខ្លះ…។ អញឃើញគាត់បានមើលសៀវភៅតូចៗ ហើយចេះគិតប្រពន្ធកូន ផ្ទះសំបែង…។ គាត់ចេះជួយរកស៊ីយើង។ ពេលព្រឹកៗ គាត់មានឆ្លៀតទៅជួយលើកអង្ករយើងទៀត។
ពូចំលែកមែន។ គាត់កែប្រែច្រើនឥឡូវ “នាងសុនកាត់” គាត់បានដាស់តឿនយើងឲ្យរៀនអក្សរ។
ក្តារខៀននៅជញ្ជាំងខាងជើងនេះ គាត់បានខំឈូសធ្វើជាមួយបងសែមពីរអាទិត្យមុន គាត់គិតពឹងអ្នក ប្រពន្ធលោកគ្រូវាតឲ្យមកបង្រៀនស្រីៗនៅភូមិយើងនេះ។ មីក្សុន ឯងបានចេះមើលរួចខ្លះ ក៏ដោយសារតែពីមាហងដែរ។
ឥឡូវខ្ញុំចេញកត់ត្រាបញ្ជីអង្ករចេញចូលខ្លះបានហើយ ខ្ញុំបានមើលកាសែតដាច់ខ្លះ ហើយបានដឹងរឿងរ៉ាវស្រុកទេសខ្លះ។
មនុស្សល្អ មនុស្សគូរឲ្យមកបង្រៀនស្រីៗនៅភូមិយើងនេះ។ មីក្សុន ឯងបានចេះមើលរួចខ្លះ ក៏ដោយសារតែពីមាហងដែរ។
ឥឡូវខ្ញុំចេញកត់ត្រាបញ្ជីអង្ករចេញចូលខ្លះបានហើយ ខ្ញុំបានមើលកាសែតដាច់ខ្លះ ហើយបានដឹងរឿងរ៉ាវស្រុកទេសខ្លះ។
មនុស្សល្អ មនុស្សគួរឲ្យស្រឡាញ់ បែរជាមានរឿងទៅវិញ អ្នកសនបានខ្សឹកខ្សួល។ កាលខិល កាលផឹក កាលមានស្រីជាមួយលោកនេះលោកនោះបាត់ៗពីផ្ទះទៅកំពង់ គ្មាននរណាជួយប្រដៅឡើយ…។ ស្រវឹងទាស់វាយពូហេងនៅផ្លូវបំបែកក៏ប៉ូលិសមុយមិនរវល់ មានតែចាក់ស្រែថែម មានតែបបួលទៅកំពង់។ នេះបានចំ…។ ឃើញប្តីឯងគ្រាន់បើ ជួយធ្វើការឯងគាត់មកពង្រាត់យកពីឯងទៅ។
ស្រុកគេអីចេះទេលោកអើយ ខ្ញុំមិនដែលឃើញទេ អញចង់តែស្រែកឲ្យបែកភូមិឥឡូវ…។
កុំខ្សឹកខ្សួលច្រើនពេកសនអើយ។ ពូព្រឿងបានទូន្មាន។ ណ្ហើយកុំយំស្រែកច្រើនពេកល្មមរកដាំបាយស៊ីទៅយប់ហើយ។
ថារួចគាត់ក៏ចេញទៅផ្ទះគាត់ ឯចំណែកអ្នកសនទៅអង្គុយនឹងកន្លែងដដែល។
មួយសន្ទុះក្រោយមក គាត់ក៏បានដើរចូលទៅក្រោយ។ នាងសុនប្រញាប់ប្រញាលបានត្រឡប់ទៅយកល្អីកញ្ច្រែងពីម៉ាស៊ីនវិញ…។
(សូមរងចាំតាមដាន រឿង គ្រូបង្រៀនស្រុកស្រែ ភាគទី២ នៅសប្តាហ៍ក្រោយ)
រៀបរៀងដោយ៖ កញ្ញា មាស សុភាព