ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ទី៨ ខែមីនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១០រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះសូមមានការប្រុងប្រយ័ត្ន និងអត់ធ្មត់ជាទីបំផុត។ លោកអ្នកអាចនឹងត្រូវគេបញ្ចុះបញ្ចូល ហើយសម្រាប់ការធ្វើទំនាក់ទំនងជាមួយអ្នកធំ ឬមនុស្សថ្នាក់លើត្រូវការពារយ៉ាងណាកុំពាក់ព័ន្ធនឹងបញ្ហារសើប។ ថ្ងៃនេះបើលោកអ្នកព្យាយាមឲ្យកាន់តែខ្លាំងនោះ អ្នកនឹងអាចកែប្រែស្ថានភាពសេដ្ឋកិច្ចដែលយ៉ាប់យឺនឲ្យមកល្អវិញបាន។ លោកអ្នកអាចនឹងជំនះរាល់ឧបស័គ្គដោយងាយ ប្រសិនបើអ្នកមិនប្រកាន់របៀបរបប ឬក្រឹតក្រមខ្លាំងពេកនោះ។ សូមចងចាំថា អ្វីដែលអ្នកគួរធ្វើជានិច្ចនៅក្នុងថ្ងៃនេះ គឺការពង្រឹងកិច្ចការទូត។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះទាមទារឲ្យលោកអ្នកប្រុងប្រយ័ត្ន ជាពិសេសប្រសិនបើអ្នកសម្រេចចិត្តផ្លាស់ប្តូរការងារ ពីព្រោះលោកអ្នកមានឳកាសខ្ពស់ពាក់ព័ន្ធនឹងភាពអន្តរាយផ្នែកហិរញ្ញវត្ថុ និងអាជីព។ ក្រៅពីនេះ លោកអ្នកមិនគួរធ្វើការឲ្យហួសពីកំរឹតនោះឡើយ បើទោះជាលោកអ្នកមានសក្កានុពលគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅលើស្ថានភាពការងារក្តី។ ដូច្នេះសូមកុំមើលងាយស្ថានការឲ្យសោះ គឺត្រូវតែបោះបង់ ឬផ្អាកការងារសិនប្រសិនបើអ្នករកឃើញថាអស់កំលាំង។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះសកម្មភាពសកម្មភាពដោយឯកឯងអាចប្រឈមទៅនឹងភាពគ្រោះថ្នាក់ ឬខាត់បង់ធំ ដូច្នេះសូមព្យាយាមធ្វើការជាក្រុម ឬជិតស្និទ្ធជាមួយដៃគូទើបជាការប្រសើរ។ ម្យ៉ាងទៀតសូមលោកអ្នកធ្វើការសម្រេចចិត្តដោយផ្អែកលើភាពពិត មិនមែនធ្វើតាមអារម្មណ៍នោះទេ។ ថ្ងៃនេះលោកអ្នកហាក់បាក់ទឹកចិត្ត និងហាក់គ្មានជំនឿចិត្តចំពោះមនុស្សនៅជុំវិញខ្លួន ទោះបីអារម្មណ៍នេះកើតឡើងដោយយោងទៅលើហេតុផលខ្លះៗក្តី សូមកុំគិតពីអតីតខ្លាំងពេក ជ្រើសរើសមនុស្សដែលគួរឲ្យទុកចិត្តដើម្បីពិភាក្សាដោះស្រាយបញ្ហា។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកទាមទារការទទួលខុសត្រូវខ្ពស់ ពិសេសត្រូវគោរពគោលការណ៍នៃអ្នកដឹកនាំជានិច្ច។ សូមបំពេញកាតព្វកិច្ចផ្លូវការ ដោយយកចិត្តទុកដាក់ ព្រោះនោះជាមធ្យោបាយនៃភាពជោគជ័យរបស់អ្នក។ ក្រៅពីនេះ សូមបង្ហាញភាពរួសរាយរាក់ទាក់ឲ្យបានច្រើន ហើយបញ្ហាដែលមិនបានការ គួរកុំចំណាយពេលវេលាទៅពាក់ព័ន្ធឡើយ។ សូមព្យាយាមរក្សាអាកប្បកិរិយាវិជ្ជមាន ទោះបីជាមានកាលទេសណាក៏ដោយ ពីព្រោះវិធីនេះអាចជួយដោះស្រាយបញ្ហាស្មុគ្រស្មាញបានយ៉ាងមានប្រសិទ្ធភាព។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរទៅជាធម្មតា និងគ្មានអ្វីមករំខានឡើយ។ ប៉ុន្តែសូមលោកអ្នករក្សាចិត្តថ្លើម អត់ធ្មត់ឲ្យបានច្រើន។ ក្រៅពីនេះសូមកុំចុះចាញ់ ឬមានចិត្តអស់សង្ឃឹម។ លោកអ្នករដ្ឋការក៏អាចនឹងជួបប្រទះបញ្ហាតូចតាចប៉ុន្តែវាមិនគំរាមកំហែងដល់សកម្មភាពវិជ្ជាជីវៈរបស់អ្នកឡើយ។ ចំពោះទំនាក់ទំនងជាមួយមនុស្សក្នុងរង្វង់ការងារ គឺត្រូវយកចិត្តទុកដាក់ជាទីបំផុត។ បើលោកអ្នកជួបប្រទះបញ្ហារបស់អ្នកដទៃ ត្រូវចាំថា មិនត្រូវពាក់ព័ន្ធដាច់ខាត បើមិនដូច្នេះលោកអ្នកអាចជួបគ្រោះ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនានារបស់អ្នកអាចនឹងសម្រេចបានផលប្រយោជន៍យ៉ាងល្អប្រសើរណាស់។ ប៉ុន្តែហោរាផ្តល់អនុសាសន៍ឲ្យលោកអ្នកបដិសេធអារម្មណ៍ឆេវឆាវ និងការបញ្ចេញមតិយោបល់ដែលនាំឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់អ្នកដទៃ។ ពេលនេះដែរ ប្រហែលជាមិត្តរួមការងាររបស់អ្នកមិនចែកភាពស្មោះត្រង់នឹងអ្នកឡើយ ប៉ុន្តែនេះមិនមែនជាហេតុផលធ្វើឲ្យក្លាយទៅរឿងអាស្រូវរំខានផ្លូវចិត្តរបស់អ្នកឡើយ។ ដោយឡែកថ្ងៃនេះផ្តល់នូវភាពឆ្លាតវៃ និងរហ័សរហួនខ្លាំងណាស់ ហើយភាគច្រើនអ្នកអាចកំណត់ចំណុចខ្សោយក្នុងការងារបានភ្លាមៗ នឹងរកមធ្យោបាយដើម្បីកែកំហុស។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងារ និងមុខរបររកស៊ីជួញដូរនឹងទទួលបានផ្លែផ្កាយ៉ាងច្រើនអនេក។ ប៉ុន្តែលោកអ្នកក៏ត្រូវព្យាយាមប្រុងប្រយ័ត្នជាពិសេស ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ ឬសម្រេចចិត្តបណ្តាក់ទុនធំដុំជាមួយមនុស្សដែលអ្នកមិនសូវស្គាល់សាវតាគេច្បាស់។ ម្យ៉ាងទៀតសម្រាប់ការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នកក្នុងពេលនេះ គឺមិនត្រូវដោះស្រាយវាក្នុងពេលតែមួយនោះទេ អ្វីៗទាមទារភាពច្បាស់លាស់ប្រាកដប្រជា។ ចំពោះបញ្ហានានា សូមកុំមានក្តីបារម្ភអ្វីសោះឡើយ ពីព្រោះលោកអ្នកទទួលបានអំណោយផលនៃភាពរហ័រហូន និងឆ្លាតវៃ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកដំណើរការទៅដោយរលូន និងឳកាសនៃភាពរីកចម្រើនខ្លាំងក៏កំពុងធ្វើដំណើរមកស្របនឹងគន្លងផ្លូវដែលអ្នកកំពុងដើរផងដែរ។ ថ្ងៃនេះសូមមានការប្រុងប្រយ័ត្នចំពោះការងារណាដែលពាក់ព័ន្ធនឹងឯកសារ គូរពិនិត្យឲ្យបានត្រឹមត្រូវ និងម៉ត់ចត់មុននឹងអនុម័ត ពីព្រោះកំហុសអាចនឹងកើតមាន។ ក្រៅពីនេះ សូមកុំព្យាយាមធ្វើឲ្យមនុស្សរួមការងារ និងដៃគូរបស់អ្នកមានភាពភ្ញាក់ផ្អើលជាមួយនឹងការប្រតិបត្តិរបស់អ្នក គូរដំណើរការងារធម្មតា តាមកាលវិភាគ និងគម្រោងទៅបានហើយ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាល់កិច្ចការងារនានាព្យាករណ៍ថានឹងទទួលបានភាពវិជ្ជមានទាំងអស់ ហើយភាពវិជ្ជមាននេះនឹងផ្តល់ភាពរឹងមាំទៅដល់អនាគតនៃអាជីពរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ កុំរងចាំឡើយ ចូរបំពេញរាល់បំណងប្រាថ្នាទាំងអស់ដោយអត់ធ្មត់ក្នុងពេលនេះ។ ដោយឡែក អ្នកនឹងអាចកំណត់ចំណុចខ្សោយក្នុងការងាររបស់អ្នកភ្លាមៗ ហើយនឹងអាចរកដំណោះស្រាយបានដោយងាយស្រួល។ ក្នុងពេលនេះអ្នកក៏គួរគិតគូរឡើងវិញដល់ភាពទាក់ទាញពីរូបរាងខាងក្រៅផងដែរ ពីព្រោះភាពស្រស់ស្អាតស្រស់បស់នឹងជួយឲ្យការងាររបស់អ្នកមានភាពងាយស្រួល។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបំពេញការងារ និងដំណើរការងាររកស៊ីបានយ៉ាងល្អ។ ចំពោះបញ្ហាតូចតាចមួយចំនួនដែលនឹងអាចកើតមានឡើង គឺមិនគូរធ្វើឲ្យប៉ះពាល់ដល់ភាពជោគជ័យរបស់អ្នកឡើយ សូមព្យាយាមកំរិតភាពវិជ្ជមាន និងអវិជ្ជមានឲ្យបានត្រឹមត្រូវ ពីព្រោះរាសីថ្ងៃនេះសន្យាផ្តល់ដល់អ្នកនូវភាពជោគជ័យជាទីគាប់ចិត្ត។ លោកអ្នកមានព្រឹត្តិការណ៍រីករាយជាច្រើននៅខាងមុខ ដូច្នេះសូមព្យាយាមជានិច្ច កុំបាក់ទឹកចិត្តឲ្យសោះ។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលដែលមានអំណោយផលយ៉ាងខ្លាំងចំពោះរាល់ជំនាញវិជ្ជាជីវទាំងឡាយ។ លោកអ្នកនឹងមិនប្រទះបញ្ហាអ្វីសោះឡើយ ប៉ុន្តែបែជាទទួលបានអារម្មណ៍រីករាយដ៏អស្ចារ្យជំនួសទៅវិញ។ ថ្ងៃនេះលោកអ្នកនឹងអាចសម្រេចការងារដែលសេសសល់ពីមុន ឬដែលកំពុងរងចាំដំណឹងជាយូរមកហើយ។ ជាពិសេសនៅពេលល្ងាច ក្នុងពេលបញ្ចប់ការងារលោកអ្នកអាចនឹងទទួលបានដំណឹងដ៏រីករាយទាក់ទងនឹងលាភសក្ការ ឬតំណែងការងារ។ អ្វីតែមួយដែលអ្នកត្រូវការពេលនេះ គឺរក្សាអាកប្បកិរិយា។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបររបស់អ្នកស្ថិតក្នុងសភាពហ្នឹងហ្ន ក៏ប៉ុន្តែវាដល់ពេលដែលអ្នកត្រូវពិនិត្យកែលម្អគម្រោងការងារនោះជាថ្មី។ ប្រសិនបើលោកអ្នកសំឡឹងឃើញការងារថ្មី ឬឳកាសទទួលបានផលលាភធំ គឺត្រូវរហ័សរហួន ប៉ុន្តែត្រូវព្យាយាមយល់ដឹងពីស្ថានភាពនោះឲ្យបានល្អជាមុន។ ដោយឡែកមតិរិះគន់ ពាក្យសំដីគ្មានប្រយោជន៍មិនគូរនិយាយនោះទេ ពីព្រោះលោកអ្នកមានមនុស្សចាំមើលបំណាំនៅឡើយ។ ភាពខ្វះចន្លោះអាចបណ្តាលឲ្យអ្នកមានបញ្ហាធំ។ វិធីល្អ គឺប្រុងប្រយ័ត្ន និងរស់នៅស្ងប់ស្ងៀម។
រៀបរៀងដោយ៖ កញ្ញា មាស សុភាប