ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាឈ្វែងយល់ខ្លះៗអំពីការស្រាវជ្រាវកុលាលភាជន៌ខ្មែរនាសម័យអង្គរ

ឈ្វែងយល់ខ្លះៗអំពីការស្រាវជ្រាវកុលាលភាជន៌ខ្មែរនាសម័យអង្គរ

“The research of Khmer ceramic in the Angkorian period”, the evidence of ceramic use at least dated to 10 000 years before present in Mesopotamia and Jomong culture. Soon after, it spread all over the world including Southeast Asia. For Cambodia, the presence of ceramic appeared in Laang Spean and Samrong Sen pre-history sites of about 4000 BC. Continuously, different types of ceramics have been found. However, even until the pre-Angkorian period the workshop and technique of ceramic making are uncertain. In contrast, there are many kiln sites in the Angkorian period have been found. Therefore, it is vital to understand where the ceramic workshop of the Angkorian period existed? 

The ceramic workshop firstly found by a French scholar, Etienne Aymonier in 1881 on the top of Kulen Mountain. However, the study and classification started by George Groslier. In contrast, the archaeological study started in 1995 and later on, there were many scholars taken part. Accordingly, more ceramic workshops at Kulen Mountain have been found and informed such as Tani, Sasei, Khnapo and Bangkong.

Furthermore, the ceramic workshops of the Angkorian period were not only accumulated on and surrounding Kulen mountain, but also along highways and other important locations. For instance, From Beng Mealea to Preah Khan Kampong Svay, From Angkor to Phimai, around the areas of Prasat Tap Jaya, Chong Samrong, Chob Romdeng, and Kok Treas. Importantly, some workshops also found in Angkor Thom and Koh Ker. 

តើអ្វីជាកុលាលភាជន៍?

យើងតែងហៅជាពាក្យសាមញ្ញចំពោះវត្ថុមួយចំនួន ដែលប្រើប្រាស់សម្រាប់ដាក់គ្រឿងបរិភោគនិងអាហារ ឬក៏ចំណីដែលរក្សាទុកបានយូរ ពិសេសនោះ គឺសម្រាប់ការចម្អិនផ្សេងៗ ឧទាហរណ៌ ដូចជាចាន ឆ្នាំង​ ក្អម ពាង ក្រឡជាដើម។ ជារួមមានពាក្យមួយដែលមានអត្ថន័យ ហើយយើងអាចក្តោបយកពាក្យទាំងនោះជារួមបាន គឺពាក្យ ភាជន៍ ឬកុលាលភាជន៍។ ពាក្យ ភាជន៍ ជាភាសាសំស្ក្រឹត សំដៅលើវត្ថុដែលអាចផ្ទុកវត្ថុអ្វីមួយបាន មិនចំពោះតែវត្ថុធ្វើពីដីដុតទេ គឺរាប់ទាំងវត្ថុធ្វើពីលោហធាតុ​ ឬសមាសធាតុផ្សេងផងដែរ។ ចំណែកពាក្យ កុលាលភាជន៍ គឺសំដៅលើវត្ថុ ដូចជាក្អម ឆ្នាំង ចាន ក្រឡ ឬពាងជាដើម គឺធ្វើអំពីដីឥដ្ឋដុត ក្នុងកំដៅទាបឬខ្ពស់។ ដូចនេះ កុលាលភាជន៍មានន័យថា ភាជន៍ធ្វើអំពីដីឥដ្ឋដុត រួមមាន ចាន ឆ្នាំង ក្អម ក្រឡ កន្ទិន(ឪទិន) ពាង ផើង ពែង ខួច កោដ្ឋ ជាដើម។ សម្រាប់អ្នកបុរាណវិទ្យា ឥដ្ឋនិងក្បឿងក៏ត្រូវបានរាប់បញ្ចូលថា ជាប្រភេទភាជន៍ដែរ តែជាវត្ថុក្នុងសំណង់ស្ថាបត្យកម្ម (Architectural Ceramics)។

ការធ្វើភាជន៍មានវត្តមាននៅលើផែនដីនេះ គឺយ៉ាងហោចណាស់ក៏មានអាយុជិត ១០០០០ឆ្នាំមុនបច្ចុប្បន្ននេះទៅទៀត ពិសេសនៅតំបន់មេហ្សូប៉ូតាមី និងវប្បធម៌ជូម៉ុង​។​ វប្បធម៌នេះបានសាយភាយពាសពេញពិភពលោក ក្នុងសម័យបុរេប្រវត្តិសាស្ត្រ ហើយក្នុងតំបន់អាស៊ីអាគ្នេយ៍ យ៉ាងហោចណាស់ក៏មានវត្តមានចាប់ពីសម័យថ្មរំលីងផងដែរ។ នៅកម្ពុជា ស្ថានីយល្អាងស្ពាន បង្ហាញពីវប្បធម៌សម័យថ្មរំលីងដែលមានវត្តមានភាជន៍ធ្វើអំពីដីដុត អាយុកាលប្រហែល៤០០០ឆ្នាំមុនគ្រឹស្គសករាជ។ នៅស្ថានីយសំរោងសែនក៏មានវត្ថុជាភាជន៍ដែលមានអាយុកាលប្រហែល ៤០០០ឆ្នាំ មុនគ្រឹស្គសករាជ។ រហូតមកដល់សម័យដែក ដូចជាស្ថានីយវត្តគំនូរ និងភ្នំបូរី នៅស្រុកអង្គរបូរី ស្ថានីយភូមិស្នាយ និងក្រសាំងថ្មីនៅស្រុកព្រះនេត្រព្រះ ស្ថានីយព្រៃក្មេង និងបក្សីចាំក្រុង សុទ្ធតែមានវត្ថមានភាជន៍ធ្វើអំពីដីដុតយ៉ាងច្រើនបែប។ មកដល់សម័យប្រវត្តិសាស្ត្រ ពិសេសមុនអង្គរ ការផលិតភាជន៍នៅតែមានបន្ត តែអ្វីដែលយើងពិបាកនិងសន្និដ្ឋាននោះ គឺទីកន្លែងផលិត និងបច្ចេកទេសធ្វើនិងដុតភាជន៌ទាំងនោះ។ រហូតដល់សម័យអង្គរ ពិសេសគឺពេលវេលានៃរបត់សង្គមនាដើមសម័យនេះ ការផ្លាស់ប្តូរលើវិស័យផ្សេងៗក៏កើតមានផងដែរ ពិសេសគឺការផលិតកុលាភាជន៍តែម្តង។ ចំណុចនេះត្រូវបានអ្នកស្រាវជ្រាវដឹងតាមរយៈការរកឃើញស្ថានីយឡបុរាណក្នុងតំបន់អង្គរ និងតាមបណ្តោយផ្លូវបុរាណនានាចេញពីអង្គរទៅកាន់ទីក្រុងរណបផ្សេងៗ។

តើការយល់ឃើញអំពីការផលិតកុលាលភាជន៌ខ្មែរនាសម័យអង្គរចាប់ផ្តើមពីពេលណា?

ការសិក្សាអំពីភាជន៍នៅតាមបណ្តាស្ថានីយបុរេប្រវត្តិសាស្ត្រ និងប្រវត្តិសាស្ត្រក្នុងកម្ពុជាត្រូវបានធ្វើឡើងជាហូរហែ។ ប៉ុន្តែអ្វីដែលជាគួរឱ្យចាប់អារម្មណ៍ជាងគេនោះ គឺការជួវប្រទះជាលើកដំបូងនូវឡបុរាណផលិតកុលាលភាជន៍នៅលើខ្នងភ្នំគូលេន ដោយអ្នកស្រាវជ្រាវជាតិបារាំង លោកអេជៀន អៃម៉ូនីញ៉េ ក្នុងឆ្នាំ១៨៨១។ លោកពុំបានសិក្សាលម្អិតអំពីស្ថានីយ និងផលិតផលទាំងឡាយនៅឡបុរាណនោះទេ គឺគ្រាន់តែអធិប្បាយថាមានឡបុរាណផលិតកុលាលភាជន៍នៅទីនោះ។ ក្រោយមកទៀត លោក ហ្គូលស្លីលីយ៉េ បានធ្វើកំណាយនៅតាមបណ្តាប្រាសាទបុរាណមួយចំនួនក្នុងតំបន់អង្គរ និងសំបូរព្រៃគុក រហូតដល់ឆ្នាំ ១៩៨១ ទើបលោកបានសិក្សាប្រៀបធៀប និងធ្វើចំណាត់ថ្នាក់ភាជន៍ទាំងនោះ ដោយបែងចែកតាមរូបរាង និងអាយុកាលតាមរយៈស្រទាប់ដីប្រវត្តិសាស្ត្រដែលលោកធ្វើកំណាយតាមទីប្រាសាទនានា ហើយលោកបានស្នើនិងសរសេរអត្ថបទអំពីកុលាលភាជន៍ខ្មែរពីសតវត្សទី៩ដល់ទី១៤។ ក្រោយមក មានអ្នកស្រាវជ្រាវបរទេសមួយចំនួនផ្សេងទៀតបានសិក្សាលើកុលាភាជន៍ខ្មែរនាសម័យអង្គរ ជាទូទៅស្របតាមគំនិតលោកហ្គូស្លីយ៉េ។ ទោះជាការរកឃើញឡបុរាណនៅលើខ្នងភ្នំគូលេនក៏ដោយ ការស្រាវជ្រាវបែបបុរាណវិទ្យានៅឡបុរាណពុំត្រូវបានអនុវត្តឡើយ រហូតដល់ឆ្នាំ១៩៩៥។

ក្រោយពេលសង្គ្រាមស៊ីវិលក្នុងប្រទេស ហាក់មានស្ថានភាពធូរស្រាលតាមតំបន់មួយ ចំនួននៅភាគខាងកើតអង្គរ ដែលអាចឱ្យអ្នកស្រាវជ្រាវចុះសិក្សាស្រាវជ្រាវបានដោយសុវត្ថិភាព។ ជាលទ្ធផល ស្ថានីយឡផលិតភាជន៍បុរាណមួយចំនួនទៀត ត្រូវបានរាយការណ៍ដោយអ្នកភូមិ ដូចជានៅភូមិតានី ភូមិសរសី ភូមិខ្នារពោធិ និងភូមិបង្កោង។ ក្រោយមកឡបុរាណមួយចំនួនត្រូវបានស្រាវជ្រាវដោយស្ថាប័នជាតិ និងអន្តរជាតិ។ ក្នុងឆ្នាំ ១៩៩៥ វិស្ថានស្រាវជ្រាវជាតិណារ៉ា រួមសហការជាមួយអជ្ញាធរអប្សរាបានធ្វើផែនទីកំណត់ទួលឡបុរាណនៅភូមិតានី។ ក្នុងឆ្នាំ១៩៩៦ មជ្ឈមណ្ឌលសូហ្វីយ៉ា និងអាជ្ញាធរអប្សរា បានធ្វើកំណាយជាលើកដំបូងលើទួលឡបុរាណខ្មែរ ក្នុងស្ថានីយនោះ គឺទួលឡ B1។

តើនរណាខ្លះ និងស្ថាប័នណាខ្លះសិក្សាស្រាវជ្រាវឡបុរាណក្នុងតំបន់អង្គរ?

លោក អៃម៉ូនីញ៉េ បានអធិប្បាយជាលើកដំបូងនៃការជួបប្រទះស្ថានីយឡផលិតកុលាលភាជន៍នាសម័យអង្គរ លើខ្នងភ្នំគូលេន ប៉ុន្តែលោកមិនបានសិក្សាលម្អិតលើភាជន៍និងរចនាសម្ព័ន្ធឡនោះទេ។ ក្រោយមក លោកអ៊ា ដារិដ្ឋ បានបង្ហាញត្រួសអំពីស្ថានីយឡដែលទើបរកឃើញថ្មីៗ នៅភាគខាងកើតតំបន់អង្គរ រួមទាំងបង្ហាញខ្លះអំពីផលិតផលកុលាលភាជន៍តាមបណ្តាឡទាំងនោះផង។ ក្នុងឆ្នាំ២០០២ លោកឆាយ វិសុទ្ធ និងកញ្ញាចាប សោភារ៉ាបានសិក្សាលម្អិតលើកុលាលភាជន៍ ដែលគេបានផលិតនៅស្ថានីយឡលើ  ភ្នំគូលេន។   ក្នុងឆ្នាំ២០០៣ លោក សុខ កែវ សុវណ្ណារ៉ា បានសិក្សាវិភាគលម្អិតលើកុលាលភាជន៍នៅឡសរសី។ ក្នុងឆ្នាំ២០០៤ កញ្ញា ឯម សុជាតា បានសិក្សាលើកុលាលភាជន៍នៅឡខ្នារពោធិ។ ទាំងនេះ គឺជាការសិក្សាអំពីផលិតផលកុលាលភាជន៍ខ្មែរនៅតាមបណ្តាឡបុរាណមួយចំនួន។ ក្រៅពីនេះ ក៏មានការសិក្សាលម្អិតបែបកំណាយបុរាណវិទ្យាជាច្រើន ដែលធ្វើឡើងដោយស្ថាប័នអន្តរជាតិ រួមជាមួយនឹងអាជ្ញាធរអប្សរា។ ចាប់ពីឆ្នាំ១៩៩៦ដល់២០០៣ មជ្ឈមណ្ឌលហ្វឹកហ្វឺនសូហ្វីយ៉ា បានធ្វើកំណាយលើទួលឡ B1, B2 និងB4 ក្នុងស្ថានីយឡបុរាណភូមិតានី។ ឆ្នាំ១៩៩៨ដល់២០០២ វិទ្យាស្ថានស្រាវជ្រាវជាតិណារ៉ា បានធ្វើកំណាយលើទួលឡ A6 ក្នុងភូមិតានីផងដែរ។ ឆ្នាំ២០០៤ដល់២០០៦ វិទ្យាស្ថានស្រាវជ្រាវជាតិណារ៉ា បានធ្វើកំណាយស្រាវជ្រាវនៅស្ថានីយភូមិសរសីលើទួលឡលេខ ក.១១។ ក្រោយមក វិទ្យាស្ថានស្រាវជ្រាវជាតិណារ៉ារួមសហការជាមួយសាកលវិទ្យាល័យ អូតានីអូសាកា បានធ្វើកំណាយនៅលើទួលឡលេខ B1 ក្នុងភូមិខ្នារពោធិ ពីឆ្នាំ២០០៧ដល់២០០៩។ បន្ទាប់មក វិទ្យាស្ថានណារ៉ា និងសាកលវិទ្យាល័យ អូសាកាអូតានី បានធ្វើកំណាយនៅលើទួលឡលេខ៦ក្នុងភូមិបង្កោង ហើយតាមរយៈ ការធ្វើកំណាយ គេរកឃើញមានតួឡ២នៅលើទួលតែ១។ ក្រុមស្រាវជ្រាវនៃអាជ្ញាធរអប្សរាក៏បានសិក្សា និងធ្វើកំណាយនៅលើទួលឡមួយចំនួននៅស្ថានីយឡក្នុងភូមិបង្កោងដែរ។ ក្នុងឆ្នាំ២០០៧ សាកលវិទ្យាសូហ្វីយ៉ា រួមនឹងអាជ្ញាធរអប្សរាបានធ្វើកំណាយនៅឡបុរាណក្នុងស្ថានីយអន្លង់ធំ (ខ្នងភ្នំគូលេន)។ បន្ទាប់មក ក្រុមស្រាវជ្រាវរបស់អាជ្ញាធរ     អប្សរាបានបន្តធ្វើកំណាយនៅលើទួលផ្សេងទៀតក្នុងស្ថានីយអន្លង់ធំនោះដែរ។

តាមរយៈការស្រាវជ្រាវរបស់លោក Mitch នៅតាមបណ្តោយផ្លូវបុរាណពីប្រាសាទបេងមាលាទៅប្រាសាទព្រះខ័នកំពង់ស្វាយ លោកបានជួបប្រទះនូវទីតាំងមួយនៅក្បែរប្រាសាទមួយហៅថា ប្រាសាទទ័ពជ័យ ហើយលោកសន្និដ្ឋានថាជាកន្លែងផលិតកុលាល ភាជន៍បុរាណដែរ។ ក្រោយមក អាជ្ញាធរអប្សរារួមសហការជាមួយនឹងសាកលវីទ្យាល័យសិង្ហបុរីបានធ្វើកំណាយនៅទីតាំងនោះ ដោយបានជួបប្រទះនូវរចនាសម្ព័ន្ធឡយ៉ាងវែង (ខុសពីឡផលិតភាជន៍ពណ៌បៃតងដទៃ) ដុតភាជន៍មានស្រទាប់រលោងពណ៌ត្នោត។ ក្រោយមក មានការរកឃើញក្រុមឡដទៃទៀតនៅខាងកើតប្រាសាទទ័ពជ័យ ដូចជាក្រុមឡជប់រំដេង វាលគោកទ្រៀស វាលត្រាចជួរជាដើម។ នាឆ្នាំ ២០១៣ អាជ្ញាធរអប្សរា រួមនិងវិទ្យាស្ថាន Smithsonian បានរកឃើញទួលឡ២នៅភូមិចុងសំរោង ស្ថិតនៅចំងាយប្រហែល២គ.ម ខាងជើងក្រុមឡវាលត្រាចជួរ ហើយបានធ្វើកំណាយសិក្សា និងហ្វឹកហ្វឺនដល់និស្សិតខ្មែរនិងបរទេសផងដែរ ដែលការងារនេះដឹកនាំដោយលោក Don Hein។ ប៉ុន្មានឆ្នាំចុងក្រោយនេះ វិទ្យាស្ថានណារ៉ា និងអាជ្ញាធរអប្សរាបានធ្វើកំណាយនៅទួលឡក្រុមជប់រំដេង (វាលស្វាយ) និងវាលគោកទ្រៀស។

ជាចំណុចគួរឱ្យចាប់អារម្មណ៍មួយ គឺការរកឃើញទីតាំងផលិតកុលាលភាជន៍នៅក្បែរក្រុងអង្គរធំ គឺស្ថិតនៅលើកំពែងខាងក្រៅនៃកសិណខាងជើង (ទ្វារដីឆ្នាំង) របស់ក្រុងអង្គរធំតែម្តង។ ក្នុងខែមករា ឆ្នាំ២០២១នេះ ក្រុមការងាររបស់អាជ្ញាធរអប្សរា ដឹកនាំដោយលោក ឆាយ រចនា បានធ្វើកំណាយសាកល្បងនៅទីតាំងនោះ ដោយរកបាននូវបំណែកភាជន៍ ពិសេសគឺក្បឿងដែលមានចំនួនយ៉ាងច្រើន។ មានឡមួយចំនួនទៀតដែលមានទីតាំងស្ថិតនៅឆ្ងាយពីតំបន់អង្គរ ដូចជាឡនៅភូមិតាទួត ខាងជើងភ្នំគូលេន និងក្រុមឡនៅតំបន់កោះកេរដែលមានអាយុកាលក្នុងសម័យអង្គរដែរ។ ក្រៅពីនេះ មានការងារស្រាវជ្រាវ និងរកឃើញឡបុរាណក្នុងសម័យអង្គរផងដែរ តាមបណ្តោយផ្លូវបុរាណពីអង្គរទៅប្រាសាទភីមៃ។ ទាំងនេះជាការងារស្រាវជ្រាវ និងសិក្សាអំពីសិប្បកម្ម និងឧស្សាហកម្មផលិតកុលាលភាជន៍របស់ខ្មែរក្នុងសម័យអង្គរ និងពិសេសគឺនៅក្នុងតំបន់ និងជុំវិញអង្គរតែម្តង។

អត្ថបទដើម៖ លោក សុខ កែវ សុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!