ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ជូត ថោះ​ មមែ រកា រាសីក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត ភោគសម្បត្តិ តំណែ...

ឆ្នាំទាំង៤ ជូត ថោះ​ មមែ រកា រាសីក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត ភោគសម្បត្តិ តំណែងការងា ឱកាសល្អ ក្នុងជីវិត និងកើតឡើងចំពោះជីវិតអ្នកក្នុងថ្ងៃនេះ

ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានឳកាសពេញលេញដើម្បីធ្វើកិច្ចការដើម្បីកែប្រែស្ថានភាពការរស់នៅរបស់អ្នកឲ្យកាន់តែល្អប្រសើរ។ កិច្ចការងារ នានារបស់លោកអ្នកនឹងទទួលបានជោគជ័យ និងចម្រើនលូតលាស់យ៉ាងខ្លាំង ដូច្នេះសូមកុំមានការព្រួយបារម្ភឡើយ។ ប៉ុន្តែសូមកុំបណ្តោយពេលវេលា ត្រូវប្រើប្រាស់ថ្ងៃនេះទាញប្រយោជន៍។ ការបណ្តាក់ទុនគឺអាចសម្រេចទៅបាន ដោយគ្មានអ្វីគួរឲ្យបារម្ភទេ។ លើសពីនេះ សូមអភិវឌ្ឍន៍អាជីពរបស់អ្នក ឲ្យស្ថិតនៅក្នុងកំរិតរឹងមាំ និងច្បាស់លាស់។ 

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរនឹងទទួលផលចំណេញយ៉ាងប្រសើរ។ ចំពោះលោកអ្នកដែលប្រកបការងារនឹងទទួលបានជោគជ័យ ព្រមទាំងការ គាំទ្រពីមិត្តរួមការងារ។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់លោកអ្នកក្នុងការរៀបចំគម្រោងការសម្រាប់អនាគត ដូច្នេះសូមកុំបោះបង់គំនិតច្នៃប្រឌិតថ្មី ដែលស្របទៅតាមបទពិសោធន៍។ ថ្ងៃនេះភាគច្រើនអ្នកនឹងកំណត់ចំណុចខ្សោយនៅក្នុងការការងាររបស់អ្នកភ្លាមៗ ដូច្នេះមិនគួរបារម្ភអ្វីឡើយ។ ដោយឡែកអ្វីដែលអ្នកគួរធ្វើ គឺព្យាយាមបញ្ចប់ការងារទាំងអស់ កុំទុកដល់ស្អែកឡើយ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ចំពោះអាជីវករ ការលក់ដូរមិនសូវទទួលបានប្រាក់ចំណេញដូចសព្វមួយដងនោះទេ ចំណែកអ្នកប្រកបការងាររដ្ឋ និងឯកជនច្រើនមានភាព ស្មុគ្រស្មាញប្រទាក់ក្រឡាច្រើន។ លើសពីនេះ លោកអ្នកអាចមានមនុស្សនៅជុំវិញខ្លួនច្រណែនទិន្ទា ប៉ុន្តែសូមអត់ធ្មត់ និងអនុគ្រោះ ដើម្បីជៀសវាងការឈ្លោះប្រកែកគ្នា ព្រមទាំង បញ្ហារាលដាលដល់ការងាររបស់អ្នក។ រាសីអ្នកផ្សារភ្ជាប់នឹងពាក្យសំដី ដូច្នេះប្រយ័ត្នពាក្យសំដី។ ថ្ងៃនេះលទ្ធភាពនៃការយល់ច្រលំក៏ស្ថិតក្នុងកំរិតខ្ពស់ផងដែរ ដូច្នេះសូមធ្វើការងារឲ្យបានល្អ ហើយប្រកាន់ភាពស្មោះត្រង់។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏រីករាយណាស់ ពីព្រោះរាល់ការងារដែលដាក់ចេញនឹងទទួលបានផលជាទីគាប់ចិត្ត។ ប្រាក់កម្រៃសម្រាប់អាជីវកម្មថ្ងៃនេះពេញថង់តែម្តង។ លោកអ្នកដែលមានបំណងធ្វើកាបណ្តាក់ទុនរកស៊ី នឹងទទួលបានផលយ៉ាងគាប់ចិត្ត ដូច្នេះមិនគួរពិបាកក្នុងការសម្រេចចិត្តនោះទេ ហើយក៏មិនចាំបាច់បង្អង់យូរដែរ។ ដោយឡែកលោកអ្នកអាចជួបប្រទះបញ្ហាតូចតាចមួយចំនួន ប៉ុន្តែមិនជាធ្ងន់ធ្ងរនោះទេ។ អ្វីដែលចាំបាច់ដែលអ្នកគួរធ្វើក្នុងពេលនេះ គឺបង្កើតទំនាក់ទំនងល្អដោយអាកប្បកិរិយាទន់ភ្លន់។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការប្រកបអាជីវកម្ម និងកិច្ចការនានាដំណើរការជាប្រក្រតី។ ប៉ុន្តែអ្នកមិនគួរខិតខំប្រឹងប្រែងហួសកំលាំងពេកទេ។ សូមលោកអ្នកកុំរំពឹងខ្លាំងឲ្យហួសពីស្ថានភាពពិត ប៉ុន្តែអ្វីដែលត្រូវធ្វើជាចាំបាច់ គឺកុំបោះបង់កិច្ចការងារដែលអ្នកនឹងជួបបញ្ហា សូមចំណាយពេលបន្តិចទៀតសិនទើបល្អ។ សូមចា​ប់ផ្តើមការងារតូចធំឲ្យបានឆាប់រួសរាន់ ហើយមិនត្រូចបដិសេធការងារដែលថ្នាកលើដាក់មកឲ្យនោះទេ។ ថ្ងៃនេះភាគច្រើនអ្នកនឹងអាចទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួនរួមទាំងអ្នកប្រកួតប្រជែង ប៉ុន្តែក៏ត្រូវព្យាយាមស្វែងយល់ពីស្ថានការណ៍របស់ដៃគូអ្នកផងដែរ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកមិនទាន់អាចសម្រេចផលបានទេ តែសូមកុំបាក់ទឹកចិត្ត ត្រូវរៀចំគម្រោងជាថ្មី។ ដោយឡែកអ្នកប្រកបអាជីវកម្ម ហាក់ភាពភាពស្មុគ្រស្មាញដោយការប្រកួតប្រជែងខ្លាំង។ ត្រូវអត់ធ្មត់នឹងពាក្យនិន្ទាឈ្នានីសរបស់អ្នកដទៃ និងគួរតែអនុគ្រោះ។ ថ្ងៃនេះលោកអ្នកអាចនឹងទទួលបានការងារថ្មីដែលមិនរំពឹងទុក ដូច្នេះសូមព្យាយាមអនុវត្តការងារនេះឲ្យបានល្អ។ ក្រៅពីនេះសូមលោកអ្នកប្រុងប្រយ័ត្នឲ្យបានខ្ពស់ទាក់ទងនឹងការភ័នច្រលំ ឬភ្លេចភ្លាំង ដែលនាំឲ្យខាតបង់ក្នុងដំណើរការការងារ។​

 ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងប្រឈមនឹងការខាតបង់ក្នុងអាជីវកម្ម ​ឬសម្រាប់អ្នកប្រកបកិច្ចការងារផ្សេងៗ។ ថ្ងៃនេះលទ្ធផលដែលបានរំពឹងទុក មិនទាន់សម្រេចទៅបាននោះទេ ដូច្នេះសូមរងចាំពេលវេលាល្អនៅថ្ងៃខាងមុខ ។ អ្នកគួររកពេលវេលាផ្តល់ភាពរីករាយឲ្យខ្លួនឯងឲ្យបានច្រើន ជៀសវាងចូលទៅពាក់ព័ទ្ធនឹងរឿងមនុស្សក្នុងក្រុមការងារ ពិសេសថ្នាក់លើ ព្រោះលោកអ្នកអាចនឹងអាចទទួលបានកំហុសដោយមិនរំពឹងទុក។ ចំណែកការចំណាយលុយកាក់ ត្រូវគិតគូរឲ្យបានម៉ត់ចត់ ព្រោះហានិភ័យសេដ្ឋកិច្ចអាចកើតមានឡើងក្នុងថ្ងៃនេះ។

 ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំបានយ៉ាងល្អ ប៉ុន្តែត្រូវធ្វើការដោយសកម្មភាពអង់អាច និងម៉ឹងម៉ាត់គ្រប់កាលទេស។ សូមលោកអ្នករងចាំទទួលដំណឹងល្អក្នុងរង្វង់ការងារចុះនៅថ្ងៃនេះ ប៉ុន្តែត្រូវប្រកាន់ខ្ជាប់នូវចរិកស្លូតសុភាពរាបសារ។ ចំពោះអ្នកធ្វើអាជីវកម្ម លោកអ្នកនឹងក្លាយជាម្ចាស់នៃភោគទ្រព្យជាច្រើន ពីព្រោះសមត្ថភាព និងភាពសម្តីរបស់អ្នកទទួលបានការទុកចិត្តខ្លាំងណាស់។ ដោយឡែកប្រសិនបើអ្នកមិនពេញចិត្តការងារដែលកំពុងអនុវត្តរាល់ថ្ងៃ គឺលោកអ្នកអាចផ្លាស់ប្តូរបាន ដោយគ្មានជំទាស់ទេ។​

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលដល់កិច្ចការងារនានា ដូច្នេះសូមកុំខកខានឳកាសផ្លាស់ប្តូរជីវិតរបស់អ្នកឲ្យកាន់តែប្រសើរ។ ប្រសិនបើអ្នកមានគម្រោងផ្លាស់ប្តូរការងារ ឬធ្វើអ្វីថ្មីៗថ្ងៃនេះគឺដល់ពេលហើយ។ ថ្ងៃនេះមុខរបររបស់អ្នកនឹងទទួលបានជោគជ័យគ្រប់ករណីដែលបានគ្រោងទុក។ ម្យ៉ាងទៀតអ្នកមិនគួរភ័យខ្លាច ចំពោះការលំបាកដែលបានកើតឡើងនោះទេ ពីព្រោះលោកអ្នកអាចដោះស្រាយបញ្ហា សូម្បីតែជាបញ្ហាដែលលំបាកបំផុតក្តី។ ក្រៅពីនេះ សូមយកចិត្តទុកដាក់លើការតុបតែងខ្លួនជាថ្មី។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងធំណាស់នឹងចូលក្នុងផ្ទះលោកអ្នក ពិសេសលាភសត្វជើងពីរដែលមកពីឆ្ងាយ។ ចូរកុំខ្លាចរអានឹងបណ្តាក់ទុន ឬចាប់ផ្តើមការងារថ្មី ព្រោះអ្វីៗនឹងសម្រេចទៅបានដោយរលូន និងទទួលបានទិន្នផលល្អ។ សម្រាប់អ្នកធ្វើការងាររដ្ឋ ឯកជននានា តំណែងការងារដែលអ្នកកំពុងរំពឹងទុកបានមកដល់ហើយ ដូច្នេះសូមរក្សាពាក្យសំដី និងអាកប្បកិរិយា។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលក្នុងការប្រាស្រ័យទាក់ទង និងការគ្រប់គ្រងស្ថានការណ៍ ដូច្នេះភារកិច្ចការងារទាំងអស់នឹងគ្មានអ្វីមកបង្អាក់បានឡើយ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការនានាតម្រូវឲ្យលោកអ្នករៀបចំគម្រោងឲ្យបានល្អិតល្អន់ទើបទទួលបានផ្លែផ្កាជាទីគាប់ចិត្ត។​ ក៏ប៉ុន្តែប្រហែលជាអ្នកមិនគួរដេញតាមការងារឲ្យហួសហេតុពេកនោះទេ គឺគ្រាន់តែយល់ដឹងអំពីស្ថានការណ៍ទាំងអស់ និងទទួលខុសត្រូវចំពោះការងាររបស់អ្នកគឺគ្រប់គ្រាន់ហើយ។ ថ្ងៃនេះតម្រូវឲ្យអ្នករក្សាភាពស្រស់ស្អាត និងរួសរាយរាក់ទាក់ជាមួយមនុស្សនៅជុំវិញខ្លួន ពិសេសមនុស្សក្នុងក្រុមការងារ ឬដៃគូអាជីវកម្ម។ ក្រៅពីនេះ សូមប្រុងប្រយ័ត្ន រក្សាភាពស្ងប់ស្ងាត់ និងមិនត្រូវតបតក្នុងជម្លោះឡើយ ប្រយ័ត្នត្រូវគេទំលាក់កំហុសឲ្យ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចមានអារម្មណ៍ចង់ដោះស្រាយរឿងរ៉ាវទាំងអស់ ប៉ុន្តែសូមកុំបង្ខំខ្លួនឯងខ្លាំងពេក គួរអនុវត្តតាមវិចារណញាណរបស់អ្នក។ ថ្ងៃនេះសូមធ្វើការទៅតាមគម្រោងដែលបានរៀបចំទើបជាការល្អប្រសើរ​ ក៏ប៉ុន្តែមិនត្រូវយកការងារទាំងអស់មកធ្វើក្នុងពេលតែមួយនោះទេ ព្រោះនឹងនាំមកនូវភាពស្មុគ្រសា្មញ ចំណែកភាពជោគជ័យដ៏ល្អប្រសើរគឺស្ថិតក្នុងគន្លងផ្លូវរបស់អ្នកហើយ។ ដូច្នេះសូមកុំបោះបង់ការខំប្រឹងប្រែង និងត្រូវរក្សាអាកប្បកិរិយាវិជ្ជមានជានិច្ចគ្រប់កាលទេសទាំងអស់ ។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,500SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!