ទំព័រដើមនិទានកថាគ្រូបង្រៀនស្រុកស្រែ (ភាគទី២)

គ្រូបង្រៀនស្រុកស្រែ (ភាគទី២)

(៣. ជួយគ្នាទាន់គ្រាក្រ)

         ក្រោយពីពេលប៉ូលិសមុយដកហូតកាំភ្លើងទៅវិញ បងហមបានពិភាក្សាជាមួយពញព្រឿងបានមូលមាត់គញនាថាត្រូវតែដកខ្លួនចេញពីមុខមាត់គេសិន។ ដោយហេតុនេះហើយបានជានៅល្ងាចថ្ងៃរសៀលប៉ូលិសមុយ និងថីដោយ ទៅរកគាត់មិនឃើញ។ បងហមបានទៅនៅផ្ទះលោកគ្រូម៉េង នៅភូមិពោធិខាងត្បូងម៉ាស៊ីនស្រូវធំ។ គាត់ទៅនៅសំណាក់ផ្ទះថ្មីនេះគ្មាននរណាមួយនៅផ្ទះគាត់ដឹងឡើយ។ ពូព្រឿងក៏មិនដឹង អ្នកសនប្រពន្ធគាត់ក៏មិនដឹង។

         ដំណឹងប៉ូលិសមុយ និងថីដោយចូលទៅកកូរក្នុងផ្ទះរកចាប់បងហម បានឲ្យលោកគ្រូម៉េងនៅមិននឹង។ គាត់បានខ្សឹបប្រាប់លោកគ្រូច័ន្ទឲ្យមកជួយបងហម។

         លោកគ្រូច័ន្ទមានរាងស្គមឆ្អឹង។ សក់គាត់រួញអង្គារដី។ គាត់មិនមែនជាមនុស្សឡូឡាច្រងេងច្រងាងទេ។ គាត់និយាយតិចៗ ញឹមៗ។ គាត់នចេះដឹងដឹកនាំអប់រំគ្រូនៅស្រុកគាត់ឲ្យស្គាល់តម្លៃប្រជាជនអ្នកស្រែ ទាល់តែគ្រូៗ ស្ម័គ្រចិត្តទាំងឡាយប្រក់ដំបូល ធ្វើជញ្ជាំងសាលាហើយហ៊ានបរិច្ចាគលុយផ្ទាល់រាល់ខែ ជួយពង្រឹងសមាគមសាលារៀន។

គំនិតមារយាទប្ញកពាគាត់បានទទួលសេចក្តីរាប់អានស្ទើរគ្រប់ប្រជាជន។ លោកគ្រូម៉េងជាស្មៀននៅមន្ទីរចាត់ការសាលារៀន។ ការរាក់ជ្រៅគាត់មើលមិនសូវឃើញច្បាស់លាស់ប៉ុន្មានទេ។ គាត់រាប់អានបងហមហើយគោរព និងស្រលាញ់លោកគ្រូច័ន្ទណាស់។ មានការអ្វីចំលែក ឬទាល់គំនិតមើលអ្វីមិនឃើញ គាត់ច្រើនបបួលគ្រូៗ ឯទៀតទៅបាយទឹក ឯផ្ទះបងហម។ ការប្រជុំគ្នានេះ គេច្រើនតែចំអែចំអន់និយាយដាក់ផ្លែផ្កាឲ្យគ្នា…។ តែធម្មតាមុនបាយ ឬក្រោយបាយគេច្រើនតែជជែកគ្នាពីនយោបាយក្នុងក្រៅស្រុក និងពីមធ្យោបាយដែលគេត្រូវដើរ ដើម្បីពង្រីកសាលារៀនក្នុងភូមិ។

         នៅក្នុងការតានតឹងរកចាប់ចងបងហមដូចនេះ លោកគ្រូម៉េងបានទៅស្នើលោកគ្រូច័ន្ទសំរេចថាត្រូវជួយគ្នា។ លោកគ្រូម៉េងបានទៅពេលព្រលប់ងងឹត នាំបងហមឡើងទៅលើឡៅផ្ទះមួយសង់មិនទាន់ហើយ ទល់មុខផ្ទះលោកគ្រូវ៉ាត។ មួយសន្ទុះក្រោយលោកគ្រូច័ន្ទមកដល់។ គាត់បោសអង្កាច់ដែកឈូស ហើយបបួលគ្នាដំកង់ពែនភ្នែន។ បន្ទាប់មកគាត់ហូតបារីកញ្ចប់ខៀវដែកកេះដាក់កណ្តាលវង់ រួចញឹមៗ មើលមុខបងហម ស្តីថាៈ

         ម៉េចយើង គេរកចាប់មែនទែនហើយ ថ្ងៃនេះបងឯង។ ថ្ងៃមុនម៉ៅ ថ្ងៃក្រោយមុខជាវេននរណាទៀតហើយ។

         តើលោកគ្រូគិតដូចម្តេចចំពោះរឿងខ្ញុំ? មានរឿងអ្វីថ្មីទៀតទេ បងហមសួរៈ

         មានតែពីការចាប់ចងនឹង លោគ្រូម៉េងឆ្លើយ ពីម្សិលមួយ នាយអេងភូមិ ខាងជើងបានត្រូវចាប់។ គេដាល់គ្នាពីរបីដៃ បែកឈាមលើប្រជុំចិញ្ចើម រួចហើយចងស្លាបសេកគ្នា បណ្តើរ យកទៅសាលាស្រុក ដាក់ខ្នោះជើងនៅបៀតខ្លោងទ្វារចូលបង្អត់បាយថ្ងៃត្រង់មួយពេល។ ព្រឹកបន្ទាប់បានគេដាក់ខ្នោះដៃ បញ្ជូនទៅសាលាខេត្ត…។ ឯចំណែកលោកគ្រូច័ន្ទក៏មិនដឹងជាដូចម្តេចដែរ។ តាមលោកគ្រូផាន់ប្រាប់ខ្ញុំថា ដល់រួចរាល់ចូលកងទៅវិញ លោកគ្រូឯងមិនបាននៅស្រុកយើងទៀតទេ មុខតែស្ទឹងត្រែង ក្រចេះហើយ។ គេប៉ងចាប់ដែរ តែចាប់មិនកើតព្រោះទាល់តែអនុញ្ញាតពីរដ្ឋមន្រ្តីសិន…។

         មិនមែនតែស្រុកយើងទេ មានការចាប់ចងនោះ លោកគ្រូច័ន្ទបានកាត់។ នៅកោះសូទិន មេមត់ ជប់ ស្គន់ ចំការលើ ស្វាយរៀង ខេត្តកណ្តាល…សុទ្ធតែមានចាប់ចងដែរ។

         បើដូចនេះ ខ្ញុំត្រូវធ្វើដូចម្តេច? ខ្ញុំត្រូវទៅផ្ទះវិញឲ្យគេចាប់ទៅឬ? តាមខ្ញុំៗចង់ឲ្យគេចាប់ឲ្យហើយទៅ តើខ្ញុំមានរឿងអ្វី? បងហមបានសួរ

         មិនចាំបាច់មានរឿងទេ? មនុស្សពីរបីនាក់ផ្តិតមេដៃប្តឹងភ្លាមទៅគេចាប់បងហមឯងបានស្រេច ហើយតែដល់គុកគេឃុំបំភ្លេចចោល ឃើញទេអាហ៊ននៅឯកើតថ្នល់នោះ ជាប់គុកទទេជាង២ឆ្នាំ ទើបតែគេដោះលែងពីខែមុន…។

         “លោកគ្រូម៉េងឲ្យយោបល់”

ចុះបើយើងគេច គេមិននិយាយថាយើងមានរឿង មានខ្លួនហើយៗម្យ៉ាងទៀតអ្នកភូមិយើង មិនថាយើងត្រចៀកស ទៅហើយ មិនទាន់បានអីផងចោលស្រុកផាយបាតជើងសព្រាតទៅហើយ…បងហមបានចោទ។

         ចុះបើយើងជាប់គុកវិញបានផលអ្វីខ្លះ? តាមខ្ញុំៗថាគ្មានបានអ្វីពីអ្នកប្រពន្ធបង ព្រួយហើយក្រៅពីពួកយើង ពិបាករៃលុយជូនបាយឲ្យបង…។ តាមដែលយើងបានដឹងបានប្រទះខ្លះ ឃើញថាជួនកាលគេកំញើញឬចាប់យើងយកទៅគ្រាន់តែរកលុយ។ ដូចរឿងនាងងេនេះជាការច្បាស់ណាស់។ ម្តាយគាត់បានមកជួប ខ្ញុំហើយពឹងឲ្យខ្ញុំជួយរកចងការប្រាក់គេ ២០០០រៀល ដើម្បីដោះកូនគាត់ គាត់ថាលោកកាន់រឿងនេះ បានខ្សឹបប្រាប់គាត់ថាកូនគាត់ត្រូវគេចោទ លាក់កាំភ្លើងតែគេអាចជួយឲ្យនៅក្រៅឃុំបាន បើកាលណាយើងរកប្រាក់ ២០០០រៀលទៅឲ្យគេ…។ ឃើញទេនរណាមិនដឹងថា នាយអេងគ្មានរឿងអ្វីគ្រាន់តែគ្នាដេញដោលពូជានៅគរពីអាទិត្យមុន…។ ចំពោះបងហមនេះតាមយោបល់ខ្ញុំ យើងត្រូវតែកុំចេញមុខ យើងត្រូវសំងំសិនស៊ើបពិនិត្យភេទការណ៍ឲ្យជាក់លាក់ តើរឿងអ្វីដែលគេរកចាប់យើង។ តើបង្គាប

មកពីលើ ឬគ្រាន់តែគ្នាឯងក្នុងស្រុកទេ? បើពីលើយើងមិនងាយរួចទេ តែបើគ្នាឯងក្នុងស្រុកវិញ យើងគេចទៅមួយខែពីរខែរួចខ្លួនហើយ តើលោកគ្រូម៉េងយល់ថាម៉េច?

         ខ្ញុំយល់ស្របពេញទី។ តែខ្ញុំយល់ថា ឲ្យពូហមនៅផ្ទះយូរទៀតមិនបានទេ។ មិនស្ងាត់មិនជិតទេ ត្រូវបណ្តោះទៅឆ្ងាយ…។

         លោកគ្រូច័ន្ទគិតមួយសំបក់ឆ្លើយៈ

         បងទៅឆ្ងាយពីស្រុកយើងសិនទៅ។ ដល់ពេលស្រួលចាំអញ្ជើញមកវិញ…។ បងហមក៏សុខចិត្ត។ លោកគ្រូច័ន្ទបានហុចបារីទៅបងហម រួចអុជឲ្យ។ បន្ទាប់មកគាត់ក្រោកឈរមុនគេ ចុះមកដីទៅផ្ទះគាត់។ លោកគ្រូម៉េងបានចុះតាមឃើញស្ងាត់ក៏ហៅបងហមឲ្យចេញទៅផ្ទះវិញ…។

(សូមរងចាំតាមដាន រឿង គ្រូបង្រៀនស្រុកស្រែ ភាគទី៣ នៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!