ទំព័រដើមប្រវត្តិសាស្ត្រចម្លាក់ព្រះបាទសូរ្យវរ្ម័នទី២ នៅប្រាសាទអង្គរវត្ត

ចម្លាក់ព្រះបាទសូរ្យវរ្ម័នទី២ នៅប្រាសាទអង្គរវត្ត

The image of King Survavarman II at Angkor Wat temple: Early Khmer art was very similar to Indian. However, it was rapidly changed by following the concept and characteristics of Khmer. Thus, 14 art styles were classified, included the image of Gods and deities. Although there were many statues or images made, the concept of showing the image of the King probably started in the reign of King Suryavarman II.

What is the concept of the image of King Suryavarman II that could be found at Angkor Wat temple? Based on the statues and bas-reliefs at Angkor Wat temple, the image of the King was showing in 4 forms: The King is ruling, The King as the deities, The King as the God of death and the King as the Buddha.

Firstly, there are 4 scenes on the wall of Angkor Wat temple that show King Suryavarman II was doing his job in and outside the royal palace. Secondly, the portrait of the King has shown in the image of Hindu God Vishnu, Arjuna, Rama, Surya, Rama discussing with armies and Rama lifting the bow. Thirdly, the King has shown on a bas-relief of heaven and hell as sitting near Chitragupta. Fourthly, the portrait of the King has found in the image of Buddha statues.

បដិមាដំបូងៗក្នុងសិល្បៈខ្មែរ មុនសម័យអង្គរ គឺមានទំនោរទៅរកអ្វីដែលហៅថាលក្ខណៈដើមនៃឥទ្ធិពលសិល្បៈឥណ្ឌា ជាហេតុធ្វើអោយរូបរាង មុខមាត់ សំលៀកបំពាក់ និងការតុបតែងក្បាល និងសក់ គឺមានភាពដូចគ្នាច្រើនទៅសិល្បៈឥណ្ឌា។ ប៉ុន្តែក្រោយមកខ្មែរបានកែច្នៃចំណុចទាំងនេះឱ្យមានភាពរស់រវើក និងស្របតាមអ្វីដែលជាលក្ខណៈ និងទស្សនៈខ្មែរ។ ក្នុងទស្សនៈខ្មែរ ការស្ថាបនាបដិមា ឬចម្លាក់ក្រឡោត គេតែងធ្វើដោយមានទំនោរទៅរកបុគ្គលជាម្ចាស់ អ្នកកសាង ឬក៏ក្សត្រដែលគ្រប់គ្រងទឹកដី។ ចំណុចនេះ យើងមានភាពពិបាកក្នុងការបកស្រាយបន្តិចក្នុងសង្គម និងសិល្បៈខ្មែរនាសម័យមុនអង្គរ និងដើមអង្គរ។ ប៉ុន្តែប្រសិនបើយើងធ្វើការអង្កេតឱ្យបានដិតដល់បន្តិចទៅលើបដិមាជាទេពមួយចំនួន ក្នុងសម័យកាលខុសគ្នា ឬរចនាបថខុសគ្នា យើងឃើញថា ទម្រង់មុខរបស់បដិមាទាំងនោះមានលក្ខណៈស្ទើដូចគ្នាទាំងស្រុង (ក្នុងរចនាបថនីមួយៗ)ទាំងបដិមាភេទប្រុស និងបដិមាភេទស្រី ឧទាហរណ៍បដិមារចនាបថបន្ទាយស្រី។ ជាធម្មតា បដិមាទាំងនេះតំណាងឱ្យទេព ឬព្រះពុទ្ធ ពិសេសគឺតំណាងឱ្យយក្សត្រតែម្តង។

ភស្តុតាងដែលយើងច្បាស់អំពីទស្សនៈ និងទំនោរក្នុងការបង្ហាញព្រះភ័ក្ត្ររបស់ក្សត្រ គឹអាចលេចឡើងជាលើកដំបូងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ ដោយមានទាំងចម្លាក់ក្រឡោតទាប និងបដិមាជាព្រះពុទ្ធមួយចំនួនផងដែរ។ យ៉ាងហោចណាស់មានផ្ទាំងចម្លាក់ក្រឡោតទាប២ ដែលជារូបតំណាងឱ្យព្រះបាទសូរ្យវរ្ម័នទី២។ យើងអាចដឹងយ៉ាងជាក់ច្បាស់ថា ចម្លាក់ក្រឡោតទាំងនោះជារូបព្រះអង្គ ដោយសារតែមានអក្សរចារឹកបញ្ជាក់ពីព្រះនាមរបស់ព្រះអង្គក្រោយពេលសុគត (មរណៈនាម)។ ក្រៅពីចម្លាក់បង្ហាញពីព្រះរូបរបស់ព្រះអង្គផ្ទាល់ ក៏នៅមានចម្លាក់ផ្សេងទៀតដែលគេឆ្លាក់ឱ្យមានទំនោរទៅរកលក្ខណៈរូបរាង និងមុខមាត់ពិតប្រាកដរបស់ព្រះអង្គដែរ។

       តើទំនោរ និងទស្សនៈលើចម្លាក់របស់ព្រះបាទសូរ្យវរ្ម័នទី២ នៅប្រាសាទអង្គរវត្តមានអ្វីខ្លះ?

បើយើងពិនិត្យឱ្យបានដិតដល់ ការបង្ហាញចម្លាក់ព្រះរូបរបស់ព្រះបាទសូរ្យវរ្ម័នទី២នៅប្រាសាទអង្គរវត្តមាន៣ទម្រង់ និង១ទម្រង់ជាពុទ្ធបដិមាគឺ៖

ក.ទម្រង់ជាព្រះរូបព្រះអង្គផ្ទាល់ (កាលនៅមានព្រះជន្មា)

ទំនោរនៃការឆ្លាក់រូបព្រះបាទសូរ្យវរ្ម័នទី២ គឺការបង្ហាញអំពីកាយសម្បទា និងទឹកព្រះភ័ក្ត្រដែលនៅមានវ័យក្មេង ឬជំទង់នៅឡើយ។ ពោលគឺប្រហែលព្រះអង្គទើបនឹងឡើងគ្រងរាជ្យសម្បត្តិហើយ។ យើងអាចឃើញផ្ទាំងចម្លាក់ដែលបង្ហាញពីព្រះអង្គ២ដងនៅលើជញ្ជាំងថែវខាងត្បូង ស្លាបខាងលិច។ ទី១ ព្រះអង្គគង់នៅលើគ្រែឬបល្ល័ង្គ ដោយព្រះបាទស្តាំទ្រង់ភ្នែន ព្រះបាទឆ្វេងទម្លាក់ចុះក្រោម ព្រះហស្ថស្តាំកាន់កន្សែង ព្រះហស្ថឆ្វេងចង្អុលទៅរកមន្ត្រីធំទាំង៤ថ្នាក់។ ព្រះភ័ក្ត្ររបស់ព្រះអង្គក៏សម្លឹងទៅរកមន្ត្រីទាំងនោះដែរ។ យើងអាចស្គាល់ថា នេះជាចម្លាក់តំណាងឱ្យព្រះអង្គ ដោយសារមានផ្ទាំងសិលាចារឹកមួយបន្ទាត់ខ្លីមួយនៅខាងលើ ផ្នែកខាងស្តាំព្រះអង្គ សរសេរថា សម្តចវ្រះបាទកម្រតេងអញបរមវិស្ណុលោកស្តចនៅវ្នំសិវបាទវិបញ្ចុះវល មានន័យថា សម្តេចព្រះបាទកម្រតេងអញបរមវិស្ណុលោក (ព្រះបាទសូរ្យវរ្ម័នទី២) ពេលព្រះអង្គគង់នៅលើភ្នំឈ្មោះ សិវបាទ ដើម្បីរៀបចំត្រួតពិនិត្យ និងបញ្ចេញ (បញ្ចុះ)ពលកងទ័ព (ពីលើភ្នំ) ទៅធ្វើសង្គ្រាម។ នេះជាចម្លាក់ដំបូងដែលបង្ហាញពីរូបរាង និងព្រះភ័ក្ត្រពិតប្រាកដ និងព្រះរាជសម្មភាពរបស់ព្រះអង្គ។ ចម្លាក់នេះមានលក្ខណៈពិសេស១ គឺមានការលាបពណ៌មាស ដែលខុសពីចម្លាក់ដទៃមានពណ៌ក្រហម ខ្មៅ និងបៃតង។

ចម្លាក់ទី២ គឺជាការបង្ហាញពីព្រះអង្គក្នុងជួរក្បួនយាត្រាជាមួយនិងមេទ័ព និងកងទ័ពចំនួន១៩ក្រុមផ្សេងទៀត សរុបគឺមានចំនួន២០ក្រុម គិតទាំងក្រុមរបស់ព្រះអង្គផង។ ព្រះអង្គឋិតនៅលំដាប់លេខរៀងទី១២ ឈរលើខ្នងដំរី ព្រះហស្ថកាន់ផ្គាក់ ព្រះហស្ថឆ្វេងកាន់ដាវ បែរព្រះភ័ក្ត្រងារមកក្រោយសម្លឹងក្បួនទ័ពរបស់ព្រះអង្គ។ យើងអាចដឹងថា ចម្លាក់នេះជាព្រះអង្គតាមរយៈសិលាចារឹកខ្លីមួយទៀត នៅក្បែរព្រះបាទខាងស្តាំរបស់ព្រះអង្គ សរសេរថា វ្រះបាទកម្រតេងអញបរមវិស្ណុលោក ជាឈ្មោះដូចគ្នានឹងសិលាចារឹក ដំបូង។ ចម្លាក់ទាំងពីរនេះបង្ហាញពីព្រះអង្គនៅមានព្រះជន្ម និងមានវ័យជំទង់ ជាស្តេចអង់អាចក្នុងចម្បាំង។

ក្រៅពីចម្លាក់២នេះ មានចម្លាក់២ទៀត ដែលអាចជារូបរបស់ព្រះអង្គ ព្រោះមានមុខមាត់ ទម្រង់ និងកាយវិការដូចគ្នា។ ទី១ គឺចម្លាក់នៅលើជញ្ជាំងរបស់បន្ទប់ជ្រុងនិរតីរបស់ថែវទី១ (ទល់មុខគ្នា និងចម្លាក់ចិនជិះទូកលេងអុក និងបញ្ជល់មាន់)។ ចម្លាក់នេះបង្ហាញពីតួអង្គអង្គុយដូចចម្លាក់ទី១លើជញ្ជាំងថែវខាងត្បូង ស្លាបខាងលិច ងាកមកស្តាំដៃនិយាយជាមួយនឹងមនុស្សពីរបីនាក់ (ប្រហែលមន្ត្រី ឬមេទ័ព) និងមានពួកព្រាហ្មណ៍អង្គុយសំពះជុំវិញផង។ ចម្លាក់១ទៀត គឺនៅលើជញ្ជាំងបន្ទាប់ជ្រុងពាយ័ព្យនៃថែវទី១ដែរ។ មានចម្លាក់បង្ហាញពីតួអង្គ២នាក់អង្គុយពិភាក្សាគ្នា និងមានមនុស្សជាច្រើននាក់អង្គុយចាំស្តាប់ និងសំពះគោរព។

ខ.ទម្រង់ជាទេពសំខាន់ៗមួយចំនួនក្នុងហិណ្ឌូសាសនា

ក្រៅពីចម្លាក់ជាក្សត្រនៃរាស្ត្ររបស់ព្រះអង្គ មានចម្លាក់ដទៃទៀតដែលជាទេពក្នុងហិណ្ឌូសាសនា ហើយត្រូវបានគេឆ្លាក់ក្នុងទស្សនៈវិស័យនៃការភ្ជាប់ព្រះអង្គទៅនឹងតួអង្គទេពដែរ ត្បិតព្រះអង្គត្រូវបានគេជឿថា ជាទេពនៃមនុស្ស និងជាទេពនៃទេព ឧទាហរណ៍តាមរយៈព្រះនាមរបស់ព្រះអង្គ គឺ វ្រះបាទកម្រតេងអញ ស្រីសូរ្យវរ៌្មទេវ (K.524)។ ពឹងលើទស្សនៈបែបនេះ ចម្លាក់ទេពសំខាន់ដទៃទៀតនៅតាមជញ្ជាំងប្រាសាទអង្គរវត្តត្រូវបានគេឆ្លាក់តាមទម្រង់ដើមនៃព្រះកាយ និងព្រះភ័ក្ត្ររបស់ព្រះបាទសូរ្យវរ្ម័នទី២ ដូចជា៖

  ១.ចម្លាក់ព្រះវិស្ណុក្នុងរឿងកូរសមុទ្រទឹកដោះ នៅថែវខាងកើត ស្លាបខាងត្បូង

  ២.ចម្លាក់អរជុនក្នុងរឿងមហាភារត នៅថែវខាងលិច ស្លាបខាងត្បូង

 ៣.ចម្លាក់ព្រះរាមក្នុងរឿមរាមកេរ្តិ៍ នៅថែវខាងលិច ស្លាបខាងជើង

  ៤.ចម្លាក់ព្រះសូរ្យ (អាទិត្យ) ក្នុងចម្បាំងជាមួយអសុរៈ នៅថែវខាងជើង ស្លាបខាងលិច។ ចម្លាក់ព្រះសូរ្យនេះ គឺស្ថិតនៅចំអ័ក្សជាមួយគ្នា (ជើងត្បូង) និងចម្លាក់ព្រះបាទសូរ្យវរ្ម័នទី២គង់លើបល្ល័ង្គ និងមានលាបពណ៌មាសដូចគ្នា។  

  ៥.ចម្លាក់ព្រះរាមគង់ពិភាក្សាជាមួយនិងពលសេនា នៅលើជញ្ជាំងជ្រុងពាយ័ព្យនៃបន្ទប់ ជ្រុងពាយ័ព្យរបស់ថែវទី១។

​​  ៦.ចម្លាក់ព្រះរាមលើកធ្នូ នៅលើជញ្ជាំងជ្រុងអាគ្នេយ៍នៃ បន្ទប់ជ្រុងពាយ័ព្យរបស់ថែវទី១។

គ.ទម្រង់ជាទេពនៃសេចក្តីស្លាប់

ព្រះបាទសូរ្យវរ្ម័នទី២ជាក្សត្រដែលមានជំនឿខ្លាំងលើទេព ពិសេសគឺព្រះវិស្ណុ។ អ្វីដែល សំខាន់សម្រាប់ទ្រង់នោះ គឺជំនឿលើសេចក្តីស្លាប់ ព្រោះព្រះអង្គបានរៀបចំស្ថាបនាប្រាសាទអង្គរវត្តនេះសម្រាប់អនាគតនៃសេចក្តីស្លាប់របស់ព្រះអង្គ។ លោក Przyluski បាន ឱ្យសម្មតិកម្មថា អង្គរវត្តជាប្រាសាទនៃសេចក្តីស្លាប់ រីឯលោក Cœdès ថាជាផ្នូរ។ ក្នុងអត្ថបទមុនរបស់ខ្ញុំបានស្នើលើការប្រើពាក្យថា ទីតម្កល់ព្រះសព គឺមិនមែនផ្នូរទេ (មិនបានកប់)។ ព្រះអង្គជឿលើឋានសួគ៌ និងឋាននរក និងការចាប់ជាតិថ្មី។ ចំណុចមួយដែលពិសេសនោះ គឺព្រះអង្គប្រហែលជាជឿថា ឬក៏ជាចេតនារបស់ព្រះអង្គដែលគិតថា ពេលព្រះអង្គនៅមានព្រះជន្ម ព្រះអង្គ គឺជាក្សត្ររបស់ប្រជារាស្ត្ររបស់ព្រះអង្គ ហើយពេលព្រះអង្គសុគតទៅ និងចាប់កំណើតមួយរយៈ ដើម្បីមើលការគ្រប់គ្រងព្រលឹងរបស់ប្រជារាស្ត្រព្រះអង្គ។ កន្លែង នេះហើយដែលយើងអាចយល់តាមចម្លាក់១នៅថែវខាងត្បូង ស្លាបខាងកើត (ថែវឋានសួគ៌ និងឋាននរក) ដែលបង្ហាញពីតួអង្គ១អង្គ ក្បែរព្រះចិត្រាគុប្ត ដែលព្រះកាយ និងព្រះភ័ក្ត្រ ព្រមទាំងគ្រឿងអលង្កា មានទម្រង់ដូចព្រះបាទសូរ្យវរ្ម័នទី២។

ឃ.បដិមាជាព្រះពុទ្ធ

តាមការសិក្សា និងស្រាវជ្រាវ យើងរកឃើញមានពុទ្ធបដិមាមួយចំនួនដែលមានទម្រង់ជាព្រះរូបរបស់ព្រះអង្គផងដែរ។ មានចម្លាក់លើហោជាង១ ដែលគេគិតថាជាចម្លាក់ព្រះពុទ្ធគង់លើនាគ ឋិតក្នុងរចនាបថអង្គរវត្ត នៅប្រាសាទភិម័យ។ ចំណុនេះ យើងឃើញថាមានលក្ខណៈឆ្លងពីរចនាបថបាពួន និងជាគំរូដល់រចនាបថបាយ័ន្ត។ វាពុំមានអ្វីដែលធ្វើឱ្យយើងមានចម្ងល់ថា ព្រះបាទសូរ្យវរ្ម័នទី២ ជាស្តេចដែលកាន់ហិណ្ឌូសាសនា ពិសេសនិកាយព្រះវិស្ណុ តែបែរជាមានបដិមាជាព្រះពុទ្ធក្នុងសម័យកាលព្រះអង្គដែរ។ ចំណុចទី១ គឺព្រះពុទ្ធក៏ជាផ្នែកមួយ ឬអវតាទី៩របស់ព្រះវិស្ណុ។ ចំណុចទី២ ក្នុងសង្គមខ្មែរសម័យបុរាណ ការគោរពសាសនាហាក់បីដូចជាពុំមានបញ្ហាចោទ ឬបែងចែកឱ្យច្បាស់ណាស់រវាងហិណ្ឌូសាសនា និងពុទ្ធសានាមហាយាន។ ពេលខ្លះស្តេចកាន់ហិណ្ឌូ ដោយគោរពព្រះសិវៈ ឬវិស្ណុ តែមានរាស្ត្រ និងមន្ត្រី ពេលខ្លះជារាជគ្រូរបស់ស្តេចផង កាន់ពុទ្ធសាសនាមហាយានផងដែរ។ ក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២ ព្រះអង្គជាក្សត្រដែលជឿលើព្រះសិវៈ ប៉ុន្តែរាជគ្រូម្នាក់របស់ព្រះអង្គ គឺកវីន្ទ្ររីមថន បានបង្គំថ្វាយសុំកសាងប្រាសាទបាតជុំដើម្បីឧទ្ទិស និងតម្កល់បដិមា ព្រះពុទ្ធ(ជិន) និងពោធិសត្វ(ប្រាជ្ញបាណី) ជាដើម។ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គបានសំយោគនិកាយទាំង៣ សិវៈនិយម វិស្ណុនិយម និងព្រះពុទ្ធនិយម  (រួមទាំងពោធិសត្វ) ជាមួយគ្នាទៀតផង។ បដិមាព្រះពុទ្ធប្រក់នាគមួយរកឃើញនៅតំបន់សិរីសោភ័ណ ជាបដិមាដែលគេគិតថា ឋិតក្នុងសម័យ ឬរចនាបថអង្គរវត្ត។ កំណាយស្រាវជ្រាវនៅប្រាសាទបន្ទាយក្តីដោយសាកលវិទ្យាល័យសូហ្វីយ៉ា បានរកឃើញបំណែកពុទ្ធបដិមា២៧៤ដុំ ក្នុងនោះមានពុទ្ធបដិមាខ្លះមានលក្ខណៈដូចរចនាបថអង្គរវត្តដែរ ឧទាហរណ៍បដិមាលេខ BK102​ និងBK239។

សរុបសេចក្តីមកវិញ អត្ថបទខ្លីនេះខ្ញុំមិនបានពិពណ៌នាលម្អិតអំពីលក្ខណៈទូទៅ និងពិសេសនៃទម្រង់ព្រះកាយ និងព្រះភ័ក្ត្ររបស់ព្រះបាទសូរ្យវរ្ម័នទី២ទេ។ វាជាចំណុច ផ្តើមមួយនៃការអង្កេតលើចំណុចពិសេសដែលសិល្បករខ្មែរសម័យនោះព្យាយាមធ្វើ និងបង្ហាញអំពីអ្វីដែលជាទស្សនៈរបស់ក្សត្រ ឬជាយោបល់របស់ព្រះរាជគ្រូថ្វាយជូនដល់ក្សត្រក្នុងការស្ថាបនាប្រាសាទអង្គរវត្តនេះ ដោយមានលម្អជារឿងទេវកថា ដំណើរជិវិតរបស់ព្រះអង្គ និងជំនឿលើជិវិតក្រោយសេចក្តីស្លាប់ ដោយផ្សារភ្ជាប់ចម្លាក់ដែលតំណាងឱ្យព្រះអង្គផ្ទាល់នៅក្នុងរឿងរ៉ាវទាំងនោះ។ វាជាទិដ្ឋភាពមួយដែលយើងមិនដែលឃើញក្នុងចម្លាក់ក្រឡោតទាប ឬជាបដិមាតំណាងក្នុងរាជ្យក្សត្រមុនៗ។ 

អត្ថបទដើម៖ លោក សុខ កែវ សុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!