អាមួយលូកដៃទៅត្រូវសក់ថា “វើយ សូត្រ” ដកដៃចេញ។ អាមួយលូកដៃទៅត្រូវស្លឹកត្រចៀក ត្រូវភ្នែក ច្រមុះ ស្រែកថា វើយខ្មោចទេ។ អាមួយមិនជឿ លូកដៃទៀត ត្រូវដើមទ្រូងដឹងថាខ្មោចមែន ក៏ស្ទុះរត់ចោលហើយខឹងណាស់ថា ត្បិតមេនោះ បញ្ឆោតឲ្យសែងខ្មោចចោលបាន។ ចោរទាំង៤ នាក់គិតគ្នាថា យើងឃ្លាំមើលនេនោះ បើឃើញវាដើរទៅណាតែម្នាក់ឯង ត្រូវគ្នាយើងចោមរោម ចាប់វាវាយ ឲ្យវារាងកុំឲ្យវាបញ្ឆោតយើងទៀត។
ជួនជាថ្ងៃមួយ មេនោះចុះទៅកំពង់រកទិញអីវ៉ាន់ ត្បិតមានសំពៅទើបនឹងមកដល់ពីស្រុកក្រៅ។ មេនោះ ដើរដល់កណ្តាលផ្លូវក៏ជួបនឹងចោរទាំង៤នាក់នោះ ចោរឃើញក៏នាំគ្នាព្រួតចាប់នឹងវាយ ហើយជេរពីរឿងដែលវាបញ្ឆោតនោះ។ មេនោះ ឆ្លើយថា “ណ្ហើយអ្នកបើវាយខ្ញុំ ក៏ឥតប្រយោជន៍ដែរ ត្បិតខ្ញុំទៅទារប្រាក់ពីនាយសំពៅ ដូច្នេះចូរមក! អញ្ជើញទៅនឹងខ្ញុំៗទារប្រាក់បានចែកគ្នាចាយលេង”។
ចោរទាំង៤នាក់ឮថាវាទៅទារប្រាក់ដូច្នោះ ក៏ចូលចិត្តបបួលគ្នាទៅ មេនោះផ្តាំចោរទាំង៤នាក់ថា “អស់អ្នកឈរចាំខ្ញុំ នៅលើច្រាំងចុះ បើកាលណាឃើញខ្ញុំបោយដៃនោះ អ្នកនាំគ្នាចុះទៅចុះ បានប្រាក់ហើយ”។ មេនោះ និយាយផ្តាំចោរទាំង៤ហើយ ក៏ចុះទៅសំពៅនិយាយនឹងនាយសំពៅ លក់ចោរទាំង៤នាក់ វាថាចោរនេះខ្ញុំរបស់វា ហើយចង្អុលបង្ហាញនាយសំពៅថា “នុះន៍! វាទាំង៤នាក់ បើវាចុះមក ខ្ញុំឡើងទៅលើគោក សូមអ្នកចាប់ដាក់ច្រវាក់វាឲ្យជាប់ទៅ កុំឲ្យវារត់បាន”។ នាយសំពៅព្រមហើយសួរថា “ខ្ញុំនាងឯងទាំង៤ នាក់លក់ថ្លៃប៉ុន្មាន?។ មេនោះថា ម្នាក់ថ្លៃពីរណែន”។ នាយសំពៅឲ្យមួយណែនកន្លះ វាក៏ព្រមលក់ ហើយចេញមកក្រៅ បក់ដៃហៅចោរទាំង៤នាក់។ ចោរទាំង៤នាក់គិតស្មានថា វាហៅទៅយកប្រាក់ក៏នាំគ្នាចុះទៅ ដល់ហើយ ស្រាប់តែនាយសំពៅប្រើមនុស្សឲ្យដាក់ច្រវាក់ នៅបាតសំពៅទាំងអស់គ្នា។ មេនោះក៏យកប្រាក់ឡើងមកបាត់។ បានប្រាក់ហើយ មេនោដើរវិលមកផ្ទះវិញ ដល់កណ្តាលផ្លូវចួនជាយប់ពុំហ៊ានដើរទៅទៀត ក៏ឡើងទៅដេកលើដើមឈើមួយនៅប្របផ្លូវនោះ។
ឯចោរទាំង៤នាក់ លុះនាយសំពៅដាក់ច្រវាក់ជាប់ហើយ ក៏និយាយគ្នថា ជើមេនេះហៅពេញជាប្រាជ្ញាធំ វាបញ្ឆោតឲ្យយើងសែងខ្មោចទៅចោលក្នុងព្រៃហើយ ឥឡូវវាលក់យើងបានទៀត។ ចោរទាំង៤នាក់ខឹងណាស់ កាច់ច្រវាក់បាក់រត់ចេញពីសំពៅ ដើរឡើងមកលើគោក រត់មកទាំងយប់នោះ ជួនជាយប់យូរណាស់ ក៏នាំគ្នាឡើងទៅដេកលើដើមឈើធំមែលមេនោះដេក។ ចោរបីនាក់ឡើងទៅដេកលើមែកដោយខ្លួនពីគ្នា។ ចោរម្នាក់ឡើងទៅក៏ជួបនាងនោះ នៅលើចុងឈើ អាចោរនោះថា “អី! ហងឯងស្លាប់ហើយម្តងនេះ! ហងឯធ្លាប់បញ្ឆោតយើង ឥឡូងហងឯងរត់ចុះបើរួច!”។ មេនោះលើកប្រាក់បង្ហាញ ហើយឳបខ្សឹបថា “ណ្ហើយអ្នក ! អ្នកកុំស្តីកុំឲ្យអ្នកទាំងបីនាក់ទៀតដឹង ហើយយើងត្រូវយកគ្នាជាប្តីប្រពន្ធ នឹងយកប្រាក់នេះទៅចាយរកស៊ីស្រួលជាង អ្នកកុំធ្វើបាបខ្ញុំធ្វើអ្វី”។
អាចោរឮដូច្នោះ ក៏មិនស្តីខិតចូលទៅជិត លូកឳបកៀកមេនោះហើយថា បើប្អូនឯងហៅប្រាជ្ញាធំ បញ្ឆោតខ្ញុំពីរដងហើយ ឥឡូងបងបាននាងជាប្រពន្ធ ដោយសារព្រេងសំណាងយើង និយាយហើយក៏ឳបតាមចិត្តមេត្រី។ មេនោះពុំបម្រះហើយថា “ខ្ញុំខ្លាចក្រែងអ្នកស្រលាញ់ខ្ញុំមិនស្មោះហើយ នាងពុំដឹងចិត្តបង ចងឲ្យបងស្បថ ឬឲ្យបងធ្វើម្តេច?”។ មេនោះថា “បងស្រលាញ់ចិត្តមួយនឹងគ្នា មានតែលិទ្ធអណ្តាតគ្នា” ទើបមេនោះលៀនអណ្តាត ហើយឳនទៅរកអាចោរនោះ។ ឯចោរលិទ្ធអណ្តាតមេនោះ ហើយលៀនអណ្តាតឲ្យមេនោះលិទ្ធវិញ មេនោះខាំអណ្តាតអាចោរនោះដាច់អស់មួយកំណាត់ ហើយច្រានទម្លាក់ពីលើចុងឈើធ្លាក់ដល់ដី ស្រែកឮតែឡុលៗ។
ឯចោរបីនាក់ គិតស្មានថានាយសំពៅចោមចាប់ ក៏លោតពីលើមែកឈើទៅហើយ ស្រែកហៅគ្នាថា “វ៉ើយ! គ្នាយើងរត់នាយសំពៅដេញហើយ”។ អាចោរដែលដាច់អណ្តាតនោះ ស្រែកហៅគ្នាវាថា “មេនោះ នៅលើចុងឈើ ត្រូវមកចាប់” ប៉ុន្តែវាដាច់អណ្តាតដូច្នោះនិយាយមិនច្បាស់ ឮតែឡុលៗ គ្នាវាគិតស្មានថាគេដេញចាប់ចេះតែប្រឹងរត់យកតែព្រះអាយុរៀងខ្លួន។ ឯមេនោះចុះពីលើចុងឈើ យកប្រាក់ទៅផ្ទះឲ្យប្តី នៅរកស៊ីជាមួយនឹងប្តីជាសុខសប្បាយតទៅ។ ( រឿងមាយាស្រី ចប់ដោយបរិបូណ៍ សូមអរគុណ)
រៀបរៀងដោយ៖ កញ្ញា មាស សុភាព