ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ ៧កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាប្រក្រតី និងគ្មានផលរំខានអ្វីឡើយ។ សូមអ្នករៀបចំគម្រោងការងារជាថ្មី ដោយត្រៀមចំពោះហានិភ័យដែលនឹងអាចកើតឡើងដោយចៃដន្យ។ កុំធ្វើការងារធំដុំ ដោយគ្មានគម្រោងការ ពីព្រោះសញ្ញាណនៃភាពខាតបង់នឹងមានចំពោះការងារថ្មី។ ក្រៅពីនេះលោកអ្នកមានអំណោយផលខ្លាំងសម្រាប់ការធ្វើទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅ ដូច្នេះសូមបង្ហាញគោលគំនិតចម្បងរបស់អ្នកដោយភាពជឿជាក់។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរអាជីវកម្ម និងកិច្ចការដែលអ្នកកំពុងធ្វើនឹងមានតែភាពចម្រើនលូតលាស់ណាស់ ដូច្នេះមិនចាំបាច់ធ្វើការដោយប្រញាប់ប្រញាលពេកនោះទេ។ ថ្ងៃនេះជាពេលវេលាល្អ ដែលអ្នកអាចចូលទៅក្នុងស្ថានភាពរបស់គូប្រជែងរបស់អ្នកបាន។ លោកអ្នកទទួលបានគំនិតបញ្ញាវាងវៃ និងរស់រវើកណាស់។ ក្រៅពីនេះលោកអ្នកនឹងអាចដោះស្រាយបញ្ហាចំពោះមុខបានល្អ ប៉ុន្តែសូមព្យាយាមយ៉ាងណាកុំឲ្យមានផលរំខានពីមជ្ឍដ្ឋានខាងក្រៅ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងមានមនុស្សជាច្រើនចាំគាំទ្រ និងជួយយកអាសារក្នុងកិច្ចការងារនានា ដូច្នេះអាជីពការងាររបស់អ្នកនឹងទទួលបានភាពជោគជ័យយ៉ាងប្រសើរ ប៉ុន្តែសូមកំចាត់គំនិតអវិជ្ជមានទាំងអស់ចោល។ ក្នុងពេលឆាប់ៗនេះ ស្ថានភាពរបស់អ្នកនឹងប្រសើរឡើង ដូច្នេះចូរបន្តធ្វើការជាធម្មតា។ នៅថ្ងៃនេះ ភាគច្រើនអ្នកនឹងអាចដោះស្រាយចំពោះបញ្ហាដែលពិបាកបំផុត ប៉ុន្តែក៏សូមព្យាយាមកុំលាយឡំបញ្ហាចូលគ្នា។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកប្រកបការងារនឹងទទួលបានផលសម្រេចក្នុងគម្រោងដែលបានដាក់ចេញ ហើយឳកាសសម្រាប់មុខតំណែងគឺមានសញ្ញាណខ្ពស់។ ថ្ងៃនេះលោកអ្នកគ្មានហេតុផលអ្វីគួរឲ្យព្រួយបារម្ភទេ ពីព្រោះអ្នកអាចធ្វើការបានយ៉ាងល្អជាទីបំផុត។ ទន្ទឹមនឹងនោះ ក្នុងអនាគតដ៏ខ្លីនេះ អ្នកនឹងបានឡើងឋានៈទៀតផង ប៉ុន្តែទោះបីជាពត៌មានដ៏រីករាយយ៉ាងណា មិនគួរបង្ហើបឲ្យគេដឹងនៅពេលនេះទេ។ ដោយឡែកប្រសិនបើអ្នកមានគម្រោងការដំណើរការការងារថ្មី ឬបណ្តាក់ទុន សូមកុំមានការស្ទាក់ស្ទើរឡើយ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ លោកអ្នកដែលប្រកបរបរជួញដូរនឹងទទួលបានកម្រៃចំណេញណាស់។ ប៉ុន្តែសូមបន្តធ្វើឲ្យផែនការបានសម្រេច។ សូមគ្រប់គ្រងចិត្តគំនិតឲ្យបានល្អ កុំឆាប់ចាញ់បោកពាក្យសំដីផ្អែមល្ហែមរបស់អ្នកដទៃ។ គួរចំណាយពេលវេលាថ្ងៃនេះធើ្វកិច្ចការដែលអ្នកកំពុងមានក្នុងដៃ ហើយចំពោះការងារថ្មីៗ បើអាចគួរផ្អាកសិន។ ចំពោះបញ្ហាខ្លះដែលអាចនឹងកើតឡើង សូមកុំមានប្រតិកម្មខ្លាំងពេក ហើយចំពោះការឈឺចាប់ចំពោះការរិះគន់ពីមនុស្សក្នុងក្រុមការងារក៏មិនគួរធ្វើឲ្យខ្លួនរងសំពាធពេកឡើយ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរទទួលបានជោគជ័យយ៉ាងខ្លាំង ចំណែកភោគទ្រព្យក៏ហូរចូលផ្ទះមិនដាច់ផងដែរ។ ថ្ងៃនេះមានអំណោយផលយ៉ាងខ្លាំងសម្រាប់ការធ្វើអាជីវកម្ម ប៉ុន្តែមិនត្រូវប្រញាប់ប្រញាលនោះទេ សូមធ្វើការសម្រេចចិត្តឲ្យបានម៉ត់ចត់ ហើយរកវិធីសាស្រ្តកែប្រែស្ថានការណ៍អាជីពមួយចំនួនដែលអ្នកយល់ថាជាការរំខាន។ ក្នុងវេលានេះអ្នកហាក់ដូចជាទទួលអារម្មណ៍គ្រប់គ្រាន់ចំពោះចំណូលដែលអ្នកទទួលបាន។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់លោកអ្នកប្រព្រឹត្តិទៅដោយរលូន និងគ្មានហេតុជំទាស់ឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ការចាប់ផ្តើមការងារថ្មីៗ។ ប្រសិនបើអ្នកចង់មានការផ្លាស់ប្តូរ សូមកុំស្ទាក់ស្ទើរឡើយ ព្រោះលោកអ្នកនឹងទទួលបានជោគជ័យជាទីគាប់ចិត្ត។ សូមរក្សាចិត្តថ្លើម ហើយមិនគួរយកចិត្តទុកដាក់នឹងរឿងកំប៉ិកកំប៉ុកទេ សូមកុំកំណត់ជួរអទិភាព។ ក្រៅពីនេះ អ្វីដែលអាចនឹងបំផ្លាញភាពជោគជ័យរបស់អ្នកគឺការសន្ទនារឿងមិនបានការ ដោយរួមទាំងការរិះគន់នានា។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លាភសំណាង និងមុខតំណែងការងារនឹងទទួលបានដំណឹងនៅថ្ងៃនេះ ប៉ុន្តែសូមមានការប្រុងប្រយ័ត្នជានិច្ច ពីព្រោះអាចនឹងមានការផ្លាស់ប្តូរដោយមិនរំពឹងទុកក្នុងអាជីពរបស់អ្នក។ ម្យ៉ាងទៀត បើទោះបីជាស្ថានភាពក្នុងថ្ងៃនេះនឹងកន្លងផុតទៅដោយស្ងប់ស្ងាត់ដ៏ដោយ សូមព្យាយាមរក្សាអ្វីៗឲ្យស្ថិតក្នុងសភាពដដែល។ សូមចូលរួមចំណែកចែករំលែកធនធានខ្លះៗ ពីព្រោះទាំងនោះនឹងនាំសុភមង្គលដល់អ្នកវិញ។ សូមចងចាំថា កុំចូលរួមចំណែកក្នុងការសន្ទនាលើប្រធានបទផ្សេងៗ ប្រយ័ត្នមានបញ្ហាធំ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាវេលាដែលមានអំណោយផលសម្រាប់ដំណើរការការងារ ពិសេសផ្នែកហិរញ្ញវត្ថុណាមួយដែលលោកអ្នកបានគ្រោង។ ចំពោះបញ្ហាតូចតាចមួយចំនួនដែលបានកើតឡើង សូមកុំមានក្តីបារម្ភអ្វីឡើយ ហើយក៏មិនចាំបាច់ត្រូវឆ្លើយតបទាំងកំរោលនោះដែរ។ ចំពោះទំនាក់ទំនងរបស់អ្នកចំពោះថ្នាក់លើ និងមិត្តរួមការងារមានដំណើរការទៅដោយរលូន ហើយពួកគេជឿជាក់ទៅលើវិជ្ជាជីវរបស់អ្នកយ៉ាងខ្លាំង។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងមុខរបររកស៊ីនឹងទទួលបានផលចំណេញ និងអាចសម្រេចផលបានយ៉ាងគាប់ចិត្ត។ ថ្ងៃនេះមានអំណោយផលសម្រាប់ការចាប់ផ្តើមគម្រោងថ្មី។ ក្នុងនោះប្រសិនបើអ្នកនឹងផ្លាស់ប្តូរការងារណាមួយ នោះនឹងកាន់តែប្រសើរ។ សូមកុំមានភាពរុញរាក្នុងអាជីវកម្ម ចូរធ្វើឲ្យសម្រេចផែនការ។ ទោះបីជាយ៉ាងនេះក្តី សូមលោកអ្នកប្រយ័ត្ននឹងការសម្រេចចិត្តដោយឯកឯង។ ក្នុងនោះដែរ សូមធ្វើអ្វីៗឲ្យស្ថិតក្នុងផ្លូវកណ្តាល ឬជាមធ្យម ពីព្រោះភាពរឹងរឹងហួសហេតុមិនជួយអ្នកឲ្យសម្រេចផលនោះទេ។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកមានលទ្ធភាពគ្រប់គ្រងស្ថានភាពមានយ៉ាងល្អណាស់។ ដូច្នេះមុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកនឹងទទួលបានភាពកាក់កបណាស់។ អ្នកអាចផ្លាស់ប្តូរកិច្ចការងារ ប្រសិនបើអ្នកគ្មានទំនុកចិត្ត ប៉ុន្តែសូមពិភាក្សាឲ្យបានច្រើន។ ការជឿទុកចិត្តត្រូវមានភាពឆ្លាតវៃ។ ពេលនេះអ្នកនឹងទទួលបានការបញ្ជាក់ពីភាពត្រឹមត្រូវរបស់អ្នក ប៉ុន្តែភាពជោគជ័យទាំងស្រុងហាក់មិនទាន់ដល់ពេលនោះទេ។ សូមព្យាយាមសំដែងភាពសប្បុរស និងការយោគយល់ជានិច្ច។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងការងារនានារបស់លោកអ្នកនឹងអាចសម្រេចផលបានជាទីគាប់ចិត្ត ប៉ុន្តែតម្រូវឲ្យមានការប្រុងប្រយ័ត្នដើម្បីអនុវត្តការងារទាំងនោះ។ ភាគច្រើនថ្ងៃនេះអ្នកនឹងឈ្នះទៅលើស្ថានភាពការងារជាច្រើន ក៏ប៉ុន្តែអ្នកប្រហែលជាត្រូវចំណាយពេលវេលាបន្ថែមទៀតដើម្បីសម្រប និងដោះស្រាយបញ្ហា។ សូមលោកអ្នកធ្វើកិច្ចការដោយសន្សឹមៗ ហើយត្រូវពិភាក្សាឲ្យបានច្រើន ដើម្បីបញ្ជៀសភាពថ្លោះធ្លោយ។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព