ទំព័រដើមនិទានកថារឿងធនញ្ជ័យ (ភាគទី១)

រឿងធនញ្ជ័យ (ភាគទី១)

       នេះនឹងនិយាយពីរឿងធនញ្ជ័យ កាលដើមឡើយមកចាប់កំនើតក្នុងពោះនាងម្តាយៗដេកទៅយល់សប្តិតែទៀប ឯព្រឹកដូចជាយល់សូង យល់សប្តិបេះដូងបេះបានទាំងផ្លែ យល់សប្តិឃើញខែៗនោះពេញបូរមី នាងនោះភ្ញាក់ឡើងពីដេកគិតថា សប្តិនេះល្អណាស់ បើដូច្នេះអញនឹងទៅឲ្យហោរមើលឲ្យបានដឹងថាសប្តិនេះល្អ​ ឬអាក្រក់ គិតស្រេចយកទៀនធូបទៅដល់ផ្ទះហោរ អ្នកហោរមិននៅៗតែប្រពន្ធហោរ នាងនោះទៅដល់ផ្ទះហោរហើយសួរថា អ្នកហោរនៅទេ ប្រពន្ធហោរប្រាប់ថាមិននៅទេ រកគាត់ថ្វីនាង នាងនោះប្រាប់ថា មករកគាត់ឲ្យទាយសប្តិ ត្បិតខ្ញុំដេកទៅយល់សប្តិទៀប ឯព្រឹកហាក់ដូចជាយល់សូង យល់សប្តិឡើងបេះដូង បេះបានទាំងផ្លែ យល់សប្តិឃើញខែៗពេញបូរមី ប្រពន្ធហោរស្តាប់ដឹងសព្វគ្រប់ថានាងនោះនឹងកើតកូនៗនោះប្រុង ហើយនឹងបានជាស្តេច ដឹងដូច្នោះគិតថា អញនឹងទាយឲ្យទៅជាខ្ញុំគេ គិតស្រេចប្រាប់ថា នាងនឹងមានកូនប្រុសមួយ និងទៅជាខ្ញុំគេ នាងនោះស្តាប់នាងប្រពន្ធហោរទាយដូច្នោះហើយ ក៏លាមកផ្ទះវិញ។

         ដល់សម្រាលកូននោះមកប្រុស បានអាយុ៧ឆ្នាំ ដើរទៅលេងខាងផ្ទះមហាសេដ្ឋីសព្វៗថ្ងៃ ឯប្រពន្ធមហាសេដ្ឋីត្បាញលើផ្ទះ បោះត្រល់ទៅវាធ្លាក់ទៅដីក្រឡេកមើលទៅឃើញធនញ្ជ័យលេងនៅនោះ ស្រែកហៅថាអាជ័យរើសត្រល់ឲ្យអញ ទើបធនញ្ជ័យសួរថា បើខ្ញុំរើសត្រល់ តើអោយរបស់អ្វីខ្ញុំ ប្រពន្ធមហាសេដ្ឋីថា​ អញឲ្យអំបុកអាជ័យឯង ធនញ្ជ័យថាឲ្យតិច ឬច្រើន នោះនាងប្រពន្ធមហាសេដ្ឋីប្រាប់ថាអញឲ្យច្រើនទើបធនញញ្ជ័យរើសត្រល់ ហើយអង្គុយចាំទារអំបុកអំពីប្រពន្ធមហាសេដ្ឋីថា ឲ្យអំបុកមក ខ្ញុំនឹងទៅផ្ទះ ប្រពន្ធមហាសេដ្ឋីឲ្យអំបុកមកឲ្យធនញ្ជ័យៗថាតិចណាស់ឲ្យច្រើនទៀត មួយកញ្ជើ ធនញ្ជ័យនៅតែថាឲ្យច្រើនទៀត នោះប្រពន្ធមហាសេដ្ឋីថា អញឲ្យអស់ច្រើនប៉ុណ្ណោះឯង ធនញ្ជ័យស្តាប់ហើយខឹងយំទារតែអំបុកច្រើនៗនោះ លឺទៅដល់មហាសេដ្ឋីៗដើរចូលមកមើលហើយសួរថា អាជ័យថ្វីក៏យំ ទើបប្រពន្ធមហាសេដ្ឋីប្រាប់ថា ខ្ញុំឲ្យរើសត្រល់ឲ្យ ខ្ញុំថាឲ្យអំបុកច្រើន ឥលូវខ្ញុំឲ្យមួយកញ្ជើវានៅតែថាឲ្យច្រើនទៀត ឥលូវនេះវាអង្គុយតែយំ នោះមហាសេដ្ឋីថា ឳឯងមកនដឹងចិត្តអាជ័យទេ មានតែអញឲ្យវា ទើបវាព្រមសុខចិត្ត ទើបមហាសេដ្ឋីហៅថា​ អាជ័យមកឯណេះអញនឹងឲ្យអំបុកឯងច្រើន ឯធនញ្ជ័យលឺមហាសេដ្ឋីហៅដូច្នោះហើយ ដើរទៅតាមមហាសេដ្ឋី ទើបមហាសេដ្ឋីឲ្យយកចង្អេរ១មកដាក់អំបុកនឹងចង្អេរបានជាពីរដុំហើយសួរថា អាជ័យអាមើលអំបុកណាច្រើន ធនញ្ជ័យថានេះច្រើន នេះតិច ទើបមហាសេដ្ឋីថា បើឯណាច្រើនអាឯងយកច្រើននោះចុះ ធនញ្ជ័យយកអំបុកនោះ ហើយក៏គិតតែក្នុងចិត្តឯងថា ឳអញចាញ់បោកមហាសេដ្ឋីនេះហើយ អញនឹងផ្ចាញ់ប្រាជ្ញាគាត់នេះឲ្យបាន ទើបអញសុខចិត្ត។ ធនញ្ជ័យគិតដូច្នោះស្រេចហើយដើរទៅដល់ម្តាយឪពុក ប្រាប់ម្តាយថាអ្នកម៉ែទៅយកប្រាក់សេដ្ឋី ខ្ញុំនឹងជាខ្ញុំមហាសេដ្ឋីនឹងបម្រើលោកតាមចិត្តខ្ញុំប៉ង ខ្ញុំមិននៅនឹងអ្នកម៉ែទេ។ ម្តាយធនញ្ជ័យស្តាប់កូនថាដូច្នោះហើយសួរកូនថា អ្នកមាសម្តាយ ម្តាយនឹងមានជំពាក់បំណុលគេក៏ទេ ម្តេចក៏ឲ្យម្តាយយកកូនទៅនៅជាខ្ញុំគេដូច្នោះ ទើបធនញ្ជ័យប្រាប់ម្តាយថា ខ្ញុំនឹងទៅនៅផ្ចាញ់ប្រាជ្ញាលោកមហាសេដ្ឋីទេ​​ឲ្យកូនទៅនៅជាខ្ញុំមហាសេដ្ឋីអំពីថ្ងៃនោះឯង។

         ឯមហាសេដ្ឋីក៏ប្រើចៅធនញ្ជ័យ ឲ្យកាន់ថាសស្លាដើរតាមទៅគាល់ស្តេចសព្វៗថ្ងៃទៅ ឯធនញ្ជ័យដើរក្រដល់ ត្បិតមហាសេដ្ឋីជិះសេះនឹងដើរមិនទាន់ បានជាមហាសេដ្ឋីស្រដីថា អាជ័យឯងដើរដូម្តេចក៏មិនទាន់អញ ទើបធនញ្ជ័យប្រាប់ថា ត្បិតខ្ញុំខ្លាចវាជ្រុះប្រអប់អំពីថាសស្លា ទើបមហាសេដ្ឋីស្រដីប្រាប់ថា អំពីថ្ងៃនេះទៅ អាឯងរត់ឲ្យទាន់សេះអញ បើវាជ្រុះរបស់កុំឈប់រើសឡើយ ធនញ្ជ័យស្តាប់ហើយឆ្លើយថាបាទ។

         លុះដល់ថ្ងៃឯក្រោយវិញទៀតនោះ ធនញ្ជ័យក៏រត់ទៅតាមមហាសេដ្ឋី កាលមហាសេដ្ឋីឡើងជិះសេះបរចេញទៅ ធនញ្ជ័យក៏រត់តាមក្រោយសេះជ្រុះអស់ប្រអប់ស្លាអំពីក្នុងថង

ស្រេះនោះ នៅតែថាស់ស្លា ហើយនឹងថង់ស្រែះទទេ លុះទៅដល់សាលាមហាសេដ្ឋីចុះអំពីលើខ្នងសេះហើយឡើងលើសាលា ជួបជុំ អង្គុយនឹងអស់នាម៉ឺនធំតូចហើយ ហៅទៅថា អាជ័យយកថាសស្លាមកឲ្យអញស៊ី ឯធនញ្ជ័យយកថាសស្លាជូនមហាសេដ្ឋី ហើយថយមកអង្គុយនៅទីមួយដ៏សមគួរនឹងខ្លួនឯង មហាសេដ្ឋីទទួលថាសស្លាមកហើយ ក៏មើលទៅឃើញតែថាស់ទទេ ខ្មាសគេមិនហ៊ានស្រដីថាអ្វីៗឡើយ លុះដល់ពេលត្រលប់មកផ្ទះវិញ ហើយហៅថា អាជ័យអាមកណេះ ឯធនញ្ជ័យលឺមហាសេដ្ឋីហៅខ្លួនដូច្នោះហើយ ក៏ដើរចូលទៅ។ មហាសេដ្ឋីក៏សូរថា អាជ័យឯងដូចក៏ធ្លាក់ប្រអប់អស់មិនរើសឡើងវិញ ធ្នញ្ជ័យជម្រាបថា ខ្ញុំខ្លាចដើរមិនទាន់លោកតាបានជាខ្ញុំមិនហ៊ានឈប់រើស ត្បិតលោកតាផ្តាំឲ្យរត់ឲ្យទាន់សេះលោកតានោះឯង ឯមហាសេដ្ឋីស្រដីប្រាប់ថា បើទៅលើក្រោយ ជ្រុះរបស់អ្វីឲ្យរើសកុំខាន បើមិនបានរើសអញវាយអាឯង ធនញ្ជ័យស្តាប់លឺមហាសេដ្ឋីផ្តាំដូច្នោះហើយក៏ចាំទុក។

         លុះព្រឹកឡើងនឹងទៅគាល់ស្តេច ហើយឡើងជិះសេះ ឯធនញ្ជ័យកាន់ថាសស្លាដើរតាមក្រោយសេះ ដែលមហាសេដ្ឋីជិះនោះឯង ឯសេះនោះវាជុះអាចម៍ ធនញ្ជ័យក៏រើសអាចម៍សេះនោះដាក់ក្នុងថាសស្លានោះ ទាល់តែពេញ ហើយដើរតាមក្រោយទៅ មហាសេដ្ឋីជិះសេះទៅដល់មុន រកមើលធនញ្ជ័យបាត់។​

         លុះដល់ធនញ្ជ័យទៅដល់ក៏សួរថា អាឯងមកឲ្យអញនឹងសួរមើលអាឯងថ្វីក៏ដើរមិនទាន់អញ ទើបធនញ្ជ័យជម្រាបថា បានជាខ្ញុំដើរមិនទាន់លោកតានោះ ត្បិតខ្ញុំបាទឈប់រើសអាចម៍សេះវាធ្លាក់ច្រើនណាស់ ត្បិតប្រសាសន៍លោកតាផ្តាំថា បើរបស់អ្វីវាជ្រុះឲ្យខ្ញុំបាទឈប់រើស ហេតុដូច្នេះបានជាយូរ ទើបមហាសេដ្ឋីថា អាឯងឲ្យថាសស្លាមកអញ ធនញ្ជ័យឲ្យថាសស្លាមហាសេដ្ឋី មហាសេដ្ឋីមើលមិនឃើញអាចម៍នៅក្នុងថង់ស្រែះនោះ ក៏អៀនខ្មាសអស់នាម៉ឺនដែលអង្គុយនៅលើសាលាជាមួយគ្នា មហាសេដ្ឋីមិនស្រដីថាអ្វីៗឡើយ ហើយក៏ចុះអំពីសាលាឡើងសេះបរទៅផ្ទះ ឯធ្នញ្ជ័យក៏យកថាសស្លាមកហើយក៏ដើរទៅតាមមហាសេដ្ឋី លុះដល់ទៅមហាសេដ្ឋី។ ហៅថាអាជ័យឯងកុំដើរតាមអញទៅគាល់ឡើយ អាឯងសមតែនៅចាំចំការវិញទើបសមនឹងមុខងារអា​ឯង​ ហើយមហាសេដ្ឋីស្រដីប្រាប់ថា តាំងតែពីថ្ងៃនេះទៅ អាឯងទៅចាំចំការតែសព្វៗថ្ងៃទៅ ឯធនញ្ជ័យស្តាប់ហើយក៏ឆ្លើតថា បាទ ហើយក៏ដើរទៅចាំចំការនោះដូចមហាសេដ្ឋីប្រើដូច្នោះឯង។

         ឯអស់ដំណាំនៅក្នុងចំការនោះ សត្វគោក្របីវាស៊ីអស់ ធនញ្ជ័យនឹងមានដេញក៏ទេលុះទៅដល់មហាសេដ្ឋីដើរទៅមើលចំការនោះ ក៏មិនឃើញមានដំណាំអ្វីឡើយ ឃើញតែគោក្របីវាស៊ីអស់ ហើយហៅថា អាជ័យអើយអាមកណេះអញនឹងសួរអាឯងមើល ឯធនញ្ជ័យស្តាប់ហើយចូលទៅ…

 (សូមរងចាំតាមដាន រឿង ធនញ្ជ័យ ភាគទី២ នៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!