ទំព័រដើមនិទានកថារឿងធនញ្ជ័យ (ភាគ២)

រឿងធនញ្ជ័យ (ភាគ២)

ហើយក៏សំពះក្រាបនៅមុខមហាសេដ្ឋី នៅស្ងៀមចាំស្តាប់មហាសេដ្ឋីនឹងថាដូចម្តេច មហាសេដ្ឋីសូរថា អាជ័យដើរទៅឯណាក៏មិនដេញគោក្របីឲ្យវាស៊ីដំណាំអស់ ទើបធនញ្ជ័យឆ្លើយថា បានជាខ្ញុំបាទពុំបានដេញគោក្របីវាស៊ីដំណាំនោះ ត្បិតលោកតាមិនផ្តាំឲ្យដេញគោក្របី លោកតាផ្តាំថាឲ្យខ្ញុំបាទមើលតែចំការ ឥលូវនេះចំការនោះវានៅទេ មិនគ្មានបាត់ទេ ឯមហាសេដ្ឋីស្តាប់ហើយក៏ស្ងៀម ហើយគិតថាអាជ័យនេះហៅពេញជាកាចណាស់ បើដូច្នោះតើនឹងប្រើការអ្វីបាន ទើបមហាសេដ្ឋីគិតថា មានតែប្រើវាឲ្យឃ្វាលគោវិញ ទើបមហាសេដ្ឋីហៅថា អាជ័យអាឯងមកណេះ ធនញ្ជ័យឮហើយឆ្លើយថាបាទ ហើយរដើររចូលទៅដល់ហើយអង្គុយនៅស្ងៀម ឯមហាសេដ្ឋីប្រាប់ថា អាជ័យទៅឃ្វាលគោសព្វថ្ងៃៗកុំឲ្យខានឡើយ ធនញ្ជ័យស្តាប់ហើយក៏ជម្រាបមហាសេដ្ឋីថា ត្បិតខ្លូនខ្ញុំបាទឥតមានប្រពន្ធ ឥលូវនេះលោកតាឲ្យទៅឃ្វាលគោនោះ ខ្ញុំបាទអរហើយនឹងបានប្រពន្ធច្រើន ខ្ញុំបាទជម្រាបថាគោញីទាំងអស់ ដែលមានប៉ុន្មាននៅក្នុងរោងនេះ ឈ្មោះតែគោញី ខ្ញុំបាទយកធ្វើជាប្រពន្ធទាំងអស់។

         ធនញ្ជ័យជម្រាបមហាសេដ្ឋីរួចហើយក៏លាទៅសព្វៗថ្ងៃ ហើយបើមានគោឈ្មោលឯណាវាមកពាក់គោញីនោះ ធនញ្ជ័យក៏ចាប់ថា គោឈ្មោលនោះវាលួចប្រពន្ធខ្លួន ហើយចងទុកជាច្រើនណាស់ ម្ចាស់គោឈ្មោលគេមកសុំយក ធនញ្ជ័យមិនឲ្យ ហើយប្រាប់ថាគោអ្នកឯងលួចប្រពន្ធអញ បើចងបានមានតែយកប្រាក់មកឲ្យអញ ទើបអញបើកឲ្យយកទៅ បើមិនយកប្រាក់មកឲ្យអញៗមិនបើកវាទេ ឯម្ចាស់គោនោះកាលបើបានឮធនញ្ជ័យថាដូច្នោះហើយ ក៏វិលទៅជម្រាបលោកមហាសេដ្ឋថា សូមជម្រាបលោកមហាសេដ្ឋីបានជ្រាប ត្បិតលោកឲ្យធនញ្ជ័យឃ្វាលគោនោះ វាចាប់គោឈ្មោលយើងខ្ញុំរាល់គ្នាទាំងអស់គោ២០ រឺ៣០ វាថាគោនេះទៅលួចប្រពន្ធវា ហើយវាថា គោញីទាំងអស់នោះឯងលោកមហាសេដ្ឋីឲ្យជាប្រពន្ធវា បើដូច្នេះខ្ញុំបាទទាំងអស់គ្នា ពុំសុខចិត្តនឹងធនញ្ជ័យធ្វើមិនត្រឹមត្រូវ សូមឲ្យលោកឲ្យគោខ្ញុំបាទមកវិញ។

         ឯមហាសេដ្ឋីស្តាប់ហើយ ក៏គិតថាអញប្រើអាជ័យនេះនឹងកើតទោសច្រើនទៅទៀត ហើយប្រើមនុស្សម្នាក់ថា អាឯងទៅហៅអាជ័យ ហើយយកទាំងគោដែលវាចាប់នោះមកផង បំរើនោះស្តាប់ហើយក៏ដើរទៅហៅធនញ្ជ័យដូចពាក្យមហាសេដ្ឋីប្រើនោះឯង ទៅដល់ហើយប្រាប់ថា ចៅជ័យឥលូវនេះលោកមហាសេដ្ឋីប្រើអញមកហៅចៅជ័យឯង ហើយឲ្យយកគោដែលចាប់របស់គេនោះទៅផង ធនញ្ជ័យស្តាប់ហើយ ក៏ាឆ្លើយថា​ បើដូច្នោះឯងជួយដឹកគោឲ្យអញផង ហើយក៏ដឹកគោនោះយកទៅដល់មហាសេដ្ឋី អាបំរើទៅជម្រាបថា ចៅជ័យមកដល់ហើយយកទាំងគោនោះមកផង មហាសេដ្ឋីសួរថា អាជ័យឯងដូចម្តេចក៏បានជាទៅចាប់គោគេហើយថាវាលួចប្រពន្ធអាឯង ឯធនញ្ជ័យជម្រាបថា ខ្ញុំបាទបានជម្រាបសូមយកគោញីនោះឯងជាប្រពន្ធខ្ញុំបាទ ឥលូវនេះគោឈ្មោលទាំងអស់នេះឯងវាដេញចង់ប្រពន្ធរបស់ខ្ញុំ ហើយបានជាខ្ញុំបាទចាប់ចងទុកនឹងយកមកប្តឹងលោកតា បើលោកតាមានប្រសាសន៍ដូចម្តេចខ្ញុំបាទព្រមមិនហ៊ានទទឹងទេ។

         ឯមហាសេដ្ឋីស្តាប់ធនញ្ជ័យជម្រាបដូច្នេះហើយ ទើបប្រាប់ថា អាឯងឲ្យគោរបស់គេទៅម្ចាស់គេវិញ ហើយខ្លួនអាឯងកុំទៅឃ្វាលគោទៀត វាបង្កើតទោសច្រើនណាស់ អាឯងបានតែប្រើការក្នុងផ្ទះវិញទើបជា ឯងធនញ្ជ័យក៏ខានពុំបានទៅឃ្វាលគោអំពីថ្ងៃនោះឯង មហាសេដ្ឋីប្រើធនញ្ជ័យឲ្យធ្វើការក្នុងផ្ទះសព្វថ្ងៃទៅ។

         មានកាលមួយថ្ងៃមហាសេដ្ឋីចេញទៅអង្គុយលេងនៅសាលាក្រៅ និយាយនឹងអស់នាម៉ឺនដែលគេមកគិតការអ្វីៗនិងមហាសេដ្ឋី អំពីព្រឹកដល់ថ្ងៃជិតត្រង់ ពេលឃ្លានបាយប្រពន្ធមហាសេដ្ឋីស្រដីប្រើថាអាជ័យទៅហៅលោកតាអាឯងមកពិសារបាយ វាថ្ងៃណាស់ហើយ។

         ធនញ្ជ័យស្តាប់ហើយក៏ដើរទៅហៅមហាសេដ្ឋីថា លោកតាអើយពិសារបាយ ដើរបន្តិចទៅហៅម្តងស្រែកហៅទៅឮដល់មហាសេដ្ឋីៗក៏ខ្មាសគេណាស់ តែមិនស្រដីថាឲ្យដឹងឡើយ ធនញ្ជ័យហៅហើយ ដើរទៅដល់មហាសេដ្ឋីហើយស្រែកហៅថា លោកយាយឲ្យហៅលោកតាទៅពិសាបាយ ត្បិតថ្ងៃណាស់ហើយ មហាសេដ្ឋីខឹង ហើយចុះពីសាលាដើរទៅដល់ផ្ទះហើយស្រដីថា ដូចម្តេចក៏បានអាជ័យឯងស្រែកហៅអញខ្លាំងម្ល៉េះ បើដើរទៅដល់ជិតសឹមប្រាប់វាអ្វី ធនញ្ជ័យឆ្លើយថា ខ្ញុំបាទនឹងធ្វើឯងក៏ទេ ត្បិតលោកយាយប្រើឲ្យហៅលោកតាមកពិសាបាយ បានជាខ្ញុំបាទហៅដូច្នោះឯង មហាសេដ្ឋីស្រដីថា អាឯងអំពីថ្ងៃនេះទៅ​បើគេប្រើឲ្យទៅហៅអញអាឯងដើរឲ្យដល់ទៅសឹមប្រាប់អញតិចៗ កុំឲ្យគេឮឡើយ បើអាឯងហៅដូចពីមុននោះទៀត អញវាយអាឯងមិនខាន ឯធនញ្ជ័យក៏ចាំទុកក្នុងចិត្តហើយនៅយូរបន្តិទៅ។

         មានកាលមួយថ្ងៃ មហាសេដ្ឋីដើរទៅអង្គុយឯសាលាក្រៅបង្គាប់មនុស្សម្នាឲ្យធ្វើការ គ្រានោះភ្លើងឆេះផ្ទះមហាសេដ្ឋីនោះឯង ប្រពន្ធមហាសេដ្ឋីភ័យហើយហៅថា អាជ័យទៅហៅលោកតាអាឯងប្រាប់ថាភ្លើងឆេះផ្ទះអស់ហើយ ឯធនញ្ជ័យក៏ដើរហៅមហាសេដ្ឋីថា លោកតាអើយភ្លើងឆេះផ្ទះលោកតាអស់ហើយ តែថាតិចៗជើងប្រឹងតែដើរ មាត់ក៏ប្រាប់តិចៗថា លោកតាអើយភ្លើងឆេះផ្ទះអស់ហើយ មហាសេដ្ឋីក្រឡេកមើលមកឃើញធនញ្ជ័យដើរ ហើយធ្វើមាត់ម្ហបៗ មហាសេដ្ឋីមន្ទិលក្នុងចិត្តហើយស្រែកសួរថា អាជ័យអាឯងថាអីក៏មិនថាឲ្យខ្លាំងមក អញនឹងឮ ឯធនញ្ជ័យក៏ថាតិចៗដូចដែលនោះឯង លុះដើរទៅដល់ហើយឳនទៅខ្សិបថា លោកតាភ្លើងឆេះផ្ទះអស់ហើយ ឯមហាសេដ្ឋីស្តាប់ដឹងដូច្នោះហើយប្រើអាជ័យថា ទៅយករបស់ស្រាលៗឲ្យឆាប់ទៅ ធនញ្ជ័យក៏រត់ទៅយកសំបុកមាន់ដែលវាពុំបានភ្លើងឆេះនោះ យកទៅទុកច្រើន ប្រមាណជា៣០សំបុកមាន់នោះ លុះដល់ភ្លើងរលត់ហើយ មហាសេដ្ឋីស្រដីប្រាប់គេឲ្យយកអស់របស់ដែលយកបានភ្លើងពុំបានឆេះនោះមកអស់ហើយ បាត់តែធនញ្ជ័យពុំឃើញយកមក នោះមហាសេដ្ឋីហៅអាជ័យឯងយកបានរបស់អីទុកខ្លះយកមកឲ្យអញនឹងមើល ឯធនញ្ជ័យថាខ្ញុំបាទយកបានច្រើនចាំខ្ញុំបាទទៅយកមកជូន ហើយធនញ្ជ័យទៅយកសំបុកមាន់នោះមកឲ្យមហាសេដ្ឋី ឯមហាសេដ្ឋីថាអាជ័យដូចម្តេចក៏ទៅយកសំបុកមាន់វិញ ឯរបស់ឯទៀតក៏អាឯងមិនយក ឯធនញ្ជ័យឆ្លើយថា ត្បិតលោកតាផ្តាំថាយករបស់ស្រាលៗនោះឯង បានជាខ្ញុំយកសំបុកមាន់នោះឯង វាស្រាលជាងរបស់ដទៃ។

         ឯមហាសេដ្ឋីក៏ប្រាប់ថា អាឯងទៅរកចាប់នរណាជាដើមភ្លើងឲ្យឆេះផ្ទះនេះ ឯធនញ្ជ័យឮហើយក៏ដើរទៅដើរទៅចាប់ជើងក្រានយកចងដាក់ឃ្នាងនាំមកជូនមហាសេដ្ឋី ហើយស្រដីជម្រាប់ថា ជើងក្រាននេះឯងជាដើមភ្លើងតែងតែនាំឆេះអំពីជើងក្រាននេះឯង រាល់ផ្ទះមនុស្សសព្វថ្ងៃប្រាកដជាឆេះជើងក្រាននេះឯង ថាបើមិនមែនទេ ខ្ញុំបានទទួលខុសឲ្យលោកតាធ្វើទោស ឯមហាសេដ្ឋីស្តាប់ហើយក៏គិតតែក្នុងចិត្តថា អាជ័យនេះឃើញថាអញនឹងប្រើវាមិនបាន បើប្រើទៅឃើញថាខូចរបស់ទ្រព្យច្រើន….

 (សូមរងចាំតាមដាន រឿង ធនញ្ជ័យ ភាគទី៣ នៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!