បើដូច្នោះមានតែអញនាំទៅថ្វាយស្តេចឲ្យស្រលះអំពីខ្លួនអញ គិតដូច្នោះហើយក៏ប្រាប់ថាអាជ័យឯង អញនឹងយកទៅថ្វាយហ្លួងក្នុងព្រឹកស្អែកនេះឯងហើយ ឯធនញ្ជ័យក៏ស្ងៀមទៅ។
លុះដល់ព្រឹកឡើង ឯមហាសេដ្ឋីក៏រៀងខ្លួននឹងឡើងទៅគាល់ ហើយយកធនញ្ជ័យទៅផង លុះដល់ហើយក្រាបបង្គំគាល់ទើបទូលថា សូមទានក្រាបទូលត្បិតទូលព្រះបង្គំខ្ញុំមានក្មេងម្នាក់មានប្រាជ្ញាណាស់ នឹងដេញប្រាជ្ញាវាមិនទាន់ឡើយ គ្មានមនុស្សឯណានឹងកុហកដូចគ្មាន ឥលូវនេះខ្ញុំទូលបង្គំយកមកថ្វាយជាខ្ញុំធូលីព្រះបាទ ឯព្រះមហាក្សត្រស្តាប់ហើយមានបន្ទូលត្រាស់ហៅថា អាជ័យចូលមកអាយ ឯធនញ្ជ័យក៏ឆ្លើយថា ព្រះករុណាពិសេស ហើយខិតចូលទៅក្រាបជិតមុខព្រះភក្រ្ត ទើបមហាក្សត្រសួរថា អាជ័យឯងចេះកុហកមែនឬទេ ឯធនញ្ជ័យក្រាបទូលថាចេះមែន ស្តេចត្រាស់ថា បើដូច្នោះអាឯងកុហកអញនឹងមើល ទើបធនញ្ជ័យក្រាបទូលថា ឯកុហកនេះមានក្បួននៅផ្ទះទូលបង្គំជាខ្ញុំ ទើបស្តេចត្រាស់ថា បើដូច្នោះអាឯងទៅយកមកនឹងកុហកអញមើល ទើបធនញ្ជ័យក្រាបទូលថាមានតែឲ្យហោរាសិកម្នាក់ទៅយកក្បួនអំពីផ្ទះទូលបង្គំជាខ្ញុំ ទើបស្តេចត្រាស់ប្រើមហាតលិកម្នាក់ថា អាឯងទៅយកក្បួនកុហកពីផ្ទះអាជ័យឲ្យឆាប់ ឯមហាតលិកនោះក្រាបថ្វាយបង្គំ ហើយក៏រត់ទៅដល់ផ្ទះធនញ្ជ័យ ហើយប្រាប់ម្តាយធនញ្ជ័យថាត្បិតធនញ្ជ័យប្រាប់ថាឲ្យមកយកក្បួនកុហកនោះ ឯម្តាយស្តាប់ហើយឆ្លើយថាគ្មានទេ ទើបស្តេចមានបន្ទូលត្រាស់សួរថា ឯជ័យអាឯងថាមានក្បួនកុហកនៅឯផ្ទះ ឥលូវនេះឲ្យទៅយកម្តាយអាឯងថាគ្មានទេ ទើបធនញ្ជ័យក្រាបទូលថានេះហើយហៅថាកុហកថ្វាយហើយសូមទានជ្រាប។
ស្តេចស្តាប់ក៏ទ្រង់ព្រះសម្រួល ហើយក៏មានបន្ទូលថា អាជ័យឯងនៅគាល់បម្រើអញសព្វៗថ្ងៃកុំឲ្យខាន ឯធនញ្ជ័យទទួលព្រះបន្ទូលហើយក៏នៅស្ងៀម ហើយគាល់បម្រើគ្មានខានមួយថ្ងៃ។
មានកាលមួយថ្ងៃ ស្តេចគិតក្នុងព្រះរាជហប្ញទ័យថា អញនឹងល្បងប្រាជ្ញាអាជ័យចង់ដឹងមើល លុះដល់ព្រឹកឡើងហើយស្តេចយាងទៅកំពង់ទឹក ហើយបានហៅអស់នាម៉ឺនធំតូចទាំងប៉ុន្មានៗរកពងមាន់ម្នាក់មួយម្នាក់ឲ្យក្តាប់ចុះទៅក្នុងទឹកមុជទៅងើបឡើងឲ្យថា តុក្កតតពង១ ថ្វាយស្តេច ឯធនញ្ជ័យកុំឲ្យដឹងឡើយ ឯអស់នាម៉ឺនរកពងមាន់បាន១ម្នាក់ ហើយចុះទឹកមុជទៅងើបឡើងថាតុក្កតតពង១ ថ្វាយហើយ ម្នាក់មុជទៅទៀតហើយងើបឡើងថា ដូចគ្នាហើយថ្វាយពងមាន់នោះគ្រប់គ្នា ហើយនៅតែធនញ្ជ័យក្រោយគេ មិនបានដឹងខ្លួនថាស្តេចឲ្យចុះទឹកកាន់ពងមាន់ទៅដូច្នោះឡើយ ហើយស្តេចឲ្យហៅមកថា អាជ័យអាឯងចុះទឹកមុជទៅងើបឡើងនឹងអាលថ្វាយពងមាន់ឲ្យដូចគេ ធនញ្ជ័យនឹងរកពងមាន់គ្មាន ហើយក៏មុជទឹកទៅងើបឡើងថា កឹគគិគលគក ឯស្តេចមានបន្ទូលថា ឯណាអាជ័យពងមាន់ ទើបធនញ្ជ័យថា ត្បិតទូលបង្គំនេះជាមាន់ឈ្មោលជាន់មាន់ញីទាំងអស់នេះឯង បានជាមានពង បើកុំទូលបង្គំជាឈ្មោលហើយជាន់មាន់ញីទាំងនេះគ្មានពងទេក្រាបទូល សូមទ្រងជ្រាប ស្តេចស្តាប់ហើយក៏កោតប្រាជ្ញាធនញ្ជ័យហើយមានព្រះបន្ទូលសួរថា អាជ័យអាឯងបានប៉ុន្មានឆ្នាំហើយ ធនញ្ជ័យក្រាបទូលថា អាយទូលបង្គំជាខ្ញុំបាន១១ឆ្នាំ។
ស្តេចស្តាប់ហើយមានព្រះបន្ទូលប្រាប់អស់នាម៉ឺនឲ្យបានដឹង ត្បិតស្តេចនឹងយាងទៅប្រពាតព្រៃ ឲ្យអស់នាម៉ឺនរៀបចំខ្លួនចាប់កំណត់ដប់ថ្ងៃទៀតទើបស្តេចយាងទៅ ឯអស់នាម៉ឺនបានស្តាប់ព្រះបន្ទូលប្រាប់ដូច្នោះហើយក៏រៀបខ្លួនគ្រប់នាម៉ឺនតាមមុខងាររៀងខ្លួន លុះដល់ថ្ងៃចេញទៅហើយ ហៅធ្នញ្ជ័យមកមានបន្ទូលប្រាប់ថា អាជ័យឯងអញឲ្យជិះដំរីដែលដាក់ក្រយាស្ងោយទៅឲ្យបានទាន់អញ បើមិនទាន់អញ ឯងនឹងមានសេចក្តីខុសមិនលែងឡើយ ឯដំរីនោះស្តេចឲ្យយកដំរីចាស់នឹងដើរមិនចង់រួច ហើយឲ្យធ្នញ្ជ័យជិះទៅ ឯធ្នញ្ជ័យក៏ឡើងជិះបរទៅ វាដើរមិនទាន់គេឡើយ ធនញ្ជ័យក៏ធ្វើក្តោង ហើយយកថ្នោលដោលលើខ្នងដំរីនោះឯង។ ព្រះមហាក្សត្រស្តេចយាងដល់ទៅព្រះពន្លាហើយឲ្យរកធនញ្ជ័យក៏បាត់ហើយត្រាស់ថា អាជ័យនេះខុសហើយមិនខាន លុះដល់យូរបានបីម៉ោងទើបធនញ្ជ័យមកដល់ព្រះមហាក្សត្រស្តេចឲ្យហៅធនញ្ជ័យមកសួរថា អាជ័យឯងបរដំរីដូចម្តេចក៏មិនទាន់អញ អាឯងខុសហើយត្បិតអញបានប្រាប់ថា ឲ្យមកទាន់កុំខាន ឯធនញ្ជ៧យស្តាប់ព្រះបន្ទូល ហើយក៏ក្រាបទូលថា ត្បិតដំរីវាមិនដើរ ទូលព្រះបង្គំជាខ្ញុំធ្វើក្តោងបើក ហើយធ្វើថ្នោលដោលផងទូលព្រះបង្គំជាខ្ញុំនឹងបានប្រហែសកំ៏ទេ សូមទ្រង់ជ្រាប ស្តេចស្តាប់ហើយស្ងៀមនៅមិនមានព្រះបន្ទូលដូចម្តេចក៏ទេ ហើយស្តេចក្រសាលសប្បាយទៅ លុះដល់ថ្ងៃរសៀលវិលមកវិញ ហើយចូលផ្ទំ។
ហើយស្តេចគិតក្នុងព្រះរាជហប្ញទ័យថា អាជ័យនេះមានប្រាជ្ញាណាស់ នឹងគិតធ្វើដូចម្តេចឲ្យទាល់ប្រាជ្ញាវានោះ បើដូច្នោះ មានតែអញនឹងដេញប្រាជ្ញាវាទៀត ស្តេចទ្រង់ព្រះរាជហប្ញទ័យដូច្នោះហើយ ឲ្យអស់នាម៉ឺនមុខមន្ត្រី នូវអស់មហាតលិកឃុននាម៉ឺននូវនាម៉ឺនអ្នកងារក្នុងងារដែលនៅក្នុងព្រះនគរ ឲ្យមកជួបជុំនឹងទ្រង់បង្គាប់ឲ្យហែស្តេចចេញទៅលេងព្រៃក្នុងថ្ងៃស្អែកនេះឯង តែឲ្យជិះសេះហែឲ្យគ្រប់គ្នា តែអ្នកណាគ្មានសេះជិះនឹងបានថាសេចក្តីខុសមិនលែងឡើយ ឯធនញ្ជ័យកុំវាដឹងសេចក្តីនេះឡើយ បើព្រឹកឡើងនឹងចេញទៅ ហើយសឹមប្រាប់អាជ័យថាឲ្យរកសេះជិះទៅ លុះដល់ព្រឹកឡើងហើយស្តេចចេញទៅ អស់នាម៉ឺនឡើងជិះសេះហែស្តេច ឯព្រះមហាក្សត្រឲ្យហៅធនញ្ជ័យមកហើយទ្រង់បង្គាប់ថា អាជ័យឯងមកហែអញទៅហើយឲ្យរកសេះជិះទៅ ដើរទៅជើងទទេអញនឹងយកទោសអាឯងខុស ឯធនញ្ជ័យស្តាប់ហើយទទួលព្រះបន្ទូលរត់ទៅរកគេគ្មាន ឥតនរណានឹងឲ្យ ព្រះមហាក្សត្រប្រាប់ធនញ្ជ័យហើយយាងស្តេចចេញទៅ ឯធនញ្ជ័យកាលរកសេះមិនបាន ហើយទៅយកសេះកូនចក្រង្គក្តាប់នឹងដៃ ហើយដើរទៅហែស្តេច។ ព្រះមហាក្សត្រយាងទៅដល់ព្រះពន្លាហើយរកធនញ្ជ័យមិនឃើញ ធនញ្ជ័យដើរអំពីចំងាយ លុះដល់ល្មមសេ្តចទតមកឃើញក៏ប្រឹងរត់ទៅដល់ ហើយក្រាបថ្វាយបង្គំ ព្រះមហាក្សត្រស្តេចមានព្រះបន្ទូលថា អាជ័យអញឲ្យឯងជិះសេះមក ឥលូវនេះក៏មិនជិះសេះមក។ ធនញ្ជ័យក្រាបទូលថា សេះនេះដែលខ្ញុំជិះហែរម្ចាស់ ស្តេចស្តាប់ហើយក៏ស្ងៀមនៅមិនមានព្រះបន្ទូលថាជាអ្វីឡើយ ហើយស្តេចក៏វិលមកក្នុងព្រះរាជវាំងវិញ។
លុះដល់ព្រឹកឡើងស្តេចត្រាស់ឲ្យហៅធនញ្ជ័យមកគាល់ ហើយមានព្រះបន្ទូលថា អាជ័យឯងទៅបោសក្រោមដំនាក់កុំឲ្យមានសំរាមនៅក្រោមដំនាក់សព្វៗថ្ងៃទៅ បើអាឯងខាននឹងបានសេចក្តីខុសមិនលែងឡើយ ឯធនញ្ជ័យស្តាប់ព្រះបន្ទូល ហើយក៏រៀបខ្លួនចូលទៅបោសក្រោមដំនាក់អស់អ្នកម្នាងនោះ ហើយអស់ទាំងស្រ្តីបំរើវាដើរទន្រ្ទាំលើក្បាលធនញ្ជ័យតែសព្វៗថ្ងៃ ឯធនញ្ច័យគិតថាអស់ទាំងស្រ្តីនេះដើរលើក្បាលអញ បើដូច្នោះអញនឹងគិតធ្វើកុំឲ្យស្តេចប្រើមកបោសក្រោមដំនាក់នេះទៀតបានឡើយ។ គិតស្រេចហើយធនញ្ជ័យក៏ជេរថា មេដកទងចោរទាំងអស់នេះ វាបានស៊ីក៏តែគូទ វាមិនបានស៊ីក៏តែគូទវា ស្រែកជេរខ្លាំង លឺដល់ទៅអស់អ្នកម្នាងនៅលើដំនាក់នោះ អ្នកម្នាងខឹងនឹងធនញ្ជ័យក៏បបួលគ្នាឡើងទៅក្រាបទូលថា សួមទ្រង់ជ្រាបព្រះរាជហប្ញទ័យ ត្បិតត្រាស់ប្រើអាជ័យឲ្យវាទៅបោសក្រោមដំនាក់ ឥលូវនេះវាជេរបញ្ជោរអស់យើងខ្ញុំជាទំងន់ មុខគួរឲ្យខ្មាសអស់មនុស្សផងទាំងពួងនឹងធ្វើជាព្រះម្នាងស្តេចមិនបានសូមជ្រាប ឯព្រះមហាក្សត្រមានព្រះបន្ទូលសួរថា វាជេរដូចម្តេច ទើបអ្នកម្នាងទូលថា ជេរមេដកទងចោរទាំងអស់នេះ វាបានស៊ីតែពីគូទ វាមិនាបានស៊ីក៏តែពីគូទវា ស្តេចស្តាប់ហើយក៏ទ្រង់ព្រះក្រោធ ត្រាស់ឲ្យហៅធនញ្ជ័យមកហើយមានបន្ទូលសួរថា អាជ័យឯងអញប្រើឲ្យឯងទៅបោសក្រោមដំនាក់ដូចម្តេចក៏បានជាអាជ័យឯងជេរបញ្ជោរអស់ប្រពន្ធអញមែនរឺទេ?
ទើបធនញ្ច័យក្រាបទូលថា ទូលព្រះបង្គំជាខ្ញុំនឹងបានជេរបញ្ជោរអស់អ្នកក៏ទេ ប៉ុន្តែកាលទូលព្រះបង្គំចូលទៅបោសក្រោមដំនាក់នោះមានពីងពាងព័ទ្ធក្រោមដំនាក់នោះច្រើន ដល់ទូលព្រះបង្គំចូលទៅបោសវាជាប់ក្បាលទូលព្រះបង្គំជាខ្ញុំ បានជាជេរថា មេដកទងចោរ វាបានស៊ីតែពីគូទ វាមិនបានស៊ីក៏តែពីគូទវា ទូលព្រះបង្គំជាខ្ញុំនឹងបានជេរអស់អ្នកម្នាងជាម្ចាស់ក៏ទេ សូមទ្រង់ជ្រាប។ ព្រះមហាក្សត្រស្តាប់ ហើយក៏មានបន្ទូលនឹងអស់អ្នកម្នាងថា អស់ឯងកុំខឹងនឹងវាៗនឹងបានជេរឯងក៏ទេ វាជេរតែពីងពាងទេ ទើបអស់អ្នកម្នាងក្រាបទូលថា អំពីថ្ងៃនេះទៅម្ចាស់កុំឲ្យអាជ័យវាទៅបោសក្រោមដំនាក់នោះទៀតឡើយ ព្រះមហាក្សត្រក៏ហាមធនញ្ជ័យមិនឲ្យទៅបោសក្រោមដំនាក់នោះទៀត អំពីថ្ងៃនោះ។
ឯធនញ្ជ័យក៏ខានពុំបានចូលក្រោមដំនាក់នោះ អំពីថ្ងៃនោះឯង។
ព្រះមហាក្សត្រក៏គិតក្នុងព្រះហប្ញទ័យថា អាជ័យនេះវាមានប្រាជ្ញាណាស់នឹងដេញប្រាជ្ញាមិនទាន់ បើដូច្នោះ អញនឹងឲ្យវាយកមាន់វាមកជល់មាន់អញ ហើយអញនឹងឲ្យហាមប្រាមអ្នកនគរអញកុំឲ្យនរណាឲ្យមាន់ខ្លាំងប្រជល់មកធនញ្ជ័យទិញ រឺខ្ចី បើនរណាឲ្យខ្ចី រឺលក់ឲ្យធនញ្ជ័យនឹងយកទោសខុសមិនខានឡើយ គិតក្នុងព្រះហប្ញទ័យដូច្នោះហើយ ស្តេចក៏ក្រសាលសប្បាយទៅ….
(សូមរងចាំតាមដាន រឿង ធនញ្ជ័យ ភាគទី៤ នៅសប្តាហ៍ក្រោយ)
រៀបរៀងដោយ៖ កញ្ញា មាស សុភាព