…យកឯងទៅ ព្រោះទ្រង់ខ្ញាល់ណាស់ ឯធនញ្ជ័យស្តាប់ហើយគិតថា បើដូច្នោះនឹងគិតឲ្យវាចងអញបាន គិតស្រេចហើយក៏ថា អស់ទាំងអ្នកឯងនឹងចងអញមិនបានទេ តែអញថាឲ្យឯងស្លាប់ឯងនឹងស្លាប់មិនខាន ឯងមិនដឹងទេ នេះឯងហើយ ឈ្មោះធនញ្ជ័យអ្នកប្រាជ្ញ សូវលែងវិញជា ឯអស់ទាហានទាំងអស់ ស្តាប់ពាក្យធនញ្ជ័យហើយក៏មិនហ៊ានចងដៃ ធនញ្ជ័យហើយស្រាយចេញ ឯធនញ្ជ័យក៏ដើរជើងទទេ ទៅដល់ហើយក្រាបបង្គំស្ងៀមនៅចាំស្តាប់ព្រះបន្ទូល ឯព្រះមហាក្សត្រទតមកឃើញធនញ្ជ័យមកដល់ហើយមានព្រះបន្ទូលបណ្តឹងថា អាជ័យដូចម្តេចក៏បានជាអាឯងដេញវាយអស់សាវឡឹកដែលអញឲ្យទៅជុះអាចម៍ដាក់នោះអាឯងនោះ តើអាឯងខុស រឺអាឯងត្រូវ ទើបធនញ្ជ័យយកសេចក្តីក្រាបទូលថា បានជាទូលបង្គំជាខ្ញុំវាយនោះ ត្បិតអស់អ្នកសាវឡឹកធ្វើល្មើសព្រះបន្ទូល ខុសមិនត្រូវ ត្បិតទ្រង់បង្គាប់ថា ឲ្យទៅតែជុះអាចម៍ទេ នឹងមានព្រះបន្ទូលថាឲ្យទៅនោមឯណា ឥលូវនេះអស់អ្នកទាំងនោះទៅជុះផងនោមផង ហេតុដូច្នោះបានចជាខ្ញុំវាយ សូមទ្រង់ជ្រាប។ ឯមហាក្សត្រស្តាប់ហើយក៏ស្ងៀម ពុំមានព្រះបន្ទូលថាអ្វីៗឡើយ និងយកទោសធនញ្ជ័យមិនបាន។
លុះឯក្រោយទៀត លឺល្បីទៅដល់ស្រុកចិនថា ស្រុកខ្មែរមានអ្នកប្រាជ្ញម្នាក់មានប្រាជ្ញាណាស់ មិនមានអ្នកឯណានឹងផ្ទាញ់ប្រាជ្ញាមាន ស្តេចស្រុកចិនគិតនឹងអស់នាម៉ឺនថា យើងនឹងគិតនឹងអស់នាម៉ឺនថា យើងនឹងគិតធ្វើចំនោទទៅឲ្យអ្នកប្រាជ្ញស្រុកខ្មែររក ស្តេចក្រុងចិន និងអស់នាម៉ឺនឲ្យរកផ្លែឪឡឹក៣ ត្បិតពូជឪឡឹកក្នុងស្រុកចិននោះមាន៣យ៉ាង មួយយ៉ាងនោះក្នុងផ្លែ១ មានគ្រាន់តែ១ ផ្លែមួយទៀតមានគ្រាប់ពីរ ផ្លែ១ទៀត មានគ្រាប់បី ស្តេចស្រុកចិនឲ្យរៀបសំពៅទាំង៥០០ ក្នុងសំពៅ១ មានចិន៥០០ជាចំនុះ សំពៅគ្រប់ទាំង៥០០សំពៅ ហើយធ្វើសំបុត្ររាជសារ ក្នុងសេចក្តីសំបុត្រថា ត្បិតស្រុកខ្មែរាមនអ្នកប្រាជ្ញមានប្រាជ្ញាណាស់ ឈ្មោះធនញ្ជ័យ បើដូច្នោះស្តេចស្រុកចិនឲ្យនាំផ្លែឪឡឹកបីមកនឹងសំពៅ៥០០ ក្នុងសំពៅមួយៗមានមនុស្ស៥០០គ្រប់សំពៅ នាំមកឲ្យអ្នកប្រាជ្ញស្រុកខ្មែរទាយផ្លែឪឡឹកទាំងបីនេះ ថាឪឡឹក១មានគ្រាប់ប៉ុន្មាន បើអ្នកប្រាជ្ញស្រុកខ្មែរទាយត្រូវ នោះយើងភ្នាល់ដាក់សំពៅទាំង៥០០ នឹងមនុស្សទាំងអស់ក្នុងចំនុះសំពៅនោះផង បើអ្នកប្រាជ្ញស្រុកខ្មែរទាយមិនត្រូវ យើងនឹងយកស្រុកខ្មែរលុះធ្វើសុភអក្សររួចហើយ ឲ្យនាម៉ឺនធំម្នាក់ និងអ្នកប្រាជ្ញម្នាកើនាំចេញមក លុះមកដល់ហើយ នាម៉ឺនចិននាំសំបុត្រឡើងក្រាបទូលស្តេចស្រុកខ្មែរៗឲ្យហៅធនញ្ជ័យមកប្រាប់ថា ឥលូវនេះ ស្តេចស្រុកចិននាំសារមកថា ឲ្យទាយផ្លែឪឡឹកក្នុងផ្លែ១ តើមានគ្រាប់ប៉ុន្មាន បើអាឯងទាយត្រូវក៏ហីទៅ បើអាឯងទាយមិនត្រូវអញនឹងយកទោសដល់ជីវិត។ ធនញ្ជ័យលឺហើយក្រាបទូលថា កុំព្រួយព្រះរាជហប្ញទ័យធានាទូលបង្គំទាយឲ្យត្រូវ ប៉ុន្តែក្នុងចិត្តធនញ្ជ័យភ័យណាស់ដែលបានជាអួតថាជាអ្នកប្រាជ្ញមានប្រាជ្ញាយូរមកហើយៗធ្នញ្ជ័យលាទៅផ្ទះវិញ លុះទៅដល់ផ្ទះធនញ្ជ័យដេកគិតរកប្រាជ្ញានឹងទាយផ្លែឪឡឹកនោះ ដេកអត់បាយអំពីព្រឹក លុះត្រាតែល្ងាច ហើយធនញ្ជ័យនឹងគិតរកមិនឃើញ ក៏គិតថាៈ ឥលូវនេះ ស្តេចឲ្យដោះប្រស្នានឹងស្តេចកុ្រងចិន បើដោះមិនរួច ស្តេចនឹងសម្លាប់ បើដូច្នោះអញគង់តែនឹងស្លាប់ អញមុជទឹកឲ្យស្លាប់ទៅទើបជា។ លុះដល់ព្រលប់យប់ងងឹត ធនញ្ជ័យចុះទៅកំពង់ទឹក ហើយចុះទៅមុជទឹក ដើម្បីឲ្យស្លាប់ក្នុងទឹក ដល់មុជទឹកទៅចេះតែអណ្តែតខ្លួនឡើង ហើយរសាត់ទៅដល់ចង្កូតសំពៅចិន ធនញ្ជ័យកាន់ចង្កូតសំពៅនោះបានលឺនាម៉ឺនចិន និងអ្នកប្រាជ្ញស្រុកចិននិយាយគ្នានៅក្នុងបាតសំពៅថា បើយើងធ្វើប្រស្នាឪឡឹកហើយ តើយើងធ្វើប្រស្នាអ្វីតទៀត ត្បិតឪឡឹកនេះផ្លែវាតែបី ផ្លែ១គ្រាប់១ ផ្លែ១ទៀតគ្រាប់២ ផ្លែ១ទៀតគ្រាប់៣ប៉ុណ្ណោះ យើងគិតធ្វើប្រស្នាពីរបីយ៉ាងទៀតបំណាច់ស្តេចប្រើមក បើគេទាញត្រូវមួយយ៉ាង នៅមួយយ៉ាងទៀត កុំឲ្យតែមួយយ៉ាងហើយអស់ទៅតែម្តង ហាក់ជាប្រាជ្ញយើងតិចណាស់ ឯអ្នកប្រាជ្ញស្រុកចិនឆ្លើយឡើងថា យើងចំណោទពីរបីយ៉ាងទៀត។ នាម៉ឺនអស់នោះសួរថា ចំនោទអ្វីទៀត។ អ្នកប្រាជ្ញថា យើងនិយាយគ្នានេះ កុំឲ្យនរណាដឹងក្រែងមានមនុស្សមកលបស្តាប់ ហើយនាម៉ឺន និងអ្នកប្រាជ្ញរកមើលមនុស្សគ្មាន ក៏បបួលគ្នានិយាយពីប្រស្នាពីរបីយ៉ាងនោះ អ្នកប្រាជ្ញនិយាយថា យើងយកសាច់ជ្រូក១នាឡិ ឲ្យស្តេចស្រុកខ្មែរទុកសោយ បានពីរឆ្នាំ កុំឲ្យប្រឡាក់អំបិល កុំឲ្យធ្វើងៀត ឲ្យទុកជាសាច់ស្រស់ ស្តេចសោយបានពីរឆ្នាំកុំឲ្យស្អុយខូច នាម៉ឺនសួរថា ធ្វើដូម្តេចនឹងបានពីរឆ្នាំ សាច់ជ្រូក១នាឡិប៉ុណ្ណោះ។ អ្នកប្រាជ្ញឆ្លើយថា បើដល់ជិតថ្ងៃនឹងជាប់ឆ្នាំនឹងចូលឆ្នាំថ្មី យើងយកសាច់ជ្រូកមកទុកស៊ីតែពីរបីថ្ងៃក៏រាប់ជាពីរឆ្នាំ ត្បិតឆ្នាំចាស់មួយថ្ងៃ ឆ្នាំថ្មីមួយថ្ងៃ ត្រូវជាពីរឆ្នាំ បើអ្នកប្រាជ្ញស្រុកខ្មែររកមិនឃើញ យើងនឹងយកនគរជាចំនុះយើង។ មួយទៀតនោះ យើងឲ្យមនុស្សចាប់ចាបមួយមក ហើយយកទៅឲ្យស្តេចស្រុកខ្មែរ ឲ្យរៀបធ្វើសម្លយកមកឲ្យពលយើង ក្នុងសំពៅទាំង៥០០ស៊ឺឲ្យឆ្អែត នាម៉ឺនទាំងអស់នោះសួរថា ដូចម្តេចសត្វតូចៗ ហើយយកទៅធ្វើសម្លម្ហូបមកឲ្យពលយើងទាំងអស់ស៊ឺឲ្យឆ្អែតបាន អ្នកប្រាជ្ញនោះប្រាប់ថា បើគេមានប្រាជ្ញគេឲ្យយកម្ជុលមកឲ្យយើងដំធ្វើជាពូថៅធំៗ និងយកទៅពុះចាបយកសាច់ស្លឲ្យពលស៊ី។ មួយទៀតយើងបង្គាប់ស្តេចស្រុកខ្មែរឲ្យធ្វើយុថ្កាបាន៥០ និយកមកបោះចតសំពៅយើងឲ្យគ្រប់៥០០ ឲ្យធ្វើក្នុងថ្ងៃ១ឲ្យរួច ក្នុងយុថ្កា១ ទំហំ៣ចាប់។ នាម៉ឺនសួរថាធ្វើដូចម្តេចនឹងធ្វើយុថ្កាដល់៥០០ឲ្យរួចក្នុង១ថ្ងៃនោះ។ អ្នកប្រាជ្ញនោះថា ឲ្យយកចំបើងមកចងធ្វើជាយុថ្កាហើយដាក់លើដី យកភ្លើងដុតឲ្យឆេះទៅនៅតែផេះ ចំបើងជាប់នឹងដី ហើយហៅមនុស្សឲ្យមកសែងយកទៅ បោះចងសំពៅ បើជាអ្នកប្រាជ្ញមែនធ្វើយ៉ាងនេះទើបទល់ប្រាជ្ញគ្នាបាន។
ឯនាម៉ឺនឮអ្នកប្រាជ្ញប្រាប់សព្វគ្រប់ដូច្នោះ មានចិត្តត្រេកអរណាស់ ថាស្រុកខ្មែរមុខជាបានកណ្តាប់ដៃយើងមិនខានទេ។ ឯធនញ្ជ័យតោងចង្កូតសំពៅចាំប្រុងត្រចៀកស្តាប់សព្វគ្រប់គ្មានខ្វះឡើយ ដល់នាម៉ឺន និងអ្នកប្រាជ្ញស្រុកចិនលែងនិយាយគ្នា ធនញ្ជ័យមុជហែលមកឯកំពង់វិញ ហើយដើងឡើងទៅលើផ្ទះមានចិត្តអរណាស់ គិតថាអញអស់ស្លាប់នេះគឺទេវតាជួយអញមិនឲ្យស្លាប់ លុះវេលាកាលណា នាម៉ឺនចិន និងអ្នកប្រាជ្ញយកផ្លែឪឡឹកទាំងបីឡើងអំពីសំពៅ ចូលទៅគាល់ស្តេចស្រុកខ្មែរ ក្នុងព្រះរាជរោង នាម៉ឺនចិន និងអ្នកប្រាជ្ញចិនយកផ្លែឪឡឹកទាំងបីមកឲ្យធនញ្ជ័យទាយ ឯធនញ្ជ័យទាយត្រូវទាំងអស់។ អ្នកប្រាជ្ញស្រុកចិន លុះដល់ធនញ្ជ័យដោហចំនោទស្រុកចិន ដូចយើងនិយាយមកពីមុនគ្មានសល់តិចឡើយ។ ស្តេចខ្មែរជ្រាប អ្នកប្រាជ្ញចិនទល់ប្រាជ្ញនឹងធនញ្ជ័យ ទ្រង់ឲ្យយកសំពៅទាំង៥០០ទុកតែសំពៅ១ឲ្យនាម៉ឺន និងអ្នកប្រាជ្ញចិនត្រលប់ទៅស្រុកចិនវិញ ហើយស្តេចប្រទានរង្វាន់ឲ្យធនញ្ជ័យជាច្រើន។ (សូមរងចាំតាមដាន រឿង ធនញ្ជ័យ ភាគទី៦ នៅសប្តាហ៍ក្រោយ)
រៀបរៀងដោយ៖ កញ្ញា មាស សុភាព