ទំព័រដើមប្រវត្តិសាស្ត្រជម្លោះនិងការកាត់ក្ដីក្នុងសិលាចារឹក​អ្នកតាចារឹក K.១៨១

ជម្លោះនិងការកាត់ក្ដីក្នុងសិលាចារឹក​អ្នកតាចារឹក K.១៨១

យោងតាមឯកសារ​លោក អេត្យេន អៃម៉ូនីញ៉េរ ទួលអ្នកតាចារឹកជាបុរាណដ្ឋានមួយដែល​នៅ​មិនឆ្ងាយ​ប៉ុន្មានពី​បារាយណ៍ទឹកមួយ និងស្ថិតនៅក្បែរភូមិរាជស្ដេច ក្នុងខេត្តសៀមរាប(បច្ចុប្បន្នខេត្តព្រះវិហារ)។ លោកក៏បានបង្ហាញថាមានទីតាំងនៅខាងត្បូងភ្នំត្បែងប្រមាណ១០គីឡូម៉ែត្រ ខាងត្បូងឆៀងអាគ្នេយ៍កោះកេរ២០គីឡូ​ម៉ែត្រ និងខាងលិចឆៀងនិរតីម្លូព្រៃ៥៣គីឡូម៉ែត្រ។ ចំណែកឯគេហទំព័រស្ថានីយ៍​បុរាណវិទ្យា​នៅក្នុងប្រទេសកម្ពុជា (CISARK) បានបញ្ជាក់ថាទីតាំងនេះ បច្ចុប្បន្ន​ស្ថិតនៅក្នុងភូមិក្ដី ឃុំរអាង ស្រុកសង្គម​ថ្មី ខេត្តព្រះវិហារ ចម្ងាយ៣០០ម៉ែត្រអាគ្នេយ៍ភូមិអន្លង់ភ្លូ និងឦសានភ្នំម្រេច ខាង​ត្បូងភ្នំត្បែង។ នៅទីតាំងនេះ គេធ្លាប់រកឃើញសិលាចារឹក​មួយផ្ទាំង​ ចុះលេខ K.១៨១ ចារលើថ្មភក់ព័ណ៌ក្រហមមានសណ្ឋានជាសន្លឹកសីមាមានប្រវែង ១,២ម. x ០,៣ម. x ០,២ម.។ សិលាចារឹកនេះចារបីមុខជាភាសាខ្មែរសម័យអង្គរ ដោយមុខ “ក” មាន១៩បន្ទាត់ មុខ “ខ” មាន១៧បន្ទាត់ មុខ “គ” មាន៩បន្ទាត់។

អត្ថបទសិលាចារឹកនេះ ជា​ឧទាហរណ៍មួយនៅ​​​ក្នុងសង្គមខ្មែរកាលពីបុរាណដែលបង្ហាញ​ពីការរំលោភលើកម្មសិទ្ធិដោយមន្ត្រី ដែល​ប្រើមនុស្ស​ឱ្យទៅដកបង្គោលសិលាចារឹ​ក​​ព្រំដី​និង​ច្រូតស្រូវរបស់គេ។ សិលាចារឹកនេះ គឺជាព្រះរាជសាសន៍​របស់​ព្រះបាទ​រាជេន្ទ្រវម៌្ម​ទេវ (រាជេន្ទ្រវរ្ម័ន) ដោយបញ្ជាឱ្យ​តុលាការដោះស្រាយ​បញ្ហា​វិវាទ​ដែល​អភិបាលខេត្តវីរបុរ បានរំលោភយកដីរបស់វាបចូនិងគ្រួសារ ដែលបានថ្វាយដល់ប្រាសាទ​ព្រះកុល។ សាច់រឿងចាប់ផ្ដើមបន្ទាប់ដោយការរៀបរាប់ពីប្រវត្តិរបស់ដីនេះ បញ្ហាវិវាទ​ ការកាត់ក្ដីដោយមានការពិន័យជាមាស វាយខ្នងដោយរំពាត់ និងបញ្ចប់ដោយការប្រគល់ដីដល់ម្ចាស់ដើមវិញ ព្រមទាំងមានការកំណត់ព្រំដីផងដែរ។ ដូច្នេះយើង​ឃើញថា​កាល​ពីបុរាណមានប្រព័ន្ធតុលាការជាក់ច្បាស់មួយ ដើម្បីដោះស្រាយបញ្ហានា​នា​នៅក្នុង​សង្គម ដែលមានព្រះរាជាជាតុលាការកំពូល ជួយដោះស្រាយនូវទំនាស់នានា​ ទោះបីជាមានមន្ត្រីមានអំណាចរំលោភបំពានច្បាប់ ក៏ត្រូវដោះស្រាយតាមផ្លូវតុលាការ ដើម្បីរកយុត្តិធម៌ដោយស្មើភាពដែរ​។

អត្ថបទសិលាចារឹកជាអក្សរខ្មែរទំនើប

មុខក

១- ៨៨៤ឝកនុមាន[វ្រះ]

២- ឝាសនធូលិវ្រះបាទធូ(លិជេ)

៣- ង៑វ្រះកម្រតេង៑អញ៑ប្រេ[ស្ដ]

៤- ប៑វ្យវហារម្រតាញ៑កុរុង៑(វី)

៥- រភក្តិគជ៌្ជិតខ្លោញ៑វិឞយវី

៦- របូរ មន៑ម្រតាញ៑កុរុង៑ប្រេអ្ន(ក៑)

៧- ទៅតោក៑គោល៑ប្រឝស្ដតគិស្រេប្រេ

៨- ច្រ្វត៑ស្រុ មន៑ភូមិនេះភូមិវា

៩- បងាច៑ឧបាធ្យាយថ្មោង៑បិ តិម្រ

១០- តាញ៑ខ្លោញ៑ឝ្រីវីរេន្ទ្រវម៌្មនុម្រ

១១- តាញ៑ឝ្រីន្ឫបេន្ទ្រារិមថនឱយ៑

១២- ធនតវាប៑ងាច៑បិស្វំទេប៑ប(ង្គំ)

១៣- ថ្ប្វោង៑និវេទនបិមានវ្រ[[ះ]]ឝា

១៤- សនប្រេទៅសំគោល៑ប្រឝ

១៥- ស្ដតគិបិឱយ៑តវាប៑ចូនុ

១៦- កុលេវាប៑ចូតទៅវ្រះក

១៧- រុណាប្រសាទតកំម្រ

១៨- តេង៑វ្រះកុល គិនេះភូមិ

១៩- នេះគិបិម្រតាញ៑កុរុង៑

មុខខ

១- តោក៑គោល៑ប្រឝស្ដច្រ្វ

២- ច៑ស្រុតគិមន្ដិស្ដប៑វ្យវ

៣- ហារមាន៑ម្រតាញ៑កុរុង៑

៤- បំវ្យត្តនេះអំវេតរោះហ

៥- នេះហបិកថាមន៑ហេតុ

៦- វាប៑អម្ឫតកថាមន៑ភូ

៧- មិទៃបិប្រេម្រតាញ៑កុរុងតោ

៨- ក៑គោល៑ប្រឝស្ដតតិសភា

៩- និណ៌្នយម្រតាញ៑កុរុង៑មា

១០- ស៑លិង៑១០ វាប៑ឝ្រីតផ្អ្វន៑

១១- ម្រតាញ៑កុរុង៑តតិប្រេច្រ្វត្ត

១២- ស្រុតគិតិត្រានិណ៌្នយប្ឫឞ្ឋ

១៣- តាទន១០០ ២ វាប៑អម្ឫត្តទៃ

១៤- តិកថាមនភូមិទៃបិអ

១៥- ញ្ជ្វតិនិណ៌្នយប្ឫឞ្ឋតាទន

១៦- ១០០ ២ វាប៑បិត៑គិតនាំអ្នក៑

១៧- ទៅច្រ្វត៑ស្រុបិតិស្ដប៑វ្យវ

មុខគ

១- (ហារ)—-ទៅច្រា

២- –ជ្យង៑១ ចារេបិឝុទ្ធរ-

៣- -ស្រេតិប្រេ(សិ)ទ្ធិវិង៑តវា

៤- ប៑ចូនុកុលេវាប៑ វាប៑ចូ

៥- (ភូមិ)កំម្រតេង៑អញ៑បូវ៌្វ

៦- -ប្រសប្គោល៑បឝ្ចិម

៧- (ប្រ)សប្គោល៑ឧត្តរប្រស

៨- ប្គោល៑ទក្ឞិណប្រសប្គោ

៩- (ល៑)៙

សេចក្ដីប្រែសម្រួល

ឆ្នាំ៨៨៤មហាសករាជ (៩៦២គ.ស.) មានព្រះរាជសាសន៍ធូលីព្រះបាទធូលីជើង​ព្រះ​គម្ដែងអញប្រើ (សភា/តុលាការ) ស្ដាប់រឿងក្ដីម្រតាញកុរុងវីរភក្តីគជ៌្ជិដែលជាអភិ​បាល​ខេត្តវីរបុរ។ ម្រតាញកុរុង (នេះ) ប្រើគេឱ្យទៅដកថ្មគោលសិលាចារឹក ប្រើច្រូតស្រូវ។ ដីនេះគឺដីរបស់វាបង្កាច់ជាឧបាធ្យាយថ្មោងបី។ ម្រតាញខ្លោញស្រីវីរេន្ទ្រវម៌្ម និងម្រតាញស្រីន្រឹបេន្ទ្រា​រិមថន(បាន)ឱ្យទ្រព្យដល់វាបងាចដែលបានសុំ។ (ក្រោយមក) ទើបបង្គំថ្បូងទូលថ្វាយដើម្បីសុំព្រះរាជសាសន៍ឲ្យទៅសង់គោលសិលាចារឹក និងឱ្យ(ដីនោះ)ដល់វាបចូនិងក្រុមគ្រួសារវាបចូនិងថ្វាយដល់(ប្រាសាទ)ព្រះគម្ដែងព្រះកុល។ នេះគឺដីភូមិដែលម្រតាញកុរុងដកគោលសិលាចារឹកនិងច្រូតស្រូវ។ នៅពេលបានស្ដាប់រឿងក្ដីម្រតាញកុរុងដែលបានធ្វើពិតដូចអំពើដែលរៀបរាប់មកនេះ (ទើបដឹង) រឿងហេតុ (ដំបូង) ថាវាបអម្រឹតប្រាប់ថា(ដីនេះជា)ដីផ្សេងទេ ដើម្បីប្រើម្រតាញកុរុងដកគោលចារឹក(នោះចោល)។ សភាជម្រះក្ដី(ដោយពិន័យ)ម្រតាញកុរុង(ជា)មាស១០តម្លឹង។ វាបស្រីជាប្អូនម្រតាញកុរុងដែលប្រើច្រូតស្រូវ (សភា)ជម្រះក្ដីដោយវាយខ្នង១០២រំពាត់។ (ចំណែកឯ)វាបអម្រឹតដែលបានរៀបរាប់ថានោះជាដីផ្សេងដើម្បី(ឲ្យគេ)ទិញ(យក) (សភា)ជម្រះក្ដីដោយវាយខ្នង១០២រំពាត់។ វាបបតិអ្នកនាំគេទៅច្រូតស្រូវ (តុលាការ)ស្ដាប់រឿងក្ដី—ទៅច្រា—១ជញ្ជីង។ អ្នកស៊ើបរឿងក្ដីទាំងបី (រកឃើញថាវាបបតិ) បរិសុទ្ធ (និង) ឱ្យរួចទោស (*ដោយសាររលុបទើបពិបាកយល់ន័យ)។ ដីស្រែ (នេះ) ឱ្យសិទ្ធិកាន់កាប់វិញដល់វាបចូនិងក្រុមគ្រួសារវាបចូ។ ដីព្រះគម្ដែងអញខាងកើតទៅប្រសប់គោល ខាងលិចទៅប្រសប់គោល ខាងជើងទៅប្រសប់គោល ខាងត្បូងទៅប្រសប់គោល ។

—————————————————-

Quarrel and judgment in inscription Toul Neak Ta Carik K.181

Toul Neak Ta Carik is an ancient site, where located not very far from a Baray (water system) near Reach Sdach village of Siem Reap province (Nowadays Preah Vihear Province). Also, it is located about 10Km southeast of Tbeng mountain, 20km between due south and southeast of Koh Ker and 53Km between due west of southwest Mlu Prei area. According to CISARK, the site is located in Kdei village, Raang commune, Sangkum Thmei district, Preah Vihear province, and bout 300m southeast of Anlong Plu village and north of Mrech mountain. There is one inscription, K181 found on the site. It was written in 3 faces of 19, 17 and 9 lines, in the Khmer language of the Angkorian period, on a reddish sandstone stele of Sima, in the dimension of 1.2m X 0.3m X 0.2m. 

The information in the inscription is one of the examples of squatting in ancient time by an officer who ordered his people to pull out the boundary pole and harvest the rice. This inscription tells the order of King Rajendravarmandeva to the court to solve the problem caused by the chief of Virapura, who was squatting the land of a Vap (officer) names Cu and his family that have offered to a temple names Kul.

Firstly, it starts by describing the background of the land and the quarrel. Continuously, it mentions the information of fining the man to pay by the gold, flogging him on the back, the information of returning the land to the owner and remaking the boundary of the land.

This piece of information not only an event of history but also clearly shown a systematic court in ancient Cambodia that was made to find justice in society.

អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,800SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!