ទំព័រដើមនិទានកថារឿងធនញ្ជ័យ (ភាគទី៦)

រឿងធនញ្ជ័យ (ភាគទី៦)

…ឯស្តេចស្រុកចិនពីថ្ងៃនេះមក ខ្លាចប្រាជ្ញធនញ្ជ័យមិនហ៊ានឲ្យមកចោទប្រស្នាទៀត ប៉ុន្តែនឹកខ្ញាល់ក្នុងព្រះទ័យថា បើឥតពីធនញ្ជ័យទៅកាលណា នឹងឲ្យភ្នាល់ចោទប្រស្នាទៀត។

            លុះឯក្រោយមកទៀត ស្តេចស្រុកខ្មែរទ្រង់ព្រះចិន្តាគិតដល់សេចក្តីធនញ្ជ័យផ្ចាញ់ប្រាជ្ញជាច្រើន ហើយក្រែងធនញ្ជ័យ ធនញ្ជ័យនៅជិតវាំងដណ្តើយករាជសម្បតិ្ត ត្បិតធនញ្ជ័យមានប្រាជ្ញាច្រើនណាស់ ស្តេចមានព្រះបន្ទូលថា អាជ័យឯងនៅស្រុកនេះមិនបានទេ អញឲ្យអាឯងទៅនៅទន្លេមានស្រុកណានៅប្របទន្លេទៅនៅតាមចិត្តអាឯង កុំនៅក្នុងស្រុកនេះឡើយ ធ្នញ្ជ័យស្តាប់ព្រះបន្ទូលហើយ ក្រាបថ្វាយបង្គំលាទៅដល់ផ្ទះហើយ និយាយប្រាប់ម្តាយថា ហ្លូងមានព្រះបន្ទូលប្រើខ្ញុំឲ្យទៅនៅតាមមាត់ទន្លេ ឲ្យធ្វើស្រូវរកស៊ីតាមចិត្ត ឯទន្លេនោះឲ្យជារបស់ខ្ញុំហើយ ឯម្តាយនៅផ្ទះនេះហើយ ធនញ្ជ័យស្តាប់ម្តាយហើយ ក៏លាម្តាយទៅប្រាប់អស់នាម៉ឺន នូចអស់រាស្រ្តប្រជាដែលនៅក្នុងមាត់ទន្លេថា ត្បិតហ្លួងមានព្រះបន្ទូលឲ្យអញជាធំ ស្រដីក្នុងទន្លេទាំងអស់នឹងធ្វើស្រែស្រូវ ឥលូវនេះ អញប្រាប់អ្នករាល់គ្នា បើដើរជើងទឹកឲ្យប្រាប់អញ​ អញនឹងកត់ជាថ្លៃទន្លេ និងព្រែក ទូកដែលរកស៊ីសព្វថ្ងៃនេះ ព្រះរាជទ្រព្យអំពីថ្ងៃនេះទៅ បើអ្នកឯណាមិនបានចូលមកប្រាប់អញ នឹងបានសេចក្តីខុស អញនឹងធ្វើទោសតាមច្បាប់មិនប្រណីឡើយ ហើយធ្នញ្ជ័យយកដើមប្ញស្សីមកពុះជាចំរៀកតូចៗ ត្បាញជាភ្នែកក្រួចកាត់ជាប្រាំបីជ្រុង ហើយយកប្ញស្សីមួយដើមវែងចងដាក់លើចុងប្ញស្សី រួចយកស្លឹកត្នោដេរជាកណ្តប ហើយកាត់ជាស្លាបទង់ជ័យដោយលើចុងប្ញស្សីធ្វើឃ្នាងតូច១ យកផ្តៅធ្វើជារំពាត់ ចងព្យួរជាមួយតម្បាញភ្នែកក្រួចនោះឯង បញ្ឈរឡើង ហើយធ្នញ្ជ័យប្រាប់ថា នេះឈ្មោះត្របែងដៃ ឲ្យចូលប្រាប់គយ បើរាស្រ្តណាដើរជួញប្រែរកស៊ីឃើញត្របែងនេះ ដៃគយឲ្យចូលប្រាប់ទើបរួចទោស ប្រាមប្រាប់ដូច្នោះហើយ ក៏ចុះទូកចែវមើលតាមមាត់ទន្លេ ទីណាមានព្រែក កំពង់ណាល្មមធ្វើស្រូវប្រាំងបាន លុះមើលជុំវិញហើយ មកកត់សំគាល់ឲ្យឈ្មោះ នោស្ទឹងបារាយណ៍ទឹកថ្លា ស្ទឹង១ទៀតចុះមកក្នុងទន្លេឲ្យចុះឈ្មោះចុងខ្នៀស មានជ្រោយ១ ឈ្មោះជ្រោយស្លាព្រាហ្មណ៍ ទើបមានព្រែក១ឈ្មោះថាកំពង់ចាម មានព្រែក១ទៀតឈ្មោះកំពង់ភ្លុក ព្រែក១ទៀតឈ្មោះស្ទឹងព្រំស្រុក ព្រែក១ទៀតនៅថាស្ទឹងក្រែង មានជ្រោយ១ទៀតឈ្មោះពេជគ្រី មានព្រែកមួយទៀតឈ្មោះពាមបារាំង មានជ្រោយមួយទៀតហៅប្រទាស់ឆេះ មានបន្លិច១ ឈ្មោះបន្លិចច្រកែង នៅបន្លិចច្រកែងនោះខាងឯមាត់ទន្លេឈ្មោះ នាងសៅ មានព្រែកឈូងប្រទល់មាត់ទន្លេនោះឈ្មោះបាយក្អែក មានកោះ១ទៀត ឈ្មោះកោះថ្ពាល់បើស មានព្រែក១ទៀតឈ្មោះព្រែកខ្សាច់ មានស្ទឹង១ ឈ្មោះពាមសែន មានព្រែក១ ឈ្មោះផាត់សណ្តាយ មានព្រែក១ ឈ្មោះព្រែកស្លូត មានព្រែក១ទៀតឈ្មោះផ្លូវទូក មានកោះ១ ឈ្មោះកោះក្អែមានព្រែក២ ឈ្មោះព្រែកគូរ ១ព្រែកប្រមាល់១ មានព្រែក១ ឈ្មោះប្រឡាយមាស មានព្រែក១ទៀតឈ្មោះព្រែកក្ងោក មានព្រែក១ ឈ្មោះព្រែកចក្រវត្តិ មានព្រែកឈ្មោះព្រែកកំប៉ោងយោងទឹក មានព្រែកមួយទៀត ឈ្មោះព្រែកខ្សុច មានព្រែក១ទៀត ឈ្មោះព្រែកអារ៉ង់ មានកំពង់មួយឈ្មោះកំពង់អូរមានកំពង់មួយទៀត ឈ្មោះកំពង់ខ្សាច់ស មានកោះ១ទៀត ឈ្មោះកោះកំញ៉ានតូច មានកំពង់មួយទៀត ឈ្មោះកំពង់ព្រះមានកំពង់១ទៀតឈ្មោះកំពង់អណ្តូង មានកោះ១ទៀតឈ្មោះកោះឆ្នុកទ្រូ មានព្រែក១ ឈ្មោះព្រែកស្លាមធ្លក មានកំពង់១ ឈ្មោះកំពង់ស្វាយក្រអែ មានជ្រោយ១ ឈ្មោះជ្រោយព្រះផ្តៅ មានកំពង់១ ឈ្មោះកំពង់ខ្សាច់ល្អិតមានកំពង់១ ឈ្មោះកំពង់ផ្លូវធំ មានជ្រោយ១ ឈ្មោះជ្រោយចាហឹង មានកំពង់១ ឈ្មោះកំពង់ហ្លូង មានកំពង់១ ឈ្មោះកំពង់ប្រាក់ មានកំពង់១ឈ្មោះកំពង់ទួល មានស្ទឹង១ ឈ្មោះពាមព្រះស្ទឹង មានជ្រោយ១ ឈ្មោះជ្រោយសន្លុងតិចៗ ឈ្មោះសន្លុងធំ មានជ្រោយ១ ឈ្មោះជ្រោយស្លាបស្ទាំង មានជ្រោយ១ ឈ្មោះជ្រោយកំញ៉ានធំ មានស្ទឹង១ឈ្មោះស្ទឹងដូនទ្រី មានស្ទឹង១ ឈ្មោះពាមមាត់២ ឲ្យជុំអន្លេ ហើយធនញ្ជ័យវិលមកឯកំពង់ប្រាក់វិញមើលទីនឹងធ្វើស្រែ ហើយដើរឡើងទៅព្រៃមើលស្ទឹងនោះ ល្មនឹងធ្វើស្រែបាន ទឹកមានច្រើនបានជាឲ្យឈ្មោះបរិបូណ៍ អំពីថ្ងៃនោះឯង ទើបឲ្យទួល១ ជាឯកើតស្ទឹងខាងត្បូង ឈ្មោះទួលរកា ខាងត្បូងទួលរកានោះមានវាល១ធំ ល្មមធ្វើស្រែសាបបាន បានជាឲ្យឈ្មោះថាវាលអង្កាបត្បិតធនញ្ជ័យយកអង្កាមទៅសាបពេញវាលនោះឯង ឯទន្លេនោះធនញ្ជ័យហៅថាវាលភក់ ហើយយកអង្កាមទៅពេញទន្លេនោះឯង ហើយគាត់ឲ្យហៅឈ្មោះថាទន្លេសាប ហើយធនញ្ជ័យឲ្យហាមប្រាមថា បើនរណាចែវទូកឲ្យប្រយ័ត្នក្រែងវាខូចសំណាបអញ បើមិនស្តាប់អញនឹងចាប់ឲ្យសង ហើយលក់ជាប្រាក់តម្លឹង៣ ដាច់សូវិលខ្លួន ១ទូក១។

            ឯអស់រាស្រ្តចែវរកស៊ីក្នុងទន្លេនោះជាច្រើន នឹងចែវទៅឯណាឲ្យចៀសពីសំណាបនោះមិនបាន ធនញ្ជ័យក៏ចាប់ទូកអំបាលនោះថា ចែវចូលក្នុងសំណាប លក់យកប្រាក់បានទូក១ ជាប្រាក់៣០នោះឯង ឯអស់រាស្រ្តនោះខឹងហើយបបួលគ្នឡើងទៅក្រាបទូលថា ត្បិតនញ្ជ័យធ្វើស្រែក្នុងទន្លេនោះហើយយកអង្កាមទៅបាចពេញអស់ទន្លេ ហើយប្រាមប្រាប់អស់យើងខ្ញុំថា កុំឲ្យចូលក្នុងសំណាបនោះ បើចូលនឹងចាប់លក់យកជាប្រាក់តម្លឹងទូក១ បើដូច្នេះយើងខ្ញុំពុំសុខចិត្តឡើយ សូមមេត្តាឲ្យកោះធនញ្ជ័យមកជំនុំឲ្យទានបានដឹងដំណើរ ត្បិតយើងខ្ញុំមិនដែលលឺព្រះបន្ទូលថា មានច្បាប់ចាប់លក់យកប្រាក់ហូតយកពន្ធរទេះគ្រប់ទំនិញ ក្នុងព្រះនគរ ដូចធនញ្ជ័យថានោះទេ ព្រះមហាកក្សត្រស្តាប់ហើយក៏ឆ្ងល់ព្រះហប្ញទ័យនឹងធនញ្ជ័យណាស់  ហើយត្រាស់ប្រើអាមាត្យ១នាក់ថា អា​ឯងទៅហៅអាជ័យមកឲ្យឆាប់ កុំបង្អង់យូរឡើយ អាមាត្យស្តាប់ព្រះបន្ទូលហើយក៏ក្រាបថ្វាយបង្គំលាដើរទៅរកធ្នញ្ជ័យ ឃើញហើយក៏ប្រាប់ថា ត្បិតមានព្រះបន្ទូលពិសេសឲ្យមកហៅធ្នញ្ជ័យឯង ឲ្យទៅជាមួយនឹងយើង ជាព្រះរាជបំរើនេះ កុំឲ្យខានឡើយ បើខានឹងខុសធ្នញ្ជ័យឯង ធ្នញ្ជ័យស្តាប់ហើយក៏ស្លៀកពាក់សំពត់អាវ រួចហើយក៏ដើរទៅជាមួយនឹងបំរើនោះឯង លុះទៅដល់ហើយ ក៏ចូលទៅក្រាបថ្វាយបង្គំគាល់ស្ងៀមនៅ ចាំស្តាប់ព្រះបន្ទូល។ ឯព្រះមហាក្សត្រទតឃើញធនញ្ជ័យមកដល់ហើយ ក៏មានព្រះបន្ទូលសួរថា អាជ័យអញឲ្យអាឯងទៅនៅឯទន្លេ ឲ្យរកស៊ីធ្វើស្រែយកស្រូវ ឥលូវនេអាឯងទៅធ្វើដូច្នេះ តើអាឯងគិតដូចម្តេច បើដូច្នេះឯងថាមកអញនឹងស្តាប់ទើបធនញ្ជ័យថា ពុំចេះនឹងទ្រង់ព្រះមេត្តាអស់សេចក្តីទាំងនេះ ទូលព្រះបង្គំជាខ្ញុំគិតថា កើតជានគរមានស្តេចសោយរាជ្យហើយ ឲ្យចងជាច្បាប់ប្រាប់អស់នាម៉ឺននូវពលឲ្យបានដឹង…

  (សូមរងចាំតាមដាន រឿង ធនញ្ជ័យ ភាគទី៧ នៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!