…នេះឯងជាពន្ធព្រះរាជទ្រព្យឲ្យបានដឹងថា ច្បាប់ជំនុំសេចក្តីស្រដីគ្រប់មុខ ឲ្យនាម៉ឺនធំតូចដឹងជាសណ្តាប់ប្រាប់អស់រាស្រ្តនៅស្រុកក្រៅ ឲ្យចិញ្ចឹមចៅហ្វាយស្រុក ស្នងក្រឡាពាស ជំទប់ ចៅមឿង មេស្រុក ទើបឲ្យបានដឹងអំពីខែត្រចៅហ្វាយស្រុកតូចស័ក្កិយស ខ្នងពោះនាម៉ឺនក្នុង ខ្នងពោះចៅហ្វាយស្រុកនៅក្រៅសណ្តាប់ ប្រាប់ឈ្មោះចៅហ្វាយស្រុកមានជាដូច្នោះ ឈ្មោះខេត្តដូច្នោះ រួចធ្នញ្ជ័យក្រាបទូលថា ខ្ញុំទូលបង្គំនឹងចង់បានទ្រព្យខ្លួនក៏ទេ ធ្វើដូច្នេះបានជាអាការសួយរៃក្នុងព្រះនគរដាក់ជាព្រះរាជទ្រព្យបានដឹងរៀងទៅ។
ស្តេចព្រះមហាក្សត្រាធិរាជទ្រង់ស្តាប់ធនញ្ជ័យក្រាបទូលដូច្នេះហើយ ស្តេចមានព្រះបន្ទូលថា អាឯងថាដូច្នេះត្រូវហើយ តែដែលអាលក់រាស្រ្តនោះធ្ងន់ណាស់ អាយកតែបាទ១វិញ។
ឯធ្នញ្ជ័យក៏បានទទួលព្រះបន្ទូលហើយក្រាបលាទៅយកបាទ១ អំពីលោកសង្ឃ ហើយទៅប្រាប់អស់មនុស្សដែលចាប់លក់អំពីមុនថា ត្បិតហ្លួងមិនឲ្យយកប្រាក់តម្លឹង៣០ទេ វាធ្ងន់ណាស់ឲ្យអញយកបាត្រ១ អំពីអស់ឯងវិញ ប្រាប់ហើយយកបាត្រមកវាល់ ឯអស់រាស្រ្តខ្លះនឹងយកប្រាក់វាល់ឲ្យពេញបាត្រនោះមិនបាន ធនញ្ជ័យក៏ប្រឹងទារ ឯអស់រាស្រ្តនោះរត់ទៅក្រាបទូលថា ពុំចេះនឹងទ្រង់មេត្តា ត្បិតធនញ្ជ័យថាម្ចាស់មិនឲ្យយកប្រាក់តម្លឹង៣០ឲ្យយកបាទ១ ឥលូវគាត់យកបាត្រលោកសង្ឃមកវាល់វិញ ដូច្នេះឃើញថាធ្ងន់ណាស់ យើងខ្ញុំនឹងនឹងរកប្រាក់ឲ្យពេញបាត្រនោះមិនបានទេ ស្តេចមហាក្សត្រស្តាប់ហើយ ក៏ត្រាស់ប្រើឲ្យហៅអាជ័យមកឲ្យឆាប់ ឯអាមាត្យលឺព្រះបន្ទូលប្រាប់ដូច្នោះហើយ ក៏ក្រាបថ្វាយបង្គំលាទៅហៅធនញ្ជ័យហើយ មានព្រះបន្ទូលសួថា អាជ័យអាថាអញឲ្យយកបាត្រទៅយកប្រាក់អំពីរាស្រ្តអង្កាល់ ឯធនញ្ជ័យក្រាបទូលថា ម្ចាស់មានព្រះបន្ទូលថាឲ្យ១បាទវិញ កុំឲ្យយក៣០តម្លឹងឡើយ បានជាទូលព្រះបង្គំយកតាមព្រះបន្ទូលវិសេសនោះ ឯមហាក្សត្រស្តាប់ហើយក៏មានបន្ទូលថា អញឲ្យយក៤ស្លឹងប្រាក់ កុំយកបាត្រទៅវាល់នោះមិនត្រូវទេ។ ហើយស្តេចមានព្រះបន្ទូលថា អាជ័យឯងនេះធ្វើឲ្យក្តៅទឹកដីអញណាស់ នឹងទុកនៅមិនបាន ទើបស្តេចមានព្រះបន្ទូលហៅនាយពេជ្ឈឃាតយកធនញ្ជ័យទៅសំលាប់ ឯក្នុងទន្លេ ជាបំរាមឲ្យអស់រាស្រ្តវាឃើញ កុំឲ្យខឹងវា។ អាឯងពេជ្ឍឃាតស្តាប់ព្រះបន្ទូលហើយក៏ចាប់ធនញ្ជ័យចងនាំទៅសំលាប់ ដូចព្រះបន្ទូលបង្គាប់នោះហោង ឯអស់ពេជ្ឍឃាតនាំធនញ្ជ័យទៅដល់ទូកហើយ ដាក់ធនញ្ជ័យចំកណ្តាលហើយតាំងហ៊ោបីដង ចេញទូកទៅ ធនញ្ជ័យគិតក្នុងចិត្តថា អញនឹងបញ្ឆោតអស់ទាំងពេជ្ឈឃាតកុំឲ្យសំលាប់អញបាន គិតរួចហើយនិយាយថា អស់បងប្អូនឥលូវនេះអញសំលាប់ហើយអញនឹងលេងឲ្យបងប្អូនសប្បាយម្តងកុំខ្លាច បើរត់តើនឹងទៅឯណានៅក្នុងទឹកនោះឯង ឯអស់ពេជ្ឈឃាតស្តាប់ពាក្យធនញ្ជ័យហើយគិតថា តើនឹងមានបើនឹងរត់ តើដូចម្តេចក៏នឹងរួចក្នុងតែអញនឹងចាប់បាន គិតដូច្នោះហើយក៏ស្រាយធ្នញ្ជ័យចេញ ឯធនញ្ជ័យក៏ថាឲ្យខ្ញុំទៅកន្សៃទូក ហើយខ្ញុំនឹងច្រៀងបន្ទរឲ្យសប្បាយ ឯអស់ពេជ្ឈឃាតក៏ព្រមឲ្យធនញ្ជ័យទៅអង្គុយឯកន្សៃច្រៀងបន្ទរថា បើអញថាធនញ្ជ័យធ្លាក់ទឹក ឯងថាហៃអើៗ ឯអស់អ្នកអ៉ុំទូកក៏ព្រមថាហៃអើៗ លុះថាតែដូច្នោះរឿងៗទៅហើយ វាពុំបានជាគិតថា ធនញ្ជ័យនឹងលោតទឹករត់ដូច្នោះគិតតែសប្បាយក៏ថាទៅ នឹងដឹងថាដូច្នោះក៏ទេ។ ឯធនញ្ជ័យថាឲ្យស្រែកឲ្យខ្លាំងជាងពីដើមទៀត លុះល្មមតែនឹងលោតទឹកហើយ ធនញ្ជ័យក៏លោតទៅក្នុងទឹកប្រូងទៅ។
ឯអ្នកកន្សៃស្រែកថា ធនញ្ជ័យធ្លាក់ទឹកទៅហើយ អ្នកក្បាលថាហៃអើៗដូចអំពីដើមនោះឯង ឯធនញ្ជ័យក៏ប្រឹងហែលទៅដល់ត្រើយ ហើយដើររកស្បង់ចីពរបាន ហើយចូលទៅជួបនឹងលោកសង្គ្រាជនៅក្នុងកុដិលោកនោះ ជាសុខសប្បាយដូចសព្វដងរៀងមក ឯអស់អ្នកអុំទូកនោះលុះបន្តិចដឹងថាធនញ្ជ័យលោកទឹកទៅ ហើយក៏បន្ទោសគ្នាថា អញមិនដឹងទេ សេចក្តីនេះតាមតែលោកនាយចុះ ខុសត្រូវយើងមិនបានស្រាយធនញ្ជ័យទេ ជជែកគ្នាហើយវិលមកវិញ ហើយឡើងទៅក្រាបទូលថា សូមទានក្រាបទូល ត្បិតទ្រង់បង្គាប់ឲ្យនាំធនញ្ជ័យទៅសំលាប់នោះ ធនញ្ច័យក៏ខឹងចិត្តលោតទឹកទាំងចំនងលិចបាត់ទៅ មិនឃើញអណ្តែតឡើងឡើយ។ ឯព្រះមហាក្សត្រស្តាប់ហើយ មានព្រះបន្ទូលថា វាហើយទៅចុះ កុំឲ្យតែវារស់ឡើងវិញមានព្រះបន្ទូលដូច្នោះហើយ គង់កំសាន្តព្រះទ័យជាសប្បាយឥតមានខ្ញាល់ឡើយ។
លុះដល់យូរបន្តិចទៅ ដឹងលឺដល់ស្រុកចិនថា នៅស្រុកគោកធ្លកជាស្រុកខ្មែរមានអ្នកប្រាជ្ញមួយឈ្មោះធនញ្ជ័យ ឥតមានអ្នកប្រាជ្ញឯណានឹងស្មើប្រាជ្ញចៅធនញ្ជ័យនោះបាន ប៉ុន្តែឥលូវនេះ គេសំលាប់ទៅហើយ បើដូច្នោះឃើញថា នឹងយកនគរងាយ ស្តេចស្រុកចិនគិតឃើញដូច្នោះហើយ ឲ្យហៅនាម៉ឺនធំតូចមកដល់ហើយ ស្តេចឲ្យជំនុំរឿងនឹងចាប់យកនគរខ្មែរត្បិតស្តេចនគរខ្មែរសំលាប់អ្នកប្រាជ្ញទៅហើយ បើនាម៉ឺនជំនុំគិតគ្នាឃើញដូចម្តេច ឲ្យមកប្រាប់អញ។ ឯអស់នាម៉ឺនបានស្តាប់ព្រះបន្ទូលហើយមកជំនុំគ្នាថា បើគេសំលាប់អ្នកប្រាជ្ញនោះវាជាហើយ យើងឲ្យអ្នកប្រាជ្ញយើងទៅចោទប្រស្នា បើរកមិនឃើញ យើងយកនគរនោះបានងាយ គិតឃើញដូច្នោះហើយ ឡើងទៅក្រាបទូលឲ្យទ្រង់ជ្រាប ថាអស់យើងខ្ញុំគិតទៅឃើញថា ឲ្យអាចារ្យយើងបាន៤នាក់ ទៅចោទប្រស្នាភ្នាល់យកនគរនេះឃើញថាងាយ ត្បិតអ្នកប្រាជ្ញស្រុកខ្មែរស្លាប់ទៅហើយ ស្តេចស្តាប់ហើយក៏ព្រមតាមនាម៉ឺនទូលនោះ ហើយឲ្យយកអាចារ្យ៤នាក់មក មកដល់ហើយទ្រង់ផ្តាំថា ឲ្យទៅចោទប្រស្នាភ្នាល់នឹងស្តេចស្រុកខ្មែរ បើអ្នកណាចាញ់យកនគរជាចំនុះ ផ្តាំរួចហើយឲ្យយកសំពៅ៤ឲ្យ១ម្នាក់គ្រប់អាចារ្យទាំង៤ ហើយធ្វើព្រះបន្ទូលមកស្រុកខ្មែរឲ្យបានជ្រាប ឯសេចក្តីក្នុងសំបុត្រព្រះបន្ទូលនោះថា ព្រះរាជសារមេត្រីអំពីស្តេចក្រុងចិន ថ្វាយមកស្តេចស្រុកខ្មែរសូមបានជ្រាប ត្បិតលឺដំនឹងដោយរាស្រ្តទៅរកស៊ីស្រុកខ្មែរថា ស្រុកខ្មែរមានអ្នកប្រាជ្ញ១ ឈ្មោះធនញ្ជ័យជាអ្នកប្រាជ្ញធំ ឥលូងនេះយើងប្រើអ្នកប្រាជ្ញស្រុកយើងឲ្យមកចោទអាថ៌ប្រស្នាភ្នាល់គ្នា បើអ្នកប្រាជ្ញនគរណាចាញ់ នឹងយកនគរនោះឯង ថ្វាយមកសួរ គួរពុំគួរតាមព្រះទ័យ សេចក្តីអស់តែប៉ុណ្ណោះឯង ធ្វើព្រះបន្ទូលហើយ ដាក់ក្នុងបំពង់ឲ្យទៅអាចារ្យទាំង៤ ចុះសំពៅបើកដល់ស្រុកខ្មែរ ហើយចតនៅប្របកំពង់ហើយឡើងយកសំបុត្រទៅថ្វាយស្តេចនគរគោកធ្លក ហើយវិលមកនគរវិញ ឯមហាក្សត្រខ្មែរឃើញសំបុត្រព្រះរាជសារ ឲ្យបើកមើលឃើញក្នុងសេចក្តីគ្រប់ប្រការហើយ គិតស្តាយធនញ្ជ័យថា បើអញមិនឲ្យសំលាប់វាយល់ជាមិនពិបាកចិត្តទេ។
យើងនឹងស្រដីអំពីកាលធនញ្ជ័យទៅបួសយូរបានខែ ឯលោកសង្ឃឈ្មោះធនញ្ជ័យនោះគិតថា អញនឹងទៅយកចង្ហាន់បិណ្ឌបាតក្នុងព្រះរាជវាំង ឲ្យជួបនឹងស្តេច ចង់ដឹងមើលបើឃើញអញ តើស្គាល់ឬទេ លោកជ័យគិតដូច្នោះហើយ ក៏ឃ្លុំចីពរយកបាត្រមកស្ពាយ… (សូមរងចាំតាមដាន រឿង ធនញ្ជ័យ ភាគទី៨ នៅសប្តាហ៍ក្រោយ)
រៀបរៀងដោយ៖ ដោយ មាស សុភាព