ទំព័រដើមនិទានកថារឿងធនញ្ជ័យ (ភាគទី៨)

រឿងធនញ្ជ័យ (ភាគទី៨)

…ដើរចូលទៅក្នុងព្រះបរមរាជវាំង ជាមួយនឹងលោកសង្ឃជាច្រើន ឯលោកជ័យនៅក្រោយគេបង្អស់ ព្រះមហាក្សត្រចេញមកដាក់បាតលោកដូចសព្វដងគ្រប់អង្គ នៅតែលោកតាជ័យក្រោយគេបង្អស់ ស្តេចទតទៅឃើញ ស្តេចមានព្រះបន្ទូលថា អញមើលមុខលោកនេះដូចជាមុខលោកជ័យ ឯលោកជ័យថា ជ័យហើយថាមិនជ័យ រួចដើរហួសទៅ ឯព្រះមហាក្សត្រស្ងៀមនៅ។​

លុះដល់មានសារមកពីស្រុកចិនឲ្យចោទប្រស្នានោះ ស្តេចគិតថាកាលអំពីមុនអញឃើញលោកសង្ឃមកយកបាត្រប្រហែលជាអាជ័យក្រែងវាមិនស្លាប់ទេ ហើយវាទៅបួស បើដូច្នោះអញឲ្យអាមាត្យដើររកដោយវត្តលោកសង្ឃបួសមែន ហើយស្តេចបង្គាប់ឲ្យអាមាត្យ៤នាក់ ថាអស់អាឯងទៅរកអាជ័យក្រែងវារត់ទៅបួស ឯអា​មាត្យស្តាប់ហើយក៏ក្រាបថ្វាយបង្គំលាដើរទៅរកធ្នញ្ជ័យ នៅវត្តលោកសង្ឃ ទៅឃើញនៅវត្តបួសជាសង្ឃហើយអាមាត្យទូលព្រះពុទ្ធដីកាថា ត្បិតមានព្រះបន្ទូលពិសេសឲ្យនិមន្តលោកទៅ លោកតាជ័យស្តាប់ហើយក៏និមន្តទៅតាមអាមាត្យ លុះទៅដល់ហើយក៏គង់នៅស្ងៀម ឯព្រះមហាក្សត្រទតទៅឃើញធនញ្ជ័យក៏ត្រេកអរហើយសួរថា លោកតាជ័យអន់ចិត្តនឹងព្រះករុណារឺដូចម្តេច ឯលោកតាជ័យថ្វាយព្រះពរថាទេ ទើបមានព្រះបន្ទូលថា ត្បិតមានអាមាត្យពីស្រុកចិន គេឲ្យមកចោទប្រស្នាយកនគរ បើដូច្នោះតើជាលោកដោះរួចរឺទេ ឯលោកតាជ័យថា ដោះថ្វាយកុំព្រួយព្រះហប្ញទ័យ ស្តេចស្តាប់ហើយក៏ត្រេកអរក្នុងព្រះទ័យ ទ្រង់មានព្រះបន្ទូលនឹងលោកតាជ័យថា បើដូច្នោះមានតែសឹកចេញ ទើបជា ទើបលោកតាជ័យព្រះពរថា អាត្មាភាពសឹកថ្ងៃនេះឯងកុំព្រួយព្រះហប្ញទ័យឡើយ ហើយស្តេចឲ្យសំពត់អាវក្រមាក្រវាត់។

លោកតាជ័យទទួលយកសំពត់អំពីព្រះមហាក្សត្រ ហើយលាវិលទៅសឹកចេញ ស្លៀកសំពត់អាវក្រវាត់ក្រមា ហើយក៏ចូលទៅថ្វាយគាល់ ស្តេចទតឃើញហើយស្តេចមានព្រះបន្ទូលថា បណ្ឌិតជ័យគេមកហើយ មើលទៅល្អសមជាបណ្ឌិតអ្នកប្រាជ្ញបានជា បើអ្នកឯណាបួសហើយសឹកចេញគេហៅថាបណ្ឌិតៗ ដូច្នេះឯងរួចហើយស្តេចដណ្តឹងថា ឥលូវនេះនេងឲ្យអាចារ្យចិនគេឡើងមកចោទប្រសា្នថ្ងៃណា ទើបបណ្ឌិតជ័យក្រាបទូលថា ក្នុងបីថ្ងៃទៀតឲ្យឡើងមកនឹងចោទប្រស្នាគ្នា ហើយបណ្ឌិតជ័យឲ្យគេរកគម្ពីឲ្យច្រើន ហើយឲ្យរកមហាតលិកបាន៤នាក់ ឲ្យយកខ្មៅដុសឲ្យបានច្រើនដាក់នឹងថាសនោះ៤ ហើយឲ្យយកក្តារធំរលីង៤ជ្រុងមកឲ្យ ហើយឲ្យចាប់ក្តាមឲ្យបាន៤ ក្អមហើយឲ្យយកក្រដាសសពុម្ពធំឲ្យច្រើនមកឲ្យ ទូលព្រះបង្គំនឹងធ្វើប្រស្នាថ្វាយ កុំព្រួយព្រះរាជហប្ញទ័យ ឯព្រះមហាក្សត្រស្តាប់ហើយ​ ឲ្យយកតាមពាក្យធនញ្ជ័យបង្គាប់បានមកហើយ ឲ្យយកទៅប្រគល់ឲ្យធនញ្ជ័យ រួចហើយឲ្យបម្រើទៅប្រាប់អាមាត្យស្រុកចិនដែលមកចតសំពៅនៅកំពង់ នៅមុខព្រះលាន មានព្រះបន្ទូលឲ្យប្រាប់មកថា បីថ្ងៃទៀតទៅចោទប្រស្នានឹងអ្នកប្រាជ្ញយើងស្រុកខ្មែរចុះកុំខានឡើយ ឯអាមាត្យស្រុកចិនស្តាប់ហើយទទួលតាម លុះដល់ថ្ងៃត្រូវសន្មតហើយអាចារ្យចិនឡើងចោទប្រស្នា ឯធនញ្ជ័យក៏ដើរចុះទៅទទួលពាក់កណ្តាលផ្លូវ មុខព្រះលានស្តេចនោះឯង អាចារ្យស្រុកចិនមើលទៅឃើញធនញ្ជ័យដើរមកអំពីចំងាយហើយធ្វើប្រស្នា ចង្អុលទៅមើល ឯធនញ្ជ័យចង្អុលទៅព្រះអាទិត្យ អ្នកប្រាជ្ញចិនចង្អុលទៅក្រៅដី លាបាតដៃហើយលើកម្រាមដៃបញ្ឈរឡើងទៅលើ អ្នកប្រាជ្ញចង្អុលចុះទៅក្រោម ធនញ្ជ័យចង្អុលមកខ្លួនឯង។

ឯអ្នកប្រាជ្ញស្រុកចិនសួរថា​ កាលយើងចង្អុលទៅលើមេឃ ហើយអ្នកឯងចង្អុលទៅព្រះអាទិត្យនោះ តើអ្នកឯងដឹងដូចម្តេច ទើបធនញ្ជ័យថាអញដឹងថា អ្នកឯងចង្អុលទៅលើមេឃនោះ គឺអ្នកឯងសួរថាមានសត្វអ្វី ឯអញចង្អុលទៅព្រះអាទិត្យនោះ តើអ្នកឯងដឹងឬទេ អ្នកប្រាជ្ញចិនថាអញដឹង អ្នកឯងថាមេឃនោះមានតែព្រះអាទិត្យព្រះច័ន្ទនោះឯងនៅលើមេឃ ទើបអ្នកប្រាជ្ញស្រុកចិនថា ដែលអញចង្អុលទៅក្រៅដីនោះ តើអ្នក​ឯងថាដូចម្តេច ទើបធនញ្ជ័យឆ្លើយថាអញដឹងហើយ ឯចង្អុលទៅខាងក្រៅនោះថា សត្វអ្វីទើបធនញ្ជ័យថាអញធ្វើម្រាមដៃឡើងទៅលើជុំវិញនោះ តើអ្នកឯងថាសត្វអ្វី ទើបអាចារ្យចិនថាអញដឹង បានជាអ្នកឯងធ្វើដូច្នោះ ថាក្រៅផែនដីមានទឹកសមុទ្រ ក្រៅសមុទ្រនោះ មានភ្នំចក្រវាលនោះឯង ទើបអាចារ្យចិនថា អញចង្អុលចុះក្រោមនោះថា នៅលើដីនេះ តើសត្វអ្វី ធនញ្ជ័យទាញចង្អុលមកខ្លួនអញនោះ តើឯងដឹងរឺទេ ឯអាចារ្យចិនថាអញដឹង ឯងចង្អុលខ្លួនឯងនោះថា នៅដីនេះមានតែមនុស្ស។ សួរឆ្លើយទទួលគ្នា​រួចហើយអាចារ្យចិនលាធនញ្ជ័យវិលទៅសំពៅវិញ។ លុះព្រឹកឡើងមកជួបនឹងធនញ្ជ័យ ឯអាចារ្យចិនធ្វើប្រស្នាឲ្យធនញ្ជ័យ ចាប់ធ្វើជារង្វង់ ឯធនញ្ជ័យធ្វើបត់ដុំដៃបង្ហាញទៅ អាចារ្យលាម្រាមដៃទាំង៥ បង្ហាញមកធនញ្ជ័យ ធនញ្ជ័យបង្ហាញម្រាម១ បង្ហាញទៅអាចារ្យចិន អាចារ្យចិនឃើញហើយវិលទៅសំពៅវិញ ឯធនញ្ជ័យក៏វិលទៅផ្ទះវិញ។

លោកគ្រូសង្គ្រាជបានលឺធនញ្ជ័យចោទប្រស្នានឹងអាចារ្យចិនដូច្នោះហើយ ក៏និមន្តមកសួរចង់ដឹងដំនើរនោះ ជួបនឹងធនញ្ជ័យហើយដណ្តឹងថា កាលអ្នកចោទប្រស្នានឹងចិនធ្វើដូចម្តេច ទើបធនញ្ជ័យទូលថា ចិនធ្វើដៃជារង្វង់ ខ្ញុំបង្ហាញដុំដៃ ចិនលាដៃបង្ហាញម្រាម៥ ខ្ញុំក្តាប់បង្ហាញម្រាម១។ ទើបលោកគ្រូសង្គ្រាជដណ្តឹងថា បើដូច្នោះតើដូចម្តេច ទើបធនញ្ជ័យថា ឯចិនធ្វើដៃជារង្វង់ដូច្នោះខ្ញុំថាធ្វើអង្រុតរុតត្រី ទើបខ្ញុំបង្ហាញកែងដៃនោះ ថាបើអង្រុតរុតត្រីដូច្នោះ តើរុតបានត្រីប៉ុន្មាន ឯបង្ហាញម្រាមដៃ៥នោះ ថា​បើបានត្រីប៉ុណ្ណោះ ល្មមធ្វើងៀតបាន៥ចំរៀក ឯងបង្ហាញចង្អុលដៃ១ថាស៊ី១ថ្ងៃ១ចំរៀក ក្នុងត្រី១កន្ទុយមាន៥ថ្ងៃទើបអស់។ លោកគ្រូសង្គ្រាជបានដឹងហើយវិលទៅកុដិវិញ។

ទើបលោកសម្តេចចៅហ្វាយទៅសួរធនញ្ជ័យ ចង់ដឹងប្រស្នាចិននោះ ថាដូចម្តេចប្រាប់អញផងអញចង់ដឹង ធនញ្ជ័យស្តាប់ហើយជំរាបថា ចិនធ្វើដៃជារង្វង់ ខ្ញុំបង្ហាញកែងដៃ ចិនបង្ហាញម្រាម៥ ខ្ញុំបង្ហាញចង្អុលដៃ១ លោកសម្តេចចៅហ្វាយដណ្តឹងថា​ បើដូច្នោះថាដូចម្តេច ធនញ្ជ័យប្រាប់ថា ចិនឳបដៃជារង្វង់នោះថានឹងចាប់យកនគរ។ ខ្ញុំបង្ហាញដុំដៃថា អញថងនឹងកែងដៃ ចិនបង្ហាញម្រាម៥ ថាគេមានគ្នាច្រើន ខ្ញុំបង្ហាញចង្អុលដៃ១នោះថាអញតែម្នាក់ឯង អញវាយឯងមិនខ្លាចទេ លោកចៅហ្វាយលឺដូច្នោះហើយក៏វិលទៅវិញ ឯព្រះមហាក្សត្រស្តេចឲ្យហៅធនញ្ជ័យសួរថា កាលអាចារ្យចិនគេចោទថាដូចម្តេចខ្លះ ធនញ្ជ័យទូលថា កាលអាចារ្យចិនគេមកដល់ធ្វើដៃជាឳបដៃ ​បង្ហាញទូលព្រះបង្គំបត់កែងដៃបញ្ឈរបង្ហាញទោវិញ ហើយអាចារ្យចិនបង្ហាញម្រាមដៃ៥ ទូលព្រះបង្គំបង្ហាញម្រាមដៃ១ទៅវិញ ទើបស្តេចមានព្រះបន្ទូលដណ្តឹងថា ដូចម្តេចបើដូច្នោះ ទើបធនញ្ជ័យក្រាបទូលថា ឯចិនឳបដៃបង្ហាញមកសួរថា ក្នុងទ្វីបទាំងបួននេះ តើមានអ្វីខ្លះ ទូលព្រះបង្គំបត់ដៃបង្ហាញនោះប្រាប់ថា មានព្រះសិនេរត្រង់កណ្តាល ទើបចិនបង្ហាញម្រាមដៃ៥នោះដណ្តឹងថា មានព្រះពុទ្ធ៥អង្គ បានត្រាស់ក្នុងកប្បនេះ ទើបទូលបង្គំបង្ហាញម្រាមដៃ១ នោះប្រាប់ថា ៥អង្គ ប៉ុន្តែបានត្រាស់៤អង្គទៅហើយ នៅតែ១អង្គទៀត មិនទាន់បានត្រាស់នៅឡើយ ប្រស្នានេះដូច្នេះឯង សូមទ្រង់ជ្រាប ហើយធនញ្ជ័យថ្វាយបង្គំលាទៅផ្ទះវិញ។

          លោកគ្រូសង្គ្រាម៉ឺជ និងសម្តេចចៅហ្វាយទៅជួបនឹងមហាក្សត្រ ហើយនិយាយតាមដំនើរដែលបានដណ្តឹងធនញ្ជ័យ កាលចោទប្រស្នានឹងចិនក្រាបទូលស្តេចៗ ស្តាប់ហើយមានព្រះបន្ទូលថា វាប្រាប់លោកគ្រូសង្គ្រាជផ្សេង ប្រាប់ចៅហ្វាយផ្សេង វាប្រាប់អញផ្សេង នឹងឲ្យប្រាកដជាប្រស្នាដូចម្តេចនោះមិនបានឡើយ ស្តេចនូវអស់ទាំងនាម៉ឺនខ្លាចប្រាជ្ញាធនញ្ជ័យណាស់។

 ឯធនញ្ជ័យក៏វិលទៅផ្ទះ ហើយឲ្យកខ្មៅដុសក្តារ៤ជ្រុង ក្រដាសស និងគម្ពីរដែលឲ្យគេរកហើយ និងក្តាមដែលដាក់ក្នុងក្អមទាំង៤នោះមក ហើយក៏យកក្តាមដាក់ត្រង់កណ្តាល ហើយយកថាសដាក់ទឹកខ្មៅ ដាក់គ្រប់ជ្រុងទាំង៤ ហើយយកក្រដាសក្រាលលើក្តារ ហើយយក្តាមដាក់ក្នុងថាសទឹកខ្មៅឲ្យវាវារឡើងលើក្រដាសនោះ ឯទឹកខ្មៅដែលប្រឡាក់នូវជើងក្តាមវារនោះដិតជាប់និងក្រដាសនោះច្រើន ហើយយកទៅហាលថ្ងៃ លុះធ្វើដូច្នេះឯងបានច្រើនហើយ ឲ្យយកគម្ពីរមករុំទុក ហើយយកក្រដាស១ពុម្ពម្នាក់ៗឲ្យក្មេងអស់នោះទន្ទេញថាផ្តេសផ្តាសទៅតាម តែក្មេងណាចង់ថាដូចម្តេចក៏ថាទៅ ឲ្យឮដូចក្មេងរៀនអក្សរសាស្រ្ត ឯអ្នកប្រាជ្ញចិននោះលុះដល់ព្រឹកឡើងហើយ ឡើងពីសំពៅមកផ្ទះធនញ្ជ័យ នឹងចោទប្រស្នា​ ឯធនញ្ជមើលទៅឃើញអាចារ្យមកដល់ហើយ ក៏ដើរទៅទទួលចាប់ដៃចូលមកអង្គុយលើកៅអី ហើយធនញ្ជ័យឲ្យយកទឹកតែមកឲ្យអាចារ្យផឹក ឯក្មេងទាំងនោះ ក៏រៀនអក្សរលឺកងរំពងនឹងស្តាប់ភាសាគ្នាមិនបានឯអាចារ្យចិនឃើញអស់ក្មេងរៀនសំបុត្រហើយ ឲ្យយកទៅបកមើលមិនស្គាល់តួអក្សរដល់១សោះ ឯធនញ្ជ័យសួរថា​អាចារ្យស្គាល់អក្សរនេះឬទេ? អាចារ្យចិនថាទេ ទើបធនញ្ជ័យថា នេះគេហៅអក្សរមីងឆ្វេង អក្សរព្រាហ្មណ៍ចាម បើមិនស្គាល់ដូច្នេះនឹងឆ្លើយប្រស្នានឹងគ្នាមិនបានទេ អ្នកឯងចាញអញនឹងអក្សរនេះហើយ អាចារ្យចិនក៏ទទួលព្រម ធនញ្ជ័យថា បើចាញ់ហើយអញយកតែរបស់សំពៅទាំង៤ ឯសំពៅនោះអញឲ្យវិលទៅស្រុកវិញ ឯនគរក៏អញថ្វាយទៅស្តេចស្រុកចិនវិញដែរ តែអំពីថ្ងៃនេះ បើលឺឈ្មោះធនញ្ជ័យ អ្នកប្រាជ្ញឲ្យខ្លាចគ្រប់ប្រទេសទៅ… (សូមរងចាំតាមដាន រឿង ធនញ្ជ័យ ភាគទី៩ នៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖​ កញ្ញា​ មា​ស​ សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!