ទំព័រដើមនិទានកថាមហាព្រះវេស្សន្តរជាតក (កណ្ឌហេមពាន្ត ទី២)

មហាព្រះវេស្សន្តរជាតក (កណ្ឌហេមពាន្ត ទី២)

ព្រះនាងផុស្សតីនោះ ទទួលបាននូវការប្រសិទ្ធីពរទាំង១០ប្រការដូច្នេះហើយទ្រង់ច្យុតអំពីទេវលោកនោះ មកកើតក្នុងផ្ទៃនៃព្រះអគ្គមហេសីរបស់ព្រះបាទមន្ទរាជ ព្រះនាងប្រសូតមកមានព្រះសរីរាង្គាវយវៈផ្សាយចេញនូវក្លឹនខ្លឹមច័ន្ទន៍ដូចជាប្រោះព្រំដោយលម្អិតខ្លឹមច័ន្ទន៍បានជាផ្សាយព្រះនាមថាៈ “ផុស្សតី”។ ព្រះបាទសិវិមហារាជបាននាំព្រះនាងនោះមកដើម្បីព្រះសញ្ជ័យរាជកុមារ ទ្រង់ធ្វើរាជាភិសេកព្រះសញ្ជ័យរាជកុមារ និងនាងផុស្សតីនេះ ក្រោមមហាស្វេតច្ឆ័ត្រ តាំងព្រះនាងនេះក្នុងឋានៈជាអគ្គមហេសីធំច្បង។

គ្រានោះព្រះឥន្ទ្រាធិរាជទ្រង់ជ្រាបថាពរ៩ប្រការសម្រេចដល់នាងផុស្សតីហើយ នៅសល់តែពរមួយទៀតទេ ទើបទ្រង់ចូលទៅកាន់សំណាក់ព្រះពោធិសត្វ ដែលជាទេវបុត្រនៅឋានត្រៃត្រឹង្ស សូមអារាធនាព្រះពោធិសត្វឲ្យចុះមកចាប់បដិសន្ធិក្នុងផ្ទៃនៃនាងផុស្សតី។​ ព្រះពោធិសត្វច្យុតមកកើតក្នុងទីនោះ ទាំងទេវបុត្រ១ពាន់អង្គទៀត ក៏ច្យុតចុះមកកើតក្នុងត្រកូលអាមាត្យ១ពាន់ដែរ។

ព្រះនាងផុស្សតី តាំងពីមហាសត្វចុះមកចាប់ផ្ទៃក្សត្រីទ្រង់មានចំណង់ចង់សាងសាលាឆទាន លុះបានព្រះរាជអនុញ្ញាតហើយ ទ្រង់តែងចំណាយព្រះរាជទ្រព្យ៦ម៉ឺនកហាបណៈមួយថ្ងៃៗសម្រាប់ព្រះរាជទានក្នុងសាលទានទាំង៦។​ ព្រះនាងកាលទ្រង់គភ៌គ្រប់ទសមាស ជួនជាទ្រង់ស្តេចទៅប្រទក្សិណនគរស្រាប់តែខ្យល់កម្មជវាតកម្រើកឡើង ក៏ទ្រង់ប្រសូតព្រះពោធិសត្វក្នុងគ្រឹះស្ថាននាផ្លូវនៃពួកឈ្មួញ ដោយហេតុនេះទើបតមកគេថ្វាយព្រះនាមព្រះពោធិសត្វថា “ព្រះវេស្សន្តរ”។

ព្រះមហាសត្វទ្រង់ចាកចេញព្រះមាតុឧទរល្អបរិសុទ្ធ បើកព្រះនេត្រក្រឡង់ហត្ថាតម្រង់ឆ្ពោះទៅរកព្រះមាតាទូលសួរថាៈ​ បពិត្រព្រះមាតា ខ្ញុំព្រះអង្គចង់ឲ្យទាន ទ្រង់មានព្រះរាជទ្រព្យអ្វីខ្លះទេ? ព្រះមាតាទ្រង់ព្រះរាជទាននូវព្រះរាជទ្រព្យ ១ពាន់កហាបណៈភ្លាមថា កូនឯងឲ្យទានចុះ។

សេចក្តីពិសេសថាៈ ព្រះសមណៈគោត្តមបរមសាស្តា កាលនៅជាពោធិសត្វខំបំពេញបារមីរាប់អសង្ខេយ្យជាតិនោះ មានតែក្នុងជាតិ៣ទេ ដែលប្រសូត្រមកភ្លាមចេះនិយាយភ្លាមគឺៈ កាលទ្រង់ជាព្រះមហោសថ១ ជាព្រះវេស្សន្តរ១ ជាព្រះសិទ្ធត្ថក្នុងបច្ឆិមភព១។

ក្នុងថ្ងៃដែលព្រះវេស្សន្តរប្រសូត្រមក មេដំរីមួយនាំកូនដំរីសសុទ្ធប្រកបដោយលក្ខណៈល្អបំផុត មកទុកក្នុងកន្លែងដំរីមង្គល ហើយចៀសចេញបាត់ទៅ។ កូនដំរីនោះ តមកបាននាមថាៈ”បច្ច័យនាគ” ជាដំរីល្អេមានដំណើរល្វាសល្វន់ទ្រទេសទ្រទនមានកន្ទុយល្គាយល្គងរាំគន្លងបោសព្រះធរណី បើបានទៅដល់ទីដែលឥតភ្លៀង រមែងមានភ្លៀងធ្លាក់ត្រជាក់ត្រជុំជាប្រក្រតី។

តាំងពីព្រះវេស្សន្តរប្រសូត្រមកដរាបដល់ព្រះជន្ម៥ឆ្នាំ ទ្រង់បានព្រះរាជទាននូវគ្រឿងប្រដាប់សម្រាប់កុមារ មានតម្លៃ១សែនៗកហាបណៈ ដល់ពួកមេនំអស់វារៈ៩ដង។

ក្នុងកាលទ្រង់មានព្រះជន្ម៨ឆ្នាំទ្រង់សព្វព្រះរាជហប្ញទ័យនឹងព្រះរាជទាននូវអជ្ឈត្តិកទាន ទ្រង់មានព្រះចិន្តាថាៈ បើនរណាមួយសុំបេះដូង ភ្នែក សាច់ក្នុងសរីរៈឈាម ក៏អាត្មាអញស៊ូតែពុះវះពន្លះឲ្យ ឬមួយនរណាចង់បានអាត្មាអញទៅជាខ្ញុំបម្រើ ក៏អាត្មាសុខចិត្តទៅបម្រើគេដែរ។ គ្រាដែលព្រះអង្គទ្រង់មានព្រះចិន្តាដូច្នោះ មហាប្រឹថពីក៏កម្រើកពើកញាប់ញ័រ។

កាលដែលព្រះពោធិសត្វមានព្រះជន្ម១៦ឆ្នាំ ដល់នូវការសម្រចសិល្បសាស្រ្តគ្រប់ជំពូកហើយ ព្រះរាជបិតាបាននាំព្រះនាង រាជកញ្ញាព្រះនាម មទ្រីជាព្រះមាតុលធីតា អំពីមទ្ទរដ្ឋមករៀបអភិសេកក្នុងឋានៈជាព្រះអគ្គមហេសីនៃព្រះវេស្សន្តរ ទ្រង់ដាក់រាជប្រទាន ព្រះវេស្សន្តរគ្រប់គ្រងរដ្ឋនគររៀងមក។ ព្រះពោធិសត្វទ្រង់ប្រកាន់ខ្ជាប់នូវទានបរិច្ចាគព្រះរាជទ្រព្យ៦សែនៗកហាបណៈព្រះរាជទានក្នុង១ថ្ងៃៗ ទ្រង់តែងគង់លើដំរីបច្ច័យនាគទៅសាលាឆទាន៦ដងក្នុងមួយខែៗ។

ចំណេរមកខាងក្រោយ ព្រះនាងមទ្រីប្រសូតព្រះរាជបុត្រ មួយព្រះអង្គទ្រង់ប្រទានព្រះនាមថាៈ ជាលី បានព្រះរាជបុត្រីមួយព្រះអង្គទៀត ទ្រង់ប្រទានព្រះនាមថា ក្រឹស្នា។

គ្រានោះដែលក្លិង្គារាស្ត្រឥតមានភ្លៀង ពួកកសិករធ្វើរបរកសិកម្មពុំបាន បណ្តាលឲ្យមានចោរកម្មពាសពេញទាំងប្រទេស ទើបប្រជាជននាំគ្នាធ្វើបាតុកម្មប្រជុំគ្នាក្នុងលានបានប្រជុំព្រមព្រៀងមូលមតិគ្នាថាៈ គួរចាត់ឲ្យទៅសុំយកដំរីបច្ច័យនាគអំពីព្រះវេស្សន្តរ។ លុះព្រមព្រៀងគ្នាហើយ ​ទើបចាត់ឲ្យព្រាហ្មណ៍៨នាក់ឲ្យទៅសូម។ កាលដែលព្រះបាទស្រីវេស្សន្តរបវរពោធិសត្វកំពុង ចេញទតសាលាឆទាន ពួកព្រាហ្មណ៍ក៏នៅចាំស្ទាក់នៅសាលាទាននោះស្រែកព្រមគ្នាកងរំពងឡើងថាៈ ជយតុវេស្សន្តរោ! ជយតុ វេស្សន្តរោ!។ ព្រះមហាក្សត្រទ្រង់បំបែរដំរីឆ្ពោះទៅរកព្រាហ្មណ៍ ទាំងនោះទ្រង់ព្រះបុច្ឆាថាៈ អឺពួកព្រាហ្មណ៍! ពួកអ្នកលើកដៃស្រែកហៅយើង តើអ្នកសុំអ្វីនឹងយើង?។

ពួកព្រាហ្មណ៍ទូលថាៈ ទូលព្រះបង្គំជាខ្ញុំទាំងឡាយសុំហត្ថីរតន៍ជាមង្គលដែលញ៉ាំងដែននៃពួកអ្នកស្រីពិរាស្រ្តឲ្យចម្រើន។

ព្រះបាទស្រីវេស្សន្តរថាៈ ព្រាហ្មណ៍ដំរីជាកុញ្ជរជាតិដ៏ ប្រសើរនឹងយើង យើងនឹងឲ្យឥតរុញរាទេ​ ហ៏!ចាំយកចុះ។ ទ្រង់ត្រាស់តែប៉ុណ្ណោះ ក៏ទ្រង់ចុះចាកដំរី ទ្រង់ប្រទក្សិណដំរី៣ជុំ ដើម្បីពិនិត្យនូវគ្រឿងប្រដាប់សម្រាប់ដំរី លុះទ្រង់ជ្រាបថាឥតខ្វះអ្វី ក៏ព្រះចក្រីទ្រង់ទាញប្រមោយដំរីដ៏ទន់ល្វន់ល្វតល្វៃ ល្អប្រពៃសដូចកម្រងផ្កា ជាវិការៈនៃប្រាក់ ដាក់ផ្ទាល់ដល់ដៃព្រាហ្មណ៍ទ្រង់ចាប់កន្ទីរមាសភ្លាមជ្រូចដូចស្នោទកលើដៃព្រាហ្មណ៍ទាំងនោះហើយប្រទានដំរីព្រមទាំងគ្រឿងប្រដាប់ទៅ។

គ្រាដែលព្រះវេស្សន្តរបវរពោធិវង្ស ទ្រង់ព្រះរាជទានដំរីមង្គលឈ្មោះបច្ច័យនាគដល់ពួកព្រាហ្មណ៍ក្លិង្គរាស្រ្តនោះ ផែនប្រឹថពីគិរីបព៌ត ព្រមទាំងមហាសមុទ្រក៏កម្រើករំពើក ពួកទេវតាទាំងពាន់ក៏ស្រែកសរសើរនូវទានបារមី។ ប៉ុន្តែចំណែក ខាងពួកប្រជាជនអ្នកស្រីពិរាស្រ្តបែរជាខឹង ប្រឹងនាំគ្នាឡើងទូលតវ៉ាចំពោះព្រះបាទស្រីសញ្ជ័យថាៈ បពិត្រព្រះសម្មតិទេពដែលរបស់ព្រះអង្គសាបសូន្យហើយ! ម្តេចក៏ព្រះវេស្សន្តរជាព្រះរាជបុត្ររបស់ព្រះអង្គប្រទានដំរីប្រសើររបស់យើងដែលអ្នកដែនបូជាជាដំរីសដ៏ឧត្ត្មម មានភ្លុកកងទន្ទាំ ស្គាល់ខែត្រចម្បាំងអាចញ៉ាំងសត្រូវឲ្យខ្ទេចខ្ទីរបានដូច្នោះ ព្រះវេស្សន្តរព្រះរាជទានដំរីទាំងគ្រឿងប្រដាប់ ទាំងគ្រូពេទ្យ ទាំងហ្មអ្នករក្សាដំរី គួរបើអី! បើព្រះអង្គទ្រង់ព្រះរាជទាន ក៏ព្រះរាជទានត្រឹមតែបាយទឹកសំពត់អាវសាវស្បៃសយនាទៅចុះអេះ នេះមិនដូច្នេះឲ្យតែគេសុំខំតែឲ្យ ឥតគិតមុខគិតក្រោយសោះ! សូមព្រះអង្គបំបរបង់ព្រះវេស្សន្តរចេញ! បើព្រះអង្គពុំធ្វើតាមសំដីអ្នកស្រីពិរាស្រ្តទេ មុខតែអ្នកស្រីពិរាស្រ្តធ្វើព្រះអង្គ ព្រមទាំងព្រះរាជបុត្រ ឲ្យឋិតនៅក្នុងកណ្តាប់ដៃពុំខាន។

ព្រះរាជាតបថាៈ ដែនសាបសូន្យទៅក៏ដោយ ត្រង់តែពួកអ្នក ឲ្យយើងបណ្តេញរាជបុត្រនោះយើងមិនបណ្តេញទេ ត្បិតកូនប្រុស នេះពិតជាកើតអំពីទ្រូងរបស់យើងមិនដែលប្រទូស្តនឹងយើងទេ។​

អ្នកស្រីពិរាស្រ្តថាមិនព្រមទេ! មិនសុខចិត្តទេ! ពួកយើងមានឲ្យព្រះអង្គសម្លាប់ព្រះរាជបុត្រកាលណា! ប៉ុន្តែបើព្រះរាជបុត្រចង់តែបានត្រាស់ជាព្រះពុទ្ធ សូមឲ្យព្រះរាជបុត្រនោះទៅគង់ឯភ្នំគីរីវង្គតទៅចុះ។

ព្រះរាជាថាៈ យើងក៏មិនអានបន្ទោបង់នូវចំណង់នៃអ្នក រាល់គ្នាបានទេ ប៉ុន្តែសូមឲ្យកូនយើងនៅបរិភោគកាមបានមួយរាត្រីសិនចុះ។ ព្រះរាជាទ្រង់ទទួលព្រមដោយព្រះរាជឳង្ការសោះកក្រោះ ព្រោះទល់ព្រះតម្រិះដូច្នោះ ទើបទ្រង់ត្រាស់ព្រះរាជបញ្ជាឲ្យអាមាត្យ្មម្នាក់ទៅក្រាបបង្គំទូលព្រះបាទស្រីវេស្សន្តរ។

ព្រះវេស្សន្តរថាៈ ចាំឲ្យខ្ញុំគិតមុខគិតក្រោយយ៉ាងណាទៅ សព្វើបើរបស់ខាងក្រៅប៉ុណ្ណោះ អម្បាលរបស់ខាងក្នុងបេះដូង ឬភ្នែកជាដើមរបស់ខ្ញុំ ខ្ញុំទន្ទឹងចាំតែមានអ្នកសុំ នឹងអាលឲ្យទេតើ! កុំថាអ្នកស្រីពិរាស្រ្ត ចង់បណ្តេញខ្ញុំ បើចង់សម្លាប់ខ្ញុំក៏សម្លាប់ចុះនឹងឲ្យ ខ្ញុំវៀរចាកការបរិច្ចាគទានពុំបានសោះឡើយ ណ្ហើយកុំទើស មុខទើសមាត់អី! ខ្ញុំរកតែឳកាសនឹងទៅបួសនៅព្រៃ ឥឡូវបើគេព្រមឲ្យខ្ញុំទៅព្រៃហើយ ខ្ញុំនឹងទៅជាប្រាកដ តែសូមឲ្យអ្នកស្រីពិរាស្រ្តអត់ទោសឲ្យខ្ញុំ បានមួយយប់មួយថ្ងៃចាំខ្ញុំឲ្យទានសិន។

ព្រះបាទស្រីវេស្សន្តរបវរពុទ្ធង្កូរបណ្តូលពុទ្ធវង្សទ្រង់ធ្វើកតិកាដូច្នេះហើយ ពុំផ្សូផ្សេងឡើយ ទ្រង់ហៅព្រះនាងមទ្រីទេវីមកប្រាប់ថាៈ ទ្រព្យសម្បត្តិដែលខ្ញុំឲ្យនាងក្តី ជារបស់ដែលបានអំពីព្រះមាតានាងក្តី ត្រូវនាងកប់ទុកទាំងអស់ចុះ។

          ព្រះនាងមទ្រីសួរថាៈ ​បពិត្រព្រះសម្មតិទេព ខ្ញុំម្ចាស់នឹងកប់ក្នុងទីណា?

ព្រះវេស្សន្តរប្រាប់ថាៈ ចូរនាងរំលែកចែកទានដល់អ្នកមានសីលទាំងឡាយ ព្រោះទីពឹងរបស់សត្វដែលរង្គាត់ទៅក្នុងវដ្តសង្សារ ឥតមានទីពឹងណាស្មើនឹងការបរិច្ចាគទានទេ។ ព្រះអង្គទ្រង់ត្រាស់តទៅទៀតថា នាងត្រូវមេត្តាកូន ត្រូវគោរពមាតាបិតាទាំងពីរ បើមាននរណាគួរជាស្វាមី ​ចូរនាងបម្រើអ្នកនោះដោយគោរពចុះ ត្បិតខ្ញុំនឹងទៅនៅព្រៃខេត្តខេមហេមពាន្តប្រកបដោយម្រឹគពាលយង់ឃ្នងដ៏ច្រើន ជីវិតខ្ញុំនេះនឹងសង្ស័យថារស់នៅនោះឥតអង្គីមានឡើយ។

ព្រះនាងមទ្រីថាៈ យីព្រះអង្គ! ថ្វីក៏ព្រះអង្គមានព្រះរាជឳង្ការដែលខ្ញុំម្ចាស់មិនដែលធ្លាប់ឮសោះដូច្នេះ? ព្រះអង្គអើយព្រះអង្គ! ព្រះរាជឳង្ការនេះអាក្រក់ណាស់ ជូរចត់ហឹរផ្សា ស្រកៀត្រចៀកណាស់! បពិត្រព្រះស្វាមីដ៏ប្រសើរ! ដំណើរនោះពុំត្រូវកន្លងធម៌ទេ បើព្រះអង្គទ្រង់ស្តេចយាងទៅតាមផ្លូវណា ខ្ញុំម្ចាស់ស៊ូតែទៅតាមផ្លូវនោះដែរ ការស្លាប់ជាមួយព្រះអង្គប្រសើរជាងការរស់នៅព្រាត់ប្រាស់ចាកព្រះអង្គ បើខ្ញុំម្ចាស់រស់នៅប្រាស់ចាកព្រះអង្គខ្ញុំម្ចាស់នឹងបំពក់ភ្លើងឲ្យមានអណ្តាតទ្រលោមលោតចុះក្នុងភ្នក់ភ្លើងនោះ ឲ្យស្លាប់ខ្លួនពុំខាន មេដំរីតែងដើរតាមបាដំរីទៅតាមព្រៃទូរគមន៍ កាត់ជ្រោះជ្រលងដងភ្នំជាដំណើរលំបាកយ៉ាងណា ក៏តែងតែយល់ថា ជាការសប្បាយណាស់ ឯខ្ញុំម្ចាស់ក៏ស៊ូតែពឮដឹកដៃកូនទាំងពីរតាមក្រោយព្រះអង្គទៅគង់បានក្តីរីករាយដូចមេដំរីនោះដូច្នោះ ព្រោះខ្ញុំម្ចាស់មិនមែនជាស្រីដែលព្រះអង្គលំបាកចិញ្ចឹមទេ។ ព្រះនាងទ្រង់ព្រះកន្សែងព្រមទាំងថ្លែងពណ៌នាសរសើរព្រៃហេមពាន្ត ដែលមានលំអរផ្សេងៗហាក់ដូចជាព្រះនាងធ្លាប់បានឃើញពីមុនមកថាៈ រីព្រៃខេត្តខេមព្រះហេមពាន្តជាឋានសប្បាយក្តាត់ បើព្រះចមក្សត្រទ្រង់យកមទ្រី និងកូនទាំងពីរនេះទៅផងសមជានឹងមានក្តីរីករាយឥតគិតដល់រាជសម្បត្តិឡើយហោង។ល។

(ចប់កណ្ឌហេមពាន ទី២ សូមរងចាំតាមដានកណ្ឌទី៣ នៅសប្តាហ៍ក្រោយ)

រៀបរៀចំដោយ៖ កញ្ញា​ មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!