ទំព័រដើមនិទានកថាមហាព្រះវេស្សន្តរជាតក "ជូជក" កណ្ឌទី៥

មហាព្រះវេស្សន្តរជាតក “ជូជក” កណ្ឌទី៥

តទា គ្រានោះ ឯកោ ព្រាហ្មណោ មានព្រាហ្មណ៍ម្នាក់ ជូជកោនាម ឈ្មោះជូជក​ រូបអាក្រក់ខុសពីមនុស្សប្រក្រតី ទុន្នវិដ្ឋព្រាហ្មណគាមវាសី នៅអាស្រ័យក្នុងស្រុកទុន្នវិដ្ឋគ្រាម ក្ររហាមដើរតែសុំទានគេ កហាបណសតំ លភិត្វា ព្រាហ្មណ៍ចាស់ជរាសន្សំបានប្រាក់ចំនួន១រយកហាបណៈយកទៅផ្ញើរទុកក្នុងត្រកូលព្រាហ្មណ៍មួយ ហើយដើរទៅរកសុំទានតទៀត។ ឯត្រកូលព្រាហ្មណ៍កើតក្តីទ័លក្រតឹងចង្អៀត ក៏យកប្រាក់ជូជកចាយអស់។ ជូជកវិលមកយកវិញកើតទោមនស្សក៏កំញើញតឹងទារ។ ព្រាហ្មណ៍ព្រមទាំងភរិយាមូលមិតគ្នាប្រគល់កូនស្រីមានរូបល្អស្រស់ឈ្មោះ​ អមិត្តធីតា ឲ្យជាភរិយានៃជូជក។ ព្រាហ្មណ៍ចាស់មានប្រពន្ធក្មេងរហក់ នាំយកទៅឯស្រុកជាសុខសប្បាយក្តាត់ហោង។

ចំណេរមកខាងក្រោយ ពួកព្រាហ្មណ៍ក្មេងៗ បានឃើញនាង អមិត្តធីតា មានវត្តចរិយាចេះបម្រើស្វាមីកើតក្តីមួម៉ៅក្តៅចិត្តត្បិត ប្រពន្ធឯងពុំចេះបម្រើទើបសើរើរំលើកបើកកកាយ និយាយពីកំហុសពុំគាប់របស់ភរិយា នៃអាត្មាហើយសរសើរនាងអមិត្តធីតាជាអនេកបរិយាយ។ ពួកព្រាហ្មណ៍កើតក្តីក្តៅក្រហាយ ក៏នាំគ្នាទៅប្រជុំ ចាំស្ទាក់វាយដំច្រំធាក់ជេរប្រទេចនាងអមិត្តធីតា នាកំពង់ទឹកមាត់ស្ទឹង។ នាងអមិត្តធីតាខេរខឹងប្រឹងយំទួញទូលទឹកមកផ្ទះ ត្អូញត្អែរប្រាប់ប្តីចាស់ថាៈ ខ្ញុំមិនទៅដងទឹកឲ្យតាទៀតទេ ត្បិតពួកស្រីៗ វាជេរព្រោះខ្ញុំបម្រើប្តីចាស់ គួរឲ្យខ្មាស់អៀននឹងពួកស្រីៗនោះណាស់ តាអើយតា! ខ្ញុំលែងទៅដងទឹកទៀតហើយ។

ជូជកក៏យំលូងលោមថា ហ៊ូយៗ ហ៊ូយៗ អមិត្តធីតាអើយ នាងកុំខឹងឡើង ធ្វើបើតាចាស់ម្ល៉េះហើយតពីថ្ងៃនេះទៅនាងកុំធ្វើការ កុំទៅដងទឹកទៀតឡើយ តាធានានឹងបម្រើនាងគ្រប់កិច្ចការទាំងអស់។

          អមិត្តធីតាកំពុងមានទោមនស្ស ក៏ពឹតតែលំអុកថាៈ ខ្ញុំមិននៅផ្ទះតាទេ បើតាមិននាំខ្ញុំប្រុងស្រីមកឲ្យខ្ញុំប្រើ។

          ជូជកធ្វើក្បាលងីងើថាៈ អញនឹងនាំយកខ្ញុំប្រុសស្រីអំពីទីណាបាន ណ្ហើយអមិត្តធីតាអញស៊ូបម្រើនាងផ្ទាល់ខ្លួន។​

          អមិត្តធីតាបង្ខំថាៈ ខ្ញុំឮថាព្រះបាទស្រីវេស្សន្តរគង់នៅនាភ្នំគិរីវង្គត តាទៅសុំខ្ញុំប្រុស ស្រីអំពីព្រះអង្គ មុខជាព្រះអង្គនឹងប្រទាន។

 ជូជកដកដង្ហើមធំថាៈ ហ៊ឺៗ អមិត្តធីតាអើយ! អញចាស់ហើយ កម្លាំងក៏ថយមាល្បាយ ទាំងផ្លូវក៏ឆ្ងាយលំបាកទៅណាស់! ណ្ហើយកុំយំយែកឡើយ តានឹងបម្រើនាង។

អមិត្តធីតាសង្ខុញថាៈ យីស! តាឯងនេះទម្រន់ទ្រមក់គម្រក់ដល់ម្លឹង! នែតា! តាឯងចូរដឹង! បើមិនប្រឹងទៅរកខ្ញុំប្រុសស្រីមកបម្រើទេ ខ្ញុំនឹងតែងខ្លួនឲ្យយ៉ាងស្រស់ដេកដើរតែជាមួយនឹងពួកកម្លោះៗ ឲ្យតាឯងដេកឳបក្បាលជង្គង់រងទុក្ខពុំខាន។

ជូជកក៏ទទួលព្រមទាំងទាស់ថា អ្អ៎ា! អ្អ៎ា! អមិត្តធីតា! ចៅតានាងកុំអាលខឹង ចាំមើលតាប្រឹងឲ្យបំពេញសមត្ថភាពថាហើយ ក៏ប្រមូលខ្ចប់សដូវខៅតាក ត្រៀបល្ង និងនំច្រកក្នុងថង់យាមយំ ដៃកាន់ឈើច្រត់ចំពាម ខំដើររទីមរទាមៗទៅដែនសិវិរដ្ឋ គាត់សួររកព្រះវេស្សន្តរត្រូវពួកអ្នកស្រីពិរាស្រ្តប្រហារ ជូជកទូញយំរត់ចូលទៅក្នុងព្រៃព្រឹក្សា កាមតិទ្វិមា ព្រោះកាមតណ្ហារោលរាល ឲ្យជាទុក្ខក្តៅផ្សា វេលុវំ ទណ្ឌំ គហេត្វា ដៃគាត់កាន់ឈើច្រត់ពណ៌លឿងដូចផ្លែភ្លៅទុំ ស្មាស្ពាយយាមធំរត់គ្រវីគ្រវាត់ ព្រហារញ្ញំ ចាវិលិ គាត់ដើររលេះរលាំងចូលទៅក្នុងព្រៃធំតាមច្រកល្ហក ចន្លោះជើងភ្នំ ស្រាប់តែប្រទះនឹងពួកឆ្កែចេតបុត្ររត់មកដេញ ជូជក ប្រឹងរត់ខ្មាញ់ឡើងចុងព្រឹក្សាស្រែកទួញយំរកព្រះបាទវេស្សន្តរ។

ចេតបុត្រស្រែកគម្រាមថាៈ ព្រះបាទវេស្សន្តរត្រូវពួកអ្នក ស្រីពិរាស្រ្តធ្វើឲ្យខ្ចាត់ភ្លាត់ទៅគង់នាភ្នំគិរីវង្គត ព្រោះអតិទាន នៃព្រាហ្មណ៍ ម្តេចក៏ឯងមិនខំធ្វើការ បែរជាចេញពីស្រុកតត្រុកព្រៃធំ តាមសុំព្រះរាជបុត្រអំពីព្រះអង្គទៀត! នែព្រាហ្មណ៍ អញមិនទុកជីវិតឲ្យឯងទេ ព្រួញអញនេះមុខជាហុតឈាមឯងឥឡូងហ្នឹងហើយ! ឯងកុំសង្ឃឹមថានឹងបាននាំព្រះទេពី ឬព្រះរាជបុត្រីបុត្រារបស់ព្រះវេស្សន្តរទៅបានឡើយ។ ព្រោះអញនឹងកាត់ក្បាលឯងពុះវះពន្លះយកបេះដូងបូជាបន្ថសកុណយញ ឥឡូវនេះហើយ។

ជូជកថាៈ នែចេតបុត្រ អ្នកឯងមិនត្រូវសម្លាប់ព្រាហ្មណ៍ទូតទេ ព្រោះទូតនេះ ជារាជទូតដែលព្រះបាទស្រីសញ្ជ័យបញ្ជូន​មក ឲ្យនាំព្រះរាជបុត្រទៅព្រះនគរវិញ។

ចេតបុត្រថា បើអ្នកជាទូតជាទីស្រលាញ់នៃព្រះវេស្សន្តរក៏ជា ទីស្រលាញ់របស់ខ្ញុំដែរ។ ចេតបុត្រភាន់គំនិតជឿពិតជាដូច្នោះ ក៏ពាក់ង្អោងឲ្យជូជកចុះមកនាំយកទៅបំប៉នភោជនាហារ។ ជូជកចាស់ជរា ក៏ឆ្លេឆ្លាស្រវាសាច់ទ្រាយឆ្អឹងទាំងភ្លៅធំស្រវាទឹកឃ្មុំទាំងគុម្ព ស្រវានំទាំងកញ្ចាស បរិភោគឆ្អែតស្កប់ស្កល់ជាទីសុខក្នុងទីនោះណាស់។

(ចប់ កណ្ឌទី៥ កណ្ឌជូជក សូមរងចាំតាមដានកណ្ឌទី៦ នៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖ កញ្ញា មាស​ សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,900SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!