ទំព័រដើមនិទានកថារឿងសុភាទន្សាយ (ភាគទី១)

រឿងសុភាទន្សាយ (ភាគទី១)

ដំណាលពីរឿងទន្សាយ កាលពីរត់អំពីអណ្តូងទៅនោះ ទៅឈប់នៅជិតភូមិមានយាយចាស់ម្នាក់ទូលចេកទៅលក់ ទន្សាយឃើញគិតថា “ឥឡូវអញអស់កម្លាំងម្ល៉េះ ធ្វើម្តេចនឹងបានចេកនោះស៊ីមានតែធ្វើស្លាប់” គិតហើយក៏លូនទៅដេកនៅផ្លូវ។ ឯយាយចាស់នោះទូលចេកដើរមកដល់ឃើញទន្សាយគិតស្មានថាវាស្លាប់មែនហើយលាន់មាត់ថា “អុះអញមកលក់ចេកថ្ងៃនេះហៅពេញជាមានលាភពន់ពេក អញនឹងយកអាទន្សាយនេះទៅស្លស៊ីបានម្តង” ហើយក៏លើកទន្សាយនោះដាក់ក្នុងល្អីដើរទៅ។ ទន្សាយនោះកាលបើយាយចាស់ដាក់ទៅលើល្អីចេកហើយ ក៏បកស៊ីៗ។ លុះយាយចាស់នោះដល់ទៅផ្ទះគេៗហៅទិញចេកគាត់ដាក់កញ្ជើចេកពីលើក្បាលមកទន្សាយវាលោតចោលទៅ មើលទៅចេកនៅសល់តែសំបក។ យាយចាស់នោះថា “ម៉ែ! អាទន្សាយវារស់ទេតើអញស្មានថាវាងាប់”។ ចេកនោះក៏អស់ខានលក់ ទន្សាយនោះក៏វាបោលរួចទៅ។

ឯទន្សាយកាលបោលពីភូមិនោះឆ្លងចូលទៅក្នុងព្រៃ ចុះទៅក្នុងត្រពាំងមួយប្រុងនឹងផឹកទឹក។ កាលនោះមានខ្យងក្នុងត្រពាំងនោះវាឃាត់ថា “អាទន្សាយឯងម្តេចក៏មកផឹកទឹកអញ”។​ ទន្សាយឆ្លើយថា “ថ្វីបើអញផឹកទឹកផងទឹកម៉ែឪអាណា?”។ ខ្យងថា “ទឹកផងអញ”។ ទន្សាយឆ្លើយថា “បើដូច្នោះឯងបោលភ្នាល់នឹងអញ អញបោលលើគោក ឯងហែលក្នុងទឹក បើឯងហែលលឿនជាងអញៗ ខានផឹកទឹកត្រពាំងនេះ បើអញបោលលឿនជាងឯងអញផឹកទឹកត្រពាំងនេះ”។

ខ្យងក៏ព្រមភ្នាល់ទើបខ្យងវាគិតគ្នាវាថា”យើងបណ្តាក់គ្នាឲ្យជុំវិញតែមាត់ត្រពាំងនេះ បើទន្សាយវាស្រែកហៅ កុំឲ្យអ្នកក្រោយឆ្លើយឡើយ ឲ្យអ្នកណាដែលនៅខានមុខនោះឆ្លើយឡើយ”។ គិតគ្នារួចហើយស្រែកប្រាប់ទៅទន្សាយថា “ទន្សាយនោះវាឆ្លើយថា “កូក”។ ទន្សាយថា “ម៉ែ! អានេះហែលលឿនទៅឆ្ងាយណាស់”។ ទន្សាយបោលទៅទៀតហើយហៅទៀតខ្យងមុខនោះឆ្លើយឡើយទៀតបោលពុំចេះទាន់ឡើយ ទន្សាយទទួលចាញ់ប្រាជ្ញាខ្យងពុំហ៊ានផឹកទឹកត្រពាំងបឹងបួរឯណាឡើយ ផឹកតែទឹកសន្សើមតាំងពីនោះមក។

ឯទន្សាយបោលពីនោះទៅទៀត គិតនឹងឆ្លងទៅត្រើយម្ខាង ពុំដឹងគិតធ្វើដូ្ចម្តេចនឹងទៅបាន។ កាលនោះមានក្រពើមួយហែលចុះឡើយ។ ទន្សាយឃើញហើយគិតថា “អញធ្វើដូចម្តេចនឹងបានអាក្រពើនេះ ចំលងអញទៅដាក់ត្រើយនាយ” គិតហើយធ្វើជាសួរថា “បងក្រពើបងកើតអីបានជាគគ្រាតអស់ទាំងខ្លួន?”។ ក្រពើនោះប្រាប់ទៅវិញថា “គេហៅកើតស្រែង”។ ឯទន្សាយថា “បងចំលងតែអញទៅដល់ត្រើយនាយចុះ អញនឹងមើលស្រែងបងឯងឲ្យជា”។ ឯក្រពើឮគេថានឹងមើលឲ្យជា ដូច្នោះក៏អរណាស់ មកឡើងបង្កើលខ្លួនលើគោកហើយថា” អញចំលងអ្នកឯងទៅអ្នកឯងមើលស្រែងខ្ញុំឲ្យជាចុះ”។ ទន្សាយថា “អើ! កុំភ័យ”។ ទន្សាយខ្ពើមក្រពើវាកា

ច់ស្លឹកឈើទ្រាប់អង្គុយ។ ក្រពើសួរថា “ចាំទ្រាប់ស្លឹកឈើធ្វើអ្វី?”ទន្សាយថា”បងឯងមានគុណនឹងខ្ញុំក្រែងវាបាបខ្ញុំ”។ ហើយទន្សាយឡើយជិះលើក្បាលក្រពើនោះ។ ឯក្រពើជឿស្មោះចំពោះថាជាត្រង់ពិតមែនខំហែលចំលងបានដល់ទៅត្រើយនាយ។

ទន្សាយចុះពីលើក្បាលក្រពើបោលឡើងទៅលើគោកហើយស្រែកថា “ស្រែងអាឯងកើតតាំងតែពីជីដូនជីតាអាឯងមកអាណាមើលជា”។ ក្រពើខឹងណាស់គិតថា “អាទន្សាយនេះវាបញ្ឆោតអញដល់ខ្នាតហើយពុំធ្វើដូច្នេះនឹងខាំវាបាន “គិតហើយធ្វើដូចគល់អណ្តែតទឹករសាត់ទឹករសាត់ចុះឡើង។ ទន្សាយនោះវាបោលទៅមកឃើញក្របីមួយងាប់នៅមាត់ត្រពាំងត្មាតរូងពោះក្របីនោះ ក៏ទន្សាយវាចូលលេងដល់ត្រូវថ្ងៃក្តៅ គូថក្របីនោះវាខ្ជិបជិតទន្សាយចេញមកវិញពុំរួច វិលវល់នៅក្នុងពោះក្របីនោះទាល់តែល្ងាច។ លុះល្ងាចមានមនុស្សមកដងទឹកទន្សាយថា “ឳអស់លោកអ្នកស្រុក អាណិតដងទឹកមកស្រោចគូថក្របីនេះឲ្យទាន់មេត្តាប្រោសយកតែបុណ្យទៅចុះ លោកបានបុណ្យច្រើនណាស់”។ អ្នកដឹងទឹកគេឮច្រើនដង គេក៏ដងទឹកទៅស្រោចគូថក្របីនោះក៏រីកចេញ។ ទន្សាយវាចេញមកខាងក្រៅរួចហើយ វាបោលទៅវាលស្រែថា “គ្មានបានគុណប្រយោជន៍អ្វីទេ អញបញ្ឆោតឲ្យតែរួចខ្លួនអញទេ”។ ទន្សាយវាបោលទៅទៀត ឃើញក្រពើបណ្តែតខ្លួនក៏មន្ទិលក្នុងចិត្តថា “នេះជាក្រពើ ឬមួយជាគល់ទេអេះ?”។ ទន្សាយគិតដូច្នេះហើយទើបស្រែកថា “បើជាក្រពើទេឲ្យអណ្តែកបណ្តោយទឹក បើជាគល់អណ្តែតច្រាស់ទឹកឡើងទៅវិញ”។ ឯក្រពើឮដូច្នេះហើយគិតថា “យើ! អញថាធ្វើជាគល់ ឥឡូវវាថាបើជាគល់ឲ្យអណ្តែតច្រាសទឹក បើដូច្នោះអញធ្វើជាច្រាសទឹកវិញចុះ”…

 (សូមរងចាំតាមដាន រឿង សុភាទន្សាយ ភាគទី២ នៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!