ទំព័រដើមសិល្បៈតន្ត្រី៉ឧបករណ៍តន្រ្តី "ខ្លុយ"

៉ឧបករណ៍តន្រ្តី “ខ្លុយ”

គេឃើញមាននៅក្នុងពិភពលោកទាំងមូលនូវឧបករណ៍តន្ត្រី «ខ្លុយឫស្សី» គឺនៅគ្រប់ទីកន្លែ​ង​ដែលមានដើមឫស្សីឬដែលគេអាចរកឫស្សីបាន។ ខ្លុយ ជាឧបករណ៍តន្ត្រីមួយ ដែលមាន​អាយុកា​ល​ចាស់ជាងគេនៅក្នុងចំណោមឧបករណ៍ទាំងឡាយ។ នៅប្រទេសចិន ឧទាហរណ៍ គេកំណត់​កាលបរិច្ឆេទដើមកំណើតរបស់ឧបករណ៍ខ្លុយ «ឌីហ្ស៊ី»​ ទៅអំឡុងជាង ៧,០០០ ឆ្នាំមុនម្ល៉េះ។  

ក្នុងពិភពលោក​ មានខ្លុយច្រើនប្រភេទ ដូចជាខ្លុយផ្តេក (ផ្លុំដោយកាន់ដាក់ខ្លុយផ្តេក) ខ្លុយបញ្ឈរ (ផ្លុំដោយកាន់ដាក់ខ្លុយបញ្ឈរ) និងខ្លុយច្រមុះ (ផ្លុំតាមរន្ធច្រមុះ ដូចមាននៅក្នុងចំណោមជនជាតិដើមភាគតិច «កាលិងហ្គា» ប្រទេសហ្វ៊ីលីព្ពីន)។ នៅកម្ពុជា ខ្លុយឫស្សីខ្មែរ ជាខ្លុយបញ្ឈរ ធ្វើពីប្រភេទឫស្សីផ្សេងៗ (ដក់ម៉ៃ ពីងពង់ ឬពក) ឈើ ដែក ឬជ័រ ដែលមានប្រវែងប្រមាណ ៣៨ ស.ម. និងវិជ្ឈមាត្រប្រមាណ ៣ ស.ម.។

ខ្មែរយើងភាគច្រើនប្រើឧបករណ៍ខ្លុយនៅក្នុងវង់តន្ត្រីអារក្ស អាពាហ៍ពិពាហ៍ និងមហោរី។ គេក៏មានប្រើឧបករណ៍ខ្លុយនៅក្នុងវង់តន្ត្រីឯទៀតៗ ឬប្រើជាឧបករណ៍ទោលផងដែរ។ នៅតាមទីជនបទ ស្រុកស្រែចម្ការ គេឃើញក្មេងឬចាស់អង្គុយនៅក្នុងកូនខ្ទម ចាំចាបតាមវាលស្រែ ឬនៅលើខ្នងក្របី ផ្លុំខ្លុយជាការកែកម្សាន្តនៅពេលដែលគេចាំស្រែ មើលថែកុំឱ្យសត្វស៊ីស្រូវរបស់គេ។ឧបករណ៍ខ្លុយខ្មែរ មានប្រមាណ១៥ឬ១៦សំឡេង។ គេចោះរន្ធ៦ឬ៧ នៅពីលើតួបំពង់ស្សី សម្រាប់ម្រាមដៃ៦ឬ៧ និងរន្ធមួយនៅពីក្រោមបំពង់ឫស្សី សម្រាប់មេដៃ។ ទៅតាមចំណង់ចំណូលចិត្តរបស់អ្នកផ្លុំខ្លុយ ខ្លុយខ្លះមានរន្ធហែបមួយទៀត សម្រាប់បិទក្រដាសជក់ស្តើង ដើម្បីឱ្យឮសូរគ្រលួចនិងរលាស់ «រ៉ែៗ»។ ខ្លុយខ្មែរស្រួលធ្វើ ស្រួលរក និងស្រួលលេងជាងឧបករណ៍តន្ត្រីឯទៀតៗ។ បើត្រូវការទិញវា ក៏មានតម្លៃថោកជាងឧបករណ៍ឯទៀតដែរ។ ដូច្នេះ ឧបករណ៍ខ្លុយឫស្សីខ្មែរ មានប្រជាប្រិយភាពណាស់នៅប្រទេសកម្ពុជាយើង។

——————————————

Khloy (Duct Flute)

Bamboo flutes are commonly found around the world, where bamboos are accessible to make instruments. They are one of the oldest instruments, perhaps, as old as the human race itself. The Chinese, for instance, date their bamboo flutes called dizi back to more than 7,000 years ago.

In Cambodia, khloy is an end-blown vertical flute, made of several kinds of bamboo (dak mai, ping puong, or pork), wood, plastic, or metal with a length of approximately 38 centimeters (15 inches) and a diameter of approximately 3 centimeters (1 inch). It is commonly known as a duct or fipple flute. Khloy is mainly used in the worship of spirit (arakk), wedding (kar), and entertainment (mohori) ensembles, or as a solo instrument.

In Cambodia’s countryside, it is often found a boy or a man under a straw-hut or on the back of his water-buffalo playing a bamboo flute while watching his cattle keeping them from eating the rice-paddies. The tone of the khloy is produced by blowing into the duct at the tip of the instrument. It has a range of approximately two octaves from C4-C6. Khloy does not have keys like the Western metal flute, but six dorsal finger-holes (some have seven) and a ventral thumb-hole. Some musicians prefer a membrane and therefore another hole toward the upper part of the instrument is drilled. The membrane is made of either rice-paper or bamboo-skin, which produces bright and crisp sounds.

អត្ថបទដើម៖ បណ្ឌិត សំ សំអាង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!