បុណ្យកឋិន

កឋិន ប្រារព្ឡើងបន្ទាប់ពីចេញវស្សា ហើយធ្វើតែម្តងគត់ក្នុងរយៈពេលមួយឆ្នាំ ដោយមានរយៈពេល២៩ថ្ងៃ គិតចាប់ពីថ្ងៃ០១រោច ខែអស្សុជ ដល់១៥កើត ខែកក្តិក។ កឋិន គឺត្រូវតែហែរចូលគ្រប់វត្តទាំងអស់ហើយវត្តនីមួយៗ អាចទទួលការហែរកឋិនចូលតែមួយថ្ងៃប៉ុណ្ណោះ ក៏ប៉ុន្តែក្នុងរយៈពេលមួយថ្ងៃនោះ គឺមិនកំណត់ចំនួនអង្គកឋិនដែលហែរចូលនោះទេ។​ កឋិន សំដៅលើកំណាត់សំពត់ដែលភិក្ខុសង្ឃរួមគ្នាធ្វើឲ្យបានសម្រេចក្នុងពេលមួយថ្ងៃដែលបានកំណត់។ អត្ថន័យនោះមានបួនយ៉ាង៖ ទី១ សំបកឈើ ដែលកាត់ដេរ និងជ្រលក់ពណ៌ ទី២ កំណាត់កាត់ស្រាប់ ទី៣ កំណាត់កាត់ស្រាប់​ ដែលហៅថាសំពត់កឋិន និងទី៤ ជាសង្ឃាកម្ម ដែលសូត្រសម្រាប់ប្រគេនសំពត់កឋិនទៅអ្នកក្រាលគ្រងកឋិន។

ចំណែកបរិស័ទវិញ នរណាក៏អាចរៀបចំធ្វើបុណ្យកឋិនបាន ហើយបរិក្ខាតាមពុទ្ធានុញ្ញាត គឺមានចំនួនបី៖ សង្ឃាដី០១ ចីវរ០១ និងស្បង់០១។ ក្នុងចំណោមបីនេះ មួយណាក៏អាចក្រាលកឋិនបានដែរ ផ្ទុយទៅវិញនាពេលបច្ចុប្បន្ន ក្រៅពីរបស់ទាំងបីមានទេយ្យទានជាច្រើនផ្សេងៗទៀត ជាអាទិ៍ បាត ចានស្រាក់ ថង់យាម ឆ័ត្រ គ្រែ កាំបិត ម្ជុល អំបោះ និងភេសជ្ជៈ(ថ្នាំ)។ ការបញ្ចូលបរិក្ខារទាំងនេះ គ្មានជំទាស់អ្វីនោះទេ ព្រោះជាសទ្ធារបស់បរិស័ទ ប៉ុន្តែបើគ្មានក៏មិនចាំបាច់សម្រាប់អត្ថន័យរបស់បុណ្យកឋិនដែរ។

កិច្ចទទួលអង្គកឋិនតម្រូវដល់ព្រះភិក្ខុចំនួន៥អង្គ ប៉ុន្តែបច្ចុប្បន្នមានភិក្ខុតែពីរអង្គតំណាងក៏បាន ដោយមួយអង្គជាអ្នកទទួលកឋិន​ ចំណែកមួយអង្គទៀតតំណាងដល់ភិក្ខុសង្ឃទាំងមូលសាកសួរសង្ឃមតិក្នុងការអង្គកឋិន។ សម័ព្រះពុទ្ធគង់នៅ កិច្ចប្រគេនកឋិនធ្វើឡើងនៅព្រឹកព្រលឹម ប៉ុន្តែបច្ចុប្បន្នច្រើនឃើញធ្វើនៅពេលរសៀលនៅខាងក្នុងព្រះវិហារ បន្ទាប់ពីដង្ហែរអង្គកឋិនបីជុំព្រះវិហាររួចមក។

កឋិនមិនខុសអ្វីពីចេញវស្សាទេ ព្រោះជាកិច្ចរបស់សង្ឃដែលទាក់ទងទៅនឹងសង្ឃាដី ចីវរ និងស្បង់ ព្រោះកាលសម័យព្រះរបស់ទាំងបីបានបញ្ញតិឲ្យនៅជាប់នឹងសង្ឃ ទោះបីលោកគង់ ឬនិមន្តទៅណាក៏ដោយ។ ក្រោយមក ដោយឈ្វេងយល់នូវផលលំបាកដូចជាទទឹក ឬប្រឡាក់ដាច់រហែក ព្រះសម្ពុទ្ធបានអនុញ្ញាតឲ្យសង្ឃទទួលកឋិនចីវរដើម្បីប្រើប្រាស់។ ដូច្នេះកឋិនទាន​ សំដៅទៅលើភាពបរិសុទ្ធរបស់ព្រះសង្ឃតាមរយៈសង្ឃាដី ចីវរ និងស្បង់ថ្មី ហើយភាពបរិសុទ្ធនេះ ផ្តល់ត្រឡប់ទៅវិញចំពោះការដឹងការដឹងគុណរបស់ពុទ្ធសាសនិក នូវកុសលផលបុណ្យដ៏ត្រចេះត្រចង់។

អត្ថបទដើម៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!