ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាឈ្វេងយល់អំពីកុលាលភាជន៍ខ្មែរសម័យអង្គរ (ភាគ៥) កំណាយនៅស្ថានីយ៍ឡបុរាណភូមិតានី

ឈ្វេងយល់អំពីកុលាលភាជន៍ខ្មែរសម័យអង្គរ (ភាគ៥) កំណាយនៅស្ថានីយ៍ឡបុរាណភូមិតានី

ឡតានីមានទីតាំងនៅ ក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ភាគឥសាន្តនៃតំបន់អង្គរ ចម្ងាយប្រហែល១៥គ.ម។ ក្រុមការងារស្រាវជ្រាវរបស់អាជ្ញាធរអប្សរាបានទទួលព៌តមានពីអ្នកភូមិ និងបានទៅពិនិត្យស្ថានីយ៍ឡនេះក្នុងឆ្នាំ១៩៩៥។ ស្ថានីយ៍ឡបុរាណនេះ ស្ថិតក្នុងសម័យអង្គរ មានផលិតកុលាលភាជន៍ជាច្រើន ហើយគេចាត់ក្នុងក្រុមឡផលិតភាជន៍មានស្រទាប់រលោងពណ៌បៃតង។ ក្រោយមក អាជ្ញាធរអប្សារាបានស្នើដល់វិទ្យាស្ថានស្រាវជ្រាវជាតិណារ៉ាដើម្បីសម្បត្តិ (ជប៉ុន) និងមជ្ឈមណ្ឌលសូហ្វីយ៉ាដើម្បីស្រាវជ្រាវនិងហ្វឹកហ្វឺន ​(ជប៉ុន) ជួយស្រាវជ្រាវ និងកំណាយនៅទួលឡមួយចំនួនក្នុងស្ថានីយ៍នេះ។ ជាដំបូងស្ថាប័នទាំង៣បានរួមគ្នាធ្វើផែនទីឋានលេខាលម្អិតលើទួលដ៏ធំមួយដែលមានបណ្តោយពីជើងទៅត្បូងប្រហែល៥០០ម៉ែត្រ និងទទឹងពីកើតទៅលិចប្រហែល១០០ម៉ែត្រ ក្នុងគោលបំណងបង្ហាញពីទីតាំងជាក់លាក់នូវរាល់បណ្តាទួលឡទាំងអស់ដែលគេបានស្ថាបនានៅលើទួលដ៏ធំនេះ។ ក្រោយពីធ្វើផែនទីបញ្ជាក់ទីតាំងទួលឡនីមួយៗរួច គេបានរកឃើញថា មានទួលដែលអាចជាឡចំនួនប្រហែល២០ ហើយត្រូវបានបែងចែកជា៣ក្រុម គឺ ក្រុមA ក្រុមB និងក្រុមC។

ចាប់ពីឆ្នាំ១៩៩៦-១៩៩៧ វិទ្យាស្ថានណារ៉ា (Nara Institution) និងមជ្ឈមណ្ឌលសូហ្វីយ៉ាសម្រាប់ស្រាវជ្រាវ និងហ្វឹកហ្វឺន (Sophia Center for Research and Training) បានសម្រេចជ្រើសរើសទួលឡផ្សេងគ្នាដើម្បីធ្វើកំណាយស្រាវជ្រាវ។ វិទ្យាស្ថានណារ៉ាបានបើកការដ្ឋានកំណាយលើទួលឡមួយដែលមានលេខសម្គាល់ហៅថា A6។  ចំណែកមជ្ឈមណ្ឌលសូហ្វីយ៉ាបានសម្រេចបើករណ្តៅកំណាយនៅលើទួលលេខ B1, B2, B3 និងចុងក្រោយគឺ B4។ ក្នុងកំឡុងពេលកំណាយ និងស្រាវជ្រាវ ជាទូទៅគឺមានបុគ្គលិករបស់អាជ្ញាធរអប្សារាចូលរួមជាមួយនិងស្ថាប័នទាំង២។

យើងដឹងស្រាប់ហើយ ការរកឃើញឡបុរាណដំបូងនៅលើខ្នងភ្នំគូលេន ក្នុងភូមិអន្លង់ធំដោយលោក អៃម៉ូនីញ៉េ ក្នុងឆ្នាំ១៨៨១ ពុំមានការធ្វើកំណាយស្រាវជ្រាវអ្វីឱ្យលម្អិតទេ គ្រាន់តែជាការបរិយាយត្រួសៗនូវការជួបប្រទះដោយចៃដន្យទីតាំងដែលមានគំនរបំណែកភាជន៍ និងអាចជាកន្លែងផលិតភាជន៍នាសម័យបុរាណ។ ជាចំណាប់អារម្មណ៍ក្រោយពីការជួបប្រទះទីទួលឡថ្មីនៅតំបន់ផ្សេងៗ ពិសេសនៅភូមិតានី និងនៅតាមបណ្តារមណីដ្ឋានប្រាសាទនានាក្នុងនិងក្រៅតំបន់អង្គរ​ ក្រុមស្រាវជ្រាវភាជន៍បុរាណបានសម្រេចជ្រើសរើសយកស្ថានីយ៍ឡតានីនេះសម្រាប់ធ្វើការស្រាវជ្រាវ និងកំណាយដើម្បីយល់ដឹងអំពី៖

១. រចនាសម្ព័ន្ធឡបុរាណទាំងនោះ៖

២.​ នានាភាពនៃកុលាលភាជន៍ដែលគេផលិតនៅទីនោះ

៣. បច្ចេកទេសស្មូន ការដុត និងការប្រើប្រាស់ថ្នាំរលោង (Glaze)

៤. បច្ចេកទេសនៃការសាងសង់ឡ ការប្រើប្រាស់ និងឥទ្ធិពលជាមួយតំបន់ដទៃ

៥. ពាណិជ្ជកម្ម និងការបែងចែលផលិតផលសម្រេចតាមតំបន់ផ្សេងៗ

ការងារកំណាយរបស់ស្ថាប័នទាំង៣ ចាប់ផ្តើមពីឆ្នាំ១៩៩៧ និងបន្តបញ្ចប់នៅឆ្នាំង២០០៣ ឬ២០០៤។ កំណាយនៅលើទួលឡទាំងនេះបែងចែកជា៖

ក្រុមស្រាវជ្រាវស្ថាប័នណារ៉ានិងអាជ្ញាធរអប្សារា៖​ ស្ថាប័នណារ៉ាបានបើកកំណាយលើទួលឡ A6 ដែលមានទំហំប្រហែល១០ម៉ែត្រ គុណនិង៥ម៉ែត្រ។ តាមការស្តេនដោយម៉ាស៊ីន និងរណ្តៅសាកល្បងគេបានរកឃើញថាមុខរបស់ឡបែរទៅទិសខាងលិច ចុះតាមជើងទួល (រូបលេខ៣)។ បន្ទាប់មក គេបានពង្រីករណ្តៅទាំងមូល ហើយបានជួបប្រទះនូវរចនាសម្ព័ន្ធឡទាំងស្រុង។ តាមការអង្កេតនិងវ៉ាស់វែងលើទំហំឡនេះ គេដឹងថាវាមានបណ្តោយពីកើតទៅលិចប្រវែង និងទទឹងពីជើងទៅត្បូងប្រវែង២,២ ម៉ែត្រ និងកម្ពស់ប្រហែល៣,៥ម៉ែត្រ។ ឡមានរាងជាពងក្រពើទ្រវែង ផ្នែកខាងលើនៃឡ (ដំបូល) បានបាក់រលំអស់ នៅសល់តែរចនាសម្ព័ន្ធខាងក្រោម រួមមាន៖ ជញ្ជាំង សសរទ្រដំបូល (ចំនួន៥ រត់ជាជួរចំកណ្តាល ពីលើចុះក្រោម) កម្រាលឡ បន្ទប់ដុតភាជន៍ បន្ទប់ដុតអុស រន្ធបញ្ជូលអុស និងរន្ធខ្យល់ (រូបលេខ៤)។ ក្រោយពីកំណាយបានបញ្ចប់គេបានលុបរចនាសម្ព័ន្ធឡនោះវិញ ដោយប្រើបាវខ្សាច់រៀបចំដាក់តាមចន្លោះនានា ដើម្បីការពារការបាក់ ពោលគឺរក្សាអោយវាមានលក្ខណៈល្អដូចដើម។

ក្រុមស្រាវជ្រាវស្ថាប័នសូហ្វីយ៉ា និងអាជ្ញាធរអប្សារា៖ ស្ថាប័នសូហ្វីយ៉ាបានជ្រើសរើសទួលឡលេខ B1 B2 B3 និងB4 ដើម្បីធ្វើកំណាយ។ ដោយសារទួលឡ B1 B2 និងB3 ត្រូវបានជីកកកាយដោយអ្នកភូមិដើម្បីធ្វើចម្ការស្ទើបាត់បង់រូបរាងដើមអស់ទៅហើយនោះ គេគ្រាន់តែកំណាយតិចតួចមើលរចនាសម្ព័ន្ធដែលនៅសល់។ ការងារលម្អិតគឺការជីកកាយនៅលើទួល ដោយស្ថាប័នសូហ្វីយ៉ាសម្រេចជីកឡមួយនេះ ដើម្បីសិក្សាអោយបានច្បាស់អំពីដំណើរការនៃការស្ថាបនាដំណា​ក់កាលនៃការប្រើប្រាស់ និងចំនួនដងនៃការសង់បន្ថែម។ តាមរយៈកំណាយ គេរកឃើញថា តួឡ B4 សង់នៅលើទួលសម្បនិមិត្តមួយកំពស់ប្រហែល៦ម៉ែត្រ។ តួឡមានកំពស់ប្រហែល៥ម៉ែត្រ ពីកំពូលរហូតដល់បាតនៃបន្ទប់ដុតភ្លើង។ ឡនេះបែរមុខទៅទិសខាងជើង (ឡA6បែរទៅខាងលិច) មានរាងទ្រវែងស្មើ បណ្តោយប្រវែងប្រហែល៩ម៉ែត្រ ទទឹងប្រវែង២.២ម៉ែត្រ និងកម្ពស់ប្រហែល៥ម៉ែត្រ។ រចនាសម្ព័ន្ធរបស់ឡ B4 នេះ ដូចគ្នាទៅនិងឡ A6 គឺមានជញ្ជាំងសង្ខាង មានសសរទ្រដំបូលចំនួន៥ បន្ទប់ដុតភាជន៍ បន្ទប់ដុតភ្លើង រន្ធបញ្ជូលអុស និងរន្ធខ្យល់ (រូបលេខ៦)។ ឡនេះត្រូវបានគេប្រើក្នុងរយៈពេលយូរ និងមានការសង់បន្ថែមជាច្រើនដង ព្រោះគេរកឃើញថា ជញ្ជាំងឡត្រូវបានគេសង់បន្ថែមខាងក្រៅចំនួន១ជាន់នៅពេលជញ្ជាំងចាស់បានបាក់រលំ។ ម្យ៉ាងទៀត គេបានកាត់ផ្នែលខ្លះនៃកម្រាលឡ ហើយឃើញថា កម្រាលត្រូវបានគេសង់បន្ថែមលើកម្រាលចាស់ចំនួន៤ដង ដូចនេះកម្រាលរបស់ឡ មានរហូតទៅដល់៥ជាន់ (A, B, C, D និងE) (រូបលេខ៧)។

ជាលទ្ធផល ស្ថាប័នទាំង៣បានរកឃើញ និងស្វែងយល់យ៉ាងច្បាស់នូវរចនាសម្ព័ន្ធឡបុរាណនៅភូមិតានីនេះ។ លក្ខណៈទូទៅ និងជារួមគឺ ទួលឡសង់នៅលើទួលសម្បនិមិត្តដ៏ធំ១ ហើយទួលឡទាំងនោះមានទំហំ និងកម្ពស់ខុសៗគ្នា និងបែរមុខតាមទិសផ្សេងៗ ពិសេសបែរទៅរកជម្រាលទួលធំ។ រចនាសម្ព័ន្ធឡរាងជាពងក្រពើទ្រវែង មានជញ្ជាំងសង្ខាង ដំបូល កម្រាលនៃបន្ទប់ដុតភាជន៍ សសរទ្រដំបូល បន្ទប់ដុតភ្លើងដោយមានរន្ធដាក់អុស២សង្ខាង និងរន្ធខ្យល់១នៅចំកណ្តាលផ្នែកខាងមុខ។ គេគិតថា ឡទាំងនេះមានបំពង់ផ្សែងនៅផ្នែកខាងលើ ខាងក្រោយបង្អស់នៃឡ តែពុំមានស្លាកស្នាមបន្សល់ទុកទេ។

ក្នុងកំឡុងពេលនៃការធ្វើកំណាយនៅលើទួលឡទាំងនេះ គេបានជួបប្រទះនូវបំណែកភាជន៍យ៉ាងច្រើន ហើយគេបានប្រមូលបំណែកមួយចំនួនធំដើម្បីធ្វើការសិក្សាវិភាគ និងធ្វើចំណាត់ថ្នាក់។ តាមរយៈលទ្ធផលវិភាគលើធ្យូង (C14) ដែលយកពីបន្ទប់ដុតអុស និងតាមបែបផែនសិល្បៈរបស់កុលាលភាជន៍ បានផ្តល់នូវកាលបរិច្ឆេទមួយដែលបង្ហាញថា ឡបុរាណនៅភូមិតានីនេះស្ថិតនៅក្នុងសម័យអង្គរ ចន្លោះសតវត្សទី៩ដល់ទី១០ ឬជិតសតវត្សទី១១។

តាមការប្រមូលបំណែភាជន៍ដែលរកបានក្នុងរណ្តៅកំណាយ គេបានរកឃើញថា យ៉ាងហោចណាស់ក៏មានភាជន៍រួមទាំងក្បឿងចំនួន១១ប្រភេទត្រូវបានគេផលិតនៅក្នុងស្ថានីយ៍ឡតានីនេះ រួមមាន៖ ដន្លាប់ ខួច ពែង កោដ្ឋ ចានក្រឡោម ក្រឡ កន្ទិន ពាង ក្បឿងផ្ងារ ក្បឿងផ្កាប់ ក្បឿងសន្លឹករកា និងក្បឿងរងស្បូវ។ ភាជន៍មួយចំនួនតូច និងក្បឿងភាគច្រើនជាភាជន៍រឹង ពុំមានស្រទាប់រលោងទេ។ ភាជន៍ទំហំតូច ដូចជា ដន្លាប់ ខួច ពែង កោដ្ឋ ចានក្រឡោម ក្រឡ និងកន្ទិន មានស្រទាប់រលោងពណ៌បៃតងប្រផេះ (ash-glazed)។ ក្រោយការស្រាវជ្រាវចប់ វិទ្យាស្ថានណារ៉ា រួមនឹងអាជ្ញាធរអប្សារាបានសម្រេចស្ថា​បនា​សារមន្ទីរកុលាលភាជន៍នៅស្ថានីយ៍ផ្ទាល់ជាលើកដំបូងក្នុងប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០០៩ សារមន្ទីរបានរៀបចំរួចរាល់ និងសម្ភោធឱ្យប្រើប្រាស់ក្រោមអធិបតីសម្តេចសុខ អាន ដោយ​ឱ្យឈ្មោះថា សារមន្ទីរកុលាលភាជន៍អង្គរនៅភូមិតានី។

——————————————-

Discover the Khmer Ceramic of the Angkorian period (part 5) excavated at Tani ancient kiln site

Tani kiln was informed by the local people to the research team of Apsara Authority after 1993. Later, the Apasa Authority cooperated with Nara Institute and Sophia Center for Research and Training to do research and excavation at this site. Firstly, they tried to make a contour map to show the locations of each kiln mound found in this area. Totally, more than 10 kiln mounds were built on a long dike spreading from the south to the north. These kiln mounds were divided into three main groups, such as groups A, B, and C. Later, the Nara Institute (Japan) and Sophia Center (Japan) decided to work separately. Nara Institute started to excavate on Kiln A6, by joining from Apasa staffs, from 1997 till 2003 or 2004. The Sophia Center tried to excavate Kiln B1, B2, B3, and B4. The purposes of these excavations are:

1-To know and understand the structures of the ancient kiln

2-Variations of ceramic types produced at the site

3-Techniques of making, firing and using glazes

4-Methods of building the kiln body, utilities of the kilns and relationship with other sites

5-Trades and the supplies of products to markets or historical areas

Basing on the excavations on these kiln mounds, they have found that the structures of the kilns’ bodies are the same, but they are different in sizes, lengths, and usages. Normally, each kiln was made of rare clay on an artificial mound building up with two walls, a roof supporting by five pillars, a clay floor (firing chamber) a stocking chamber (two stocking holes and an air hole), and a chimney at the rear side.

Throughout the excavations, many broken ceramic pieces were collected for typological study. There are more than 10 types of ceramics, including unglazed and green glaze, and roof tiles were produced at this kiln site. These ceramics are Covered-box, urn, cup, bottle, bowl, crock, jar, basin, round-tile, flat-tile, finial tile, and end-tile. After the excavations, the results of ceramic analysis and C14 dating provide an approximate date from around the 9th to 10th centuries. In 2009, the Nara Institute and Apsara Authority decided to build an open-site museum in this village.

អត្ថបទដើម៖ លោក សុខ កែវ សុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!