តើអ្វីទៅជាភៃសជ្យគុរុ? បើយើងពិនិត្យមើលលើពាក្យភៃសជ្យគុរុ គឺជាការផ្សំរវាងពាក្យ២ព្យាង្គ គឺ ភៃសជ្យ=ភេសជ្ជ ដែលមានន័យថាថ្នាំឬឱសថ រីឯ គុរុ មានន័យថា គ្រូ រីអ្នកជំនាញខាងអ្វីមួយ ដូចនេះវាមានន័យថា គ្រូនៃថ្នាំ ឬគ្រូនៃស្តេចថ្នាំ។ តាមការពន្យល់របស់លោកស្រី ពៅ សាវរស់ ភៃសជ្យគុរុគឺជាគ្រូចាត់ចែងថ្នាំ។ ការបង្ហាញអំពីភៃសជ្យគុរុដំបូងគឺក្នុងគម្ពីរមហាយាន ហៅថា ភៃសជ្យគុរុវៃទុរ្យប្រភរាជសូត្រ (Bhaiṣajyaguruvaiḍu ryaprabharaja Sutra) ហើយកាន់តែសមញ្ញក្នុងគម្ពីព្រះពុទ្ធជាគ្រូថ្នាំ (Medecine Buddha Sutra)។ គម្ពីរសំស្ក្រឹតដែលមានអាយុកាលមុនសតវត្សទី៧ និយាយអំពីសូត្រនេះ រកឃើញនៅ Bamiyan (Afghanistan) និង Gilgit (Pakistan) ដែលតំបន់ទាំង២នេះជាផ្នែកនៃអាណាចក្រពុទ្ធសាសនារបស់ គន្ធរ (Gandhara)។
ក្នុងសង្គមខ្មែរសម័យអង្គរ តាមសិលាចារឹកមួយចំនួន ពាក្យភៃសជ្យគុរុ មានបង្ហាញតែក្នុងសិលាចារឹកសតវត្សទី១៣ប៉ុណ្ណោះ។ ឧទាហរណ៍ ក្នុងសិលាចារឹក K.453 បង្ហាញពីឈ្មោះទេពមួយ ហៅថា វ្រះ រាជ្យឝ្រី ភៃសជ្យគុរុ (ព្រះ រាជ្យស្រី ភៃសជ្យគុរុ)។ និយាយអោយចំទៅ ពាក្យឬទេពភៃសជ្យគុរុនេះមានបង្ហាញតែក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ (១១៨១គ.សដល់១២២០គ.ស) ពិសេសតាមសិលាចារឹក និងប្រាសាទរបស់ព្រះអង្គ។ ជាក់ស្តែងដូចជា សិលាចារឹកប្រាសាទបាយ័ន្ត (K.293) និងសិលាចារឹកសៃហ្វុង (K.368)ជាដើម។
បើយើងពិនិត្យមើលក្នុងប្រវត្តិសាស្ត្រ និងប្រវត្តិសិល្បៈខ្មែរ ភៃសជ្យគុរុហាក់ពុំមានវត្តមានក្នុងសម័យមុនអង្គរ ឬសម័យក្រោយអង្គរទេ។ លិទ្ធិ ឬទម្រង់នៃការគោរពលើភៃសជ្យគុរុហាក់លេចមានឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (១១១៣គ.សដល់១១៥០គ.ស)ឬរចនាបថអង្គរវត្តក្នុងទម្រង់ជាព្រះពុទ្ធទ្រង់គ្រឿង សម្បូរដោយគ្រឿងអលង្កា ជួនកាលគង់លើបល្ល័ង្គនាគ ជួនកាលលើបល្ល័ង្គធម្មតា។ ក្រោយមក លទ្ធិនេះបានរីកចម្រើន និងពេញនិយមក្នុងព្រះបាទជ័យវរ្ម័នទី៧ ឬសម័យបាយ័ន្ត។ សិលាចារិក K.453 នៅភូមិមោង បង្ហាញពីការស្ថាបនាបដិមាបែបពុទ្ធសាសនាមហាយានយ៉ាងច្រើនដោយក្សត្រមួយអង្គ ប្រហែលជាព្រះបាទជ័យវរ្ម័នទី៧ ក្នុងឆ្នាំ១២០៦គ.ស ក្នុងនោះមានបដិមាមួយជាទេពឈ្មោះវ្រះ រាជ្យឝ្រី ភៃសជ្យគុរុ ។ ប៉ុន្តែ តាមរយៈបដិមាធ្វើអំពីសំរឹទ្ធខ្លះត្រូវបានគេគិតថាស្ថិតនៅក្នុងរចនាបថអង្គរវត្ត សតវត្សទី១២ (រូបលេខ២)។
ក្នុងបរិបទនេះ បដិមាឬទេពភៃសជ្យ ដែលបង្កើតឡើងដោយ ព្រះបាទជ័យវរ្ម័នទី៧ គឺជាទេពតំណាងអោយការសង្គ្រោះតាមរយៈការព្យាបាលដោយការប្រើឱសថ ថ្នាំ រុក្ខជាតិផ្សេងៗ។ ទេពភៃសជ្យគុរុ គឺជាបដិមាតំណាងដោយព្រះពុទ្ធមួយបែប ជាទូទៅបង្ហាញតាមរយៈបដិមាជាព្រះពុទ្ធទ្រង់ភ្នែន ក្នុងកាយវិការសមាធិ ពិសេសនោះគឺមានទ្រវត្ថុម៉្យាងនៅលើបាតដៃ បដិមាខ្លះមានគ្រាប់មូលទ្រវែងមួយរាងដូចផ្លែស្រម៉ និងភាគច្រើនមានរាងជាដន្លាប់ឬភាជន៍ម៉្យាង ដែលអ្នកស្រាវជ្រាវបានសន្និដ្ឋានខុសគ្នាទៅលើវត្ថុនោះ។
បដិមាភៃសជ្យគុរុ និងបដិមាដទែទៀតចំនួន ៧៩៨ ត្រូវបានគេស្ថាបនាឡើងតម្កល់ក្នុងហោបន់ស្រន់របស់មន្ទីរពេទ្យនានាដែលព្រះបាទជ័យវរ្ម័នទី៧បានកសាងពាសពេញអាណាចក្ររបស់ព្រះអង្គ។ តាមសិលាចារិកប្រាសាទតាព្រហ្ម K.273 បង្ហាញថាព្រះអង្គបានអោយគេស្ថាបនាមន្ទីរពេទ្យ (អរោគឝាលា) ចំនួន១០២ សម្រាប់តម្រូវការលើការព្យាបាលប្រជានុរាស្ត្រ។
ក្នុងលក្ខណៈសិល្បៈខ្មែរ ភៃសជ្យគុរុត្រូវបានបង្ហាញជា៣ទម្រង់ (១)បដិមាព្រះពុទ្ធទ្រង់ភ្នែនទោល (រចនាបថអង្គរវត្ត និងបាយ័ន្ត) និង(២)បដិមាព្រះពុទ្ធទ្រង់ភ្នែនអមដោយពោធិសត្វ២អង្គ (រូបលេខ៥) គឺលោកេស្វរៈឈរនៅខាងស្តាំ និងប្រាជ្ញាបារមីតាឈរនៅខាងឆ្វេង (៣)ចម្លាក់លើថ្មមួយផ្ទាំង ជាក្បាច់ក្រឡោតខ្ពស់ មានរូបព្រះពុទ្ធទ្រង់ភ្នែនលើបល្ល័ង្គនាគ ខាងស្តាំជាលោកេស្វរៈឈរ និងខាងឆ្វេងជាប្រាជ្ញាបារមីតាឈរ (រូបលេខ៦)។ ទម្រង់ទី២ និងទី៣ មានតែក្នុងសម័យបាយ័ន្ត ពិសេសចម្លាក់ក្រឡោតខ្ពស់ និងបដិមាធ្វើពីលោហៈផ្សេងៗ។
អំពីការព្យាបាលជំងឺសម័យបុរាណ
តាមការស្រាវជ្រាវ គេរកឃើញថា ការព្យាបាលជំងឺត្រូវបានគេប្រើប្រាស់រុក្ខជាតិផ្សេងៗ។ ប៉ុន្តែ ពុំមានការសិក្សាស្រាវជ្រាវលម្អិតអំពីប្រភេទរុក្ខជាតិជាឱសថទាំងនោះទេ។ យើងមិនអាចដឹងអំពីប្រភេទថ្នាំ ការធ្វើ និងការផ្សំសម្រាប់ព្យាបាលជំងឺផ្សេងទេ។ ការសិក្សាដ៏កម្របែបនេះ គឺមានសារសំខាន់លើការសិក្សាបែបជាតិពន្ធុវិទ្យា ឬនរវិទ្យាបែបវេជ្ជសាស្ត្រ។ លោក Rethy K. Chhem បានសិក្សាលើទ្រឹស្តីនានអំពីថ្នាំបុរាណខ្មែរ និងឥទ្ធិពលរបស់ទ្រឹស្តីទាំងនោះទៅលើការចាត់ថ្នាក់នៃប្រភេទជំងឺផ្សេងៗ ពិសេសការច្របាច់បញ្ចូលគ្នានៃទ្រឹស្តីខាងវិជ្ជាពេទ្យដែលបានមកពីឥណ្ឌា (ទ្រឹស្តីអាយុវេទ៌ និងទ្រឹស្តីព្រះពុទ្ធសាសនា) និងចិន រួមបញ្ចូលជាមួយគំនិតរបស់ខ្មែរអំពីវិធីព្យាបាលរោគ។ យើងអាចសិក្សាបានអំពីការព្យាបាលបែបបុរាណក្នុងពេលបច្ចុប្បន្ន ដែលអាចជាគំរូ ឬប្រពៃណីបន្តមកតាំងពីសម័យបុរាណ គ្រាន់តែថា វាខុសគ្នាបន្តិចបន្តួចពីតំបន់១ទៅតំបន់មួយ និងការប្រើ ការផ្សំឱសថប៉ុណ្ណោះ។ ចម្លាក់មួយចំនួនលើជញ្ជាំងថែវខាងត្បូង ស្លាបខាងកើតរបស់ប្រាសាទបាយ័ន បង្ហាញពីកន្លែងព្យាបាលមនុស្សដែលមានជំងឺ ដោយមានការបុក ឬដាំថ្នាំសម្រាប់ប្រើប្រាស់ក្នុងការព្យាបាលជំងឺ។
——————————————————-
Bhaisajyaguru and treatment in ancient time
The term Bhaisajyaguru is a combination of Bhaisajyaguru means medicine Guru means teacher. Thus, it means the teacher of medicine or the King of medicine, or medicine Buddha. However, according to Saveros Pou, he is the one who arranges Medicine.
Bhaisajyaguru found in Mahayana script, Bhaisajyaguruvaiduryaprabharaja, or medicine Buddha Sutra. An early Sanskrit text before the 7th century found at Bamiyan (Afghanistan) and Gilgit (Pakistan), where belonged to Buddhist territory, Gandhara.
In Cambodia, the term Bhaisajyaguru appears in 13 inscriptions. For instance, inscription K.453 describes a deity name Vrah Rajasri Bhaisyaguru. Also, it is corresponding to the reign of King Jayavarman VII, 1181-1220 CE. Also, inscription Bayon, K.293 and Sayfong, K.368.Importantly, Bhaisajyaguru might be not existed before and after Angkor. The worshipping of Bhaisajyaguru appeared in the reign of King Suryavarman II, 1113-1150 CE, in Angkor Wat style. He was heavily adorned, sit on the coil of Naga or sometimes a regular pedestal. Later, it became popular in the reign of King Jayavarman VII.
Based on inscription K. 453 at Morng village, a deity named Vrah Rajasjri Bhaisyaguru. However, it might be dated to the 12th century, Angkor Wat style. Bhaisajyaguru made by King Jayavarman VII, represented the saviour via healing by using natural medicines or probably herbs.
Bhaisajyaguru tends to show in meditation posture, whose there is something on the hand. Bhaisajyaguru and798 statues were made and installed in the worship place of the hospital of King Jayavarman VII. According to Ta Prohm inscription, K.273, King Jayavarman VII built 102 hospitals for the people.
In Khmer Art, Bhaisajyaguru appears in two forms. First, he sits alone (Angkor Wat and Bayon style). Second, he surrounds Lokesvara on the right-hand side and Prajnaparamita on the left.
អត្ថបទដើម៖ លោក សុខ កែវ សុវណ្ណារ៉ា