ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿពិធីសំពះព្រះអាទិត្យក្នុងសង្គមខ្មែរ

ពិធីសំពះព្រះអាទិត្យក្នុងសង្គមខ្មែរ

ព្រះអាទិត្យគឺជាទេពដែលលេចឡើងដំបូងគេ ក្នុងអារ្យធម៌បុរាណអេហ្ស៊ីប និងតាមតំបន់ទន្លេឥណ្ឌា រួចហើយសាយភាយមកតំបន់ខាងត្បូង និងអាស៊ីអាគ្នេយ៍តាមរយៈពាណិជ្ជករ និងបុព្វជីកសាសនា។ តាមជំនឿដើម ព្រះអាទិត្យឬព្រះសូរិយា ជាទេពដែលបង្កើតអ្វីលើលោក ឬភពផែនដី រួមមានមនុស្ស សត្វ រុក្ខជាតិ និងភាវរស់ទាំងឡាយ។ ដោយសារតែមានជំនឿបែបនេះ ទើបមនុស្សក្នុងសង្គមមួយចំនួន ពិសេសអ្នកគោរពលើព្រាហ្មណ៍សាសនា និងហិណ្ឌូសាសនា តែងតែប្រារព្វពិធីសំពះព្រះអាទិត្យ ជាការរំលឹកដល់គុណដែលទ្រង់បានបង្កើត និងទ្រទ្រង់ជិវិតនៅលើផែនដីនេះ។ ឥទ្ធិពលវប្បធម៌បែបនេះហាក់បីដូចជាមានឃើញខ្លះនៅក្នុងសង្គមខ្មែរ តែពុំសូវមានការចាប់អារម្មណ៍។

ក្នុងប្រពៃណីហិណ្ឌូ អ្នកគោរពលើព្រះអាទិត្យ និងមហេសីរបស់ព្រះអង្គ គឺព្រះនាង ឧស (Usha) តែងបង្ហាញនូវការគោរព និងសុំនូវការប្រទានពរ ហើយពិធីនេះគឺធ្វើរយៈពេល៤ថ្ងៃ ដោយការផឹកទឹក ឈរក្នុងទឹករយៈពេលយូរ ការថ្វាយដង្វាយ (ប្រាសាទ) និងអ៌គ្យ ដែលថ្ងៃនៃការប្រារព្ធនេះគេហៅថា បេហ្ល អ៌គ (pehla arghya) ឬ សអនធ្យ អ៌គ (saandhya arghya) ទៅដល់ការលិច និងរះរបស់ព្រះអាទិត្យ។ ការបូជាមួយបែបទៀត គឺគេហៅថា សូរិយានមស្ក (ព្រះអាទិត្យ) ដែលមានន័យថាការវនន្ទាដល់ព្រះអាទិត្យ បែបយោគ (Yoga)​​ ដែលទាក់ទងទៅនឹងនិមិត្តរូបនៃព្រះអាទិត្យដែលជាដី និងប្រភពនៃជិវិតទាំងឡាយ។ អ្នកគោរពបូជាជឿជាក់ថា កាំរស្មីរបស់ព្រះអាទិត្យមានសារៈសំខាន់យ៉ាងខ្លាំងចំពោះភាវរស់មានជិវិតទាំងឡាយ។ ក្នុងគម្ពីរអថ៌វវេទ ព្រះអាទិត្យត្រូវបានគេជឿថាបានបំផ្លាញចោលនូវសេចក្តីស្លាប់ និងជំងឺទាំងឡាយ។ ប្រពៃណីមួយទៀត គឺពិធីបូជាដល់បុព្វការីជន ដោយការសែនទឹកដល់បុព្វការីជននៅចំពោះមុខព្រះអាទិត្យរះនាពេលព្រលឹម។ ការពិតទៅ នៅឥណ្ឌា និងតំបន់ជិតខាងមួយចំនួនមានពិធីជាច្រើនដែលគេធ្វើឡើងដើម្បីគោរពដល់ព្រះសូរិយា ឬព្រះអាទិត្យ ដូចជា៖

១.មករ សន្ករន្ធិ (Makara Sankaranthi) ជាពិធីដ៏ទូលំទូលាយមួយដែលគេធ្វើឧទ្ទិសដល់ព្រះអាទិត្យ ដោយការអរគុណដល់ព្រះអាទិត្យសម្រាប់ការផ្តល់នូវការប្រមូលផលដ៏ប្រសើរ និងថ្វាយផលដំបូងនោះដល់ព្រះអាទិត្យ។

២. ឈថ (Chhath) ជាពិធីបែបហិណ្ឌូសាសនាមួយទៀតឧទ្ទិសដល់ព្រះអាទិត្យ។ វាចាប់ផ្តើមជាមួយនិង ក៌ន (Karna) ជាបុត្រារបស់ព្រះសូរិយាដែលបានក្លាយជាវីរជនប្រយុទ្ធប្រឆាំងជាមួយនិងពួកបន្ឌវ (Pandava) ក្នុងសង្គ្រាមនៅកុរុក្សេត្រា។

៣. សម្ប ទសមិ (Samba Dashami) ជាពិធីបុណ្យមួយដែលគេប្រារព្ធនៅរដ្ឋកោះខាងកើតនៃប្រទេសឥណ្ឌា នៅក្នុងការគោរពនៃសម្ប ជាកូនរបស់ក្រឹស្ណៈ ដែលត្រូវបានព្យាបាលរោគឃ្លង់ដោយការបន់ស្រន់ដល់ព្រះសូរិយា។

៤. រថ សប្តមិ (Ratha Saptmi) ជាពិធីបែបហិណ្ឌូដែលប្រព្រឹត្តិទៅក្នុងថ្ងៃទី៧កើត (សប្តមិ) នៃខែមាឃរបស់ហិណ្ឌូសាសនា គឺខែកុម្ភៈ ឬមីនា។ ថ្ងៃនោះត្រូវបានគេហៅថា សូរិយា ជយន្ធិ ពីព្រោះវាត្រូវបានគេប្រារព្ធដល់កំលាំងនៃព្រះអាទិត្យដែលគេជឿថាជាផ្នែកមួយ (អវតារ) របស់ទេពវិស្ណុ។ វាជាពិធីបុណ្យទាក់ទងនិងថ្ងៃកំណើតរបស់ព្រះអាទិត្យ/សូរ្យ។ 

តើទំនៀម ឬពិធីទាំងនេះមាននៅក្នុងសង្គមខ្មែរឬទេ?

ប្រពៃណី ឬទំនៀមខាងលើនេះហាក់បីដូចជាពុំមាននៅក្នុងសង្គមខ្មែរសោះ។ ពុំមានសិលាចារឹកណាមួយបង្ហាញអំពីការប្រតិបត្តិលើការសំពះព្រះអាទិត្យនោះទេ។ ក្នុងសិលាចារឹកមួយចំនួនបង្ហាញពី ​អាទិត្យ ត្រឹមតែជាថ្ងៃ១ក្នុងចំណោមថ្ងៃទាំង៧ ដែលគេហៅថា អាទិត្យវារ  ឧទាហរណ៍សិលាចារឹក K.351។ សិលាចារឹកមួយផ្សេងទៀត K.134 បង្ហាញពីស្ត្រីម្នាក់ដែលមានឈ្មោះហៅថា អមេ អាទិត្យឝ៌ម ដែលមានន័យថា ការពារដោយព្រះអាទិត្យ បើយើងមើលលើសំណង់ប្រាសាទខ្លះ ដូចជាអង្គរវត្ត ព្រះបរមរាជវាំងអង្គរធំ គឺបង្ហាញពីការគោរពលើព្រះអាទិត្យ ពិសេសគឺដំណើរគោចរក្នុងរយៈពេល១ឆ្នាំ។ ចំនុចខ្លះក៏យើងអាចយកមកវិភាគអំពីពិធីនេះដែរ។

១.ក្នុងជំនឿហិណ្ឌូសាសនា គេគិតថាព្រះអាទិត្យមានកំណើតពីព្រះវិស្ណុ ដូចពិធីរថសប្តមិ ជាពិធីសំពះរំលឹកដល់កំណើតរបស់ពញរះអាទិត្យ ជាពេលវេលាត្រូវនិងខែមាឃ ប្រហាក់ប្រហែលទៅនិងពេលវេលាសមរាត្រីនៅលើកំពូលកណ្តាលរបស់ប្រាសាទអង្គរវត្តដែរ។ ជាសម្មតិកម្ម ព្រះបាទសូរ្យវរ្ម័នទី២អាចជ្រើសរើសយកពេលសមរាត្រីក្នុងខែមាឃ និងខែភទ្របទ (ជាពេលវេលាដែលព្រះអាទិត្យរះជួបចំកន្លែងដដែលក្នុងមួយឆ្នាំ) ធ្វើពិធីសំពះព្រះអាទិត្យ។     

២. ព្រះបាទជ័យវរ្ម័នទី៧ ក៏មានព្រះទ័យស្មោះស្ម័គ្រនិងហិណ្ឌូសាសនាដែរ។ ព្រះអង្គអាចគោរព និងសំពះព្រះអាទិត្យ តាមរយៈរូបភាពជាព្រះវិស្ណុ ពីព្រោះព្រះវិស្ណុ និងព្រះអាទិត្យគឺតែមួយ។ នៅប្រាសាទបាយ័ន្ត មានចម្លាក់មួយនៅលើថែវខាងជើង ស្លាបខាងកើត (ថែវខាងក្នុង) បង្ហាញពីសកម្មភាពរបស់ព្រះបាទជ័យវរ្ម័នទី៧ក្រាបសំពះដល់ព្រះបដិមាវិស្ណុ។

៣. ក្នុងខែមាឃ ប្រជាជនខ្មែរតាមជនបទតែងប្រារព្ធពិធីមួយហៅថា ឡើងមាឃ ដែលពិធីនេះគេធ្វើឡើងដើម្បីរំលឹកដល់គុណធម្មជាតិ ដែលបានផ្តល់ភោគផលនានាដល់ពួកគេ។ នៅក្នុងគំនិតសព្វថ្ងៃ គេតែងធ្វើពិធីថ្វាយដល់អ្នកតាដែលនៅរក្សាភូមិស្រុករបស់គេ។ ប៉ុន្តែបើយើងពិនិត្យមើលឱ្យបានជ្រៅ យើងឃើញថា អ្នកតានោះគឺទាក់ទងទៅនឹងអ្វីដែលជាអធិធម្មជាតិ មានទឹក ដី ភ្លើង ខ្យល់ គឺជាអ្វីដែលបានមកពីកំលាំងនៃព្រះអាទិត្យទាំងអស់។

ប្រពៃណីដែលអាចមានលក្ខណៈក្លាយ

ចំនុចនេះ យើងអាចសង្កេតមើលក្នុងសង្គមខ្មែរបច្ចុប្បន្ន និងតាមតំបន់មួយចំនួន មិនជាទូទៅនោះទេ។ វាអាចជាជំនឿមួយបែបក្នុងការ សំពះព្រះអាទិត្យ ដើម្បីសុំនូវភាពចំរុងចំរើន ការលូតលាស់ និងដំណើរទៅគោលដៅមួយ។ ទោះពុំមានភស្តុតាងច្រើន តែមានចំនុច៣ដែលយើងគួរចាប់ផ្តើមសិក្សា និងពិចារណា។

ក. ការយកទារកទើបនិងកើតទទួលពន្លឺព្រះអាទិត្យ

ជាការពិតណាស់ ចំនុចនេះមើលទៅហាក់បីដូចជាត្រឹមតែទង្វើរបសឳពុកម្តាយ ឬយាយតា ដែលយកកូនឬចៅមកទទួលពន្លឺព្រះអាទិត្យ ដើម្បីទទួលនូវជាតិវីតាមីន ការធ្វើឱ្យភ្នែកនិងស្បែកសាំងនិងពន្លឺនិងកំដៅ និងថាមពលសម្រាប់ការលូតលាស់។ សព្វថ្ងៃ គេគ្រាន់តែបីទារកចេញមកក្រៅផ្ទះ ឈរទទួលពន្លឺព្រះអាទិត្យរះនៅពេលព្រឹកព្រលឹម ក្នុងរយៈពេល១០ទៅ១៥នាទី ហើយក្នុងរយៈពេល១ទៅ២សប្តាហ៍។ តាមការចងចាំរបស់ចាស់ៗនៅភូមិនគរក្រៅ (សៀមរាប) កាលពីដើម នៅថ្ងៃដំបូង គេរៀបចំធូបទៀនបារីម្លូស្លា និងផ្លែឈើបន្តិចបន្តួច ដាក់សំពះទៅរកព្រះអាទិត្យរះ ដោយមានការនិយាយបួងសួងសុំសេចក្តីសុខ និងការរីកលូតលាស់របស់ទារក។

 

ខ.ការសំពះព្រះអាទិត្យក្នុងពិធីអាពាហ៍ពិពាហ៍
ការសំពះព្រះអាទិត្យក្នុងពិធីអាពាហ៍ពិពាហ៍អាចជាពិធីមួយក្នុងហិណ្ឌូសាសនា។ ពិធីនេះមាននៅតាមតំបន់ខ្លះៗ ពិសេសក្នុងខេត្តសៀមរាប ដែលគេតែងប្រារព្ធធ្វើនៅព្រឹកព្រលឹម មុនព្រះអាទិត្យរះ ក្នុងថ្ងៃទី២នៃពិធីអាពាហ៍ពិពាហ៍។ គោលបំណងសំខាន់នៃពិធីនេះគឺការកូនកំលោះនិងកូនក្រមុំសុំខមាលទោសពីព្រះអាទិត្យនូវទង្វើទាំងឡាយណាដែលជាកំហុសឆ្គងដល់ព្រះអាទិត្យ ទេពនិករទាំងឡាយ និងធម្មជាតិ។ ចុងក្រោយគឺការសុំប្រទានពរពីព្រះអាទិត្យដល់គូស្វាមីភរិយាថ្មី។

គ.ក្នុងពិធីបុណ្យសព
ក្នុងតំបន់មួយចំនួនដែលមានអាចារ្យយោគីចេះដឹងបន្តពីបុរាណ គេតែងធ្វើទង់ព្រលឹងឱ្យសពដោយមានការគូររូបព្រះអាទិត្យ និងព្រះចន្ទ្រ។ នៅលើទង់នោះក៏មានឈ្មោះបុគ្គលដែលស្លាប់ដែរ វាជាវត្ថុតំណាងឱ្យការនាំផ្លូវព្រលឹងអ្នកស្លាប់បានទៅដល់ទីដៅមួយ។ ក្រោយពេលអាចារ្យធ្វើរួចរាល់ហើយ អាចារ្យតែងយកទៅដាក់លើក្បាលសព ហើយនិយាយទៅកាន់សពឱ្យនាំយកទង់នោះធ្វើដំណើរទៅកាន់ឋានរបស់ព្រះសក្យមុនីចេតិយ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺអាចារ្យឱ្យសំពះគោរពលើព្រអាទិត្យ និងព្រះចន្ទ្រ ព្រោះជាទេពនៃពន្លឺដែលអាចបង្ហាញផ្លូវធ្វើដំណើរបាន។ បើពុំមានព្រះអាទិត្យនិងព្រះចន្ទ្រ នោះព្រលឹងខ្មោចនិងវង្វេងដោយសារភាពងងឹត។ អត្ថបទនេះគ្រាន់តែជាការចាប់ផ្តើម និងសាកល្បងសិក្សាមើលលើចំនុចខ្លះ ព្រោះយើងមិនទាន់មានភស្តុតាងច្រើនសម្រាប់សិក្សាអំពីជំនឿបែបនេះក្នុងសង្គមខ្មែរបុរាណ និងបច្ចុប្បន្ននោះទេ។ ខ្ញុំនិងខិតខំស្រាវជ្រាវបន្ថែម ដើម្បីឱ្យការសិក្សានេះមានភាពទូលំទូលាយ។

——————————————-

Sun salutation in Khmer society

The sun as the deity firstly appeared in Egyptian civilization and along the Indian River. Later on, it spread to the south and southeast Asia via merchants and preachers. It believes that the sun was the creature of the universe include humans, animals and plants. Accordingly, the Hindu worships the sun. This belief has appeared in Khmer society without recognition. 

Hindu believe to receive good wishes through worshipping the sun and his consort, Usha. The ritual practice held for four days. It is called​ “Pehla Arghya”. Each day, the devotee has to stand in the water for long time, drink the water (fasting) and water offering to the sun. Similar, there is a ritual call “Surya Namaskar” which means sun salutation. Usually, this ritual practices by Yogis and they believe the sun represents the earth that gives lives. In Atharvaveda, the sun is believed to destroy death and illness. Furthermore, there is a practice for ancestors that held in the early morning. 

Significantly, India and some countries nearby have ritual practices for sun salutation such as Makara Sankranthi, Chhath, Samba Dashami, Ratha Saptami.

Significantly, these practices have not seen in Cambodia. Also, there is no clear evidence about sun salutation in inscription excepts the word Aditya (a day of the week, K.351) or the name of a lady in inscription K.134, says who has protected by the sun. However, architectural buildings like Angkor Wat and the Royal Palace in Angkor Thom seem to have related ideas about the sun.

First, the ritual practice calls Rath Saptami. It is related to the worshipping the sun by King Suryavarman II at Angkor Wat. It was held in Magha of the lunar calendar, which was related to the movement of the sun on the top of Angkor Wat temple.

Second, Khmer people who are living in the countryside celebrate a ritual in Magha of the lunar calendar to thank nature, which is holding 4 elements, water, earth, fire and wind as the energy of the sun. 

Third, in some areas, Khmer people pay the salutation to the sun asking for happiness, prosperity and achieve the goal. Relatedly, there are 3 points to be concerned about. 

A.   Newborn baby and the sunray: this practice could be seen as normal. However, in the

past people who were living in Nokor Krau village (Siem Reap) prepared the incent, candle and other offerings offer to the sun together with asking the blessing from the sun for newborn baby. 

B.    Sun salutation on marriage day: the early morning of the second-day marriage the couple will pay salutation and also request for forgiveness from the sun, other deities and nature. In the end, they request a blessing from the sun. 

C.    Funeral: in some areas, the moon and sun are drawn on the pennant of the dead body. Both are believed to shine the road for the dead body along the way to Sakyamuni stupa.  

អត្ថបទដើម៖ លោក សុខ​ កែវ សុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!