ប្រាសាទចាន

ប្រាសាទចាន មានទីតាំងស្ថិតនៅតាមបណ្តោយជួរភ្នំដងរែក ភូមិតាមាន់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមានចម្ងាយប្រមាណ ១,៣ គ.ម. ខាងត្បូងប្រាសាទតាមាន់ធំ។ នៅក្នុងឯកសារមួយចំនួន គេកត់ត្រាឈ្មោះប្រាសាទនេះថា “ចាន់”។ ប៉ុន្តែ ឈ្មោះដែលអ្នកស្រុកហៅបច្ចុប្បន្នគឺ “ចាន” ដែលយើងមិនមានភស្តុតាងណាមួយអាចពន្យល់បានច្បាស់លាស់ឡើយ ។ តើប្រាសាទចាន មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ?

ប្រហែលអាចមានពីកត្តាភូមិសាស្រ្តរបស់ប្រាសាទចាន ស្ថិតនៅឆ្ងាយដាច់ស្រយាលពេក ទើបបានជាក្រុមអ្នកស្រាវជ្រាវជនជាតិបារាំង ពុំបានសិក្សាស្រាវជ្រាវ និងចុះបញ្ជីប្រាសាទនេះឡើយកាលពីរវាងចុងស.វ.ទី១៩ និងដើមស.វ.ទី២០។ ការរៀបចំប្លង់ប្រាសាទចាន​ មានលក្ខណៈខុសគ្នាឆ្ងាយពីប្រាសាទទូទៅច្រើន ពោល គឺជាអគារថ្មភក់ចំនួនពីរមានរាងបួនជ្រុងទ្រវែង ខណ្ឌដាច់ចេញពីគ្នា (ជើង និងត្បូង) សណ្តូកលើអ័ក្សពីកើតទៅលិច។ អគារទី១ ស្ថិតនៅខាងត្បូង មានប្រវែង ៣០ ម៉ែត្រ លាតសន្ធឹងលើអ័ក្សពីកើតទៅលិច បែងចែកចេញជា ៣ បន្ទប់ ដោយមានបន្ទប់កណ្តាលធំមួយ (មានច្រកចូលនៅខាងកើតនិងខាងលិច និងមានបង្អួចមួយនៅទិសខាងត្បូង) និងបន្ទប់តូចៗនៅអមសងខាងដែលមានច្រកចូលនៅខាងកើត ខាងលិច និងបង្អួចនៅទិសខាងត្បូងចំនួន ២ (បង្អួចមានចម្រឹង ៥)។ អគារទី២ ស្ថិតនៅខាងជើង មានប្រវែងខ្លីជាងអគារទី១បន្តិច (២៨ ម៉ែត្រ) លាតសន្ធឹងលើអ័ក្សពីកើតទៅលិច ក្នុងទម្រង់ជាបន្ទប់ធំមួយដោយឡែក ពោល គឺខុសពីអគារទី១ដែលបែងចែកជា ៣ បន្ទប់។ អគារទី២នេះ មានច្រកចូល ៣ ទិស គឺនៅខាងកើត​ ខាងលិច និងខាងជើង រីឯជញ្ជាំងខាងត្បូងវិញមានលម្អជាទ្វារបញ្ឆោតនៅចំកណ្តាល និងមានបង្អួចចំនួន ៤ ហើយបង្អួចអគារទី២ ឬអគារខាងជើងនេះ មានចម្រឹងចំនួន ៧។ បច្ចុប្បន្ន អាគារទី២ រងការបាក់បែកស្ទើរអស់ទៅហើយ។ ក្រៅពីនេះ យើងឃើញមានមានស្រះទឹកមួយចម្ងាយប្រមាណ ៨០០ ម៉ែត្រ នៅទិសអាគ្នេយ៍។

តាមរយៈការសិក្សាស្រាវជ្រាវកន្លងមក គេពុំធ្លាប់រកឃើញសិលាចារឹកនៅប្រាសាទចាននេះឡើយ ដូច្នេះដើម្បីកំណត់អាយុកាល និងតួនាទីរបស់ប្រាសាទ គឺពឹងផ្អែកទាំងស្រុងទៅលើប្រវត្តិសិល្បៈ។ ក្នុងនោះ សមាសធាតុលម្អសំខាន់ៗដែលរកឃើញនៅប្រាសាទចាន រួមមានដូចជា បំណែកផ្តែរទ្វារ បំណែកហោជាង បំណែកសសរពេជ្រ ក្បាច់ក្បាលជញ្ជាំង ជាដើម។ បំណែកផ្តែរទ្វារដែលកំពុងស្ថិតនៅទីតាំងដើម បានបាក់បែកនៅសល់ត្រឹមពាក់កណ្តាល ដែលបង្ហាញអំពីចម្លាក់រាហូ ឬកិត៌ិមុខនៅចំកណ្តាល (លៀនអណ្តាតចេញក្រៅរាងជាក្បាច់ស្លឹកឈើ កំពុងខាំឬខ្ជាក់ក្បាច់បន្ទាត់ធ្នូ ភ្នែកធំៗលៀនចេញមកក្រៅ ច្រមុះនិងធ្មេញធំៗ) រីឯនៅផ្នែកខាងលើផ្តែរលម្អជាសន្លឹកផ្កាភ្ញីរាងទ្រេត និងខាងក្រោមជាចង្វាយក្បាច់អង្គរមានរាងជាភ្ញីទេស។ ចំណែក បំណែកសសរពេជ្រដែលរកឃើញ គឺមានទម្រង់ជាសសរពេជ្រដែលមានរាងប្រាំបីជ្រុង ដោយនៅជ្រុងនីមួយៗលម្អដោយស្លឹកឈើមួយសន្លឹកអមដោយសន្លឹកឈើពាក់កណ្តាល ហើយនៅសងខាងវ័ណ្ឌនៃសសរពេជ្របានរីកទំហំ កើនចំនួនដែលមើលទៅសសរនោះមានជាថ្នាំងៗដូចដើមអំពៅ។ ដោយឡែក បំណែកហោជាងដែលមាននៅសល់ មានទម្រង់ជាហោជាងដែលលម្អឡើងដោយក្បាច់ស្លឹកឈើតូចៗជាច្រើន និងបំណែកហោជាងមួយលម្អដោយរូបមករខ្ជាក់នាគ។ តាមរយៈក្បាច់លម្អផ្តែរទ្វារ សសរពេជ្រ និងហោជាង ដូចដែលបានរៀបរាប់ខាងលើនេះ គឺមានទម្រង់ដូចគ្នាទៅនឹងក្បាច់លម្អផ្តែរទ្វារ សសរពេជ្រ​ និងហោជាង នៅប្រាសាទភ្នំជីសូរ្យ ប្រាសាទចៅស្រីវិបុល ប្រាសាទឃ្លាំងខាងជើង ប្រាសាទឃ្លាំងខាងត្បូង ។ល។ ក្នុងទម្រង់ជាក្បាច់លម្អចុងរចនាបថឃ្លាំង ដើមរចនាបាភួន ពោល គឺក្នុងរជ្ជកាលព្រះបាទស្រីសូរ្យវរ្ម័នទី១ (គ.ស.១០០២ – ១០៤៩)។

ក្រៅអំពីក្បាច់លម្អ បើពិនិត្យទៅលើប្លង់ប្រាសាទចាន ក៏មានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងប្លង់សំណង់មួយចំនួនក្នុងរជ្ជកាលព្រះបាទស្រីសូរ្យវរ្ម័នទី១ដូចគ្នាដែរ ឧទាហរណ៍ អគារមួយនៅប្រាសាទភ្នំសណ្តក (ប្រាសាទកូនចិន) អគារមួយនៅប្រាសាទព្រះធាតុទឹកឆា (ប្រាសាទគុកតូច) ។ល។ អគារទាំងពីរដែលលើកឡើងនេះ គេមិនដឹងច្បាស់លាស់អំពីតួនាទីរបស់វាឡើយ។ ដូច្នេះហើយ តួនាទីរបស់ប្រាសាទចាន គេពុំអាចកំណត់បានជាក់លាក់ឡើយ។ ប៉ុន្តែ ប្រសិនបើយើងធៀបទៅនឹងសំណង់គោបុរនៃប្រាសាទភ្នំជីសូរ្យ (អ្នកស្រុកហៅថា ប្រាសាទសែនភូវាំង) គឺមានលក្ខណៈសំណង់ប្រហាក់ប្រហែលប្រាសាទចានដែរ ព្រោះប្រាសាទភ្នំជីសូរ្យស្ថិតនៅលើភ្នំ និងសំណង់គោបុរ (ប្រាសាទសែនភូវាំង) ស្ថិតនៅជើងភ្នំ (មុខខាងកើត) ពោល គឺដូចទៅនឹងប្រាសាទតាមាន់ធំស្ថិតនៅភ្នំ និងប្រាសាទចានស្ថិតនៅជើងភ្នំ (មុខខាងត្បូង)។ ក្នុងន័យនេះ នាំឱ្យយើងអាចសន្និដ្ឋានថា​ ប្រាសាទចាន ទំនងអាចជាសំណង់រណបមួយនៃប្រាសាទតាមាន់ធំ ដែលកសាងឡើងនៅស.វ.ទី១១​ ក្នុងរជ្ជកាលព្រះបាទស្រីសូរ្យវរ្ម័នទី១ ព្រោះសំណង់ប្រាសាទចានស្ថិតនៅស្របអ័ក្សគ្នាជាមួយប្រាសាទតាមាន់ធំ។

សរុបជារួមមក ប្រាសាទចាន ទំនងជាប្រាសាទរណបមួយនៃប្រាសាទតាមាន់ធំ ដែលជាប្រភេទអគារចំនួន ២ រាងបួនជ្រុងទ្រវែង លាតសន្ធឹងនៅលើអ័ក្សពីកើតទៅលិច ហើយអាចជាសំណង់ព្រហ្មញ្ញសាសនា និកាយសៃវ ដែលអាចកសាងឡើងនៅស.វ.ទី១១ ក្នុងរជ្ជកាលព្រះបាទស្រីសូរ្យវរ្ម័នទី១​ (គ.ស.១០០២​ – ១០៤៩) ស្ថិតនៅតាមបណ្តោយផ្លូវបុរាណចេញពីតំបន់អង្គរឆ្ពោះទៅកាន់ប្រាសាទភិមាយ ដែលគេស្គាល់ថា “ផ្លូវពាយព្យ”។

————-

Prasat Chan Temple

The Prasat Chan Temple is situated in Ta Moin village, Kok Mon commune, Banteay Ampil district, Ouddor Meanchey province, which is situated along the ancient “Northern Route” that runs from the Angkor area to Phimai Temple. The temple is probably a satellite temple of Ta Moan Thom Temple, which is a type of two rectangular buildings extending on an east-west axis. It was most likely a Hindu-Saiva structure constructed in the 11th century (Khleang and Baphuon style) during the reign of King Suryavarman I (1002–1049 CE), according to the carvings on the lintels and the pediments of the temple.

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img
[td_block_social_counter custom_title="បណ្ដាញសង្គម" youtube="channel/UCQE2E5oPq8tW6l25lkBr5PA" style="style8 td-social-boxed td-social-font-icons" f_header_font_family="318" f_header_font_size="eyJhbGwiOiIyMiIsInBvcnRyYWl0IjoiMjAiLCJwaG9uZSI6IjE4In0=" header_color="#59090f" facebook="108963744277019" tiktok="@apsaramediaservices" tdc_css="eyJhbGwiOnsibWFyZ2luLXRvcCI6IjIwIiwiZGlzcGxheSI6IiJ9fQ=="]
- Advertisement -spot_img
error: Content is protected !!