ទំព័រដើមប្រវត្តិសាស្ត្រផ្តែរទ្វាររចនាបថកំពង់ព្រះរកឃើញនៅខេត្តកំពង់ធំ

ផ្តែរទ្វាររចនាបថកំពង់ព្រះរកឃើញនៅខេត្តកំពង់ធំ

កំពង់ព្រះ គឺជាឈ្មោះប្រាសាទមួយស្ថិតនៅ​ភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរ ខេត្តកំពង់ឆ្នាំង។ ដោយសារក្បាច់រចនានៅលើតួប្រាសាទ​នេះមានភាពល្អឯក និងមានលក្ខណៈខុសពីក្បាច់រចនាបថមុនៗ អ្នកស្រាវជ្រាវក៏សម្រេចកំណត់យកឈ្មោះកំពង់ព្រះជាឈ្មោះរចនាបថសិល្បៈរបស់ខ្មែរ។ លោកស្រី Gilberte De Coral Rémusat បានកំណត់រចនាបថកំពង់ព្រះគិតចាប់ពីពាក់កណ្តាលទី២នៃស.វ.ទី៨។ ដោយឡែក លោក Jean Boisselier កំណត់រចនាបថកំពង់ព្រះ គិតចាប់ពីឆ្នាំ៧០៦ ដល់ឆ្នាំ៨០០ ហើយការដែលលោកកំណត់យកឆ្នាំ៧០៦នេះជាឆ្នាំចាប់ផ្តើម ទំនងមកពីលោកយកតាមកាលបរិច្ឆេទនៅក្នុងសិលាចារឹក នៃការសាងសង់ប្រាសាទភូមិប្រាសាទ នៅខេត្តកំពង់ធំ ដែលជាប្រាសាទដ៏សំខាន់មួយនៅក្នុងរចនាបថកំពង់ព្រះ។ ប្រាសាទគំរូសំខាន់ៗ​នៅក្នុងរចនាបថកំពង់ព្រះមានដូចជា ប្រាសាទកំពង់ព្រះ អកយំ ខ្លោងទ្វារខាងលិចប្រាសាទស្រីគ្រប់​ល័ក្ខណ ព្រះធាតុក្វាន់ពីរ ត្រពាំងរុន ព្រះស្រី សក្ល ត្រពាំងប្រើស និងប្រាសាទផ្សេងៗទៀត។ នៅក្នុងអត្ថបទនេះ យើងនឹងលើកយកផ្តែរទ្វាររចនាបថកំពង់ព្រះចំនួន ៩ ផ្ទាំង ដែលរកឃើញនៅខេត្តកំពង់ធំយកមកសិក្សាដោយសង្ខេប។

តើ​ផ្តែរទ្វាររចនាបថកំពង់ព្រះដែលរកឃើញនៅខេត្តកំពង់ធំមានលក្ខណៈដូចម្តេចខ្លះ?

ក្នុងចំណោមផ្តែរទ្វារទាំង ៩ ផ្ទាំង មានផ្តែរទ្វារមួយដែលយើងអាចសន្និដ្ឋានថាមានអាយុកាល​ចំណាស់ជាងគេ ពោល គឺប្រាសាទភ្នំស្រះខ្ចៅ។ ផ្តែរទ្វារនេះយើងឃើញក្បាច់បន្ទាត់ធ្នូមានរាងផ្តេកសំប៉ែតត្រង់ និងខាងចុងគួចវង់មកខាងលើដូចគូទខ្យង ហើយចុងសងខាងមានចម្លាក់ក្បាលសសរនៅពីក្រោម។ នៅលើក្បាច់បន្ទាត់ធ្នូ មានលម្អជាក្បាច់រាងរង្វង់ (មេដាយ៉ុង)​ ចំនួន ៣ លម្អដោយរូបទេពផ្សេងៗ ប៉ុន្តែដោយសារសព្វថ្ងៃរលុបខ្លាំងយើងមិនអាចដឹងថាជារូបទេពអ្វីឲ្យ​​ប្រាកដឡើយ។ ចំណែក នៅខាងក្រោមគេលម្អជាកម្រងផ្កា ឬកម្រងមាលាឆ្លាស់គ្នា ដូចទម្រង់ទូទៅនៃផ្តែរទ្វាររចនាបថសំបូរព្រៃគុក និងព្រៃក្មេង។ ផ្តែរទ្វារនៅប្រាសាទភ្នំស្រះខ្ចៅនេះទំនងជាសិល្បៈនៅចុងរចនាបថព្រៃក្មេង ដើមរចនាបថកំពង់ព្រះ នៅរវាងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ ក្នុងស.វ.ទី៧ (គ.ស.៦៥៧-៦៨១)។ ការសន្និដ្ឋាននេះ យើងយោងតាមសិលាចារឹកដែលរកឃើញ​នៅទីនោះ ដែលចារឡើងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ ដែលរៀបរាប់អំពីព្រះរាជបញ្ជារបស់ព្រះមហាក្សត្រឲ្យសាងសិវលិង្គមួយតម្កល់នៅប្រាសាទ។ ផ្តែរទ្វារមួយទៀត ដែលមាន​ទម្រង់ស្រដៀងគ្នានេះដែរ គឺផ្តែរទ្វារនៅប្រាសាទអណ្តែត ស្រុកកំពង់ស្វាយ។

ចំណុច​ខុសគ្នានោះ គឺផ្តែរទ្វារនៅប្រាសាទអណ្តែតពុំមានលម្អជាក្បាច់រាងរង្វង់ដែលមានរូបទេពខាងក្នុង លើក្បាច់បន្ទាត់ធ្នូដូចផ្តែរទ្វារភ្នំស្រះខ្ចៅ។ កាលពីឆ្នាំ១៩០២ ជាពេលដែលគេពុំទាន់បង្កើតឱ្យមានការសិក្សាសិល្បៈខ្មែរជារចនាបថនីមួយៗ លោក Lunet De Lajonquière បានកំណត់សម្គាល់ផ្តែរ​ទ្វារនេះស្ថិតនៅក្នុងប្រភេទទី៥។ ក្រោយមក នៅក្នុងឆ្នាំ១៩២៧ លោក Henri Parmentier ដែលជាអ្នកប្រវត្តិសិល្បៈវិទូដ៏ល្បីល្បាញ បានសិក្សាម្តងទៀត និងកំណត់ផ្តែរនេះស្ថិតក្នុងប្រភេទទី២។ ​លុះ​មកដល់ឆ្នាំ១៩៧១ លោកស្រី Mireille Bénisti ក៏បានសិក្សាឡើងវិញ និងស្នើថា ផ្នែកខាងចុងរបស់ផ្តែរទ្វារប្រាសាទអណ្តែត កួចវង់ឡើងលើដូចគូទខ្យងដែលបង្ហាញអំពីទម្រង់នៃការចាប់ផ្តើម​វិវឌ្ឍទៅរករចនាបថកំពង់ព្រះ។ ម្ល៉ោះហើយ ផ្តែរប្រាសាទអណ្តែត ក៏ទំនងមានអាយុកាលមិនខុសគ្នាប៉ុន្មានពីផ្តែរប្រាសាទភ្នំស្រះខ្ចៅនោះដែរ ពោល គឺអាចនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ ឬក្រោយរជ្ជកាលទ្រង់បន្តិច។

ផ្តែរទ្វារចំនួន ២ផ្ទាំងទៀតដែលរកឃើញនៅប្រាសាទតោ ក្នុងតំបន់ប្រាសាទសំបូរព្រៃគុក និងប្រាសាទអំពិលរលំ ស្រុកស្ទោង មានទម្រង់ស្ទើរតែដូចគ្នាតែម្តង។ ផ្តែរ​ទ្វារទាំងពីរនេះ មានក្បាច់បន្ទាត់ធ្នូរាងមូលដូចមែកឈើ កួចជាកង់ៗដោយក្បាច់ផ្ការំដួលឆ្លាក់រំយោលចុះមកក្រោមដែលផ្នែកខាងចុងមានរាងកោងពត់វង់ចូលក្នុងដូចគូទខ្យង ហើយផ្នែកខាង​លើនិងខាងក្រោមលម្អជាសន្លឹកផ្កានិងរំយោលផ្កា។ ក្នុងឆ្នាំ១៩២៧ លោក Henri Parmentier ធ្លាប់​សិក្សានិងកំណត់ផ្តែរទ្វារប្រាសាទអំពិលរលំចូលក្នុងប្រភេទទី២។ នៅក្នុងឆ្នាំ១៩៦៨ លោក Jean Boisselier យល់ថាផ្តែរទ្វារខាងលិចនៃប្រាសាទតោដែលយើងលើកមកសិក្សានេះ មានទម្រង់ជាសិល្បៈចុងរចនាបថកំពង់ព្រះ ដើមរចនាបថគូលែន។ ការដែលលោកសន្និដ្ឋានដូច្នេះ ទំនងមកពីលោកយល់ថា តួប៉មកណ្តាលនៃប្រាសាទតោនេះសាងសង់ឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ ព្រោះយើងធ្លាប់ដឹងស្រាប់ហើយថា បដិមាតោនៅខាងមុខប្រាសាទមានទម្រង់ដូចតោនៅប្រាសាទ​ថ្មដាប់ (ភ្នំគូលែន) ដែលលោក Philippe Stern យល់ថាជាបដិមាតោនិងប្រាសាទនៅដើមរចនាបថ​គូលែន ចុងស.វ.ទី៨។ ប៉ុន្តែ មកដល់ឆ្នាំ១៩៧១ លោកស្រី Mireille Bénisti បានសិក្សាផ្តែរទ្វារ​ខាងលិចនៃប្រាសាទតោ និងផ្តែរទ្វារប្រាសាទអំពិលរលំឡើងវិញ ហើយបានសន្និដ្ឋានថា ជាផ្តែរ​នៅដើមរចនាបថកំពង់ព្រះដែរ។

ផ្តែរមួយផ្ទាំងទៀត ដែលអាចរាប់បញ្ចូលថាមានអាយុកាលក្មេងជាងផ្តែរទាំងបួនខាងលើនោះ គឺផ្តែរប្រាសាទភ្នំស្រួច ស្រុកសន្ទុក ដែលសព្វថ្ងៃតម្កល់នៅសារមន្ទីរកំពង់ធំ។ ទម្រង់ទូទៅនៃផ្តែរនេះមានលក្ខណៈខុសពីផ្តែរទាំងបួនខាងលើច្រើន ពោល គឺយើងឃើញសិល្បករលម្អជាក្បាច់រាងសន្លឹកឈើចំនួនប្រាំតម្រៀបគ្នាជាជួរ ដែលនៅខាងចុងមានលម្អក្បាច់ក្បាលសសរដូចរចនាបថសំបូរព្រៃគុក និងព្រៃក្មេងដែរ។ នៅផ្នែកកណ្តាលវិញ សន្លឹកឈើគេលម្អក្នុងទម្រង់ជារូបក្បាលរាហូ (ព្រះកាល) ហើយផ្នែកខាងក្រោមគេលម្អជាចង្វាយក្បាច់ឆ្លាស់គ្នា។ នៅលើ​ផ្តែរទ្វាររចនាបថកំពង់ព្រះ គេនិយមលម្អជារូបរាហូនៅចំកណ្តាលណាស់ ជាក់ស្តែងដូចឃើញនៅ​ប្រាសាទព្រៃក្មេង (សៀមរាប) និងផ្តែរមួយចំនួនទៀតរកឃើញនៅខេត្តក្រចេះ។ ផ្តែរប្រាសាទភ្នំស្រួច ទំនងមានអាយុកាលនៅចុងស.វ.ទី៧ ប្រហាក់ប្រហែលផ្តែរទ្វារទាំងបួនខាងលើដែរ។

ផ្តែរទ្វារចំនួន ៤ផ្ទាំង មានទម្រង់ប្រហាក់ប្រហែលគ្នា ហើយអាចក្មេងជាងផ្តែរទាំងប្រាំខាង​លើពោល គឺផ្តែរទ្វារប្រាសាទគុកព្រះធាតុ ស្រុកស្ទោង (រូបលេខ៧) ផ្តែរប្រាសាទអូរព្រៃខ្មាក់ ស្រុក​ស្ទោង (រូបលេខ៨) ផ្តែរប្រាសាទត្រពាំងប្រើស (រូបលេខ៩) និងផ្តែរប្រាសាទភូមិប្រាសាទ (រូបលេខ១០)។ យើងឃើញក្បាច់បន្ទាត់ធ្នូផ្តែរប្រាសាទអូរព្រៃខ្មាក់ និងផ្តែរប្រាសាទភូមិប្រាសាទ មានរាងមូលដូចមែកឈើត្រង់ ប៉ុន្តែខុសបន្តិចត្រង់ផ្នែកខាងចុងនៃផ្តែរភូមិប្រាសាទមានរាងពត់វង់ចូលក្នុង​ដូចគូទខ្យង និងមានសន្លឹកក្បាច់រាហូនៅចំកណ្តាល តែផ្តែរប្រាសាទអូរព្រៃខ្មាក់ខាងចុងមិនពត់វង់ចូលក្នុង ហើយនៅកណ្តាលពុំមានសន្លឹកក្បាច់រូបរាហូ។ ផ្តែរទ្វារប្រាសាទភូមិប្រាសាទ មានទម្រង់​ដូចគ្នាខ្លាំងនឹងផ្តែរទ្វារប្រាសាទកំពង់ព្រះ ខេត្តកំពង់ឆ្នាំង ដែលសាងឡើងនៅរវាងដើមស.វ.ទី៨ នៅចន្លោះរាជ្យស្តេចជ័យវរ្ម័នទី១ និងព្រះនាងជ័យទេវី។ ដោយឡែក ផ្តែរប្រាសាទគុកព្រះធាតុ និង​ផ្តែរប្រាសាទត្រពាំងប្រើស មានទម្រង់ដូចគ្នាច្រើន ពោលគឺយើងឃើញក្បាច់បន្ទាត់ធ្នូមានរាងមូល​ដូចមែកឈើដូចផ្តែរភូមិប្រាសាទដែរ តែមិនត្រង់ពេក គឺមានរាងងាកទៅលើច្រើន ហើយផ្នែកខាង​ចុងពត់វង់ចូលក្នុងជាគូទខ្យងដូចគ្នា។ ផ្តែរប្រាសាទគុកព្រះធាតុ នៅកណ្តាលមានសន្លឹកក្បាច់ជា​រាងរាហូដូចផ្តែរប្រាសាទភូមិប្រាសាទ និងប្រាសាទភ្នំស្រួចដែរ។ ដោយសារទីតាំងប្រាសាទត្រពាំង​ប្រើសនៅកៀកជាមួយក្រុងសម្ភុបុរ ដែលមានសកម្មភាពខ្លាំងក្នុងស.វ.ទី៨ ទំនងជាផ្តែរនេះអាចមានអាយុកាលនៅស.វ.ទី៨ដែរ ពោល គឺមានភាពដូចគ្នាច្រើនជាមួយផ្តែរទ្វារប្រាសាទព្រះធាតុ   ក្វាន់ពីរ ដែលសិលាចារឹករបស់ចុះបញ្ជីលេខ K.121 ឱ្យកាលបរិច្ឆេទកសាងនៅដើមស.វ.ទី៨។

ជារួមមក យើងឃើញថាផ្តែរទ្វារទាំង ៩ផ្ទាំង ដែលរកឃើញនៅខេត្តកំពង់ធំ ដូចបានរៀបរាប់ខាងលើ សុទ្ធសឹងជាផ្តែរទ្វាររបស់ប្រាសាទដែលស្ថិតនៅក្នុងរចនាបថកំពង់ព្រះ។ អ្វីគួរកត់​សម្គាល់នោះ ផ្តែរទ្វារខ្លះស្ថិតនៅចុងរចនាបថព្រៃក្មេង ដើមរចនាបថកំពង់ព្រះ ម្ល៉ោះហើយ អាយុកាលរបស់ផ្តែរនេះទំនងមិនស្ថិតដល់ឆ្នាំ៧០៦ ដូចលោក Jean Boisselier បានចាត់ថ្នាក់ឡើយ ពោលគឺអាចស្ថិតនៅក្នុងរជ្ជកាលស្តេចជ័យវរ្ម័នទី១ ក្នុងគ.ស.៦៥៧ ដល់ ៦៨១ ឬអាចក្រោយរាជ្យ​ទ្រង់បន្តិច។ ដោយឡែក ផ្តែរទ្វារចំនួន ៤ មានផ្តែរទ្វារប្រាសាទភូមិប្រាសាទ អូរព្រៃខ្មាក់ គុកព្រះធាតុ និងត្រពាំងប្រើស អាចស្ថិតនៅក្នុងការចាត់ថ្នាក់របស់លោកដែលចាប់ពីឆ្នាំ៧០៦មក។

—————————————-

Lintels of Kampong Preah style found in Kampong Thom province

Kampong Preah is the name of a temple locates in Kampong Preah village, Chhnok Trou commune, Baribo district, Kampong Chhnang province. This temple has a unique carving lintel, which made the scholars recognizing it as one of the styles in Khmer art. According to Gilberte De Coral Rémusat, the Kampong Preah style dated to the second half of the 8th century. In contrast, Jean Boisselier states that it is from 706 CE to 800 CE based on the date from the inscription of Prasat Phum Prasat temple in Kampong Thom province. Also, similarities found at Kampong Preah style’s temples of Prasat Kampong Preah, Ak Yum, North entrance of Srei Krop Leak temple, Preah Teat Kvan Pi, Trapeang Run, Preah Srei, Sa Klo, Trapeang Breh, and others. Therefore, this short article will briefly address nine lintels of the Kampong Preah style found in Kampong Thom province.  

Among nine lintels, a lintel from Prasat Srah Khchao is the oldest. It has a bow shape arch laying in the middle with both ends curve as the shape of the snail supporting by the head of the column. The bow shape arch has three medals, and each of them has a deity inside. The lower part has a garland of flowers similar to the lintel of Sambo Prei Kuk and Prei Khmeng style. Therefore, Prasat Srah Khchao lintel could be the end of Prei Khmeng to early Kampong Preah style, King Jayavarman I, 657-681 CE. 

A similar lintel is at Prasat Andet, located in the Kampong Svay district. However, it does have the medals and the deities. Accordingly, the style of the lintel has been listed in different category by 3 scholars, Lunet De Lajonquière, Henri Parmentier, and Mireille Bénisti. However, Mireille Bénisti seemed to address a good point on the two ends of the bow shape arch, which could be Kampong Preah style. Therefore, it could be in the reign of King Jayavarman I or a bit later. 

There are two other lintels. One of them was found at Prasat Tor, Sambo Prei Kuk another one at Prasat Ampil Rolum, Stoung district. Both lintels have bow shape arch that looks like a tree branch and divided into different parts with beautiful florals designs. Once again, Henri Parmentier, Jean Boisselier, and Mireille Bénisti have different suggestion on these lintels. However, based on the study of Mireille Bénisti in 1971, both lintels are in Kampong Preah style. 

Comparing to the four lintels described above, a lintel from Prasat Phnom Srouch, Santuk district might be a little later. The central part of the lintel has five leaves in a row, and at the two ends of the lintel support by the head of the columns that similar to Sambo Prei Kuk and Prei Khmeng style. The central leaf decorated as the head of Rahu, which is common in Kampong Preah style. Therefore, this lintel dated to the end of the 7th century.  

Moreover, four lintels from Prasat Kuk Preah Theat, O Prei Khmak, Trapeang Breh, and Prasat Phum Prasat share similarities and differences. The lintel with bow shape arch of Prasat O Prei Khmak looks similar to Prasat Phum Prasat. However, the lintel of Prasat Phum Prasat is similar to Prasat Kampong Preah at Kampong Chhnang province, dated to the 8th century in the reign of King Jayavarman I and Queen Jayadevi. Besides, the lintel of Prasat Preah Theat and Trapeang Breh are similar and dated to the 8th century.​ In conclusion, nine lintels found in Kampong Thom province are in Kampong Preah style. However, some of them could be between the end of Prei Khmeng to Kampong Preah style, which is the reign of King Jayavarman I, 657-681 CE or a bit later. Significantly, the lintel from Prasat Phum Prasat, O Prei Khmak, Kuk Preah Theat, and Trapeang Breh dated from 706 CE.

អត្ថបទដើម៖ លោក​ ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!